en     km
en     km

វិភាគ៖​របបម៉ាឌូរ៉ូនៅណេហ្សូអេឡាទំនងនឹងត្រូវដួលរលំនៅខែឧសភាក្រោយពីអាមេរិកហ៊ុមព័ន្ធជំនួញប្រេង

Share

ប្រទេស វេណេហ្សូអេឡា ជាប្រភពប្រេងដ៏ធំបំផុតរបស់ពិភពលោក។ សេដ្ឋកិច្ចប្រទេសនេះ ទីមួយ ពឹងផ្អែកទៅលើផលិតផលប្រេងឆៅ និង ទីពីរ រ៉ែមាស។ ប៉ុន្ដែមានតែផលិតផលប្រេងមួយប៉ុណ្ណោះដែលធ្វើឱ្យសេដ្ឋកិច្ចប្រទេសនេះរស់បានមកដល់សព្វថ្ងៃ។ បច្ចុប្បន្នប្រទេសដែលទិញប្រេងធំជាងគេពីប្រទេសនេះ គឺសហរដ្ឋអាមេរិក ចិន និង ឥណ្ឌា។ ដោយឡែករុស្ស៊ីគឺជាប្រទេសដែលមានភាគហ៊ុន ខួងប្រេងដ៏ធំ។ យ៉ាងណាវេណេហ្សូអេឡាបានធ្លាក់ក្នុងបំណុលធ្ងន់ធ្ងរទៅហើយ។ ​ម្ចាស់បំណុលដ៏ធំបំផុតរបស់ប្រទេសនេះគឺចិន  និង រុស្ស៊ី។

បច្ចុប្បន្នសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងតែដាំក្បាលចុះយ៉ាងខ្លាំងដោយសារវិបត្តិនយោបាយ និង ការហ៊ុមព័ទ្ធសេដ្ឋកិច្ច។ ទណ្ឌកម្មជំហានដំបូង ធ្វើឡើងដោយសហរដ្ឋអាមេរិកបង្កកទ្រព្យសម្បត្តិក្រុមហ៊ុន និង មន្រ្តី ម៉ាឌូរ៉ូតែប៉ុណ្ណោះ។ នៅពេលនេះអាមេរិកប្រកាសថា ការហ៊ុមព័ទ្ធសេដ្ឋកិច្ចដំណាក់កាលចុងក្រោយគឺលើជំនួញប្រេង ដោយចាប់ផ្ដើមនៅចុងខែមេសាឆ្នាំ២០១៩នេះ។ មានការព្យាករណ៍ថា ក្រោយពីអាមេរិកដាក់ទណ្ឌកម្មនេះភ្លាមគឺរបបវេណេហ្សូអេឡា នឹងស្លន់ស្លោយ៉ាងខ្លាំងហើយអាចនឹងឈានដល់ការដួលរលំទៀតផង។

 

 កញ្ញា ឆោម ពៅនិកា ជូនសេចក្ដីប្រែសម្រួល 

 

កម្លាំងរួមគ្នារបស់សហគមន៍អន្ដរជាតិគាបសង្កត់របបម៉ាឌូរ៉ូ លើកលែងចិន រុស្ស៊ី ទួកគី អ៊ីរ៉ង់

ភ្លាមៗ ក្រោយពីមេបក្សប្រឆាំងវ័យក្មេងម្នាក់ប្រកាសខ្លួនឯងជាប្រមុខរដ្ឋស្ដីទី ក្នុងឋានៈជាប្រធានរដ្ឋសភានៃប្រទេសវេណេហ្សូអេឡា សហរដ្ឋអាមេរិកនិងប្រទេសចំនួន១០ក្នុងចំណោម១៤ប្រទេសនៃសម្ព័ន្ធភាពលីម៉ានៅអាមេរិកខាងត្បូង បានប្រកាសទទួលស្គាល់យុវជនវ័យក្មេងជួន ហ្គៃដូ ជាប្រធានាធិបតីបណ្ដោះអាសន្នរបស់ប្រទេសដែលកំពុងហែកហួរដោយវិបត្តិនយោបាយនិងសេដ្ឋកិច្ចដ៏ខ្លាំងនេះ។ ប្រទេសនៃក្រុមសហភាពអឺរ៉ុប២៨ប្រទេស រួមនឹងប្រទេសអង់គ្លេសផងដែរ គឺតាមរយៈសភាសហភាពអឺរ៉ុបបានសម្រេចទទួលស្គាល់លោកជួនហ្គៃដូក៏ជាប្រមុខរដ្ឋស្ដីទីផងដែរ។​

មិនតែប៉ុណ្ណោះ ក្រុមរដ្ឋមន្រ្ដីការបរទេសសហភាពអឺរ៉ុបបានសម្រេចបង្កើត ក្រុមទំនាក់ទំនងអន្ដរជាតិ ដើម្បីធ្វើទំនាក់ទំនងទៅកាន់ក្រុមគណបក្សប្រឆាំងនៅវេណេហ្សូអេឡាដែលដឹកនាំដោយលោកជួនហ្គៃដូ។ ក្រុមទំនាក់ទំនងអន្ដរជាតិនេះ គឺបើតាមប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី ហ្វឺឌីរីកា ម៉ូហ្គេរ៉ានី បានបញ្ជាក់ថា ពួកគេ នឹងរៀបចំ ទំនាក់ទំនងអន្ដរជាតិ គឺធ្វើឱ្យមាន ចំណាត់ការផ្លូវការទូត កើតឡើងដើម្បីប្រឆាំងនឹងលោកម៉ាឌូរ៉ូ ហើយក្នុងនោះរួមទាំងការបង្ខំឱ្យប្រធា នាធិបតីរូបនេះប្រកាសពេលវេលាជាក់ស្ដែងដើម្បីបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៩ ក្រោមយន្ដការឃ្លាំមើលរបស់សហគមន៍ អន្ដរជាតិ។ សេចក្ដីសម្រេចរបស់សហភាពអឺរ៉ុប បាននាំឱ្យក្រុមចលនាតស៊ូនៃគណបក្សប្រឆាំងកាន់តែមានកម្លាំងចិត្តខ្លាំងឡើងៗ ហើយស្របពេលនោះមេទ័ពមួយចំនួនរបស់លោកម៉ាឌូរ៉ូដូចជាអគ្គមេបញ្ជាការកងទ័ពជើងអាកាសបានសម្រេចចូលរួមជាមួយលោកជួនហ្គៃដូដើម្បីកាត់បន្ថយអំណាចរបស់លោកម៉ាឌូរ៉ូ។

នៅពេលដែល កងទ័ពមួយចំនួន បានប្រកាសផ្ដាច់ខ្លួនពីលោកម៉ាឌូរ៉ូ ហើយ អំពាវនាវសុំឱ្យសហរដ្ឋអាមេរិកចូលអន្តរាគមន៍ផ្នែកកងទ័ពជាបន្ទាន់ ឃើញថា ប្រទេសនៅតំបន់ផ្សេងៗទៀត ក៏ចាប់ផ្ដើមប្រឆាំងលោកម៉ាឌូរ៉ូផងដែរ មានដូចជាប្រទេសអូស្រ្ដាលី​និង ប្រទេសអ៊ីស្រាអែលជាដើម។

​កម្លាំងនយោបាយរបស់សហគមន៍អន្ដរជាតិនេះ ដឹកនាំដោយសហរដ្ឋអាមេរិកបាននាំឱ្យមានការព្យាករណ៍ថា គឺជាចលករដែលរុញច្រានលោកម៉ាឌូរ៉ូឱ្យទទួលស្គាល់ថាខ្លួនកំពុងតែឯកោលើឆាកអន្ដរជាតិ ហើយត្រូវតែឆ្លើយតបទៅសហគមន៍អន្ដរជាតិពីការបោះឆ្នោតឡើងវិញគឺការបោះឆ្នោតប្រធានាធិ​បតីមិនមែនការបោះឆ្នោតសមាជិកសភាដែលក្រុមគណបក្សប្រឆាំងមិនបានទាមទារនោះទេ។

លោកជួន ហ្គៃដូ ដែលបានបើកយុទ្ធនាការទម្លាក់លោកម៉ាឌូរ៉ូ ទាមទារឱ្យមានការបោះឆ្នោតប្រធានាធិបតីឡើងវិញ គឺមិនដូច អ្វីដែលលោកម៉ាឌូរ៉ូព្រមឱ្យមានបោះឆ្នោតសមាជិកសភានោះ។ កាលពីថ្ងៃសៅរ៍ ប្រជាជនវេណេហ្សូអេឡា​ បានផ្ទុះបាតុកម្ម នៅពាសពេញប្រទេស គឺគាបសង្កត់លោកម៉ាឌូរ៉ូឱ្យចាកចេញពីតំណែង ។ប៉ុន្តែគេក៏ឃើញ ប្រជាជនគាំទ្រលោកម៉ាឌូរ៉ូប្រមូលផ្ដុំគ្នា ការពារលោកម៉ាឌូរ៉ូផងដែរ ។បើតាមអ្នកសង្កេតការណ៍ ទំហំបាតុកម្មមានរូបភាពខុសគ្នា គឺខាងគណបក្សប្រឆាំងមានសកម្មភាពរស់រវើកហើយមានអ្នកចូលរួម ធំជាង បក្សកាន់អំណាច។ លោកជួនហ្គៃដូបានដឹកនាំបាតុករ រាប់ម៉ឺននាក់ ទៅថ្លែងអំណរគុណ សហភាពអឺរ៉ុប គឺនៅចំពោះមុខស្ថានទូតប្រទេសនោះតែម្ដង ចំណែកឯសហរដ្ឋអាមេរិក គឺលោក ដូណាល់ត្រាំប្រធានា ធិបតីរបស់ប្រទេសនេះ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយបណ្ដាញផ្សាយព័ត៌មាន CBS ថា ជម្រើសចុងក្រោយបើម៉ាឌូរ៉ូមិនចាកចេញពីតំណែងទេ គឺមានតែការធ្វើអន្តរាគមន៍ដោយកងទ័ព។ ដោយសាររឿងនេះ សហរដ្ឋអាមេរិក បានបញ្ជូនកងទ័ពប្រាំពាន់នាក់ទៅកាន់ព្រំដែន កូឡំប៊ី វេណេហ្សូអេឡា រួចហើយ។

យ៉ាងណាក៏ដោយ សហភាពអឺរ៉ុប បានដាក់ចេញផែនការ៩០ថ្ងៃប៉ុណ្ណោះដើម្បីធ្វើទំនាក់ទំនងការទូត បញ្ចប់របបលោកម៉ាឌូរ៉ូ។

តើចិននិង រុស្ស៊ីអាចជួយទប់របបម៉ាឌូរ៉ូបានដែរឬទេ?

                                                                        ប្រធានាធិបតីចិន និងលោក ម៉ាឌូរ៉ូ

 

ទាំងចិននិង រុស្ស៊ីគឺជាមហាមិត្តរបស់ប្រទេសវេណេហ្សូអេឡា ដែលក្រោមការគ្រប់គ្រងរបស់លោកម៉ាឌូរ៉ូបច្ចុប្បន្ននេះ ។ប្រទេសទាំងពីរនេះ គឺជាម្ចាស់បំណុលដ៏ធំរបស់លោកម៉ាឌូរ៉ូ។ កាលពីចុងឆ្នាំ២០១៧ លោកម៉ាឌូរ៉ូបានឡើងយន្ដហោះទៅខ្ចីលុយចិន ប្រមាណប្រាំពាន់លានដុល្លារ ហើយទីក្រុងប៉េកាំង បានសម្រេចឱ្យលោកខ្ចីដូចបំណង ប៉ុន្តែត្រូវទូទាត់មកវិញនូវ ការបញ្ចេញប្រេងឆៅ ៣សែន៤ម៉ីនធុងក្នុងមួយថ្ងៃ​ មកឱ្យចិន។ ចំណែកឯរុស្ស៊ីក៏ជាម្ចាស់បំណុលសាច់ប្រាក់រាប់ពាន់លានដុល្លារទៅលើរបបលោកម៉ាឌូរ៉ូ ។តែរុស្ស៊ីមានក្រុមហ៊ុនប្រេងដ៏ធំមួយនៅក្នុងប្រទេសនេះរួចទៅហើយ គឺមានភាគហ៊ុន ជាមួយនឹងក្រុមហ៊ុនប្រេងរបស់រដ្ឋវេណេហ្សូអេឡា ៤៩ភាគរយ។ ដោយឡែកឥណ្ឌា ក៏ជាអ្នកទិញប្រេងពីវេណេហ្សូអេឡាធំទី៣ផងដែរ គឺក្នុងមួយថ្ងៃ ឥណ្ឌាត្រូវការប្រេងឆៅ ពីរសែនប្រាំបីម៉ឺនធុង។​តែរយៈពេលចុងក្រោយនេះ ការផលិតប្រេងសម្រាប់ចិន​ និង ឥណ្ឌាមានការថយចុះរហូតដល់ទៅ៣០ភាគរយ គឺដោយសារតែប្រទេសនេះមានវិបត្តិសេដ្ឋកិច្ច ដោយសារការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីប្រទេសជិតខាង និង សហរដ្ឋអាមេរិក។ ទាំងចិន និង រុស្ស៊ី បានជំទាស់ដាច់ខាត ប្រឆាំងនឹងសហរដ្ឋអាមេរិកដែលមានផែនការដាក់វិធានការដើម្បីហ៊ុមព័ទ្ធទណ្ឌកម្មលើមុខជំនួញប្រេងប្រេឆាំងរបបម៉ាឌូរ៉ូ។

ចិន និង រុស្ស៊ី គឺជាកម្លាំងដ៏ធំលើកស្ទួយសេដ្ឋកិច្ចវេណេហ្សូអេឡា។ តែយ៉ាងណា ប្រទេសពីរនេះ មិនអាចរារាំងអាមេរិកចំពោះការដាក់ទណ្ឌកម្មនេះបានទេ។ នៅរយៈពេលចុងក្រោយនេះរុស្ស៊ីហាក់ដូចជា ចង់បោះបង់ចោលលោកម៉ាឌូរ៉ូដោយសារតែគេបានឃើញ រដ្ឋាភិបាលក្រុងម៉ូស្គូ បញ្ជូនយន្ដហោះ ទៅដឹងផលប្រយោជន៍របស់ខ្លួនពីប្រទេសវេណេហ្សូអេឡា។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យទី៣កុម្ភៈ បានអំពាវនាវឱ្យសហគមន៍អន្ដរជាតិ ជួយស្រោចស្រង់សេដ្ឋកិច្ចវេណេហ្សូអេឡាជាជាង បំផ្លាញសេដ្ឋកិច្ចប្រទេសនេះដែល នាំឱ្យគ្រោះ​ថ្នាក់ដល់ជីវភាពប្រជាជន។យ៉ាងណាក៏ដោយ អាមេរិកដែលជាប្រទេសទិញប្រេងពីវេណេហ្សូអេឡា ធំទីមួយ គឺមួយថ្ងៃ៤សែន៥ម៉ឺនធុង បានប្រកាសបិទជំនួញទាំងស្រុងចាប់ពីថ្ងៃ២៨មេសាហើយបានសម្រេចបង្កើនការទិញប្រេងពីប្រទេស អារ៉ាប់ពីសាអូឌីត និង ប្រទេស អ៊ីរ៉ាក់ជំនួសវិញ។

ឥទ្ធិពលនៃការដាក់ទណ្ឌកម្ម សេដ្ឋកិច្ច

                                                                                ​លោក ត្រាំ

 

សហរដ្ឋអាមេរិក គឺជាប្រទេសមានឥទ្ធិពលបំផុតនៅលើពីភពលោក ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសណាមួយដែលក្រុងវ៉ាស៊ីនតោនរកឃើញថា ជាប្រទេសរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនិងបំពានច្បាប់អន្តរជាតិ។ ប្រទេសដែលចុះចាញ់នឹងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកគឺកូរ៉េខាងជើង។ ប្រទេសរដ្ឋកុម្មុយនីស្ដនេះបានរំលោភទាំងសិទ្ធិមនុស្សផងនិងរំលោភច្បាប់អន្តរជាតិដែលហាមសាយភាយអាវុធនុយក្លេអ៊ែរឬអាវុធប្រល័យលោក។ ក្រុងព្យុងយ៉ាងបានយល់ព្រមរំលាយអាវុធនុយក្លេអ៊ែរនៅក្រោមលក្ខខណ្ឌស្នើឱ្យអាមេរិកនិងសហគមន៍អន្ដរជាតិលុបចោលការហ៊ុមព័ទ្ធសេដ្ឋកិច្ច។ មកដល់ពេលនេះក្រុងព្យុងយ៉ាងនិងក្រុងវ៉ាស៊ីនតោន បានចុះកិច្ចព្រមព្រៀងជាមួយគ្នាធ្វើឱ្យមានការកាត់បន្ថយសព្វាវុធនិង ភាពតានតឹងផ្នែកយោធានៅលើឧបទ្វីបកូរ៉េ។ មិនមានតែកូរ៉េខាងជើងទេដែលទទួលស្គាល់ថាខ្លួនជួបការលំបាកដោយសារការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ។

វេណេហ្សូអេឡានៅរយៈពេលចុងក្រោយនេះ គឺសេដ្ឋកិច្ចប្រទេសនេះដើរដល់ចំណុចគ្រោះថ្នាក់ហើយ បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើអ្នកជំនួញអាមេរិកនិងវេណេហ្សូអេឡាដែលពាក់ព័ន្ទទៅនឹងមុខជំនួញផ្សេងៗនៃប្រទេសទាំងពីរ។ ប្រទេសជាច្រើនទៀតដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកក៏ចូលរួមដាក់ទណ្ឌកម្មលើវេណេហ្សូអេឡាផងដែរគឺដូចការអនុវត្តទៅលើកូរ៉េខាងជើង។ ការដាក់ទណ្ឌកម្មដោយបិទការនាំចូលប្រេងទាំងស្រុងពីវេណេហ្សូអេឡាដែលអាមេរិកបញ្ជាទិញ មួយថ្ងៃ៤សែនប្រាំម៉ឺនធុង នាំឱ្យសេដ្ឋកិច្ចប្រទេសនេះធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់យ៉ាងពិតប្រាកដ។

 អ្នកជំនាញសេដ្ឋកិច្ច ជាច្រើន បានព្រមានថា បានអាមេរិកចាត់វិធានការណ៍ដូចនេះ គឺដូចខ្លួនប្រកាសមែនគឺរបបលោកម៉ាឌូរ៉ូមិនអាចទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួនបានឡើយ។ គេដឹងថា បើអាមេរិកដាក់ទណ្ឌកម្ម គឺប្រទេសផ្សេងទៀតដែលបញ្ជាទិញប្រេងពីវេណេហ្សូអេឡាក៏លំបាកផងដែរ។ មានន័យថាប្រទេសទាំងនោះ ពិបាកធ្វើសហប្រតិបត្តិការមកយកប្រេងពីវេណេហ្សូអេឡា ដោយសារតែក្រុងវ៉ាស៊ីនតោនបញ្ចេញនាវាចម្បាំងបិទច្រកសមុទ្រមួយចំនួនទៅកាន់រោងចក្រផលិតប្រេងវេណេហ្សូអេឡា។ បើអាមេរិក មានវិធានការក្ដៅ ដូចនេះ គឺយ៉ាងហោចណាស់អាមេរិក ប្រកាសទៅក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិថាត្រូវចូលរួមជាមួយអាមេរិកដើម្បីទម្លាក់របបម៉ាឌូរ៉ូតាមរយៈការហ៊ុមព័ទ្ធសេដ្ឋកិច្ចដូចនេះ។

រយៈពេលចុងក្រោយនេះសូម្បីតែអាមេរិកមិនទាន់អនុវត្តវិធានការដូចនេះក៏បរិមាណផលិតប្រេងឆៅប្រទេសនេះធ្លាក់ចុះ៣០ភាគរយ។

ផលលំបាកនាំឱ្យរបបម៉ាឌូរ៉ូអាចត្រូវរលំ

                                                                                                        លោក ម៉ាឌូរ៉ូ

 

ខណៈនេះអតិផរណានៅវេណេហ្សូអេឡាបានធ្លាក់ធ្ងន់ធ្ងរបំផុតគឺមួយលានបួនសែនភាគរយ។ នេះបើយោងតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុIMF។ ស្ថាប័នជំនាញហិរញ្ញវត្ថុអន្តរជាតិនេះបានព្យាករណ៍ថា អតិផរណារបស់ប្រទេសនេះអាចនឹងហក់ឡើងរហូតដល់១០លានភាគរយនៅឆ្នាំ២០១៩នេះហើយបើដូច្នេះមែន ពលរដ្ឋសឹងតែលែងធ្វើដំណើរទៅកាន់ទីផ្សារហើយប៉ះពាលយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរបស់ខ្លួនគេទៀតផង។ ហានិភ័យសេដ្ឋកិច្ចដូចនេះគឺចាប់តាំងពីប្រទេសនេះធ្លាក់ក្នុងវិបត្តិនយោបាយនៅចុងឆ្នាំ២០១៦។ IMF បានព្រមានទៀតថាបើសហរដ្ឋអាមេរិកបិទការនាំចូលប្រេងឆៅ គឺសេដ្ឋកិច្ចប្រទេសនេះអាចនឹងរលំតែម្ដង។ ការដែលសេដ្ឋកិច្ចធ្លាក់ក្នុងសកម្មភាពបែបនេះ ចំពែលដែលននយោបាយវឹកវរកាន់តែធ្ងន់ធ្ងរ គឺរបបម៉ាឌូរ៉ូគ្រោះថ្នាក់បំផុត។ កម្មាភិបាលនៃបក្សសង្គមនិយមក៏មិនអាចសាមគ្គីគ្នារឹងមាំទៀតដែរ សូម្បីតែពួកឧត្តមសេនីយ៍មួយចំនួននៅពេលនេះក៏បានបោះបង់លោកម៉ាឌូរ៉ូចោលហើយទៅកៀកស្មាតស៊ូជាមួយនឹងក្រុមគណបក្សប្រឆាំងដែលជាសញ្ញាមួយដ៏អាក្រក់ដែលថាលោកម៉ាឌូរ៉ូចាប់ផ្ដើមបាត់បង់ឧត្តមសេនីយ៍របស់ខ្លួន។

ការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមរិក ក៏ទទួលបានការគាំទ្រពីសហភាពអឺរ៉ុបដែរ។ សហភាពអឺរ៉ុបប្រកាសថាខ្លួនក៏ចូលរួមដាក់ទណ្ឌកម្មហើយធ្វើយ៉ាងណាឱ្យរបបម៉ាឌូរ៉ូចាប់ផ្ដើមធ្លាក់ការគ្រប់គ្រងហើយទំនាក់ទំនងការទូតលើឆាកអន្ដរជាតិក៏ប្រឈមនឹងគ្រោះថ្នាក់ដែរ។ ចាប់ពីថ្ងៃទី២៨មេសាគឺការបិទការនាំចូលប្រេងពីវេណេហ្សូអេឡាចូលសហរដ្ឋអាមេរិកគឹបិទទាំងស្រុង។ មានការព្យការណ៍ថាអំឡុងខែឧសភា ឬ ខែមិថុនាសេដ្ឋកចិច្ចនៅវេណេហ្សូអេឡាអាចនឹងរលំរលាយហើយពេលនោះ ភាពចលាចលនឹងកាន់តែផ្ទុះឡើងនាំឱ្យពលរដ្ឋមានភក្ដីភាពនឹងម៉ាឌូរ៉ូក៏បោះបង់ចៅហ្វាយខ្លួនចោលដែរគឺ ចង់មិនចង់ លោកម៉ាឌូរ៉ូអស់ឱកាសក្រាញអំណាចទៀតហើយ។ ទីប្រឹក្សាកំពូលរបស់សេតវិមានគឺលោកចន ប៊ូលតុងព្រមានថានឹងលើកទ័ពចាប់ខ្លួនលោកម៉ាឌូរ៉ូទៅឃុំខ្លួននៅគុកតាណាម៉ូនៃឆកសមុទ្រប្រទេសគុបា ដែលជាគុកដើម្បីដាក់ពួកភេរវជននិងមេដឹកនាំណាដែលប្រឆាំងនឹងសហរដ្ឋអាមេរិក៕

អត្ថបទ ដោយ នួន បូរិន​

Share

Image
Image
Image