en     km
en     km

លោក​ សួន​ សេរីរ​ដ្ឋា​ ចូល​ឆ្លើយ​បំភ្លឺ​បន្ថែម​នៅ​តុលាការ​លើ​ពាក្យបណ្តឹង​ លោក​ ហោ​ ណាំ​ហុង​ រឿង​បរិហា​កេរ្តិ៍​

Share

លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដើរចេញពីបន្ទប់សាកសួរនៃសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៦នេះ ។
លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដើរចេញពីបន្ទប់សាកសួរនៃសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៦នេះ ។

ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ លោក​ សួន​ សេរីរ​ដ្ឋា​ បាន​ទៅ​ឆ្លើយ​បំភ្លឺ​បន្ថែម​ នៅ​សាលាដំបូង​ រាជធានី​ភ្នំពេញ​ ជុំវិញ​ការ​ប្តឹង​ លោក ​ហោ​ ណាំ​ហុង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ រឿង​បរិហា​កេរ្តិ៍​ជា​សាធារណៈ​ និង​ញុះញង់​ឱ្យ​មានការ​រើសអើង​។​

​លោក​ ធូ​ វិ​រៈ​ រាយការណ៍​ព័ត៌មាន​នេះ​ ៖

​ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ មាស​ ចន្ទ​ពិសិដ្ឋ​ បាន​ធ្វើការ​សាកសួរ​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ លោក​ សួន​ សេរីរ​ដ្ឋា​ អស់​រយៈ​ជាង​ ១​ម៉ោង​ នា​ព្រឹក​នេះ​ ជុំវិញ​ពាក្យបណ្តឹង​របស់​លោក​ បាន​ប្តឹង​លោក​ ហោ​ ណាំ​ហុង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ កាលពី​កំលុង​ ខែធ្នូ​ ឆ្នាំ​២០១៥​ កន្លង​មក​។​

លោក​ សួន​ សេរីរ​ដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​ ២០១៦​ នេះ​ថា​ ក្រោយ​បញ្ចប់​ការ​សាកសួរ​អស់​រយៈពេល​ជាង​ ១​ ម៉ោង​រួច​មក​  លោក​នៅ​តែ​រក្សា​ជំហរ​ប្តឹង​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ លោក​ ហោ​ ណាំ​ហុង​ ពី​បទ​បរិហា​កេរ្តិ៍​ជា​សាធារណៈ​ និង​ញុះញង់​ឱ្យ​មានការ​រើសអើង​  និង​ទាម​ទារជំងឺចិត្ត​នូវ​ទឹកប្រាក់​ចំនួន​ ៥០០​ លាន​រៀល​។​

លោក​ សួន​ សេរីរ​ដ្ឋា​ បាន​បញ្ជាក់​ថា​ ក្រៅពី​ឆ្លើយ​បំភ្លឺ​បន្ថែម​ទៅ​លើ​ពាក្យបណ្តឹង​របស់​ខ្លួន​ លោក​បាន​ដាក់​ភស្តុ​តាង​ជា​សំឡេង​ និង​ឯកសារ​ផ្សេងៗ​ទៅ​ឱ្យ​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ​។​

​លោក​ សេរីរ​ដ្ឋា​ បន្ថែម​ថា​ សម្រាប់​រូប​លោក​ គ្មាន​ជំនឿ​ទៅ​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា​ថា​ នឹង​អាច​ស្វែងរក​យុត្តិធម៌​សម្រាប់​រូប​លោក​ឡើយ​។​ លោក​ សួន​ សេរីរ​ដ្ឋា​ មាន​ប្រសាសន៍​ថា​៖​ «​ប្រព័ន្ធ​តុលាការ​ប្រទេស​ខ្មែរ​មិន​អាច​ធានា​បាន​យុត្តិធម៌​ទេ​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏​ដោយ​ ការ​ដាក់​ពាក្យបណ្តឹង​គឺ​យើង​ត្រូវ​តែ​ដាក់​ ពីព្រោះ​តុលាការ​គឺជា​តំណាង​យុត្តិធម៌​ ច្បាប់​គឺជា​អាវុធ​យុត្តិធម៌​»​។​

​ជា​ការ​ឆ្លើយ​តប​ លោក​មេធាវី​ ការ​ សា​វុ​ត្ថ​ ដែល​ជា​មេធាវី​ការពារ​ក្តី​របស់​លោក​ ហោ​ ណាំ​ ហុង​  បាន​ប្រាប់​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​ WMC​ នៅ​ថ្ងៃនេះ​ថា​ ការ​ប្តឹង​របស់​លោក​ សួន​ សេរីរ​ដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ មក​លើ​កូនក្តី​របស់​លោក​គឺជា​រឿង​មិន​ពិត​នោះ​ឡើយ​។​ លោក​ ការ​ សា​វុ​ត្ថ​ បញ្ជាក់​ថា​ លោក​នឹង​ចូលខ្លួន​ទៅ​បំភ្លឺ​ជុំវិញ​ការ​ប្តឹង​កូនក្តី​របស់​លោក​  ប្រសិនបើ​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​នោះ​។​

លោក​ ការ​ សា​វុ​ត្ថ​ និយាយ​ថា​៖​ «​អាហ្នឹង​ ជា​ពាក្យបណ្តឹង​មួយ​ជា​រឿង​មិន​ពិត​ ខ្ញុំ​និយាយ​តែ​ប៉ុណ្ណឹង​ ជា​រឿង​គាត់​ចង់​ល្បីឈ្មោះ​ ម្ល៉ោះហើយ​គាត់​ទៅ​ប្តឹង​គេ​ផ្តេសផ្តាស​ គាត់​ដឹង​ហើយ​ថា​រឿង​ហ្នឹង​វា​មិន​ពិត​ដែរ​»​។​

សូម​ជម្រាប​ថា​ លោក​ សួន​ សេរីរ​ដ្ឋា​ ប្តឹង​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក​ ហោ​ ណាំ​ហុង​ នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ លោក​ ហោ​ ណាំ​ហុង​បាន​ចោទប្រកាន់​គណបក្ស​របស់​លោក​ថា​ ជា​ក្រុម​ភេរវកម្ម​។​

​ជុំវិញ​ការ​ចោទប្រកាន់​នេះ​ លោក​ សួន​ សេរីរ​ដ្ឋា​ បាន​បដិសេធ​ទាំងស្រុង​ថា​សមាជិក​គណបក្ស​អំណាច​ខ្មែរ​មិនមែន​ជា​ក្រុម​ភេរវ​ករ​ដូច​ការ​ចោទប្រកាន់​ឡើយ​។​ លោក​បញ្ជាក់​ថា​ ការ​ចោទប្រកាន់​នេះ​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិ​តិ្ត​យស​គណបក្ស​លោក​ និង​ធ្វើ​ឱ្យ​បាត់បង់​អ្នកគាំទ្រ​ផង​ដែរ​។​ លោក​អះអាង​ថា​ ប្រសិនបើ​លោក​មិន​ទទួល​បាន​យុត្តិធម៌​នៅ​ពេល​ខាង​មុខ​ លោក​នឹង​ប្តឹង​បន្ត​ទៅ​សាលាឧទ្ធរណ៍​ ឬ​សាលា​កំពូល​ទៀត​ រហូត​ដល់​ទទួល​បាន​យុត្តិធម៌​ពិតប្រាកដ​៕

Share

Image
Image
Image