en     km
en     km

វិភាគ​៖​តើ​នៅ​ពេល​ណា​កម្ពុជា​ អាច​គ្រប់គ្រង​ ជនអន្ដោប្រវេសន៍​មាន​ប្រសិទ្ធិ​ភាព?​ (មានសំឡេង)

Share

ភ្នំពេញ​៖​ អ្នកវិភាគ​សុទ្ធតែ​បង្ហាញ​ទស្សន​ដូច​គ្នា​ថា​ ប្រទេស​កម្ពុជា​នឹង​នៅ​សល់​តែ​ឈ្មោះ​ប៉ុណ្ណោះ​ បើ​រដ្ឋាភិបាល​បណ្ដោយ​ឲ្យ​ជនអន្ដោប្រវេសន៍​ហូរ​ចូល​មក​ ដោយ​គ្មាន​យន្ដការ​ច្បាស់លាស់​ដើម្បី​គ្រប់គ្រង​។

​អ្នកវិភាគ​យល់​ថា​ ទោះបីជា​មានច្បាប់​សញ្ជាតិ​និង​ច្បាប់​អន្តោប្រវេសន៍​ដើម្បី​គ្រប់គ្រង​ជនបរទេ ស​ក៏​ដោយ​ បើ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ដើម្បី​ពង្រឹង​ច្បាប់​ទេ​ នោះ​គឺ​កម្ពុជា​នឹង​បាត់​ភាព​ជា​ម្ចាស់​ប្រទេស​នៅ​សម័យ​ណាមួយ​ជាក់​ជា​ពុំខាន​។​

​ប៉ុន្ដែ​មន្ដ្រី​បក្ស​កាន់​អំណាច​ច្រាន​ចោលការ​យល់​ឃើញ​របស់​អ្នកវិភាគ​ ដោយ​បញ្ជាក់​ថា​ ការ​យល់​ឃើញ​របស់​អ្នកវិភាគ​គឺ​មិន​ត្រឹមត្រូវ​ឡើយ​។​

​តើ​អ្នកវិភាគ​មាន​ហេតុផល​និង​ការ​សំអាង​អ្វីខ្លះ​បាន​ ហ៊ាន​ព្យាករណ៍​ដូចនេះ​?​

រូបភាពសមត្ថកិច្ចរកឃើញជនអន្ដោប្រវេសន៍វៀតណាមមកធ្វើការខុសច្បាប់នៅកម្ពុជា ប្រភពពី៖ កាសែត The Cambodia Daily
រូបភាពសមត្ថកិច្ចរកឃើញជនអន្ដោប្រវេសន៍វៀតណាមមកធ្វើការខុសច្បាប់នៅកម្ពុជា ប្រភពពី៖ កាសែត The Cambodia Daily

​ជនបរទេស​ មក​រស់នៅ​ប្រទេស​កម្ពុជា​ មាន​ច្រើន​ជាតិ​សាសន៍​  តែ​អ្វី​ដែល​ធ្វើ​ឱ្យ​មាន​ជម្លោះ​ប្រវត្តិសាស្ត្រ​ ច្រំ​ដែលៗ​ គឺ​ជាតិ​សាសន៍​នៃ​ប្រទេស​ មាន​ភូមិ​ផង​របង​ព្រំដែន​ជាប់​គ្នា​ ពោល​គឺ​វៀតណាម​ ថៃ​ និង​ប្រទេស​ឡាវ​។​

​តាម​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ពី​អតីតកាល​  ជនជាតិ​ ជិតខាង​កម្ពុជា​ ទាំង​បី​ប្រទេស​នេះ​ មាន​ហិ​ច្ឆិ​តា​ ចង់​ចូល​មក​រស់នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា​ បើ​ទោះជា​គេ​បាន​រំលោភ​បំពាន​ ទឹកដី​ព្រំដែន​បាន​ខ្លះៗ​ក៏​ដោយ​។​ លំហូរ​នៃ​ជនបរទេស​ ចូល​កម្ពុជា​មាន​ច្រើន​រូបភាព​ នឹង​មាន​ស្ទើរ​គ្រប់​សម័យកាល​ ប៉ុន្តែ​មាន​តិច​ ឬ​មាន​ច្រើន​អាស្រ័យ​ទៅ​លើ​ ការ​គ្រប់គ្រង​ប្រទេស​នៃ​សម័យកាល​ នីមួយៗ​ ។​  

​នៅ​សម័យ​សង្គមរាស្ត្រនិយម​ ក៏​មាន​ជនជាតិ​ប្រទេស​ជិតខាង​ចូល​មក​រស់នៅ​កម្ពុជា​ដែរ​ ជា​ពិសេស​ ពលរដ្ឋ​ វៀតណាម​។​ ក្នុង​របប​សាធារណរដ្ឋ​ល​ន់នល់​ និង​ របប​កម្ពុជា​ ប្រជាធិបតេយ្យ​ ជនជាតិ​មួយ​នេះ​ នៅ​តិចតួច​បំផុត​ សឹងតែ​រក​មិនឃើញ​ផង​។

​តែ​មក​ដល់​ សម័យ​កងទ័ព​វៀតណាម​ ជួយ​កម្ពុជា​ ផ្ដួលរំលំ​របប​ ប៉ុ​ល​ពត​ គេ​ឃើញ​ ពលរដ្ឋ​ប្រទេស​នេះ​ មាន​ច្រើន​ឡើង​វិញ​មក​រស់នៅ​ប្រទេស​កម្ពុជា​។​ លោក​ ប៉ែន​ សុវណ្ណ​ អតីត​ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី​ ដែល​វៀតណាម​ចាប់​ដាក់គុក​នៅ​ហាណូយ​ នៅ​ឆ្នាំ​១៩៨១​  បាន​អះអាង​ថា​ លោក​ត្រូវ​បាន​ វៀតណាម​ទម្លាក់​ពី​អំណាច​ដោយសារ​លោក​ប្រឆាំង​ គោលនយោបាយ​របស់​ទីក្រុង​ហាណូយ​ ដោយ​តម្រូវ​ឲ្យ​លោក​ទទួលយក​ពលរដ្ឋ​វៀតណាម​មក​រស់នៅ​ប្រទេស​កម្ពុជា​។​

​តែ​បែប​នេះ​ក្ដី​ ប្រមុខ​រដ្ឋាភិបាល​ សព្វ​ថៃ្ង​អះអាង​ថា​ ពលរដ្ឋ​វៀតណាម​ មក​រស់នៅ​ប្រទេស​កម្ពុជា​ បាន​គឺ​ ដោយ​ពួក​គេ​មក​តាម​រយៈ​អាណានិគម​បារាំង​។​ ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​ បាន​ធ្វើ​ឱ្យ​មានការ​បញ្ចេញមតិ​ជា​ច្រើន​  រិះគន់​ ការ​ដឹកនាំ​ ដោយ​អ្នក​ទាំងនោះ​ ចាត់​ទុក​ថា​ ជា​ការ​មិន​ទទួលខុសត្រូវ​រឿង​ជាតិ​។​

​យល់​ស្រប​នឹង​ការ​បញ្ចេញមតិ​របស់​ អ្នកលេង​បណ្ដាញ​សង្គម​  អ្នកវិភាគ​ ដែល​វិទ្យុ​ស្ដ្រី​បាន​ សុំ​ការ​យល់​ឃើញ​  ពួក​គាត់​ មាន​ទស្សន​ប្រហាក់ប្រហែល​គ្នា​ថា​ គេ​មិន​ត្រូវ​ កត់ត្រា​ប្រវត្តិសាស្ត្រ​ ពី​រឿង​ច្រំ​ដែល​នោះ​ទេ​។​ ពួក​គាត់​ថា​ ប្រទេស​មានច្បាប់​មាន​ទម្លាប់​  ដើម្បី​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ ដោយ​មិន​ត្រូវ​ ធ្វេសប្រហែស​ឡើយ​ ។​

​សាស្ត្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ មាន​ប្រសាសន៍​ថា​ ជនអន្ដោប្រវេសន៍​ដែល​មក​រស់នៅ​កម្ពុជា​កាន់តែ​ច្រើន​ឡើងៗ​ គឺជា​រឿង​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ហើយ​ មិន​អាច​មើល​រំលង​បាន​ឡើយ​។​ លោក​ពន្យល់​ថា​ កាលណា​ជាតិ​សាសន៍​ដទៃ​ចូល​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ ហើយ​បាន​ទទួល​សិទ្ធិ​ដូច​ពលរដ្ឋ​ខ្មែរ​ដែរ​នោះ​ យូ​ទៅ​នឹង​ធ្វើ​ឲ្យ​ខ្មែរ​ដែល​ជា​ម្ចាស់​ស្រុក​នឹង​ត្រូវ​បាតបង់​អត្ដសញ្ញាណ​របស់​ខ្លួន​ ព្រោះ​ចំនួន​ជនអន្ដោប្រវេសន៍​បរទេស​ដែល​គិត​ពី​ជនជាតិ​វៀតណាម​នេះ​ មាន​ច្រើន​លើសលប់​មក​លើ​ចំនួន​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ប្រទេស​។​

លោក ឯម សុវណ្ណារ៉ា សាស្រ្ដាចារ្យវិទ្យាសាស្រ្ដនយោបាយ
លោក ឯម សុវណ្ណារ៉ា សាស្រ្ដាចារ្យវិទ្យាសាស្រ្ដនយោបាយ

​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​៖«​នៅ​សម័យ​សង្គមរាស្ដ្រនិយម​យើង​មិនដឹង​ថា​ គ្រប់គ្រង​ (​ជនអន្ដោប្រវេសន៍​)​ បាន​ល្អ​ប៉ុណ្ណា​ទេ​ ប៉ុន្ដែ​តួលេខ​នៅ​សម័យ​កាលនោះ​គេ​អាច​គ្រប់គ្រង​បានដឹង​ថា​ អ្នក​ណា​ជា​ជនអន្ដោ ប្រវេសន៍​ ហើយ​គេ​មាន​កាន់​ប័ណ្ណ​សំគាល់​ត្រឹមត្រូវ​។​ ប៉ុន្ដែ​សម័យនេះ​ជនអន្ដោប្រវេសន៍​បែរជា​មាន​អត្ដសញ្ញាណប័ណ្ណ​ជាតិ​សាសន៍​ខ្មែរ​ ហើយ​ខ្មែរ​ខ្លួនឯង​អ្នកខ្លះ​អត់​មាន​អត្ដសញ្ញាណប័ណ្ណ​ផង​ ត្រង់​ហ្នឹងហើយ​ដែល​ជា​ការ​បារម្ភ​ថា​ខ្មែរ​ម្ចាស់​ស្រុក​អាច​នឹង​បាត់បង់​សិទ្ធិ​របស់​ខ្លួន​»​។​

​សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​រូប​នេះ​ មាន​ប្រសាសន៍​ថា​ បញ្ហា​ជនអន្ដោប្រវេសន៍​កាន់តែ​កើន​ ទៅ​ក្នុង​ប្រទេស​មួយ​គឺជា​បញ្ហា​គ្រោះ​ថា្ន​ក់​ធ្ងន់ធ្ងរ​ណាស់​ ជាក់ស្ដែង​ដូច​ទឹកដី​ តំបន់​គ្រី​មៀរ​ នៃ​ប្រទេស​ អ៊ុយ​ក្រែ​ន​ ដែល​ត្រូវ​បាន​ប្រទេស​រុ​ស្សី​លេប​ត្របាក់​យក​បាត់​។​

​លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ​ គាំទ្រ​ការ​យល់​ឃើញ​របស់​សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ដែល​លើក​ឡើង​ ដោយ​លោក​បញ្ជាក់​ថា​ បើ​រដ្ឋាភិបាល​បណ្ដោយ​ឲ្យ​មាន​ជន អន្ដោប្រវេសន៍​ មក​ឈរជើង​ដោយ​សេរី​នៅ​កម្ពុជា​ បន្ដ​ទៀត​នោះ​ កម្ពុជា​នឹង​ដូច​អ្វី​ដែល​អ្នកវិភាគ​នៅ​ប​ច្ចិ​ម​ប្រទេស​និយាយ​ថា​ កម្ពុជា​នឹង​មាន​តែ​ឈ្មោះ​ប៉ុណ្ណោះ​ទៅ​ថ្ងៃ​អនាគត​។​

​អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​បន្ដ​ថា​ ជនអន្ដោប្រវេសន៍​វៀតណាម​ដែល​ហូរ​ចូល​មក​កម្ពុជា​គឺ​តាម​រយៈ​ថ្ងៃ​ ៧​ មក​រា​ ដែល​ច្រើន​លើសលប់​ជាង​ពេល​ណា​ណា​ទាំងអស់​។​

​លោក​ គឹ​ម​ សុខ​៖«​បើ​យើង​គ្មាន​រដ្ឋាភិបាល​មួយ​ដែល​មាន​ឆន្ទៈ​បំរើ​ប្រយោជន៍​ប្រជារាស្ដ្រ​ ប្រយោជន៍​ប្រទេស​ជាតិ​ពិតប្រាកដ​ គឺ​កម្ពុជា​នឹង​ដូច​អ្នក​ស្រាវជ្រាវ​ប​ច្ចិ​ម​ប្រទេស​គេ​ថា​ កម្ពុជា​នឹង​នៅ​តែ​ឈ្មោះ​ថា​កម្ពុជា​ប៉ុណ្ណោះ​ ប៉ុន្ដែ​ខ្លឹមសារ​ការ​គ្រប់គ្រង​គឺ​មិនមែន​ខ្មែរ​ជា​អ្នកដឹកនាំ​»​។​

លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងនយោបាយ
លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងនយោបាយ

​​លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​យល់​ស្រប​ចំពោះ​ការ​លើក​ឡើង​របស់​អ្នកវិភាគ​ទាំង​ពីរ​រូប​ខាងលើ​។​

​លោក​មាន​ប្រសាសន៍​ថា​ ការ​គ្រប់គ្រង​ជនអន្ដោប្រវេសន៍​របស់​រដ្ឋាភិបាល​កម្ពុជា​ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ជា​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​។​ លោក​ថា​ កន្លង​មក​ក្រសួងមហាផ្ទៃ​អះអាង​ថា​រក​ឃើញ​ជនជាតិ​វៀតណាម​មក​នៅ​កម្ពុជា​ខុសច្បាប់​ជាង​ ១៦​ម៉ឺន​នាក់​ ប៉ុន្ដែ​ការ​បញ្ជូន​ទៅ​វិញ​បាន​តែ​ ប៉ុន្មាន​ពាន់​នាក់​ប៉ុណ្ណោះ​។​ លោក​ថា​ បើ​រដ្ឋាភិបាល​មិន​អា​ចរក​ជនអន្ដោប្រវេសន៍​ឃើញ​គឺ​បាន​ន័យ​ថា​ រដ្ឋាភិបាល​គឺ​អសមត្ថភាព​។​

លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម

​លោក​ មាស​ នី​៖«​សម្រាប់​តួលេខ​ជា​ផ្លូវការ​ដែល​យើង​រក​ឃើញ​ជនជាតិ​វៀតណាម​នៅ​កម្ពុជា​ថា​មាន​ ១៦​ម៉ឺន​នាក់​ ប៉ុន្ដែ​ការ​ចាប់​បញ្ជូន​ទៅ​វិញ​គឺ​មាន​តែ​ប៉ុន្មាន​ ពាន់​នាក់​ ប៉ុណ្ណោះ​ ហើយ​យើង​មិនដឹង​ថា​ រដ្ឋាភិ បាល​រក​មិន​ទាន់​ឃើញ​ឬ​យ៉ាងណា​ ប៉ុន្ដែ​បើ​រដ្ឋាភិបាល​រក​មិនឃើញ​គឺជា​រឿង​ដែល​រដ្ឋាភិបាល​អស មត្ថភាព​ ប៉ុន្ដែ​បើ​រដ្ឋាភិបាល​រក​ឃើញ​ហើយ​មិន​បញ្ជូន​ទៅ​វិញ​ ហ្នឹង​ជា​ឆន្ទៈ​ ប្រហែល​ដោយសារ​ធ្លាប់​ជំពាក់​គុណ​ពី​មុន​ក៏​មិនដឹង​ បាន​មិន​បញ្ជូន​ទៅ​វិញ​ហ្នឹង​យើង​មិន​ហ៊ាន​ចោទ​ទេ​ គ្រាន់តែ​ជា​ការ​ប៉ាន់​ប្រមាណ​របស់​យើង​»​។​

​តែ​យ៉ាងណា​ក៏​ដោយ​ បក្ស​កាន់​អំណាច​ មិន​បាន​មើលឃើញ​ពី៏​ភាព​គ្រោះថ្នាក់​ ដូច​អ្នកវិភាគ​ ព្រមាន​នោះ​ទេ​ ព្រោះថា​ រដ្ឋាភិបាល​ បាន​គ្រប់គ្រង​ជនបរទេស​បាន​ ត្រឹមត្រូវ​ ដែរ​។​

​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​លោក​ សុខ​ ឥ​សាន្ដ​ មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​កំពុង​តែ​ព្យាយាម​ធ្វើការ​ រាល់ថ្ងៃ​ជុំវិញ​ជនអន្ដោប្រវេសន៍​នេះ​។​ លោក​បន្ដ​ថា​ មិន​អាច​យកគំនិត​អ្នកវិភាគ​មក​និយាយ​បាន​ទេ​ ព្រោះ​អ្នកវិភាគ​មាន​និន្នាការ​នយោបាយ​ប្រឆាំង​ ហើយ​ការ​វិភាគ​គឺ​តាមតែ​គំនិត​របស់​ពួក​គេ​ ដែល​មិន​អាច​យក​ជា​ការ​បាន​ឡើយ​។​

លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

​លោក​ សុខ​ ឥ​សាន្ដ​៖«​ប្រសិនបើ​ជនបរទេស​ណា​មក​គឺ​ត្រូវ​មាន​បណ្ណ​ការងារ​ បាន​មានច្បាប់​ អាច​ធ្វើ​ការងារ​ស្របច្បាប់​បាន​ប្អូន​សួរ​ក្រសួង​ការងារ​ ក្រសួងការបរទេស​ គឺ​ដឹង​ហើយ​ មិន​អាច​យកគំនិត​របស់​អ្នកវិភាគ​ឯករាជ្យ​ មិន​ឯករាជ្យ​មក​ និយាយ​បាន​ទេ​ ព្រោះ​គាត់​វិភាគ​តាម​និន្នាការ​នយោបាយ​ ជា​គំនិត​ឯកជន​យក​ជា​បានការ​មិន​បាន​ទេ​»​។​

​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ អះអាង​ទៀត​ថា​ សម័យ​ណា​ក៏​មាន​ពលរដ្ឋ​ វៀតណាម​ មក​រស់នៅ​ កម្ពុជា​ដែរ​ ដែល​លោក​ថា​ មិនមែន​មាន​សម័យនេះ​ទេ​។

​តាម​ច្បាប់​ស្ដី​ពី​សញ្ជាតិ​នៃ​ប្រទេស​កម្ពុជា​ ជំពូក​ទី​០៦​ មាត្រា​១៩​ ចែង​ថា​មាន​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ទេ​ ទើប​មាន​សិទ្ធិ​ទទួល​និង​កាន់កាប់​អត្ដសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លិខិតឆ្លងដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​មាត្រា​២០​ ៖​ ជនបរទេស​ណា​ដែល​កាន់កាប់​និង​ប្រើប្រាស់​អត្ដសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ​លិខិតឆ្លង ដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មិន​ស្របច្បាប់​នឹង​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៥​ឆ្នាំ​ ដល់​១០​ឆ្នាំ​។​

​មាត្រា​២១​ ៖​ ជន​ណា​ដែល​ក្លែង​ធ្វើការ​កោស​លុប​ សរសេរ​ត្រួត​ ឬ​ឱ្យ​គេ​សរសេរ​ឈ្មោះ​ក្លែងក្លាយ​ នៅ​ក្នុង​អត្ដសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ​លិខិតឆ្លងដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឬ​មួយ​ប្រើប្រាស់​ឯកសារ​ទាំងនោះ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៥​ឆ្នាំ​ ដល់​១០​ឆ្នាំ​។

​មាត្រា​២២​ ៖​ មន្ដ្រី​ភ្នាក់ងាររាជការ​ ឬ​ជន​ណា​ដែល​សមគំនិត​ ជួយ​លាក់បាំង​ ឬ​ផ្ដល់​អត្ដសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ​លិខិតឆ្លងដែន​ឱ្យ​ជន​ណា​ម្នាក់​ដែល​គ្មាន​សញ្ជាតិ​ខ្មែរ​ ត្រូវ​ផ្ដន្ទាទោស​ដូច​គ្នា​នឹង​ជន​ដែល​កាន់កាប់​អត្ដសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ​លិខិតឆ្លងដែន​ដោយ​ខុសច្បាប់​ ដូច​មាន​ចែង​ក្នុង​មាត្រា​២០​ និង​មាត្រា​២១​ នៃ​ច្បាប់​នេះ​។

​ប៉ុន្តែ​បើ​យោង​តាម​ជំពូក​ទី​០៤​ ស្ដី​ពី​សញ្ជាតូបនីយកម្ម​ មាត្រា​ ១៦​ ចែង​ថា​ សញ្ជាតូបនីយកម្ម​ដែល​ផ្ដល់​ចំពោះ​ជនបរទេស​ណា​ម្នាក់​ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ​ ។

​អ្នកវិភាគ​យល់​ថា​ កម្ពុជា​ត្រូវ​តែ​ពង្រឹង​ច្បាប់​សញ្ជាតិ​និង​ច្បាប់​អន្តោប្រវេសន៍​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព​បើ​មិន​ដូច្នេះ​ទេ​ នឹង​ត្រូវ​បាន​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​ថា​ បានដឹង​នាំ​ប្រទេស​ មិន​ខ្វល់​ពី​រឿង​ជាតិ​៕​

Share

Image
Image
Image