en     km
en     km

វៀតណាម​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ដរក​ជន​ប្រមាថ​សម្ដេច​ ហ៊ុន​ សែន​ មក​ផ្ដន្ទាទោស​

Share

​ភ្នំពេញ​៖​ អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀតណាម​ បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ថ្កោលទោស​របស់​ក្រសួងការបរទេស​កម្ពុជា​ ទៅ​លើ​ជនជាតិ​វៀតណាម​ដែល​បាន​បញ្ចេញមតិ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្ដេច​ ហ៊ុន​ សែន​ ដោយ​ប្រើ​ពាក្យ​ប្រមាថ​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ថា​ ក្បត់​វៀតណាម​ ករណី​កម្ពុជា​ប្រកាន់​ជំហរ​កណ្ដាល​លើ​ជំ​លោះ​ដែល​សមុទ្រ​ចិន​ខាងត្បូង​។​

នាយករដ្ឋមន្រ្តីកម្ពុជានៅខាងស្តាំ, ប្រធានាធិបតីវៀតណាម នៅខាងឆ្វេង។ រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
នាយករដ្ឋមន្រ្តីកម្ពុជានៅខាងស្តាំ, ប្រធានាធិបតីវៀតណាម នៅខាងឆ្វេង។ រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន

​សេចក្ដីថ្លែងការណ៍​ដែល​ចេញ​កាលពី​ថ្ងៃ​ទី​ ៣០​ ខែ​ សីហា​ ឆ្នាំ​ ២០១៦​ ដោយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀតណាម​ហើយ​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​គេហទំព័រ​ក្នុងស្រុក​មួយ​បាន​បញ្ជាក់​ថា​ ការ​ដែល​មនុស្ស​មួយ​ក្រុម​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ជនជាតិ​វៀតណាម​ បាន​សម្ដែង​មតិយោបល់​ផ្ទាល់ ខ្លួន​របស់​ពួក​គេ​ក្នុង​បណ្ដាញ​សង្គម​នោះ​ គឺ​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​ប្រទេស​វៀតណាម​ឡើយ​ ។​

​ក្រសួងការបរទេស​ដែល​មាន​លោក​ Le​ Hai​ Binh​ ជា​អ្នកនាំពាក្យ​បញ្ជាក់​បន្ថែម​ថា​ វៀតណាម​មិន​ឯកភាព​ចំពោះ​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ដើម្បី​ប្រមាថ​មាក់ងាយ​បុគ្គល​ ឬ​សម្ដែង​នូវ​អាកប្បកិរិយា​ញុះញុង​ ជ្រុលនិយម​ បំបែកបំបាក់​មនោសញ្ចេតនា​ដ៏​ល្អ​ប្រពៃ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។​

​សេចក្ដីថ្លែងការណ៍​បន្ដ​ថា​ វៀតណាម​តែងតែ​ផ្ដល់​សារៈសំខាន់​យ៉ាង​ខ្លាំង​ ចំពោះ​ទំនាក់ទំនង​នៃ​ភាព​ជា​អ្នក​ជិតខាង​ល្អ​ កិច្ច​សហប្រតិបត្ដិការ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​កម្ពុជា​ ក្នុង​ការ​ថែរក្សា​ និង​ជំរុញ​ទំនាក់ទំនង​នេះ​ប្រកបដោយ​សន្ដិភាព​ មិត្ដ​ភាពល្អ​ប្រសើរ​ ដើម្បី​ផលប្រយោជន៍​រួម​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។​

​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​ ហ៊ុន​ សែន​ ជនជាតិ​វៀតណាម​យ៉ាងតិច​ ៣​នាក់​ បាន​ចូល​បញ្ចេញមតិ​ដោយ​ រិះគន់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថា​ បាន​ភ្លេចគុណ​បំណាច់​ប្រទេស​វៀតណាម​ ហើយ​ងាក​ទៅ​គាំទ្រ​ប្រទេស​ចិន​ដែល​មាន​ជំ​លោះ​ជាមួយ​វៀតណាម​ ករណី​សមុទ្រ​ចិន​ង​ខាងត្បូង​។​
​គួរ​រម្លឹក​ថា​ កាលពី​ថ្ងៃ​ទី​ ២៧​ ខែ​ សីហា​ ឆ្នាំ​ ២០១៦​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ ដោយ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ ចំពោះ​សម្តី​អ​សីលធម៌​របស់​កម្មាភិបាល​ និង​ក្រុម​បុគ្គល​វៀតណាម​ ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ ធ្ងរ​មក​លើ​កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រមុខ​ដឹកនាំ​កំពូល​ របស់​ប្រទេស​កម្ពុជា​ ដែល​ជា​ប្រទេស​ជាតិ​មួយ​ដែល​មាន​ឯករាជ្យ​ និង​អធិបតេយ្យ ភាព​ពេញលេញ​ ។​

​អ្នកនាំពាក្យ​នៃ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​អំពាវនាវ​ដល់​អាជ្ញាធរ​វៀតណាម​ឲ្យ​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ ក្នុង​ការ​ស្រាវជ្រាវ​ និង​កំណត់​អត្តសញ្ញាណ​របស់​កម្មាភិបាល​ និង​ក្រុម​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​អំពើ​ប្រមាថ​មក​លើ​ប្រមុខ​ដឹកនាំ​កំពូល​កម្ពុជា​ ព្រមទាំង​ធ្វើការ​ផ្តន្ទាទោស​ក្រុម​ជន​ទាំងនោះ​ទៅ​តាម​ផ្លូវច្បាប់​ជា​ធរមាន​ ផង​ដែរ​៕

Share

Image
Image
Image