en     km
en     km

លោក​ អ៊ុំ​ សំ​អាន​ អំពាវនាវ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​សម្ដេច​ ហ៊ុន​ សែន​ នៅ​ឆ្នាំ​២០១៨​🔊

Share

ភ្នំពេញ៖ ​លោក​ អ៊ុំ​ សំ​អាន​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជាប់ចោទ​ករណី​រឿង​ព្រំដែន​និង​ឯកសារ​ផែនទី​ ជាមួយ​ប្រទេស​វៀតណាម​ បាន​ចោទ​សម្ដេច​ ហ៊ុន​ សែន​ ថា​ ជា​មេដឹកនាំ​ផ្ដាច់​ការ​ ធ្វើ​រដ្ឋប្រហារ​ រដ្ឋធម្មនុញ្ញ​ និង​បាន​ទទូច​សុំ​ឱ្យ​ប្រជាជន​ខ្មែរ​ បោះ​ឆ្នោត​ប្ដូរ​សម្ដេច​ នៅ​ឆ្នាំ​២០១៨​។​ តែ​បែប​នេះ​ក្ដី​ អ្នកនាំពាក្យ​រដ្ឋាភិបាល​ ចាត់​ទុក​លោក​ អ៊ុំ​ សំ​អាន​ ជា​មនុស្ស​ និយាយ​គ្មាន​សីលធម៌​ ក្នុង​អារម្មណ៍​។​ កញ្ញា​ ជុំ​ ជោគ​ជាតា​ រាយការណ៍​៖

លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ដែលជាប់ចោទករណីរឿងព្រំដែននិងឯកសារផែនទី។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ដែលជាប់ចោទករណីរឿងព្រំដែននិងឯកសារផែនទី។

ការ​ថ្លែង​របស់​ លោក​ អ៊ុំ​ សំ​អាន​ បាន​ធ្វើ​ឡើង​នៅ​ពេល​សមត្ថកិច្ច​ នាំ​ខ្លួន​លោក​ចូល​សវនាការ​ ថ្ងៃនេះ​ នៅ​តុលាការ​កំពូល​ ករណី​លោក​សុំ​នៅ​ក្រៅ​ឃុំ​។​ លោក​ ចាត់​ទុក​ការ​ចាប់ខ្លួន​ លោក​ជា​អំពើ​រំលោភច្បាប់​ កំពូល​របស់​ប្រទេស​គឺជា​ការ​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​។​

​លោក​ អ៊ុំ​ សំ​អាន​ ៖«​លោក​ ហ៊ុន​ សែន​ និង​គណបក្ស​ប្រជាជន​បាន​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​ ឃុំខ្លួន​តំណាងរាស្ដ្រ​ ដែល​កំពុង​មាន​អភ័យឯកសិទ្ធិ​ យើង​ដឹង​ហើយ​ លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ កំពុង​កាន់​អំណាច​ផ្ដាច់​ការ​ ឃុំខ្លួន​តំណាងរាស្ដ្រ​ដែល​មាន​អភ័យឯកសិទ្ធិ​»​។​

​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ ដែល​សកម្ម​រឿង​ព្រំដែន​រូប​នេះ​ សង្ឃឹមថា​ ពលរដ្ឋ​ខ្មែរ​ងើបឡើង​ ផ្លាស់​ប្ដូរ​ មេដឹកនាំ​ប្រទេស​ ដែល​លោក​ ថា​ ផ្ដាច់​ការ​ និង​ មិន​បំរើ​ផលប្រយោជន៍​ខ្មែរ​ តាម​រយៈ​ការ​បោះ​ឆ្នោត​ នៅ​ពេល​ខាង​មុខ​។​

​លោក​ អ៊ុំ​ សំ​អាន​ ៖«​ការ​ឃុំខ្លួន​តំណាងរាស្ដ្រ​ដែល​មាន​អភ័យឯកសិទ្ធិ​ គឺជា​ ការ​រំលោភ​ទៅ​លើ​រដ្ឋធម្មនុញ្ញ​ គឺជា​ទ​ង្វើ​ខុស​ ច្បាប់​ គឺជា​ រំលោភ​ទៅ​លើ​អភ័យឯកសិទ្ធិ​ ដែល​មាននៅ​ក្នុង​មាត្រា​៨០​ នៃ​រដ្ឋធម្មនុញ្ញ​ ដូច្នេះ​ សូម​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើការ​ផ្លាស់​ប្ដូរ​នៅ​ឆ្នាំ​២០១៨​ ដើម្បី​រក្សា​បូរណភាព​ដែនដី​អោយ​បាន​គង់វង្ស​ ទាំងអស់​គ្នា​»​។​

​ទោះជា​យ៉ាងណា​  លោក​ សួ​ស​ យ៉ា​រា​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ឆ្លើយ​តប​ថា​ ការ​លើក​ឡើង​របស់​លោក​ អ៊ុំ​ សំ​អាន​ គ្រាន់តែ​ជា​ការ​លើក​ឡើង​តែ​ផ្ដេសផ្ដាស់​ មិន​អាច​យក​ជា​ការ​បាន​។​

​លោក​ សួ​ស​ យ៉ា​រា​ ថា​ ៖«​អាហ្នឹង​គាត់​និយាយ​តែ​ខ្លួន​គាត់​ ធម្មតា​មនុស្ស​ជាប់​ទោស​ មនុស្ស​ទណ្ឌិត​ គាត់​មាន​កំហឹង​ គាត់​ចេះ​តែ​ ជេរ​ស្រេច​ចិត្ត​គាត់​ទៅ​ គាត់​មានការ​ទទួលខុសត្រូវ​ឯណា​ គាត់​អត់​មាន​ទេ​ គាត់​ និយាយ​តែ​ផ្ដេសផ្ដាស់​ទៅ​»​។​

​ទាក់​ទិ​ង​នឹង​រឿង​នេះ​ដែរ​ លោក​ ហែម​ សុ​ជាតិ​ មេធាវី​ការពារ​ក្ដី​អោយ​លោក​ អ៊ុំ​ សំ​អាន​ បាន​ប្រាប់​ក្រោយ​បញ្ចប់​សវន​ការ​ថា​ មេធាវី​ទាំងអស់​សុទ្ធតែ​បាន​លើកយក​ នូវ​សំអាង​ផ្លូវច្បាប់​ដូចៗ​គ្នា​ទាំងអស់​ ប្រាប់​ទៅ​តុលាការ​ ដើម្បី​ការពារ​កូនក្ដី​លោក​អោយ​បាន​នៅ​ក្រៅ​ឃុំ​។​

​លោក​ ហែម​ សុ​ជាតិ​ ក៏​បាន​ពន្យល់​ប្រាប់​ទៀត​ថា​ រឿង​របស់​លោក​ អ៊ុំ​ សំ​អាន​ គួរតែ​បាន​នៅ​ក្រៅ​ឃុំ​ ព្រោះថា​ សំអាង​ទី​មួយ​ រឿង​ លោក​ អ៊ុំ​ សំ​អាន​ មិនមែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ និង​មិនមែនជាបទល្មើស​ជាក់ស្ដែង​ សំអាង​ទី​ពីរ​ លោក​ អ៊ុំ​  សំ​អាន​ ជា​សមាជិក​សភា​ដែល​មាន​អភ័យ​ឯក​សិទ្ធ​ នៅឡើយ​។​

​លោក​ បាន​ពន្យល់​ដូច្នេះ​ថា​ ៖«​ទី​មួយ​ តាម​ក្រមព្រហ្មទណ្ឌ​ គេ​មិន​បាន​ចែង​ថា​ ការ​ប្រើប្រាស់​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​ជា​បទល្មើស​ទេ​ ទី​ពីរ​ ពាក់ព័ន្ធ​នឹង​បញ្ហា​ចោទប្រកាន់​ថា​ជា​បទល្មើស​ជាក់ស្ដែង​។​  បទល្មើស​ជាក់ស្ដែង​តាម​អត្ថន័យ​មាត្រា​៨៦​ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ គឺ​ បាន​ន័យ​ថា​ កើត​ភ្លាម​ចាប់​ភ្លាម​ ប៉ុន្ដែ​បទល្មើស​របស់​គាត់​(​លោក​ អ៊ុំ​ សំ​អាន​)​ អត់​មាន​ភាព​ជាក់ស្ដែង​ទេ​…»​។​

​លោក​ ហែម​ សុ​ជាតិ​ សង្ឃឹមថា​ តុលាការ​កំពូល​ និង​ពិចារណា​ធ្វើការ​ដោះ​លែង​លោក​ អ៊ុំ​ សំ​អាន​ អោយ​បាន​នៅ​ក្រៅ​ឃុំ​។​
​លោក​ ហែម​ សុ​ជាតិ​៖​ «​ខ្ញុំ​សង្ឃឹម​ ថា​ ក្រុមប្រឹក្សា​ជុំនុំជម្រះ​ តុលាការ​កំពូល​និង​ពិចារណា​ ព្រោះ​ក្នុង​ពេល​នេះ​ តុលាការ​កំពូល​ គាត់​មិន​បាន​ប្រកាស​សាលដីការ​ភ្លាម​ទេ​ គឺ​ គាត់​ពន្យា​ពេល​រហូត​ទៅ​ដល់​ថ្ងៃ​ទី​ ១៧(សីហា)​  ចឹ​ង​បាន​ន័យ​ថា​ គាត់​និង​ពិចារណា​អំពី​ការ​ស្នើ​សុំ​អោយ​មានការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ នេះ​»​។​

​លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ ថ្ងៃ​ទី​១០​មេ​សា​នៅ​កណ្ដាល​យប់​ពេល​លោក​ចុះ​ពីលើ​ យន្តហោះ​ មក​ពី​សហរដ្ឋអាមេរិក​។​ លោក​ត្រូវ​បាន​ចោទ​ ករណី​ក្លែង​ឯកសារ​ផែនទី​ និង​ញុះញុង​ បង្កចលាចល​ សង្គម​ ដោយសារ​លោក​បង្ហោះ​ផែនទី​ ហើយ​ចោទ​រដ្ឋាភិបាល​ ប្រើ​ផែនទី​ បោះបង្គោល​ព្រំដែន​ជាមួយ​ វៀតណាម​ថា​ជា​ផែនទី​ក្លែងក្លាយ​។​

​អ្នក​សង្កេតការណ៍​មួយ​ចំនួន​ និង​សហគមន​អន្តរជាតិ​ចាត់​ទុក​ ករណី​លោក​ អ៊ុំ​ សំ​អាន​ និង​សមាជិក​ព្រឹទ្ធសភា​ ហុង​ សុខ​ ហូរ​ មានរឿង​ក្ដី​ករណី​ព្រំដែន​ ជា​មូ​យ​វៀតណាម​ ថា​ ជា​រឿង​នយោបាយ​ ។​ ពួក​គេ​ បាន​ហៅ​អ្នក​ទាំង​២​ថា​ ជា​អ្នកទោស​ នយោបាយ​៕

Share

Image
Image
Image