en     km
en     km

លោក ចច អេដហ្គា បង្ហាញអំពីការរីកចម្រើននិងបញ្ហាប្រឈមរបស់កម្ពុជាក្នុងបេសកកម្មរយៈពេល ៤ឆ្នាំ

Share

ភ្នំពេញ៖ ប៉ុន្មានសប្តាហ៍ខាងមុខនេះ លោក ចច អេដហ្គា(George Edgar) ឯក​អគ្គ​រដ្ឋទូត​សហភាព​អឺ​រ៉ុប​ប្រចាំ​នៅ​កម្ពុជា នឹងបញ្ចប់អាណត្តិការងាររបស់លោកក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ។ ក្នុងដំណើរបេសកកម្មរបស់លោក  ក្នុងប្រទេសកម្ពុជា  លោកបានធ្វើការកត់សម្គាល់ឃើញពីភាពវិជ្ជមាន ឬការវិវត្តន៍ រីកចម្រើនរបស់កម្ពុជាលើវិស័យអាទីភាពមួយចំនួនដែលរដ្ឋាភិបាលសម្រេចបាន។ ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ក៏មើលឃើញផងដែរនូវបញ្ហាប្រឈមមួយចំនួនជាកត្តារាំងស្ទះដល់ដំណើរអភិវឌ្ឍន៍ដែលត្រូវមានដំណោះស្រាយ។

ដើម្បីជ្រាបលម្អិតពីចំណុចវិជ្ជមាន និងបញ្ហាប្រឈមរបស់កម្ពុជា ដែលលោក ចច អេដហ្គា បានមើលឃើញក្នុងបេសកកម្មអាណត្តិការងាររបស់លោករយៈពេល ៤ឆ្នាំ មានអត្ថន័យយ៉ាងណានោះ សូមនាង កញ្ញា លោក លោកស្រី អញ្ជើញតាមដានស្តាប់សេចក្តីពិស្តារលម្អិតរបស់លោក កែវ សុខា​ ដូចតទៅ!

 

លោក ចច អេដហ្គា(George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា​ នឹងបញ្ចប់អាណត្តិការងាររបស់លោកនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ បន្ទាប់ពីលោកបានបំពេញបេសកកម្មការងាររយៈពេល​៤ ឆ្នាំក្នុងកិច្ចសហប្រតិបត្តិការការងារជាមួយរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ក្នុងន័យជួយជំរុញឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍ។​ នេះជាការថ្លែងរបស់លោកនៅមណ្ឌលព័ត៌មានស្រ្តីកម្ពុជាក្នុងកម្មវិធីសហភាពអឺរ៉ុបក្នុងកិច្ចអភិវឌ្ឍ ក្រោមប្រធានបទ បេសកកម្មនៅកម្ពុជា នៅថ្ងៃទី០៨ ឧសភា នេះ។

       លោក ចច អេដហ្គា(កណ្តាល) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ចូលរួមកម្មវិធីនៅមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ដោយលោកបង្ហាញពីបទពិសោធន៍ក្នុងការងារនៅកម្ពុជារយៈពេល៤ឆ្នាំ។រូបភាព ធូរ វិរ់ WMC

 

រយៈពេល ៤ ឆ្នាំជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក ចច អេដហ្គា បានមើលឃើញពីវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជាជាច្រើនគួរឱ្យកត់សម្គាល់។ ភាពរីកចម្រើនទាំងនោះលោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបសង្កេតឃើញមានដូចជា វិស័យអប់រំ។​ វិស័យអប់រំដែលលោក ចច អេដហ្គា កត់សម្គាល់ គឺកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលតាមរយៈក្រសួងអប់រំជាសេនាធិការ បានពង្រឹងនូវគុណភាពអប់រំកាន់តែល្អប្រសើរ។ មន្រ្តីក្រសួង និងគ្រូបង្រៀនមានទំនួញខុសត្រូវ និងមានសមត្ថភាពចំណេះដឹងកាន់តែល្អ។ រីឯអត្រាសិស្សចុះឈ្មោះចូលរៀនវិញក៏មានកំណើនកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។

ងាកមកវិស័យកសិកម្មវិញលោក ចច ​អេដហ្គា លើកឡើងថា មានភាពរីកលូតលាស់ប្រសើរឡើង ដោយប្រជាពលរដ្ឋអាចមានចំណេះដឹងក្នុងការដាំដំណាំ និងចិញ្ចឹមសត្វ ទទួលបានទិន្នផលកើនឡើងបីដង ដែលនាំឱ្យកសិករអាចរកចំណូលផ្គត់ផ្គង់គ្រួសារ និងផ្តត់ផ្គង់តាមតម្រូវការរបស់ទីផ្សារបាន។

ចំពោះវិស័យសុខាភិបាលនារយៈពេលចុងក្រោយនេះ លោកថាមានភាពល្អប្រសើរច្រើន តួយ៉ាង អត្រាមរណភាពមាតា និងទារក ពេលសម្រាលបានថយចុះ។ មួយវិញទៀតអត្រានៃអ្នកឆ្លង និងអ្នកបាត់បង់ជីវិតដោយសារជំងឺអេដស៍ក៏ធ្លាក់ចុះផងដែរ។ រីឯវិស័យទឹកស្អាត ឃើញថារដ្ឋាភិបាលបានខិតខំកសាងពង្រីកនូវប្រព័ន្ធទឹកស្អាតទៅដល់ទីជនបទកាន់តែច្រើនឡើង។

រដ្ឋាភិបាលបានខិតខំស្តារសេដ្ឋកិច្ចឡើងវិញ ​ដោយបានកាត់បន្ថយអត្រានៃអ្នករស់នៅក្រោមបន្ទាត់ភាពក្រីក្រ ដោយបច្ចប្បន្នមានត្រឹម ១០%ប៉ុណ្ណោះនៃចំនួនប្រជាជនសរុប។

ដោយឡែកការរីកចម្រើនផ្នែកសង្គមវិញ លោក ចច អេដហ្គា និយាយថា សង្គមស៊ីវិលបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានការចូលរួមរបស់ស្រ្តី និងយុវជន ក្នុងកិច្ចការងារសង្គម និងនយោបាយជាដើម។ លោកសង្កេតឃើញថា ស្រ្តីជាច្រើនបាន ជន្នះនូវរបាំងប្រពៃណីដែលថា បុរសធ្វើអ្វីបានស្រ្តីក៏អាចធ្វើបានដែរ។ ជាក់ស្តែងស្រ្តីមួយចំនួនបានក្លាយខ្លួនជាសហគ្រិន ជាម្ចាស់ក្រុមហ៊ុន ម្ចាស់ហាង និងមានមុខរបបផ្ទាល់ច្លួន ហើយក្នុងវិស័យនយោបាយស្រ្តីក៏មានតួនាទីច្រើនគួរឱ្យកត់សម្គាល់។ នេះសរបញ្ជាក់ឱ្យឃើញថា ការចូលរួមរបស់ស្រ្តីមានភាពវិវត្តច្រើន ស្រ្តីអាចពឹងពាក់ខ្លួនឯងបានតាមរយៈប្រភពចំណូលដែលខ្លួនរកបាន។ មួយវិញទៀត ការចូលរួមរបស់យុវជនក្នុងវិស័យនយោបាយវិញក៏មានការរីកចម្រើនផងដែរ ដោយយុវជនមានភាពក្លាហានចូលរួមក្នុងសកម្មភាពនយោបាយ បរិស្ថាន និងសង្គមជាដើម។

បុគ្គលិកនៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ជូនបាចផ្កាជូនលោក ចច អេដហ្គា(George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា នាឱកាសរបស់លោកចូលរួមក្នុងកម្មវិធីសហភាពអឺរ៉ុបក្នុងកិច្ចអភិវឌ្ឍន៍របស់វិទ្យុស្រ្តី។

 

ទន្ទឹមនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស កម្ពុជានៅមិនទាន់បានត្រៀមខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយទប់ទល់នឹងផលវិបាកដែលនឹងកើតមានឡើងស្របជាមួយកំណើនសេដ្ឋកិច្ចនេះ។ ល្បឿននៃកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនៃប្រទេសកម្ពុជា បានបង្កនូវផលប៉ះពាល់ផ្នែកបរិស្ថាន និងធនធានធម្មជាតិ ដែលរាជរដ្ឋាភិបាល សង្គមស៊ីវិលត្រូវយកចិត្តទុកដាក់។

បើទោះបីជាវិស័យមួយចំនួនមានភាពរីកចម្រើនក្តី​ តែបញ្ហាប្រឈមក៏បានកើតមាន តួយ៉ាង អត្រានៃការបោះបង់ចោលការសិក្សារបស់សិស្សនៅតែកើតមានឡើង។ បញ្ហាសាលានៅទីជនបទមានតិចតួច ការចំណាកស្រុករបស់កុមារតាមឳពុកម្តាយ បញ្ហាជីវិតគ្រួសារក្រីក្រ ការសម្រេចចិត្តចាប់យកការងារទាំងវ័យក្មេង ទាំងនេះជាបញ្ហាដែលនាំឱ្យមានសិស្សបោះបង់ចោលការសិក្សា។

ក្តីកង្វល់ពីការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាដោយសហភាពអឺរ៉ុបក៏ត្រូវលោក ចច អេដហ្គា លើកមកបកស្រាយឆ្លើយនឹងសំនួររបស់ប្រិយមិត្តវិទ្យុស្រ្តីផងដែរ។ យ៉ាងណាលោក​ ចច អេដហ្គា រំពឹងយ៉ាងមុតមាំថា EBA នឹងមិនត្រូវបានដកច្រើនពីប្រទេសកម្ពុជាឡើយ ក្នុងគ្រាដែលរដ្ឋាភិបាលកម្ពុជាគម្បីពិចារណាឡើងវិញនូវលក្ខខណ្ឌមួយចំនួនដែលសហភាពអឺរ៉ុបបានដាក់ ឱ្យកម្ពុជាគោរពតាម។ លោកថា ប្រទេសដែលបានទទួល EBA គឺត្រូវមានកាតព្វកិច្ចគោរពនូវគោលការណ៍មួយចំនួនដែលបានព្រមព្រៀង ជាមួយអង្គការសហប្រជាជាតិ និងអង្គការ ILO លើបញ្ហាសិទ្ធិមនុស្ស សិទ្ធិការងារ លំហរប្រជាធិបតេយ្យ ជាដើម។

សម្រាប់ការចូលរួមរបស់សហភាពអឺរ៉ុបក្នុងកិច្ចអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច និងនយោបាយក្នុងប្រទេសកម្ពុជានាពេលកន្លងមក លោកឯកអគ្គរដ្ឋទូតមានប្រសាសន៍ថា សហភាពអឺរ៉ុប និងដៃគូអភិវឌ្ឍន៍នានា បានរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពរីកចម្រើន ជាក់ស្តែងប្រជាជនបានងើបចេញពីភាពក្រីក្រដែលកាលពីឆ្នាំ២០០០ មានរហូតជាង៥០% ហើយបច្ចុប្បន្ននៅត្រឹម តែ ១០%ប៉ុណ្ណោះ។ ងាកមកវិស័យនយោបាយវិញ សហភាពអឺរ៉ុបបានសហការជាមួយ គណកម្មាការជាតិរៀបចំការបោះឆ្នោតដោយជួយក្នុងកិច្ចដំណើរការរៀបចំប្រព័ន្ធបញ្ជីថ្មី នៃអ្នកបោះឆ្នោតក្រុមប្រឹក្សាឃុំ​សង្កាត់កាលពីឆ្នាំ ២០១៧។ ការចូលរួមនេះគឺដើម្បីកាត់បន្ថយនូវភាពមិនប្រក្រតីមួយចំនួនដែលអាចឈានទៅជាអំពើហិង្សាដូចកាលបោះឆ្នាំ២០១៣។

នៅចុងបញ្ចប់នៃកិច្ចពិភាក្សាក្នុងកម្មវិធីសហភាពអឺរ៉ុបក្នុងកិច្ចអភិវឌ្ឍ​ លោក ចច អេដហ្គា សង្ឃឹមថា ប្រជាជនកម្ពុជា ពិសេសយុវជន នឹងមានសមត្ថភាព ចំណេះជំនាញ គ្រប់គ្រាន់ដើម្បីអាចប្រកួតប្រជែងជាមួយយុវជនក្នុងតំបន់បាន។ លោកសូមឱ្យប្រជាជន និងយុវជន គួរងាកមកចាប់អារម្មណ៍រឿងរ៉ាវដែលកំពុងកើតមាននៅក្នុងសង្គម ក្នុងសហគមន៍របស់ខ្លួន នឹងបញ្ចេញជាសកម្មភាពដើម្បីមានភាពវិជ្ជមានកាន់តែល្អប្រសើរ។លោក ចច អេដហ្គា រំពឹងថា សហភាពអឺរ៉ុប និងកម្ពុជា នឹងមានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ហើយរាល់ឧបសគ្គឬភាពមិនស៊ីចង្វាក់គ្នានឹងអាចដោះស្រាយបាន។ លោកសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជាទៅថ្ងៃអនាគតនឹងអាចមានលទ្ធភាពផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អប្រសើរដោយខ្លួនឯង។

 

Share

Image
Image
Image