en     km
en     km

តំណាងរាស្រ្តគណបក្សប្រឆំាងស្នើឲ្យនាយករដ្ឋមន្រ្តីពិនិត្យព្រំដែនច្រកភ្នំដិន កម្ពុជា-វៀតណាម

Share

 

លោក អ៊ុំ សំអាន តំណាងរាស្រ្តបក្សប្រឆំាង (កណ្តាល)​។​ រូបភាពពីទំព័ររបស់លោក អ៊ុំ សំអាន
លោក អ៊ុំ សំអាន តំណាងរាស្រ្តបក្សប្រឆំាង (កណ្តាល)​។​ រូបភាពពីទំព័រហ្វេសប៊ុករបស់លោក អ៊ុំ សំអាន

តំណាងរាស្រ្តគណបក្សប្រឆំាងលោក អ៊ុំ សំអាន បានសសេរលិខិតមួយច្បាប់កាលពី ថ្ងៃទី២ ខែ មិថុនា ឆ្នាំ២០១៥ ស្នើសុំឲ្យ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពិនិត្យ​មើល​​ព្រំដែន ច្រកភ្នំដិន ស្ថិតនៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ។ លោកបានបញ្ជាក់ថា វៀតណាមបានរំកិលព្រំដែនចូលទឹកដីកម្ពុជាប្រមាណ១២៧០ម៉ែត្រដោយគិតពីព្រំដែនចាស់ត្រង់ព្រែកវិញតែហៅថាព្រែកក្របៅ រហូតមក ត្រង់ព្រំដែនសព្វថ្ងៃនៅត្រឹមប្រឡាយ៧៩ ដែលប្រឡាយនេះភាគីវៀតណាមបានជីក កាលឆ្នាំ១៩៧៩។

ការដាក់លិខិតស្នើសុំរបស់តំណាងរាស្រ្តគណៈបក្សសង្គ្រោះជាតិមណ្ឌលសៀមរាបរូបនេះធ្វើឡើងតាមរយៈប្រធានរដ្ឋសភា។ ការស្នើសុំនេះធ្វើឡើងក៏ស្រប តាមរបាយការណ៍របស់នាយ​ឧត្តម​សេនីយ៍ កែ គឹមយ៉ាន “ វៀតណាមបានជីកព្រែកតាមបន្ទាត់​ព្រំដែនពីកើតទៅលិច ហើយជីកចូលទឹកដីខ្មែរប្រមាណ ១២៧០ម៉ែត្រ ដោយគិតពីព្រែកវិញតេ ”​ ដែលចុះកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៩៩ ដែលកាលនោះ លោកជា​អគ្គមេ​បញ្ជាការ​នៃកងយោធពលខេម​រ​ភូមិន្ទ។

គួរបញ្ជាក់ផងដែរថា លោក អ៊ុំ សំអាន បានចុះទៅពិនិត្យជាក់ស្តែងដោយផ្ទាល់នៅច្រកភ្នំដិននោះកាលពីថ្ងៃទី១០ ខែ​ឧសភា​រួចមកហើយ។ បន្ទាប់ពីការ​ចុះទៅមើលច្រកព្រំដែននេះតំណាងរាស្រ្តគណៈបក្សសង្គ្រោះជាតិបាននិយាយថា « វៀតណាម ពិតជាបានរំកិលព្រំដែនចូលមកដីកម្ពុជាប្រមាណ ១២៧០ ម៉ែត្រ ពិតប្រាកដមែន និងស្របតាម​របាយការណ៍​របស់លោក កែ គឹមយានមែន ដូច្នេះខ្ញុំក៏ស្នើឲ្យលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន​ធ្វើ​ការពិនិត្យឡើងវិញ ត្រង់ព្រំដែនច្រកភ្នំដិននេះ »។

ជុំវិញបញ្ហានេះដែរ លោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា បានឲ្យដឹងនៅរសៀលថ្ងៃពុធនេះ​ថាលោកមិនទាន់ ទទួលបានលិខិតរបស់ លោក អ៊ុំ សំអាន នៅឡើយទេ ហើយក៏សុំមិន​ធ្វើអត្ថា​ធិប្បាយ​ជុំវិញបញ្ហានេះផងដែរ៕

 

 

 

Share

Image
Image
Image