en     km
en     km

វិភាគ​៖​ តើ​ឧបទ្វីប​កូរ៉េ​អាច​ផ្ទុះ​សង្គ្រាម​ម្ដងទៀត​ឬទេ​?

Share

ជា​ការ​ពិតណាស់​ គឺ​ស្ទើ​តែ​ផ្ទុះ​សង្គ្រាម​ទៅ​ហើយ​ នៅ​លើ​ឧបទ្វីប​កូរ៉េ​ ដែល​ជា​ញឹកញាប់​ប្រទេស​បែកបាក់​ទាំងពីរ​កូរ៉េ​ខាងជើង​ និង​ខាងត្បូង​ បាន​គំរាម​វាយប្រហារ​ដាក់​គ្នា​ ហើយ​ចល័ត​ទ័ព​តាម​ព្រំដែន​ទៀត​ផង​ ។​ កូរ៉េ​ខាងជើង​ ពេល​នេះ​ ចល័ត​ទ័ព​ទ្រង់ទ្រាយ​ធំ​មក​ដាក់​តាម​ព្រំដែន​កូរ៉េ​ខាងត្បូង​រូ​ច​ហើយ​ គឺ​នៅ​រង់ចាំ​ពេលវេលា​មក​ដល់​ ប៉ុណ្ណោះ​ ។​ កាលពី​ចុងឆ្នាំ​ ២០១៥​ ប្រទេស​ទាំង​ពីរ​នេះ​ បាញ់​ផ្ដោ​ង​ដាក់​គ្នា​ តែ​បាន​ផ្អាក​វិញ​ដោយសារ​តែ​មានការ​សម្របសម្រួល​ ។​ ​លើក​នេះ​ កូរ៉េ​ខាងជើង​ ដាក់​ឱសានវាទ​ឱ្យ​ពលករ​នៅ​តាម​ព្រំដែន​ត្រូវ​ចាកចេញ​ឱ្យ​អស់​ រយៈ​ពេល​ ០​៥ ​ថ្ងៃ​ ព្រោះ​ប្រទេស​នេះ​ នឹង​បាញ់​ផ្ដោ​ង​ដើម្បី​កំទេច​វិមាន​ប្រធានាធិបតី​នៅ​ក្រុង​សេ​អ៊ូ​ល​ ហើយ​កូរ៉េ​ខាង​ត្បូង​​ក៍​ព្រមាន​វិញ​ថា​ របប​ក្រុង​ព្យុ​ង​យ៉ាង​រលំរលាយ​ បើសិនជា​សង្គ្រាម​ផ្ទុះ​ឡើង​មែន​នោះ​ ។​ តើ​អ្នក​គិត​ថា​ សង្គ្រាម​​អាច​កើត​នៅ​លើ​ឧបទ្វីប​កូរ៉េ​បាន​ឬទេ​?​

​សូម​ស្ដាប់​បទ​វិភាគ​ដែល​រៀបរៀង​ដោយ​ លោក ​នួន ​បូ​រិ​ន​ អ្នកគ្រប់គ្រង​ព័ត៌មាន​នៃ​វិទ្យុ​ស្ត្រី​ FM​ ១០២​ ដូច​ទៅ​នេះ​ ៖

ចាប់តាំងពី​លោក ​គឹ​ម ​ជុង​អ៊ុ​ន​ ឡើង​កាន់​តំណែង​ជំនួស​ឳ​ពុក​នៅ​ឆ្នាំ ​២០១១​ មក​ មេដឹកនាំ​រូប​នេះ​បាន​ សាក​ល្បង​​បាញ់​អាវុធ​ប្រល័យ​លោក ​ដែល​ពិភពលោក​ហាមឃាត់​បាន​ជាង ​១០ ​ដង​មក​ហើយ​  គឺ​មាន​ពេល​ខ្លះ​ គំរាម​កំទេច​ក្រុង​សេ​អ៊ូ​ល​ឱ្យទៅ​លម្អង​ធូលី​ ហើយ​ថា​នឹង​បាញ់​កាំជ្រួច​រំលង​ទ្វីប​បំពាក់​ក្បាល​នុយក្លេអ៊ែរ​គំរាម​ដល់​កោះ​ហា​វៃ​ ​របស់​អា​មេ​រិ​ក​ទៀត​ផង​ ។​

North-Korea
សមយុទ្ធយោធាតាមព្រំដែនរបស់កូរ៉េខាងជើង ក្រោមការដឹកនាំរបស់ លោក គឺម ជុងអ៊ុន

អ្នកជំនាញ​ខ្លះ​ទទួលស្គាល់​ពី​សក្តានុពល​ពិតៗ​របស់​របប​ក្រុង​ព្យុ​ង​យ៉ាង​ ដែល​មាន​លទ្ធភាព​ធ្វើសង្គ្រាម​ជា​ថ្មី​ទៀត​ ជាមួយ​អា​មេ​រិ​ក​ និង​សម្ព័ន្ធមិត្ត​កូរ៉េ​ខាងត្បូង​ ។​ តែ​អ្នកជំនាញ​ខ្លះ​ ថា​មិន​អាច​ទៅ​រួច​។​ ប្រទេស​បងប្អូន​ទាំងពីរ​​នេះ​ បាន​បែកបាក់​គ្នា​ ដោយសារ​សង្គ្រាម​លើ​ឧបទ្វីប​នៅ​រវាង​ឆ្នាំ​ ១៩៥០-៥៣​ ដែល​ជា​វិនាស​សកម្ម​មិន​អាច​ភ្លេច​បាន​ឡើយ​ ។​

​កូរ៉េ​ខាងជើង​ប្រើ​សង្គ្រាម​វោហា​សាស្ត្រ​ ចាប់​តាំង​ឆ្នាំ ​១៩៩៤

គេ​សង្កេត​​​ឃើញ​ ការ​ព្រមាន​របស់​កូរ៉េ​ខាងជើង​លើ​ ប្រទេស​កូរ៉េ​ខាងត្បូង​ និង​អា​មេ​រិ​ក​ចាប់​តាំង​ឆ្នាំ​ ១៩៩៤​ ដែល​ពេល​នោះ​ អតីត​មេដឹកនាំ ​គឹ​ម ​ជុង​អ៊ី​ល​ ដឹកនាំ​ប្រទេស​ ហើយ​បាន​ប៉ះទង្គិច​ពា​ក្ស​សម្ដី​ជា​ច្រើន​ ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងត្បូង​។​ ដោយ​ការ​ខឹងសម្បារ​ចំពោះ​ការ​រិះ​គន់​មក​លើ​ការ​ដឹកនាំ​នៅ​ក្រុង​ព្យុ​ង​យ៉ាង​  ។​ មេដឹកនាំ​ គឹ​ម​ បាន​គំរាម​ថា ​ក្រុង​សេ​អ៊ូ​ល​នឹង​ធ្លាក់​ចូល​ក្នុង​ «​សមុទ្រ​ភ្លើង​»​។​ នៅ​ឆ្នាំ​ ២០០២​ អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​ George​ W​ Bush​ បាន​ហៅ​របប​ក្រុង​ព្យុ​ង​យ៉ាង​ថា​«​ ជា​រដ្ឋ​បិសាច​»​  ។​

​ជា​ប្រតិកម្ម​ក្រុង​ព្យុ​ង​យ៉ាង​គំរាម​ថា​ នឹង​ធ្វើសង្គ្រាម​វាយ​កំទេច​ពួក​ឈ្លានពាន​ដោយ​មិន​ត្រា​ប្រ​ណៃ​ឡើយ​ ។​ ចាប់​តាំងពី​នោះ​មក​ កូរ៉េ​ខាងជើង​កាន់តែ​គំរាម​អា​មេ​រិ​ក​និង​កូរ៉េ​ខាងត្បូង​ខ្លាំង​ឡើង​ គឺ​ដូច​សព្វ​ថ្ងៃនេះ​ ដែល​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ​ធ្វើ​ឱ្យ​ស្ថានភាព​និង​ភាព​តានតឹង​លើ​ឧបទ្វីប​កូរ៉េ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ ។​ មេដឹកនាំ​កំពូល​កូរ៉េ​ខាងជើង​ គឺ​ម ​ជុង​អ៊ុ​ន​ ឡើង​កាន់​តំណែង​ត​ពី​ឪពុក​ ឆ្នាំ​២០១១​ បាន​គំរាម​សត្រូវ​ស្ទើ​គ្មាន​លោះ​មួយ​ថ្ងៃ​ណា​ឡើយ​។​

​ជា​ថ្មី​ម្ដងទៀត​ កាលពី​ស​ប្ដា​ហ៍​មុន​ ប្រព័ន្ធ​ឃោសនា​រដ្ឋ​ប្រទេស​នេះ​ បាន​ព្រមាន​បាញ់​គ្រាប់​ផ្លោង​កម្ទេច​វិមាន​ប្រធា​នាធិបតី​កូរ៉េ​ខាងត្បូង​ ប្រសិនបើ​កូរ៉េ​ខាងត្បូង​ មិន​សុំ​ទោស​ចំពោះ​ការ​ប៉ុនប៉ង​ផ្តួលរំលំ​របប​ក្រុង​ព្យុ​ង​យ៉ាង ​។ បន្ថែម​លើ​នេះ​ទៀត បាន​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ កំទេច​អា​មេ​រិ​ក​ទៀត​ផង​ ។​

ដើមចម​ដែល​បង្ក​ឱ្យ​មានការ​ប្រ​ទូ​សា​រ៉ា​យ​

ជា​ការ​ពិត​គេ​មិន​អាច​ស្ដីបន្ទោស​តែ​លើ​កូរ៉េ​ខាងជើង​តែ​ម្នាក់​នោះ​ទេ​ គឺ​គេ​ត្រូវ​គិត​ទៅ​លើ​ មាន​ភាព​គឃ្លើន​របស់​កូរ៉េ​ខាងត្បូង​និង​អា​មេ​រិ​ក​ផង​ដែរ​ ។​

​ប្រទេស​ទាំងពីរ​សម្ព័ន្ធមិត្ត​នឹង​គ្នា​នេះ​  តែងតែ​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ គឺ​មួយ​ឆ្នាំ​យ៉ាងតិច​ ១០​ដង​ដែរ​ ។​ សមយុទ្ធ​ប្រព្រឹត្ត​នៅ​លើ​ទឹកដី​កូរ៉េ​ខាងត្បូង​ ហើយ​ពេល​ខ្លះ​នៅ​តាម​ព្រំដែន​កូរ៉េ​ខាងជើង​ ដែល​ហេតុការណ៍​នេះ​ គឺជា​សញ្ញា​ទៅ​រក​សង្គ្រាម​យ៉ាង​ពិតប្រាកដ​។​ ក្រុង​ព្យុ​ង​យ៉ាង​ ដែល​គេ​ហៅ​ថា​ កូន​នាគ​ចិន​នៅ​អាស៊ី​ មិន​ដែល​ទទួល​យក​ការ​ចុះ​ញ៉ម​ម្ដងណា​ឡើយ​ ពី​ដំណើរ​ ឆ្ពោះទៅ​រក​សង្គ្រាម​ ។​ ប្រទេស​កុ​ម្មុ​យ​និ​ស្ត​ផ្ដាច់​ការ​មួយ​នេះ​ មិន​ត្រឹមតែ​ប្រើ​វោហា​សាស្ត្រ​នៃ​សង្គ្រាម​ពា​ក្ស​សម្ដី​នោះ​ទេ​ តែ​មាន​ពេល​ខ្លះ​ បាន​បញ្ចេញ​ប្រតិកម្ម​កងកម្លាំង​ទ័ព​ទៀត​ផង​ដាក់​សត្រូវ​របស់​ខ្លួន​ ដោយ​វាយប្រហារ​លើ​តំបន់​ជាប់​ព្រំដែន​ ។​

Soth-Korea
កងទ័ពកូរ៉េខាងត្បូង ត្រៀមទប់ទល់នឹងការសម្រេចចិត្តរបស់ទីក្រុងព្យុងយ៉ាង វាយប្រហារទីក្រុងសេអ៊ូល

​តែ​ភ្លាមៗ​នោះ​ក្រុង​សេ​អូ​ល ​ដែល​មាន​អា​មេ​រិ​ក​នៅ​ពីក្រោយ​  គឺ​ក្រោយ​ពី​កុ​រ៉េ​ខាងជើង​បាញ់ប្រហារ​ គឺ​ប្រទេស​មួយ​នេះ​ បាន​បាញ់​តប​វិញ​បង្ក​ឱ្យ​ពិភពលោក​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​ពី​សញ្ញា​ដែល​នាំ​ឱ្យ​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ជា​ថ្មី​ទៀត​។​

សមយុទ្ធ​របស់​កូរ៉េ​ខាងត្បូង​និង​អា​មេ​រិ​ក​ កើតឡើង​ជួន​ពេល​កូរ៉េ​ខាងជើង​បាញ់​សាកល្បង​អាវុធ​ប្រល័យ​លោក​គំរាម​ ក្រុង​សេ​អ៊ូ​ល​ផង​ដែរ​ ដែល​ជាដើម​ចម​មួយ​បង្ខំ​អា​មេ​រិ​ក​មានការ​តាំងចិត្ត​បង្ហាញ​កម្លាំង​ទ័ព​និង​គ្រឿង​សព្វា​វុធ​​ទំនើបៗ​ ប្រឆាំង​តប​កូរ៉េ​ខាងជើង​វិញ​ ។​ ​ទាំងនេះ​ ក៍​ជា​សញ្ញា​មួយ​បញ្ជាក់​ថា​ ទាំង​កូរ៉េ​ខាងជើង​ និង​សម្ព័ន្ធមិត្ត​ អា​មេ​រិ​ក​ នៅ​ថ្ងៃ​ណាមួយ​នឹង​ផ្ទះ​សង្គ្រាម​ប្រយុទ្ធ​គ្នា​។​

តើ​សង្គ្រាម​លើ​ឧបទ្វីប​កូរ៉េ​អាច​កើន​មានបាន​ទេ​ ?

អ្នក​សង្កេតការណ៍​ជា​ច្រើន​ ហាក់​មិន​ចង់​និយាយ​ថា​ច្បាស់ៗ​ថា​ សង្គ្រាម​ពិតជា​កើត​មាននៅ​ពេល​ឆាប់ៗ​នេះ​ទេ​។​ សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ Yonsei​ កូរ៉េ​ខាងត្បូង​ John​ Delury​ បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន ​BBC ​ថា​ មាន​ផល​លំបាក​ច្រើន​ប្រសិនបើ​ក្រុង​ព្យុ​ង​យ៉ាង​និង​ ក្រុង​សេ​អ៊ូ​ល​ ចាប់​យក​សង្គ្រាម​ប្រយុទ្ធ​គ្នា​ ។​

លោក John​ Delury​ ៖  «​ប្រសិនបើ​អ្នក​ឃ្លាំមើល​ប្រព័ន្ធ​ឃោសនា​របស់​កូរ៉េ​ខាងជើង​ឱ្យ​បាន​ជាប់លាប់​ គឺ​ប្រទេស​នេះ​ ប្រើ​ភាសា​សង្គ្រាម​ស្ទើ​គ្រប់ពេល​ គឺ​រាល់ថ្ងៃ​វាយប្រហារ​អា​មេ​រិ​ក​និង​កូរ៉េ​ខាងត្បូង​ ព្រមទាំង​ជប៉ុន​ទៀត​ផង​ ហើយ​​សុទ្ធតែ​គំរាម​ថា​ គ្រោះថ្នាក់​បំផុត​គឺជា​ការ​ពិត​ កូរ៉េ​ខាងជើង​បាន​បាញ់​កាំភ្លើង​ផ្ដោ​ង​ចូល​ទឹកដី​កូរ៉េ​នៅ​ឆ្នាំ​ ២០១០​ ម្ដង ​និង​កាលពី​ឆ្នាំ​ ២០១៥​ ម្ដង​ ហើយ​កូរ៉េ​ខាងត្បូង​ក៏​បាញ់​តប​វិញ​ជា​ច្រើន​គ្រាប់​ដែរ​»​។​

​លោក​សាស្ត្រាចារ្យ​ថា ​នេះ​ជា​សញ្ញា​នៃ​សង្គ្រាម​ដែល​ត្រូវ​ចាប់ផ្ដើម​នៅ​ថ្ងៃ​ណាមួយ​ ។​ ​អ្នកវិភាគ​​ម្នាក់​ទៀត​គឺ​លោក​ Andrea​ Berger​ សាស្ត្រាចារ្យ​នៃ​វិទ្យា​សា្ថ​ន​សេវាកម្ម​នៅ​ទីក្រុង​ឡុ​ង​ដ៏​ ពិនិត្យ​ឃើញ​ថា​កូរ៉េ​ខាងជើង​ ចង់​ធ្វើ​សង្គ្រាម​​​ជាមួយ​អា​មេ​រិ​ក​ច្រើន​ជាង​ គឺ​សង្គ្រាម​នុយ​ក្លេ​អ៊ែ​រ​ ។​ លោក​ថា​ ប្រទេស​នេះ​ ដែល​គេ​គិត​ថា​អាច​មាន​អាវុធ​ប្រល័យ​លោក​ប្រភេទ​នេះ​ គឺ​អាច​មាន​លទ្ធភាព​នៃ​ការ​ធ្វើសង្គ្រាម​ ដោយ​ផ្ដើម​ពី​កាំជ្រួច​រំលង​ទ្វីប​បំពាក់អាវុធ​នុយ​គ្លេ​អ៊ែ​រ​ ។​ ប៉ុន្តែ​សមត្ថភាព​កម្រិត​​ណា​នោះ​ គឺ​មិន​អាច​ព្យាករណ៍​បាន​ឡើយ​ ។​

លោក Andrea​ Berger​ ៖ «​នៅ​ពេល​ណា​ដែល​ ប្រទេស​នេះ​ គំរាម​ប្រើ​អាវុធ​នុយ​ក្លែ​អ៊ែ​រ​គឺជា​ហានិភ័យ​ ជា​ខ្លាំង​ ព្រោះ​ បើ​តាម​ ការ​អួតអាង​ គឺ​ប្រទេស​ទំនង​មិន​លើកលែង​ឡើយ​ ។​ ការ​បាញ់​កាំជ្រួច​រំលង​ទ្វីប​ ដែល​ប្រទេស​នេះ​ ថា​មាន​គឺជា​គំរាម​អា​មេ​រិ​ក​ យ៉ាង​ពិតប្រាកដ​»​។​ ​តែ​ Andrea​ Berger​ និយាយ​ថា​លោក​នៅ​មាន​តែ​ជំនឿ​ថា​ ក្រុង​ព្យុ​ង​យ៉ាង​ គំរាម​ផង​ ត្រូវការ​សន្តិភាព​ផង​ជាមួយ​អា​មេ​រិ​ក​ ។​

Andrea​ Berger​ ៖«​វា​ហាក់ដូចជា​មិន​ធ្ងន់ធ្ងរ​ពេល​ទេ​ បើ​យ៉ាង​គិត​ វែង​ឆ្ងាយ​ ពី​នេះ​បន្តិច​ គឺ​ប្រទេស​ទាំង​ពីរ​នេះ​អាច​​ចរចារ​ជាមួយ​គ្នា​បាន​ព្រោះ​ ក្រុង​ព្យុ​ង​យ៉ាង​ធ្លាប់​ដាក់​សំណើរ​ចរចារ​ម្ដង​ហើយ​តែ​អា​មេ​រិ​ក​បដិសេធ​ ។​ ហើយ​ សង្គ្រាមពាក្យសម្ដី​នាំមុខ​ពិតមែនតែ​នយោបាយ​គឺជា​អាទិភាព​»​។

​ចំពោះ​លោក​សាស្ត្រាចារ្យ​ John​ Delury​ វិញ​និយាយ​ថា​ បើ​ក្រុង​ព្យុ​ង​យ៉ាង​ប្រើ​អាវុធ​នុយក្លេអ៊ែ​គឺ​​ដូច​​ធ្វើ​​អត្ត​ឃាត​​ខ្លួន​ឯង​​។​

John​ Delury​ ៖​ «សារ​របស់​ក្រុង​ព្យុ​ង​យ៉ាង​មិន​ធ្វើ​ឱ្យ​អា​មេ​រិ​ក​ភ័យ​ខ្លាច​ទេ​ គឺ​ប្រទេស​នេះ​ត្រូវ​តែ​មាន​ទំនាក់ទំនង​ជាមួយ​អា​មេ​រិ​ក​។​ អា​មេ​រិ​ក​តែងតែ​ឈរ​ចំណុ​ច​កណ្ដាល​ពេល​ខ្លះ​ ហើយ​ធ្វើ​ព្រងើយ​តែ​អា​មេ​រិ​កក៍​ត្រៀម​រួច​ហើយ​ ដើ​ម្បី​​​សង្គ្រាម​ជាមួយ​កូរ៉េ​ខាងជើង​ជា​ថ្មី​ទៀត​​»​។​

នៅ​ប៉ុន្មាន​ថៃ្ង​ទៀត​នេះ​ គឺ​ឱសានវាទ​ដាក់​ទៅ​លើ​ប្រទេស​កូរ៉េ​ខាងត្បូង​នឹង​ចូល​ជា​ធរមាន​ ។​ ក្រុង​ព្យុ​ង​យ៉ាង​ថា​ នឹង​​កំទេច​វិមាន​ប្រធានាធិបតី​នៅ​ក្រុង​សេ​អ៊ូ​ល​ ដោយ​បាញ់កាំភ្លើង​ផ្ដោ​ង​ បាញ់​ដាក់​យ៉ាង​ខ្លាំ​ង​។​ សារ​នេះ​ បាន​ធ្វើ​ឱ្យ​មេដឹកនាំ​ប្រទេស​ ០៣ ជា​​សម្ព័ន្ធមិត្ត​នឹង​គ្នា​ ត្រូវ​ជួប​គ្នា​ឆាប់ៗ​នេះ​ ដើម្បី​ឆ្លើយ​តប​។​ ទាំង​ប្រធានាធិបតី​អា​មេ​រិ​ក​ អូ​បា​ម៉ា​  លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ប៉ា ​គួ​ន​ហ៊ី​ និង​នាយក​រដ្ឋ​ន្ត្រី​ជប៉ុន​ ហ្ស៊ី​ន​ ស៊ូ​អា​បេ​ បាន​ប្ដេជ្ញា​ជាមួយ​គ្នា​ ថា​មិន​ទុក​ឱ្យ​ របប​ក្រុង​ព្យុ​ង​យ៉ាង​នៅ​រស់​បន្ត​ទៀត​ទេ​ ប្រ​សិន​សង្គ្រាម​ផ្ដើម​ចេញពី​កូរ៉េ​ខាងជើង​មុន​​នោះ​​។​ ​

សង្គ្រាម​​កូរ៉េ​ឆ្នាំ​ ១៩៥០-៥៣​ នាំ​ឱ្យ​ពុះ​ជ្រៀក​កូរ៉េ​ជា​ពីរ

USA-Korea
កងទ័ពអាមេរិកលើទឹកដីកូរ៉េខាងត្បួង (បច្ចុប្បន្នកងទ័ពអាមេរិកនៅកូរ៉េខាងត្បូងចំនួនជាង ៣ ម៉ឺនប្រាំពាន់នាក់)។

គេ​នៅ​ចាំ​បាន​ថា​ សង្គ្រាម​នៅ​ឆ្នាំ​ ១៩៥០-៥៣​ គឺ​ដើមចម​ចេញពី​សង្គ្រាមត្រជាក់​គឺ​ដូច​សង្គ្រាម​ វៀតណាម​ ខាង​ត្បូង​ និង​ខាងជើង​ដែរ​ ។​ ពួក​កុំ​ម្មុ​យ​និ​ស្ត​បះបោរ​ប្រឆាំង​ពួក​សេរី​នៅ​ក្រុង​សេ​អ៊ូ​ល​ ។​ ពួក​កុំ​ម្មុ​យ​និ​ស្ត​ក្រុង​ព្យុ​ង​យ៉ាង​ មាន​រុ​ស្ស៊ី​ និង​ ចិន​នៅ​ពីក្រោយ​ ។​ ប្រទេស​ទាំង​ពីរនេះ​ ជួយ​កូរ៉េ​ខាងជើង​ប្រយុទ្ធ​ជាមួយ​កូរ៉េ​ខាងត្បូង​ ដែល​អា​មេ​រិ​ក​នៅ​ពីក្រោយ​ ។​ រុ​ស្ស៊ី​ជួយ​អាវុធ​ហើយ​ចិន​ជួយ​ទាំង​អាវុធ​និង​កងទ័ព​ ។​ ចំណែក​ អា​មេ​រិ​ក​មិន​ទាន់​ចូល​ជួយ​​កូរ៉េ​ខាងត្បូង​ទាំងស្រុង​ទេ​ គឺ​រង់ចាំ​មានការ​អនុញ្ញាត​ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ។​ តែ​ទី​បំផុត​​អា​មេ​រិ​ក​ចូល​អន្តរាគមន៍​ជួយ​ពេញទំហឹង​ហើយ​​សង្គ្រាម​ផ្ទុះ​ឡើង​យ៉ាង​ស​ន្ធូ​សន្ធៅ​ ។​

ដោយ​មិន​ឈ្នះ​មិន​ចាញ់​អង្គការសហប្រជាជាតិ ​បាន​ចាប់ផ្ដើម​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ តាមរ​យៈស​ទ្ធិ​សញ្ញា​យុទ្ធ​​សន្តិភាព​ភូមិ​ប៉ាន​មុន​យ៉ុ​ម​ ទើប​សម្រេច​ពុះ​ជ្រៀក​ប្រទេស​កូរ៉េ​ជាពីរ​។ ​កូរ៉េខាងត្បូង​ ឬ ​ក្រុង​ស​អ៊ូ​ល​កាន់កាប់​ដោ​យ​មេដឹកនាំ​ដែល​អា​មេ​រិ​ក​គាំទ្រ​ និង​ កូរ៉េខាងជើង​ ឬ​ ក្រុង​ព្យុ​ង​យ៉ាង​ ដឹកនាំ​ដោយ​ពួក​បះបោរ​ ឬ​ បក្ស​កុំ​ម្មុ​យ​និ​ស្ត​បក្ស​ពលករ​កូរ៉េ​របស់​ជីតា​លោក ​គឹ​ម​ ជុង​អ៊ុ​ន​ គឺ​សេ​នា​ប្រមុខ​ គឺ​ម​ អ៊ិ​ល​សុង​ ។​

​បទ​ពិសោធ​ដ៏​វិនាសកម្ម​នៃ​សង្គ្រាម​កូរ៉េ​ ឆ្នាំ​ ១៩៥០-៥៣​ បាន​បន្សល់​ទុក​ តែ​មួយ​គត់​គឺ​ការ​នា​រាស​ព្រាត់ប្រាស់​ បែក​​បាក់​គ្រួសា​រ និង​ ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​​ត្រូវ​បាន​បំផ្លាញ​ស្ទើ​គ្មាន​សល់​៕​

ប្រែ​សម្រួល​ដោយ​៖ លោក​ នួន​ បូ​រិ​ន

Share

Image
Image
Image