en     km
en     km

លោក​ អ៊ុំ​ សំ​អាន​ អតីត​តំណាងរាស្ត្រ​ គណបក្សប្រឆាំង​ត្រូវ​បាន​ដោះ​លែង​

Share

​ភ្នំពេញ​៖​ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​ព្រះមហាក្សត្រ​ ចេញ​រាជក្រឹត្យ​ប្រទាន​កា​លើកលែងទោស​ តាម​សំណើរ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​ទី​ ២៥​ សីហា​នេះ​។​ លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ក្រោម​បទ​ចោទ​ញុះញង់​ ពាក់ព័ន្ធ​ការ​អត្ថាធិប្បាយ​ផែនទី​ សន្ធិសញ្ញា​កម្ពុជា​-​វៀតណាម​ កាលពី​ពីរ​ឆ្នាំ​មុន​។​

​ព្រះករុណា​ ព្រះបាទ​ សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ត្រាស់​បង្គាប់​ លើកលែងទោស​ ឱ្យ​មាន​សេរីភាព​ លោក​ អ៊ុំ​ សំ​អាន​ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ឆ្នាំ​មុន​។​

​លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​ ២​ឆ្នាំ​ ៦​ ខែ​ និង​ពិន័យ​ជា​ប្រាក់​ ៤​ លាន​រៀល​ ក្រោម​បទ​ចោទ​ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​ និង​ «​ញុះញង់​ឱ្យ​មានការ​រើសអើង​»​ តាម​មាត្រា​៤៩៥​ និង​ ៤៩៦​ នៃ​ក្រមព្រហ្មទណ្ឌ​។​

​លោក​ កើត​នៅ​ឆ្នាំ​១៩៧៣​ នៅ​រាជធានី​ភ្នំពេញ​ ក្នុង​គ្រួសារ​មួយ​ដែល​មាន​ឪពុក​ជា​ប៉េ​អឹ​ម​ កាលពី​សម័យ​ល​ន់នល់​ លោក​ អ៊ុំ​ សំ​អាន​ បាន​ធំធាត់​នៅ​ឃុំ​ដើម​ពោធិ​ ឃុំ​ចំប៉ី​ ស្រុក​អង្គរ​ជ័យ​ ខេត្តកំពត​។​ ពេល​នៅ​កុមារភាព​ ជា​ក្មេង​ឃ្វាលក្របី​ម្នាក់​ កំពុង​សិក្សា​ថ្នាក់បឋមសិក្សា​ លោក​ អ៊ុំ​ សំ​អាន​ មាន​សេចក្តី​ប្រាថ្នា​ ចង់​ក្លាយជា​តំណាងរាស្ត្រ​មួយ​រូប​ នៅ​ពេល​អនាគត​។​ លោក​ អ៊ុំ​ សំ​អាន​ ជា​សិស្ស​ពូកែ​មួយ​រូប​ ដែល​តែងតែ​ទទួល​ចំណាត់ថ្នាក់​លេខ​១​ តាំងនៅ​ថ្នាក់បឋមសិក្សា​ ថ្នាក់​អនុ​វិទ្យាល័យ​ និង​វិទ្យាល័យ​។​ ក្រោយ​ពី​បាន​បញ្ចប់​ថ្នាក់បាក់ឌុប​ ឆ្នាំ​១៩៩៣​ លោក​បាន​ចាក​ចេញពី​ខេត្តកំពត​ មក​រាជធានី​ភ្នំពេញ​ ដើម្បី​បន្ត​បរិញ្ញាប័ត្រ​ផ្នែក​ សង្គមវិជ្ជា​ (​ជំនាន់​ទី​២​ ឆ្នាំ​សិក្សា​ ១៩៩៥-១៩៩៩)​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​២​ ជា​និស្សិត​ទទួល​បាន​អាហារ​រូបករណ៍​ របស់​អ៊ី​តា​លី​ ឲ្យ​សិក្សា​នៅ​សាកលវិទ្យាល័យ​។​ លោក​ អ៊ុំ​ សំ​អាន​ នៅ​តែ​ជា​និស្សិត​ពូកែ​ ហើយ​លោក​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ ចេះ​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​។​ ប៉ុន្តែ​លោក​ក៏​ល្បីឈ្មោះ​ ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ វៀតណាម​ ពេល​ដែល​ថ្នាក់ដឹកនាំ​ វៀតណាម​ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។​ លោក​និយាយ​ថា​ សាកលវិទ្យាល័យ​ មិន​ពេញចិត្ត​នឹង​ការ​ចេញ​មុខ​តវ៉ា​របស់​លោក​ តែ​មិន​អាច​ហាមឃាត់​លោក​បាន​ទេ​ ពីព្រោះ​លោក​ជា​និស្សិត​ពូកែ​ នៅ​ក្នុង​សាលា​។​

​លោក​ អ៊ុំ​ សំ​អាន​ បាន​ចាប់ផ្តើម​តវ៉ា​លើ​ បញ្ហា​ព្រំដែន​ ឆ្នាំ​២០០១​ នៅ​ពេល​ដែល​លោក​ ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​ ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ ក្រោយ​ពី​បាន​ធ្វើ​ជា​ អគ្គលេខាធិការ​ និង​ អនុប្រធាន​ ជា​ច្រើន​ឆ្នាំ​។​ លោក​ បាន​សរសេរ​លិខិត​ និង​របាយការណ៍​ជា​ច្រើន​ ទៅ​ព្រះមហាក្សត្រ​ នរោត្តម​ សីហ​នុ​ ពី​បញ្ហា​ព្រំដែន​ ជាមួយ​ប្រទេស​វៀតណាម​ ដែល​ចាប់ពី​ពេល​នោះ​មក​ សម្ដេច​ ហ៊ុន​ សែន​ បា​ស្គាល់ឈ្មោះ​លោក​ តាម​រយៈ​លិខិត​របស់​ព្រះ​មហា​ក្ស​ត្រេ​ ផ្ញើ​ទៅ​សម្ដេច​ ហ៊ុន​ សែន​ ស្តី​ពី​ការ​ព្រួយបារម្ភ​របស់​យុវជន​ រឿង​ព្រំដែន​ ជាមួយ​ប្រទេស​វៀតណាម​។​

​ឆ្នាំ​២០០៣​ លោក​ អ៊ុំ​ សំ​អាន​ បាន​លាឈប់​ពី​ប្រធាន​ ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ ទៅ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ លេខ​រៀង​ទី​៤​ ខេត្ត​សៀម​រាម​ នៃ​គណបក្ស​ សម​ រ​ង្ស៊ី​ ប៉ុន្តែ​មិន​បាន​ជាប់​ឆ្នោត​ទេ​។​ នៅ​ឆ្នាំ​២០០៤​ លោក​ អ៊ុំ​ សំ​អាន​ បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ រហូត​ដល់​ឆ្នាំ​២០១៣​ ទើប​លោក​វិល​មក​ឈរឈ្មោះ​ ជា​បេក្ខជន​តំណាងរាស្ត្រ​ជា​ថ្មី​ ខេត្តសៀមរាប​ដដែល​ ក្នុង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ក្រោយ​ពេល​ គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​ កឹ​ម​ សុខា​ បាន​រួម​បញ្ចូល​គ្នា​ជាមួយ​ គណបក្ស​ សម​ រ​ង្ស៊ី​ នៅ​ឆ្នាំ​២០១២​ រួច​មក​។​ លើក​នេះ​ លោក​បាន​ជាប់​ឆ្នោត​ជា​ តំណាងរាស្ត្រ​ ជា​ស្ថាពរ​។​ ក្នុង​នាម​ជា​អ្នកតំណាង​រាស្ត្រ​ លោក​ អ៊ុំ​ សំ​អាន​ បាន​បន្ត​ឧត្តមគតិ​របស់​លោក​ តាំងពី​លោក​នៅ​ជា​និស្សិត​ ក្នុង​ដោះស្រាយ​ទំនាស់​ព្រំដែន​ រវាង​កម្ពុជា​ និង​ វៀតណាម​ ជា​បន្ត​។​ លោក​បាន​ដឹកនាំ​និស្សិត​ ព្រះសង្ឃ​ និង​សកម្មជន​គណបក្សប្រឆាំង​ផង​ ចុះ​ទៅ​ពិនិត្យ​បញ្ហា​ព្រំដែន​ និង​ការ​បោះបង្គោល​ព្រំដែន​ថ្មី​ ជា​ហូរហែរ​ នា​ឆ្នាំ​២០១៥​។​ ជាមួយ​គ្នា​នេះ​ លោក​បាន​ទៅ​ស្រាវជ្រាវ​ផែនទី​ព្រំដែន​ខ្មែរ​ នៅ​អង្គការសហប្រជាជាតិ​ រដ្ឋសភា​អា​មេ​រិ​ក​ និង​ នៅ​ទី​ក្រុងប៉ារីស​ ប្រទេស​បារាំង​ផង​ដែរ​។​

​លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​ចាប់ខ្លួន​ទាំង​នៅ​មាន​ អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​ នៅ​ថ្ងៃ​ទី​១១​ ខែមេសា​ ឆ្នាំ​២០១៦​ នៅ​ខេត្តសៀមរាប​ ក្រោយ​ពេល​ប៉ុន្មាន​ម៉ោង​ បន្ទាប់​ពី​លោក​ វិល​ត្រឡប់​ពី​សហរដ្ឋអាមេរិក​។​ មតិ​ជាតិ​ និង​អន្តរជាតិ​ បាន​ធ្វើការ​ថ្កោលទោស​ចំពោះ​ការ​ចាប់ខ្លួន​នេះ​ថា​ ជា​ការ​រំលោក​រដ្ឋធម្មនុញ្ញ​ មាត្រា​៨០​ និង​ច្បាប់​។​ លោក​ ត្រូវ​បាន​តុលាការ​ កាត់ទោស​ឲ្យ​ជាប់​គុណ​ ២​ឆ្នាំ​ ៦​ខែ​ និង​បង់​ពិន័យ​ជា​ទឹកប្រាក់​ ៤​ លាន​រៀល​ កាលពី​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៦៕

Share

Image
Image
Image