en     km
en     km

លោក សម រង្ស៊ី អំពាវនាវឱ្យអ្នកវិនិយោគ ដកខ្លួនពីកម្ពុជា បញ្ចៀសក្ដីវិនាស

Share

ភ្នំពេញ៖ លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសបុកដោយអំពាវនាវឱ្យវិនិយោគិន ដែលកំពុងវិនិយោគនៅកម្ពុជា ត្រូវឆាប់ដកខ្លួនចេញពីប្រទេសនេះ ប្រសិនបើមិនចង់ជួបក្ដីវិនាស ។ ការបញ្ជាក់បែបនេះ ក្រោយពេលសហភាពអឺរ៉ុបដំណើរការនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់ពីកម្ពុជាជាបណ្ដោះអាសន្ន ។ អុ្នកនាំពាក្យរាជរដ្ឋាភិបាលចាត់ទុក​ការ​ព្រមានរបស់​លោកសមរង្ស៊ីថាគ្មានន័យឡើយ។

លោក សោម លាភ រាយការណ៍៖

 

លោក សម​ រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួន ដោយបានប្រៀបធៀបការដឹកនាំកម្ពុជារបស់សម្ដេច ហ៊ុន សែន ប្រដូចទៅនឹងកប៉ាល់មួយដែលធ្លុះធ្លាយជួសជុលមិនបាន ដែលនឹងលេចទឹកកណ្ដាលសមុទ្រនៅឆ្នាំ ២០១៩ នេះ ។

លោកថា ទណ្ឌកម្មអន្តរជាតិមកដល់ហើយក្នុងឆ្នាំ ២០១៩ នេះ ប្រសិនបើនាយករដ្ឋមន្ត្រីកម្ពុជាមិនកែខ្លួន ។

លោកធ្លាប់បានគូសបញ្ជាក់ថា សម្ដេចហ៊ុន សែន មានបំណងកាន់អំណាចជារៀងរហូត ដើម្បីប្រើអំណាចបញ្ចៀសពីការទទួលទោសពីបទឧក្រិដ្ឋរបស់ខ្លួន ហើយសម្ដេចមិនកែខ្លួននោះទេ ។

បែបណាក្ដី លោក សម​រង្ស៊ី បញ្ជាក់ទៀតថា អ្នកនៅលើកប៉ាល់ បើមិនចង់ស្លាប់ ឬវិនាស ត្រូវចុះចេញពីកប៉ាល់នោះ មិនត្រូវចាំឱ្យលិចនោះទេ ។

លោកបញ្ជាក់ថា ការលោតចេញឱ្យបានមុននេះ គឺជាសេចក្ដីសម្រេចដ៏ត្រឹមត្រូវរបស់អ្នកវិនិយោគបរទេស និងអ្នករកស៊ីខិលខូចជាច្រើន ដែលកំពុងមានវត្តមាននៅកម្ពុជា ។

លោកបន្ថែមថា អ្នកបញ្ជាទិញពីក្រៅប្រទេស ក៏ផ្អាក ឬលុបចោលការបញ្ជាទិញចាប់តាំងពីពេលនេះតទៅ ព្រោះចៀសវាងមិនឱ្យមានឈ្មោះនៅក្រោមការដឹកនាំពីនាយករដ្ឋមន្ត្រីកម្ពុជា ដែលលោកថា អាចនឹងទទួលទណ្ឌកម្មពីអន្តរជាតិ ។

ថ្មីៗនេះ លោកសម រង្ស៊ី ក៏បានគម្រាមអ្នកវិនិយោគ ក៏ដូចជាជនជាតិចិន ដែលមានវត្តមាននៅកម្ពុជា ឱ្យចេញពីកម្ពុជា និងចេះគោរពពលរដ្ឋខ្មែរ ។ លោកថា ប្រសិនបើមិនដូចនេះទេ ជនជាតិចិនទាំងនោះ អាចនឹងប្រឈមមុខនឹងការក្រោកឈរប្រឆាំងពីសំណាក់ប្រជាជនកម្ពុជា នៅថ្ងៃណាមួយជាក់ជាមិនខាន ។

ទាក់ទិននឹង ការព្រមានរបស់លោកសមរង្ស៊ី  អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកផៃស៊ីផាន បាននិយាយនៅក្នុងបទសម្ភាសជាមួយវិទ្យុស្រ្តីថា គឺជាការបង្អើលមួយរបស់​អ្នក​នយោ​បាយ ​មានទោសហើយនោះ។លោកថា កុំខ្វល់នឹងការព្រមានបែបនេះ ព្រោះគ្មាន ន័យអ្វីឡើយ។

យ៉ាងណា លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់ ដោយបង្ហាញក្ដីសង្ឃឹម នឹងជឿជាក់ទៅលើបទពិសោធន៍របស់រាជរដ្ឋាភិបាលកម្ពុជាថា បើទោះបីក្នុងស្ថានភាពណាក៏ដោយក៏កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តជំរុញកំណើនសេដ្ឋកិច្ច ធានានូវឧត្តមភាពប្រកួតប្រជែង និងភាពទាក់ទាញវិនិយោគ ធានានូវឱកាសការងារដល់ប្រជាជនកម្ពុជាទាំងមូល ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃនេះ ។

សហភាពអឺរ៉ុប កំពុងដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់ក្រៅពីអាវុធ ចេញពីកម្ពុជា ព្រោះស្ថានភាពប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជាកាន់តែអាក្រក់ទៅ នេះបើតាមមន្ត្រីរបស់សហភាពអឺរ៉ុប ។

ការដកប្រព័ន្ធអនុគ្រោះពន្ធនេះ នឹងធ្វើឱ្យកម្ពុជាខាតបង់ការចំណាយរហូតដល់ទៅ ៧០០ លានដុល្លារក្នុងមួយឆ្នាំ ។ អ្នកជំនាញសេដ្ឋកិច្ច គិតថា បើវិធានការនេះ ចូលជាធរមាន គឺ ពលរដ្ឋខ្មែរ ជាពិសេស កម្មការិនី ច្រើនម៉ឺននាក់អាចរងផលលំបាក ហើយអ្នក​ទទួលបាន​ផល​ប្រយោជន៍ជាប្រយោល ពីវិស័យវាយនភណ្ឌជិត២លាននាក់ក៏នឹងរងការប៉ះពាល់ដែរ  ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image