en     km
en     km

វិភាគ៖ UN ទំនងពិបាកទទួលស្គាល់ការបោះឆ្នោតប្រធានាធិបតីនៅវេណេហ្សូអេឡា  

Share

ប្រទេសវេណេហ្សូអេឡា បានធ្លាក់ក្នុងវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរជិតមួយឆ្នាំមកហើយ។ វិបត្តិនេះ ផ្ដើមឡើងដោយសារ លោក នីកូឡាស ម៉ាឌូរ៉ូ បានរំលាយសភាដែលបក្សប្រឆាំងគ្រប់គ្រង។ អ្វីដែលនាំឱ្យមានការរំលាយអង្គនីតិបញ្ញត្តិនេះ ដោយសារសភាមិនធ្វើតាមលោកម៉ាឌូរ៉ូដែលចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ពន្យារអាណត្តិប្រធានាធិបតី ។ អ្នកសង្កេតការណ៍ឯករាជ្យចាត់ទុកជា Game មួយដើម្បីពង្រឹងអំណាច របស់អង្គនីតិប្រតិបត្តិ។

ដើម្បីបន្ថយសម្ពាធពីសហគមន៍អន្តរជាតិ លោក ម៉ាឌូរ៉ូ ក៏យល់ព្រមអោយមានការបោះឆ្នោតប្រធានាធិបតី ដែលគេរំពឹងថា នឹងធ្វើឡើងនៅថ្ងៃទី២០ឧសភា បន្ទាប់ពីបានពន្យារពេលមួយលើកហើយនោះព្រោះគ្មានបក្សប្រឆាំងចូលរួម។ ទោះជាយ៉ាងណា ទំនងធ្វើអោយ សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិពិបាកទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះណាស់ ។

លោក នួន បូរិន រៀបរៀង អត្ថបទនេះ ហើយអ្នកស្រី អ៊ឹម សុខន រាយការណ៍លំអិត !

 

                                                                                               លោក នីកូឡាស ម៉ាឌូរ៉ូ

 

ប្រទេសវេណេហ្សូអេឡា បច្ចុប្បន្ន​ ដឹកនាំដោយលោក នីកូឡាស ម៉ាឌូរ៉ូ មកពីគណបក្សសង្គមនិយម ។ លោក ម៉ាឌូរ៉ូ ជាប្រធានា ធិបតីស្នងតំណែងពីលោក ហុងហ្គូចាវេស ដែលបានស្លាប់កាលពីឆ្នាំ២០១៣។ ក្រោយពីមរណភាព ជនបដិវត្តន៍នេះ វេណេហ្សូអេឡាបានធ្វើការកែប្រែមុខមាត់បន្តិចនៅលើ ឆាកអន្តរជាតិ ដោយបោះឆ្នោតសភានៅឆ្នាំ២០១៥។តែជារឿងចៃដន្យអី បក្សប្រឆាំងបានឈ្នះការបោះឆ្នោតនេះ ដោយក្លាយជាអ្នកគ្រប់គ្រងសភា។

ដោយមានអំណាចក្នុងអង្គនីតិបញ្ញត្តិ ក្រុមសភាបក្សប្រឆាំងមិនធ្វើតាមការណែនាំរបស់លោកម៉ាឌូរ៉ូដែលស្នើឱ្យ​ធ្វើវិសោធនកម្មពង្រីងអាណត្តិរបស់លោក ឋានៈជាប្រធានាធិបតីនោះទេ។ រឿងនេះហើយដែលនាំអោយមានជម្លោះនយោបាយកើតឡើងហើយទីបំផុតលោកម៉ាឌូរ៉ូរំលាយសភា ដោយ កំទេចបក្សប្រឆាំងអោយរត់ខ្ចាត់ខ្ចាយមកដល់ពេលនោះ។

ក្នុងចលនាបង្រ្កាបនេះ សមត្ថកិច្ច របស់លោកម៉ាឌូរ៉ូបានចាប់សកម្មជនបក្ស ប្រឆាំងរាប់រយនាក់ដាក់ពន្ធនាគារ ក្នុងនោះមានទាំងថ្នាក់ដឹកនាំបក្សប្រឆាំងមួយចំនួនដែរ។ ក្រុមប្រឆាំងបានរត់ភៀសខ្លួនទៅនៅប្រទេសជិតខាង។ បន្ថែមលើសនេះ វិបត្តិនយោបាយ ដែលកើតឡើងដោយសារវិបត្តិសេដ្ឋកិច្ច ផងនោះបាននាំអោយពលរដ្ឋជាច្រើនលាននាក់រត់ទៅជ្រកកោននៅប្រទេសជិតខាងខ្លួន។

ដើម្បីធ្វើអោយសហគមន៍អន្តរជាតិបន្ថយសម្ពាធ ​លោក ម៉ាឌូរ៉ូ បានបង្គាប់អោយមានការបោះឆ្នោតថ្នាក់ក្រោមជាតិ ខណៈអវត្តមានបក្សប្រឆាំង។ តែបែបនេះក្ដី សហគមន៍អន្តរជាតិ មិនបានសាទរការបោះឆ្នោតនោះ ទេ ទោះជាការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តក្រុងនៅថ្ងៃទី១៥តុលាឆ្នាំ២០១៧នោះមានក្រុមបក្សតូចៗចូលរួមក៏ដោយ។  សហគមន៍អន្តរជាតិ ក្នុងនោះមានទាំង អាមេរិក សហភាពអឺរ៉ុប និង សម្ព័ន្ធភាព អាមេរិកឡាទីន ចាត់ទុកជារឿងលេងសើចនិងលុបលាងកំហុស ប្រវត្តិសាស្ត្រ របស់លោកម៉ាឌូរ៉ូ។ សហគមន៍អន្តរជាតិនៅតែទទូចឱ្យនមានវត្តមានបក្សប្រឆាំងដែលគ្រប់គ្រងសភា​ត្រូវមានវត្តមានក្នុងការបោះឆ្នោត។

                                                                                           ប្រជាជនកំពុងធ្វើបាតុកម្ម

 

ការបោះឆ្នោតប្រធានាធិបតី២០ឧសភា ឆ្នាំ២០១៨

គណបក្សប្រឆាំង រួបរួម ដែលត្រូវបានលោកម៉ាឌូរ៉ូ វាយកំទេចអោយរត់ភៀសខ្លួន ហើយអ្នកខ្លះត្រូវបានចាប់ឃុំខ្លួនបានសម្រេច មិនចូលរួមការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី២០ឧសភានោះទេ ។ ក្រុមប្រឆាំងបានទាមទារអោយបរិយាកាសបោះឆ្នោត បើកចំហរដោយគ្មានការរឹតត្បិតសេរីភាពរបស់ពលរដ្ឋ ត្រូវដោះលែងអ្នកទោស នយោបាយទាំងអស់ ហើយ ត្រូវធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋជាច្រើនលាននាក់ត្រឡប់មកវិញ។ ការចរចារវាងបក្សប្រឆាំង និងបក្សកាន់អំណាចរបស់ បក្សសង្គមនិយម ទោះជាបានធ្វើឡើង ចំនួន៣ដងមកហើយ ក៏ពុំមាន កិច្ចព្រមព្រៀង ជាផ្លូវការធ្វើឡើងដែរព្រោះ បក្សកាន់អំណាច របស់លោកម៉ាឌូរ៉ូ មិនបានយល់ព្រមដោះលែងអ្នកទោស នយោបាយមុនការបោះឆ្នោតឡើយ ។ បក្សកាន់អំណាច​សន្យាថា នឹងដោះលែងពួកគេក្រោយការបោះឆ្នោត ហើយការដោះលែងនេះ ត្រូវមានក្រុមអ្នកសង្កេតការណ៍សិទ្ធិមនុស្ស ចូលរួមដែរ។តែ បក្សប្រឆាំងមិនឯកភាពត្រង់ចំណុចនេះឡើយ។ ដោយភាពមិនចុះសម្រុងគ្នានេះនាំអោយមានការពន្យាការចរចាជាបន្តបន្ទាប់។

ការចរចារដែលមិនអាចរកការឯកភាពគ្នានាំអោយលោក ម៉ាឌូរ៉ូ ពន្យារការបោះឆ្នោត

                                                                                          ​លោក នីកូឡាស ម៉ាឌូរ៉ូ

 

ជាការពិត ការបោះឆ្នោតប្រធានាធិបតីដែលធ្វើឡើងតាមការកំណត់ដោយរដ្ឋធម្មនុញ្ញ គឺនៅខែធ្នូឆ្នាំ២០១៨នោះទេ ។ តែលោកម៉ាឌូរ៉ូដែលសង្ឃឹមថាលោកនឹងឈ្នះឆ្នោតបន្ទាប់ពីវាយកំទេចបក្សប្រឆាំងអោយខូចរចនាសម្ព័ន្ធអស់ហើយនោះ បានប្រកាសថាថ្ងៃទី២២មេសាឆ្នាំ២០១៨ជាថ្ងៃបោះឆ្នោត។ ដោយសារការចរចាជាមួយបក្សប្រឆាំង ធ្វើឡើងនៅប្រទេសដូមីនិច មើលទៅរកការឯកភាពគ្នាមិនបានទើប លោកម៉ាឌូរ៉ូបានសម្រេចលើកពេល ទៅធ្វើនៅថ្ងៃទី២០ឧសភា។ តែបែបនេះក្ដីពេលវេលាដ៏ខ្លីនេះ បាននាំអោយក្រុមបក្សប្រឆាំងនិរទេសខ្លួនមិនអាច ត្រៀមខ្លួន ចូលរួមការបោះឆ្នោតបានទើបពួកគេ សម្រេចរួមគ្នា បោះបង់ឱកាសនេះតែម្ដង។

ការស្ទង់មតិពលរដ្ឋ

អង្គការមួយ ឈ្មោះ Meganalisis  បាន ចេញរបាយការណ៍នៃការស្ទង់មតិពលរដ្ឋ នៃប្រទេសវេណេហ្សូអេឡា ដែលបានធ្វើឡើងកាលពីខែមករាឆ្នាំ២០១៨នេះដោយមានសំណួរសួរថាតើអ្នកពេញចិត្តប្រព័ន្ធបោះឆ្នោតសព្វថ្ងៃដែរឬទេ។

អង្គការនេះ បានបង្ហាញលទ្ធផលថា ៧២,៥ភាគរយឆ្លើយថា មិនពេញចិត្តការរៀបចំការបោះឆ្នោតរបស់ គណៈកម្មាការCNE នោះទេ។ តែជាមួយគ្នានេះ ២៩ភាគរយឆ្លើយថាពេញចិត្តហើយសន្យាចេញទៅបោះឆ្នោតទៀតផង។ ការស្ទង់មតិបានបង្ហាញទៀតថា ៤៥ភាគរយថាការបោះឆ្នោតនេះ នឹងនាំអោយអំពើហិង្សានយោបាយបន្តទៀត។ ២០ភាគរយថា គឺជាការខ្ចះខ្ជាយពេលវេលា។ ១២ភាគរយថានឹងបោះឆ្នោតអោយបក្សកាន់អំណាច ហើយ ៦ភាគរយថានឹងបោះឆ្នោតអោយបក្សតូចៗដែលចូលរួមការបោះឆ្នោត។

ភាពចម្រូងចម្រាសនៃការបោះឆ្នោត

លោក Zeid Ra’ad al-Hussein  ជាឧត្តមស្នងការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិបាននិយាយថា ការបោះឆ្នោតដែលបំរុងធ្វើឡើងនៅថ្ងៃទី២០ឧសភានោះ នឹងមិននាំមកនូវភាពសេរី ត្រឹមត្រូវ អាចទទួលស្គាល់ថាធ្វើឡើងតាមបទដ្ឋានប្រជាធិបតេយ្យអន្តរជាតិនោះទេ។

តាមទីភ្នាក់ងារសារព័ត៌មានReuters លោក Zeid Ra’ad al-Hussein  ចាត់ទុកជាការបោះឆ្នោតនោះ ជាការបំផ្លាញ លទ្ធិប្រជាធិបតេយ្យ ដែលពិបាកនឹងទទួលស្គាលភាពស្របច្បាប់របស់រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត។ ស្របពេលនេះ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ហៅកាត់ថាLima Groupមាន Argentina, Brazil,Canada, ChileColombiaCostaRicaGuatemala

GuyanaHondurasMexicoPanamaParaguayPeru និង Saint Lucia, រួមទាំងសហភាពអឺរ៉ុបនិងអាមេរិក ប្រកាសមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនោះទេ។ តែបែបនេះក្ដី ប្រទេសរុស្ស៊ី ចិន និងប្រទេសសម្ព័ន្ធមិត្តជាច្រើនដូចជាប្រទេសគុយបានិង បូឡឺវី ជាដើម បានសន្យាគាំទ្រនិងទទួលស្គាលរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតថ្ងៃ២០ឧសភាឆ្នាំ២០១៨នេះ។

យ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍ឯករាជ្យ មួយចំនួន យល់ថា លោកម៉ាឌូរ៉ូនឹងបន្តលើកពេលការបោះឆ្នោត មួយលើកទៀត គឺធ្វើយ៉ាងណាអោយសហគមន៍អន្តរជាតិមើលឃើញថា បក្សកាន់អំណាចរបស់លោកប្រធានាធិបតីម៉ាឌូរ៉ូក៏ចង់អោយក្រុមបក្សប្រឆាំងនិរទេសខ្លួន វិលមកចូលរួមការបោះឆ្នោតនោះដែរ ប្រយោជន៍អោយលទ្ធផលបោះឆ្នោតមានភាពទូលំទួលាយ ហើយ គេចផុតពីការដាក់ទណ្ឌកម្មបន្ថែមទៀតពីសំណាក់សហគមន៍អន្តរជាតិ។តែការបោះឆ្នោតនោះលុះត្រាតែជាសមិទ្ធផលមួយនាំអោយរូបលោកបានឈ្នះឆ្នោតតែប៉ុណ្ណោះ ៕

 

 

Share

Image
Image
Image