en     km
en     km

វិភាគ៖ ចិនទទួលបានផលប្រយោជន៍ពីការធ្លាក់ចុះប្រជាធិបតេយ្យនៅតំបន់អាស៊ាន(មានសំឡេង)

Share

ប្រជាមានិតចិនជារដ្ឋកុម្មុយនិស្តធំបង្អស់នៅលើពិភពលោក ដែលមិនសូវខ្វល់ច្រើនទេ អំពីបញ្ហារំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យប្រទេសដទៃ។ ប្រទេសធំនេះ មិនត្រឹមតែចាំទទួលផលប្រយោជន៍ពីការធ្លាក់សេរីភាពរបស់បណ្ដាប្រទេសទាំងនោះទេ ថែមទាំងបានឆ្លៀតឱកាស ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនតាមរូបភាពផ្សេងៗនៃការ បោះទុនវិនិយោគដែល ត្រូវបានក្រុមសិទិ្ធមនុស្សរិះគន់ថា ចិនជារដ្ឋធំមួយមិនសូវខ្វល់រឿងការបះពាល់ សិទិ្ធសេរីភាព​វប្បធម៌ របស់ពលរដ្ឋប្រទេសនោះទេ។

តើសមាជិកអាស៊ានណាខ្លះដែលធ្វើឱ្យចិនទទួលបានផលប្រយោជន៍ពីការធ្លាក់ចុះលទិ្ធប្រជាធិបតេយ្យ?

លោកនួន បូរិន ជូនសេចក្ដីវិភាគ ដូចតទៅ៖

 

នៅរយៈពេល ៥ឆ្នាំចុងក្រោយនេះ គេសង្កេតឃើញប្រទេសនៅអាស៊ីអាគេ្នយ៌ យ៉ាងតិច ៣ប្រទេសបានទាញទម្លាក់លទ្ធិប្រជាធិបតេយ្យដើរថយក្រោយ។ នេះបើតាមអ្នកជំនាញសិទិ្ធមនុស្សជាតិ និងអន្តរជាតិ ។  ប្រទេសទាំងនេះ រួមមាន កម្ពុជា ថៃ និងហ្វីលីពីន។

ឱនភាពប្រជាធិបតេយ្យ របស់ប្រទេសនេះ កើតចេញពីការគ្រប់គ្រងប្រទេស ដែលចាត់ទុកបទបញ្ជារបស់មេដឹកនាំមានប្រសិទ្ធភាពជាងច្បាប់របស់ប្រទេស។

អ្នកសង្កេតការណ៍សិទិ្ធមនុស្សបានរកឃើញថា ប្រទេសដែលបានទាញផលប្រយោជន៍ពីការធ្លាក់ចុះ ប្រជាធិបតេយ្យពីប្រទេសទាំងនេះ គឺប្រទេស ចិន។ ប្រទេសនេះ ប្រកាន់របបកុម្មុយនិស្ត។

ឱនភាពប្រជាធិបតេយ្យនៅថៃធ្លាក់ចុះបន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០១៤

គណៈរដ្ឋមន្ត្រីរបស់គណបក្សភឿថៃ ដឹកនាំដោយ លោកស្រី យីង ឡាក់ត្រូវបានរំលាយដោយរដ្ឋប្រហារយោធាដឹកនាំដោយឧត្តមសេនីយប្រាយុទ្ធចាន់ អូចា។ បន្ទាប់ពីរំលាយបក្សកាន់អំណាចភ្លាម សេរីភាព និងសិទ្ធិមនុស្សរបស់រាជាណាចក្រនេះធ្លាក់ចុះជាខ្លាំង គឺ ពុំមានសកម្មភាពពហុបក្សក្នុងរដ្ឋសភានោះទេ។ អ្វីៗនៅក្រោម ការដឹកនាំរបស់ពួកយោធាទាំងអស់ លើកលែងកិច្ចការរបស់រាជវាំងមួយគត់ ដែលពួកយោធាមិនហ៊ានប៉ះពាល់ឡើយ។

ភាមៗបន្ទាប់ពីរដ្ឋប្រហារអាមេរិក និងសហភាពអឺរ៉ុប ប្រកាសព្យួរជំនួយទៅឱ្យរាជាណាចក្រនេះ ទោះបីជំនួយស៊ីវិលនិងយោធាក្ដី។ ពួកគេបានថ្កោលទោស ខ្លាំងក្លារបបសឹកនៅថៃ ដែលមានអាយុកាលមកដល់ពេលនេះ។ តែទន្ទឹមនឹងនេះ ចិនហក់ចូលភ្លាម។ ក្រុងប៉េកាំងបានបញ្ជូន គណៈប្រតិភូរបស់ខ្លួនទៅសិក្សាអំពីសេចក្ដីត្រូវការទាំងឡាយរបស់ពួកយោធា។

ដោយសារអាមេរិកព្យួរជំនួយយោធា​ តែចិនវិញបានពង្រីកជំនួយនេះឡើងវិញ។ មិនយូរប៉ន្មានពួកយោធាថៃក៏ចាប់ផ្ដើមទិញយុទ្ធភ័ណ្ឌរបស់ប្រទេស ចិនជាមួយនឹងការសន្យារបស់ក្រុងប៉េកាំងបង្កើនទំហំពាណិជ្ជកម្មខ្លាំងថែមទៀតជាពិសេសចិន ពង្រីងវិស័យទេសចរណ៍មកកាន់ប្រទេសនេះទ្វេ ដង។

ជាការពិតឃើញថា ចិនទាញបានទាំងឥទ្ធិពលសេដ្ឋកិច្ច និងយោធាមកកាន់ប្រទេសនេះ ដោយមិនខ្វល់ច្រើនទេសេរីភាពពហុបក្សរបស់រាជាណាចក្រនេះ។ ដោយអាចរស់បានដោយមិនខ្វល់លទ្ធិប្រជាធិបតេយ្យ ពួកយោធាបន្តពន្យារពេលការបោះឆ្នោតសភា ពីឆ្នាំ ២០១៧ ម្ដង ពី២០១៨     ម្ដង ។

ឥឡូវពួកយោធាសន្យាជាមួយសហគមន៍អន្តរជាតិថា បោះឆ្នោតសភាអាចធ្វើបាននៅដើមឆ្នាំ២០១៩។ការព្យារពេលបោះឆ្នោតនេះហើយ នាំឱ្យអ្នកនយោបាយថៃទទូចឱ្យពួកយោធាបោះបង់ចោលទៅមហិច្ឆតា​ពង្រឹងអំណាច ហើយត្រូវឱ្យបក្សនយោបាយចាប់ផ្ដើមធ្វើសកម្មភាពឡើងវិញ។ តែបែបនេះក្ដី ពួកយោធាបានធ្វើច្បាប់រឹតបន្តឹងបក្សនយោបាយដោយដាក់កំហុសថា បើបក្សណាធ្វើនយោបាយមុន ការបោះឆ្នោតគឺត្រូវមានទោស។ នេះហើយដែលគេហៅលទ្ធិប្រជាធិបតេយ្យនៅថៃជួបឱនភាព ហើយអ្នកទាញបានពីស្ថានភាពនេះ គឺ ប្រទេសចិនព្រោះចិនជាប្រទេសកុម្មុយនិស្ត។

ឱនភាពប្រជាធិបតេយ្យនៅកម្ពុជា

ក្រុមអ្នកសង្កេតការណ៍ឯករាជ្យចាត់ទុកការរំលាយគណបក្ស សង្រ្គោះជាតិ និងការចាប់ខ្លួនមេបក្សប្រឆាំងដាក់ពន្ធនាគារករណីក្បត់ជាតិ គឺជាការទាញប្រជាធិបតេយ្យដើ់រដល់​ស្ថានភាពគ្រោះថ្នាក់។ លោកស្រី រ៉ូណាស្មិត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិដែលទើបបញ្ចប់ទស្សនកិច្ចស្វែងរកការពិតករណីសិទិ្ធមនុស្សនៅកម្ពុជាបានទាមទារឱ្យស្រោចស្រង់ប្រជាធិបតេយ្យឡើងវិញ។

ការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានាំឱ្យមានការចោទសួរពីការដឹកនាំប្រទេសតាមបែបផែនកុម្មុយនិស្តឡើងវិញ ។តែបក្សកាន់អំណាច នៅតែធានាថា កម្ពុជានៅតែជារដ្ឋប្រកាន់យកគោលការណ៍ប្រជាធិបតេយ្យដដែលទេ។ តែកម្ពុជាត្រូវការពង្រឹងនីតិរដ្ឋខ្លួនឯងជាមុនសិន។

នៅពេលសហគមន៍អន្តរជាតិអាមេរិក និងសហភាពអឺរ៉ុបដកជំនួយចេញពីគម្រោងជួយកម្ពុជា គេសង្កេតឃើញចិនកាន់តែប្ដេជ្ញាជួយកម្ពុជាយ៉ាងខ្លាំង ជាពិសេស ការបន្ថែមទំហំពាណិជ្ជកម្មទ្វេភាគីកាន់តែធំ។ ចិនស្រោបយកផលប្រយោជន៍ពីកម្ពុជាបានហើយ គឺចិនកាន់តែមានអាទិភាពជាងគេលើប្រទេសកម្ពុជាតាមរយៈជំនួយផង និងប្រាក់កម្ចីផង។

នៅពេលនេះ ចិនមានចំណងទាក់ទងមិនត្រឹមតែសេដ្ឋកិច្ចនោះទេ គឺវិស័យយោធាកាន់តែខ្លាំង។ ចិនបានធ្វើសមយុទ្ធយោធាជាមួយកម្ពុជាចំនួន ២លើកមកហើយ បន្ទាប់ពីកម្ពុជាសម្រេចព្យួរការធ្វើសមយុទ្ធនេះជាមួយអាមេរិក។

អំណាចអត្តាធិបតេយ្យនៅហ្វីពីន

ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីងហ្គូ ឌូទើតេ បានឆក់យកអំណាចពេញដៃភ្លាម តាមរយៈការធ្វើសង្រ្គាមគ្រឿងញៀនដែលត្រូវបានក្រុមសិទ្ធិមនុស្ស ហៅជាអំពើឃោរឃៅដោយសារតែសម្លាប់យ៉ាងរង្គាលក្រោមហេតុផលបោសសអំអាតគ្រឿងញៀន។ យុទ្ធនាការនេះហើយ ដែល ឌូទើតេ ច្បាមយកអំណាច ដោយយកបទបញ្ជារបស់ខ្លួនរំលោភច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសដែលនាំឱ្យសេរីភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ធ្លាក់ចុះជាខ្លាំង។

សហគមន៍អន្តរជាតិថ្កោលទោស យ៉ាងខ្លាំង ដោយទាមទារឱ្យ ឌូទើតេ គោរពសិទិ្ធមនុស្ស ឡើងវិញតែ ឌូទើតេ ធ្វើព្រងើយហើយផ្គើនថែម។ ដោយសារមើលឃើញពីហេតុផលល្អសម្រាប់ខ្លួន ក្រុងប៉េកាំង ក៏ឆក់ឱកាសភ្លាម ហៅឌូទើតេ ទៅលេងប្រទេសចិន។ ដោយសមនឹង ឌូទើតេ មិនមានជំហរ ប្រឆាំងចិន ករណី សមុទ្រចិនខាងត្បូង ទៀតនោះ  ក្រុងប៉េកាំងក៏ចាប់ផ្ដើមពង្រីងឥទ្ធិពលរបសខ្លួនតាមរយៈការផ្ដល់ជំនួយ និងប្រាក់កម្ចីរាប់រយលាន់ដុល្លារដើម្បីពង្រឹងសេដ្ឋកិច្ចរបស់ហ្វីលីពីន។

ផលប្រយោជន៍ចិនទាញពីហ្វីពីនបាន គឺមានច្រើនយ៉ាង ដូចជា ការថយភាពមានៈរបស់ក្រុងម៉ានីល ចង់អនុវត្តសាលដីការបស់តុលាការមជ្ឈិតកម្មអន្តរជាតិដែលផ្ដល់សិទ្ធិឱ្យក្រុងម៉ានីល មានសិទិ្ធកាន់កាប់តំបន់ជម្លោះនៅប្រជុំកោះស្ព្រាតលី។ ដោយសារជំនួយរបស់ចិន ក្រុងម៉ានីល មិនបានប្រជែងយកឈ្នះលើចិនទៀតឡើយ។

ជារួមទៅ រដ្ឋ​បក្សតែមួយដ៏ធំនៅអាស៊ីនេះ កំពុងតែបានផលប្រយោជន៍ដោយឥតព្រាងទុកមែនពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៌ ៣នេះ។ ក្រុងប៉េកាំងទាញបានផលប្រយោជន៍នេះ ផ្កួបផ្សំ ការបែកបាក់នយោបាយផ្ទៃក្នុងរបស់ប្រទេសទាំងនេះ មិនអាចផ្សះផ្សាបានដែលធ្វើឱ្យនយោ បាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ចិនមានឥទ្ធិពល និងសម្រេចបានគោលដៅសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងពិតប្រាកដដោយមិនខ្វល់ឡើយ វិនិយោគកាត់បន្ថយភាពក្រីក្រ ប៉ះពាល់សិទ្ធិមនុស្ស ៕ ដោយ លោក នួន បូរិន

 

 

 

Share

Image
Image
Image