en     km
en     km

លោក សម រង្ស៊ីថា បើរាជរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស នោះនឹងអនុញ្ញាតឱ្យលោកចូលកម្ពុជាវិញ

Share

ភ្នំពេញ៖ លោក សម រង្ស៊ី ថាបើរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នមានការគោរពសិទ្ធិមនុស្ស គោរពសិទ្ធិបញ្ចេញមតិ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ​ នោះរាជរដ្ឋាភិបាលនេះនឹងអនុញ្ញាតឱ្យលោកវិលចូលកម្ពុជាវិញ ដែលជាប្រទេសកំណើតជាក់ជាមិនខាន ។

លោក សម រង្ស៊ី ជាអ្នកនយោបាយនិរទេសខ្លួននៅក្រៅប្រទេស ក្រោយពីលោកជាប់បណ្ដឹងយ៉ាងច្រើនពីតុលាការ តាមការប្ដឹងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ហើយក៏មានសេចក្ដីសម្រេចផ្តន្ទាទោសជាច្រើនដែរពីតុលាការកម្ពុជា  ។

លោកត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សត្រូវបានតុលាការកំពូលរំលាយ ជ្រើសតាំងឱ្យធ្វើជាប្រធានស្ដីទីក្នុងអំឡុងពេលដែលលោក កឹម សុខា មិនទាន់មានសេរីភាពក្រោមបទចោទថាក្បត់ជាតិ ។

អ្នកនយោបាយជើងចាស់ មិនដែលស្គាល់ពាក្យថាជាប់គុកម្ដងណាឡើយរូបនេះ ជាអ្នកនយោបាយដែលមានទំនាស់ពាក្យសម្ដីច្រើនជាមួយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។ រាល់ការចោទប្រកាន់មកលើលោក ដែលបណ្ដាលឱ្យលោកនិរទេសខ្លួនទៅក្រៅប្រទេសកំណើតបែបនេះ ភាគច្រើនគឺក្រោមការចោទប្រកាន់លើបទបរិហាកេរ្តិ៍ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ។

ប្រធានស្ដីទីរូបនេះ តែងតែអះអាងម្ដងហើយម្ដងទៀតថា លោកនឹងវិលចូលប្រទេសកម្ពុជាវិញនៅថ្ងៃណាមួយជាក់ជាមិនខាន់ក្នុងឆ្នាំ ២០១៩ នេះ ។ ទន្ទឹមនឹងការប្រកាសថានឹងវិលចូលកម្ពុជានេះផងដែរ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាស និងដាក់បញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធត្រៀមចាំចាប់ខ្លួន ឬកម្ទេចក្រុមលោក សម រង្ស៊ី ឱ្យខានតែបាន ។

សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាថា គ្រប់ច្រកល្ហកទាំងអស់ មិនថាតាមព្រំដែនអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិនោះទេ គឺត្រៀមរួចរាល់ហើយសម្រាប់ទប់ស្កាត់ការវិលចូលមកវិញរបស់លោក សម រង្ស៊ី ។ ជាងនេះ សម្ដេចបន្ថែមថា កម្ពុជាក៏អាចបង្វៀងជើងហោះហើរឱ្យឈប់កន្លែងផ្សេងដែលនៅក្នុងទឹកដីកម្ពុជាផងដែរ ដែលនេះអាចជាការពិបាកសម្រាប់អ្នកដែលទៅទទួលលោក សម រង្ស៊ីនៅអាកាសយានដ្ឋានណាមួយ ។

ទាំងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន និងឧបនាយករដ្ឋមន្ត្រីទី១ គឺសម្ដេច ស ខេង ធ្លាប់ប្រកាសថា មិនដែលហាមឃាត់លោក សម រង្ស៊ី មិនឱ្យវិលចូលកម្ពុជានោះទេ ពោលគឺលោក សម រង្ស៊ី មានសេរីភាពក្នុងការធ្វើមាតុភូមិនិវត្តន៍មកកម្ពុជា គ្រាន់តែអាជ្ញាធរមានសមត្តកិច្ចរបស់កម្ពុជានឹងចាត់វិធានការតាមផ្លូវច្បាប់ ។

លោកសម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ បានថ្លែងក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០១៩ ដោយលោកហាក់ចង់សម្ដៅថា រាជរដ្ឋាភិបាលកម្ពុជាឃាត់ឃាំងមិនឱ្យលោកចូលមកប្រទេសកំណើតរបស់ខ្លួនវិញនោះទេ ។

ពោលគឺលោកមានប្រសាសន៍ថា បើរាជរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស នោះនឹងមានការបើឱ្យខ្លួនលោកផ្ទាល់ចូលមកកម្ពុជា ព្រមទាំងដោះលែងលោក កឹម សុខា និងបញ្ឈប់សកម្មភាពភាពគម្រាមកំហែងសកម្មជនសកម្មនារីអតីតគណបក្សសង្គ្រោះជាតិជាដើម ។

 

លោកថា ទាំងអស់នោះគ្រាន់តែជាការសម្ដែងមតិតែប៉ុណ្ណោះ ហើយរាជរដ្ឋាភិបាលកម្ពុជាត្រូវតែគោរពការសម្ដែងមតិរបស់ប្រជាជនកម្ពុជាទាំងអស់ ។

យ៉ាងណា មណ្ឌលព័ត៌មានស្ត្រីកម្ពុជានៅមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកាំពាក្យគណបក្សប្រជាជនកម្ពុជាលោកសុខ ឥសាន្តបាននៅឡើយនោះទេ គិតត្រឹមរសៀលថ្ងៃទី ៦ ខែមិថុនានេះដោយហៅទូរស័ព្ទចូលហើយមិនមានអ្នកទទួល ។

តែយ៉ាងណា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងមន្ត្រីក្រសួងយុត្តិធម៌តែងតែអះអាងថា ការការចោទប្រកាន់ ឬការសម្រេចសេចក្ដីណាមួយគឺធ្វើឡើងទៅតាមទិដ្ឋភាពនៃច្បាប់ ។

លោក សុខ ឥសាន្ត ក៏ធ្លាប់មានប្រសាសន៍ដែលថា កម្ពុជាមានសេរីភាពក្នុងការបញ្ចេញមតិពេញលេញ និងសេរីភាពផ្សេងៗទៀតដែលច្បាប់បានកំណត់ ៕

អត្តបទដោយ សោម លាភ

 

 

Share

Image
Image
Image