en     km
en     km

វិភាគ៖តើការបោះឆ្នោតនៅថៃឆ្នាំក្រោយនេះអាចផ្ដើមឱ្យមានការប្រែសប្រួលភូមិសាស្ត្រនយោបាយដល់ប្រទេសជិតខាងមួយដែរឬទេ?

Share

ថៃ៖ក្នុងតំបន់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ មាន១០ប្រទេស ជាសមាជិកក្នុងនោះ ប្រទេសចំនួន២គឺវៀតណាម និងឡាវប្រកាន់របបសង្គមនិយម។ ក្រៅពីប្រទេសពីរនេះ សុទ្ធតែប្រកាន់ភ្ជាប់របបប្រជាធិបតេយ្យសេរីពហុបក្ស។ រាជាណាចក្រថៃ មានព្រំដែនជាប់នឹងកម្ពុជា ធ្លាប់ជារដ្ឋសេរីនិយមជឿនលឿនដែលមាននិន្នាការនយោបាយទៅរកលោកសេរីដឹងនាំដោយអាមេរិក។

លោក នួន បូរិន្ទ ជូនបទវិភាគនេះ!

តែចុងក្រោយនេះពួកយោធាជាអ្នកកាន់កាប់រាជរដ្ឋាភិបាល។ ក្រុមប្រឹក្សាយោធានៃរាជាណាចក្រនេះ បានសន្យាជាថ្មីទៀតថា នឹងធ្វើការបោះឆ្នោតនៅថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០១៩។ តើការបោះឆ្នោតនៅថៃឆ្នាំក្រោយនេះ អាចផ្ដើមឱ្យមានការប្រែសប្រួលភូមិសាស្ត្រនយោបាយដល់ប្រទេសជិតខាងមួយដែរឬទេ?

រាជាណាចក្រថៃត្រូវបានពណ៌នាថា ជាប្រទេសមួយនៅអាស៊ីអាគ្នេយ៍ ប្រកាន់គោលការណ៍ប្រជាធិបតេយ្យ ល្អប្រសើរកាលពីច្រើនទសវត្សមកហើយ។ រាណាណាចក្រនេះ  បានទប់ទល់និងយកឈ្នះបានលើការជ្រៀតជ្រែករបស់ ពួកកុម្មុយនិស្ត អំឡុងពិភពលោក ស្ថិតក្នុងជំលោះរវាងប្លុកសេរីនិងកុម្មនិស្ត។ ប្រទេសនេះ ជាសមាជិកដំបូងគេ បង្អស់នៃ ការបង្កើត សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានចំនួន៥ប្រទេសដំបូងគឺនៅឆ្នាំ១៩៦៧ ។ ការបង្កើតអង្គការតំបន់នេះ គឺជាផ្នែកមួយដើម្បីទប់ទល់ឥទ្ធិពលរបស់ ពួកកុម្មុយនិស្តដែរ។  ថៃជារដ្ឋមួយ សេរីជឿនលឿន ជាងគេ បើធៀបនឹងប្រទេស៤ទៀត គឺឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និងសិង្ហបុរី។ តែប្រទេសនេះ បានឆ្លងកាត់ការធ្វើរដ្ឋប្រហារញឹកញប់ជាងគេបំផុត គឺមានព្រឹត្តិការណ៍រដ្ឋប្រហារផ្ទុះឡើង ២០ដងមកហើយ។

រដ្ឋប្រហារម្ដងៗ សុទ្ធតែមានការបង្ហូរឈាមមនុស្ស។ គោលដៅនៃការធ្វើរដ្ឋប្រហាររបស់ពួកយោធាត្រូវបានគេចោទថា ស្ដេចនៅពីក្រោយ ព្រោះយោធារបស់រាជាណាចក្រនេះគឺជាកូនអុករបស់ស្ដេចជាអ្នកស្មោះត្រង់នឹងស្ដេចបំផុត និងជាអ្នកការពាររាជបល្ល័ងយ៉ាងសកម្មមកទល់សព្វថ្ងៃនេះ។

ការធ្វើរដ្ឋប្រហារផ្ដួលរំលំនាយករដ្ឋមន្ត្រីជាប់ឆ្នោតត្រូវបានមើលឃើញថា ធ្វើឡើងដើម្បីស្រោចស្រង់ស្ថានការណ៍កុំអោយធ្លាក់ចូលទៅក្នុងការគ្រប់គ្រងមួយរបស់ពួកបះបោរដែលមាននិន្នាការប្រឆាំងនឹងរាជបល្ល័ង ពោលគឺ ជាក្រុមមាននិន្នាការទៅរកកុម្មុយនីស្ដ។រាល់រដ្ឋប្រហារទាំងអស់សុទ្ធតែរងការថ្កោលទោសពីសហគមន៍អន្ដរជាតិ ប៉ុន្ដែសហគមន៍អន្ដរជាតិទាំងនោះ ជាពិសេសសហរដ្ឋអាមេរិកនៅតែបន្ដមានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលកើតចេញពីរដ្ឋប្រហារនោះ។

តើមូលហេតុអ្វីបានជាអាមេរិកមិនផ្ដាច់ទំនាក់ទំនងជាមួយពួកយោធា?

នៅពេលដែលពិភពលោកស្ថិតនៅក្រោមសង្រ្គាមត្រជាក់គឺរាជាណាចក្រថៃនេះហើយ ដែលត្រូវបានព័ណ៌នាថា ជារដ្ឋមួយទប់ទល់យ៉ាងខ្លាំង និងបានជ័យជំនៈទៀតផងទៅលើការជ្រៀតជ្រែក និងលុកលុយរបស់ពួកកុម្មុយនីស្ដ។

នៅពេលដែលប្រទេសជិតខាងរួមមាន កម្ពុជា ឡាវ វៀតណាម ធ្លាក់ក្នុងរបបកុម្មុយនីស្ដ គឺសម្រាប់ថៃបានក្លាយជារបបសេរីជឿនលឿនយ៉ាងខ្លាំង។

ប្រទេសនេះ ជ្រើសរើសនាយករដ្ឋមន្រ្ដី និងតំណាងរាស្រ្ដរបស់ខ្លួនធ្វើឡើងដោយការបោះឆ្នោតប្រកបដោយភាពទុកចិត្ត និងត្រឹមត្រូវជាខ្លាំង។

ការធ្វើរដ្ឋប្រហារកន្លងមក គឺ ១៩លើកមកហើយនោះ គឺជាការបោសសំអាតផ្ទៃក្នុងប្រទេស ដើម្បីកុំអោយការដឹកនាំទៅរកបែបផែនកុម្មុយនីស្ដ។ ប៉ុន្ដែ មានការចោទសួរជាច្រើន ហេតុអ្វីបានជាលោក ថាក់ ស៊ីន និងលោកស្រី យីង ឡាក់ រួមទាំងគណបក្សថៃរ៉ាក់ថៃ គណបក្សភឿថៃ រងគ្រោះដោយសារការធ្វើរដ្ឋប្រហារទៅវិញ ព្រោះមេដឹកនាំទាំងពីររូបនេះ សុទ្ធតែជាមនុស្សប្រកាន់របបប្រជាធិបតេយ្យហើយនោះ។

តើមូលហេតុអ្វីនៅពីក្រោយ?

លោក ថាក់ ស៊ីន ជាប្រធានគណបក្សថៃរ៉ាក់ថៃ និងជានាយករដ្ឋមន្រ្ដីជាប់ឆ្នោត។ លោកបានកាន់អំណាចមិនដល់ ៨ឆ្នាំ នោះទេ ក៏ត្រូវបានពួកយោធាធ្វើរដ្ឋប្រហារទំលាក់នៅឆ្នាំ២០០៦ គឺរដ្ឋប្រហារនៅពេលនោះ មិនបង្ហូរឈាមទេ។

ការទម្លាក់លោក ថាក់ ស៊ីន ពីអំណាចគឺចំពេលដែលមហាសេដ្ឋីរូបនេះ កំពុងប្រជុំនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ។

អ្វីដែលនាំអោយទម្លាក់មេដឹកនាំថៃរូបនេះ មានកត្តាច្រើនយ៉ាង គឺការចេញពីអំពើពុករលួយ គ្រួសារនិយម បក្សពួកនិយម មិនសូវមានភាពស្មោះត្រង់នឹងរាជបល័្លង ហើយម្យ៉ាងទៀតត្រូវបានគេចោទថា មាននិន្នាការក្រហម ។

ក្រោយពីទម្លាក់ លោក ថាក់ ស៊ីនពីអំណាចពួកយោធាថៃប្រញប់ប្រញល់បោះឆ្នោតឡើងវិញ គឺនៅឆ្នាំ២០១១ ។ ការបោះឆ្នោតនៅឆ្នាំនោះ ជ័យជំនៈបានទៅលើគណបក្សភឿថៃ របស់ប្អូនលោក ថាក់ ស៊ីន គឺ លោកស្រី យីង ឡាក់។

មិនដល់ប៉ុន្មានឆ្នាំផង ពួកយោធាថៃ និងគណបក្សប្រឆាំងបានរួមគ្នាទម្លាក់នាយករដ្ឋមន្រ្ដីនៃគណបក្សភឿថៃដល់ទៅពីររូប មុននឹងទម្លាក់លោកស្រី យីង ឡាក់ ដោយរដ្ឋប្រហារមិនបង្ហូរឈាមនៅឆ្នាំ ២០១៤។

មូលហេតុទម្លាក់លោកស្រី យីង ឡាក់ ក៏មិនខុសពីលោក ថាក់ ស៊ីន ផងដែរ គឺដើមចមកើតចេញពីអំពើពុករលួយជាធំ និងក្រោមហេតុផល គឺអសមត្ថភាពនៃការដឹកនាំរបស់ស្រីយីងឡាក់ និងគណបក្សភឿថៃ។

លោកស្រីយីងឡាក់គឺជានាយករដ្ឋមន្ត្រីស្រ្ដីម្នាក់គត់នៃរាជាណាចក្រថៃ ដែលត្រូវបានពួកយោធា និងអ្នកនយោបាយនៃក្រុមប្រឆាំង មានភាពស្មោះត្រង់នឹងរាជបល្ល័ងចោទលោកស្រី ដឹកនាំរាជរដ្ឋាភិបាលក្រោមឥទ្ធិពលរបស់លោកថាក់ស៊ីនបងប្រុសរបស់លោកស្រី។ រដ្ឋប្រហារទំលាក់លោកស្រីយីងឡាក់ ក៏ត្រូវបានសហគមន៍អន្តរជាតិ ថ្កោលទោសដែរ។ ប៉ុន្តែ ប្រទេស ទាំងនោះរួមមានអាមេរិក អង់គ្លេស និងប្រទេសសមាជិកសហភាពអឺរ៉ុប រួមទាំងប្រទេសជប៉ុន នៅរក្សាទំនាក់ទំនងការទូតជាជាមួយ រដ្ឋាភិបាល ដឹកនាំដោយពួកយោធា។

តើមានហេតុផលអ្វីបានជាលោកសេរីបន្តទំនាក់ទំនងជាមួយយោធាថៃ?

កាណា គេ គិតទៅរកគុណសម្បត្តិប្រទេសថៃក្នុងការទប់ទល់ការជ្រៀតចូលរបស់ពួកកុម្មុយនិស្ត នៅឥណ្ឌូចិន គឺពួកលោកសេរីពិតជា ត្រូវដឹងគុណពួកយោធាថៃព្រោះរដ្ឋប្រហារ ភាគច្រើននៅថៃ គឺទប់ស្កាត់ ការដឹកនាំរបស់រដ្ឋាភិបាលដែលមានទំនោទៅរកនិន្នាការកុំម្មុយនិស្តនិងមេដឹកនាំកាន់អំណាចរបស់រាជាណាចក្រនេះ ទៅរករបបផ្ដាច់ការ។ ពួកលោកសេរីដឹកនាំដោយអាមេរិក អង់គ្លេស បារាំង មិនគាំទ្រ ដាក់ខាត មេដឹកនាំ បែបផ្ដាច់ការនិយម។ ការធ្វើរដ្ឋប្រហារចុងក្រោយកាលពីខែ ឧសភាឆ្នាំ២០១៤ ទំលាក់ គណបក្សភឿថៃនិង នាយករដ្ឋមន្ត្រីយីងឡាក់ក៏ត្រូវបាន អ្នកសង្កេតការណ៍ថៃ ចោទថា ក្រុមនេះ មាននិន្នាការទៅរកពួកក្រហម ដែលមិន សូវលើកដំកើងរាជបល្ល័ង្គ។ម្យ៉ាងទៀតត្រូវបានរកឃើញថា គណបក្សភឿថៃចង់បន្ថយភាពជិតស្និទ្ធស្នាលជាមួយជាមួយសហរដ្ឋអាមេរិក ហើយទៅរកប្រទេសចិន ច្រើនជាង។

ការបោះឆ្នោត នៅថ្ងៃ២៤កុម្ភៈ ឆ្នាំ២០១៩

នាយរដ្ឋមន្ត្រីថៃ ឧត្តមសេនីយ៍ប្រាយុទ្ធច័ន្ទអូចា បានសន្យាយ៉ាងរឺងមាំថា ការបោះឆ្នោតពិតជាលែងពន្យាពេលទៀតហើយ គឺនៅថ្ងៃទី២៤ កុម្ភៈឆ្នាំ ២០១៩។ ការបោះឆ្នោតលើកនេះទំនងជាចុងក្រោយហើយនៃជោគវាសនារបស់គណបក្សភឿថៃ ថាតើមានឱកាសកាន់អំណាចជាថ្មីម្ដងទៀតឬទេ ។

ការបោះឆ្នោតលើកនេះ មានគណបក្សចូលរួមច្រើនជាងមុខទៀត តែគណបក្ស ប្រឆាំងរបស់លោកអាប់ភីស៊ីតវាចាជីវ៉ាដែលមាន​និន្នាការ ទៅរកអាមេរិក ទំនងនៅតែមានប្រជាប្រិយ ដដែល។

បក្សនេះឈ្នះ គឺជាការប្រែប្រួលនយោបាយ ភូមិសាស្ត្រនៅអាស៊ីអាគ្នេយ៍ ហើយ យ៉ាងហោចណាស់ ប្រទេសជិតខាងក៏រងឥទ្ធិពលពីការបោះឆ្នោតនៅ ថៃនេះដែរហើយ ម្យ៉ាងទៀត នាយករដ្ឋមន្ត្រីលើកនេះ កើតចេញពីការបោះឆ្នោតពីសមាជិកសភា និងព្រឹទ្ធសភា ដែលពួកយោធា នៅពីក្រោយ ។នេះបើយោងតាមរដ្ឋធម្មនុញ្ញរបស់រាជាណាចក្រថៃ ដែលក្រុមប្រឹក្សាយោធារៀបរៀងឡើង៕​

 អត្ថបទ៖លោក នួន បូរិន្ទ

Share

Image
Image
Image