en     km
en     km

លោក​ សុ​ន​ ឆ័​យ​ ៖​ លោក​ សម​ រ​ង្ស៊ី​ នឹង​វិល​ចូល​ប្រទេស​វិញនៅ​ពេល​វេលា​សម​ស្រប​និង​មាន​សុវត្ថិភាព

Share

​​ភ្នំពេញ​៖​ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សុ​ន​ ឆ័​យ​ បាន​លើក​ទ្បើ​ង​ថា​ ប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​លោក​  សម​ រ​ង្ស៊ី​ នឹង​ត្រូវ​វិល​ចូល​ប្រទេស​វិញ​ នៅ​ពេល​សម​សម​ស្រប​ និង​មាន​សុវត្ថិភាព​។​ ប៉ុន្តែ​​​លោក​មិន​ទាន់​អាច​កំណត់​បាន​ពេល​ណា​នោះ​ទេ​ ដោយសារ​តែ​រង់ចាំ​ការ​ពិភាក្សា​ពី​សមាជិក​គណ​បក្ស​​​របស់​ខ្លួន​ជា​មុន​សិន​។​ ការ​ថ្លែង​បែប​នេះ​ ធ្វើ​ទ្បើ​ង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ស្នាក់​ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១២​ ខែមេសា​ ឆ្នាំ​ ២០១៦​ នេះ​។​ អ្នកវិភាគ​យល់​ថា​ លោក​ សម​ រ​ង្ស៊ី​ ត្រូវ​​មក​​ដោយ​មានការ​ធានា​សុវត្ថិភាព​ ។​

 

cover-Sam-Rainsy
លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​ បាន​និរទេស​ខ្លួន​ទៅ​រស់នៅ​ក្រៅប្រទេស​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​។​ ការ​និរទេស​ខ្លួន​ដោយ​ខ្លួន​លោក​ផ្ទាល់​បន្ទាប់​ពីសា​លា​ឧ​ទ្ធ​រ​ណ៏​ចេញ​ដីការ​ចាប់ខ្លួន​លោក​ តាម​ប​ណ្ដឹង​របស់​ លោក​ ហោ​ ណាំ​ហុង​ អតីតរដ្ឋមន្ត្រី​ការ​បរទេស​ប្ដឹង​ពាក់ព័ន្ធ​នឹង​សំណុំរឿង​បរិហារកេរ្តិ៍​។​

​ពាក់ព័ន្ធ​នឹង​អវត្តមាន​របស់​លោក​សម​ រ​ង្ស៊ី​នៅ​ក្នុង​ប្រទេស​ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សុ​ន​ ឆ័​យ​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ទាន់​អាច​ប្រាប់​ពេលវេលា​ជាក់លាក់​ថា​ ប្រ​ធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​នឹង​វិល​ត្រ​ទ្ប​ប់​ចូល​ស្រុក​នៅ​ពេល​ណា​នៅ​ទ្បើ​យ​ទេ​។​

​លោក​ សុ​ន​ ឆ័​យ​ បាន​បញ្ជាក់​ថា​ ការ​វិល​ត្រ​ទ្ប​ប់រប​ស់លោក​ សម​ រ​ង្ស៊ី​ នៅ​ពេល​នេះ​មិនមែន​ជា​ពេលវេលា​សម​ស្រ​ប​នោះ​ទេ​ ហើយ​ក៏​មិន​ចំណេញ​ដល់​ជាតិ​ និង​ ចំណេញ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ដែរ​។​ លោក​បន្ត​ថា​ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ពិភាក្សា​រក​ពេលវេលា​សម​ស្រប​ណាមួយ​ ដើម្បី​អាច​ឱ្យ​លោក​ សម​ រ​ង្ស៊ី​ វិល​ត្រ​ទ្ប​ប់​ចូល​មក​ក្នុងស្រុក​វិញ​។​

«​យើង​ថា​នៅ​ពេល​សម​ស្រប​ណាមួយ​ សូម​បញ្ជាក់​ផង​ដែរ​ថា​ខ្ញុំ​មិន​ទាន់​សម្រេច​យ៉ាងណា​ យើង​មិន​ទាន់​បាន​ជ​ជែ​ក​គ្នា​ដែរ​ចាំ​មើល​យើង​ជជែក​គ្នា​មើល​ថា​តើ​គួរ​ឱ្យ​គាត់​មក​មុន​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ឬ​ក៏​យ៉ាងម៉េច​ខ្ញុំ​នឹង​ជំរាប​ជូន​ជា​ក្រោយ​..»​។​

​លោក​សមរ​ង្ស៊ី​បាន​និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស​ជិត​ ០៥​ ខែ​មក​ហើយ​  ។​ ក្រៅពី​សំនុំរឿង​របស់​លោក​ ហោ​ ណាំ​ហុង​  ប្រធាន​គណបក្សប្រឆាំង​ធំ​ជាងគេ​នេះ​ ក៏​ជាប់​បណ្ដឹង​នៅ​តុលាការ​ចំនួន​បួន​ទៀត​ ។​

​ជុំវិញ​បញ្ហា​នេះ​ដែរ​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ថា​​វត្តមាន​របស់​លោក​ សម​ រ​ង្ស៊ី​ បន្ត​នៅ​ក្រៅប្រទេស​គឺជា​រឿង​ល្អ​ប្រសើរ​។​

​លោក​ សូ​ ច​ន្ថា​ បន្ត​ថា​ រឿង​ល្អ​ប្រសើរ​នោះ​ពីព្រោះ​ថា​នៅ​ពេល​នេះ​ លោក​ សម​ រ​ង្ស៊ី​ កំពុង​ប្រឈម​មុខ​នឹង​បណ្តឹង​ជា​ច្រើន​ពី​រដ្ឋាភិបាល​ ហើយ​ប្រសិនបើ​លោក​វិល​ត្រ​ទ្ប​ប់​ចូល​ស្រុក​វិញ​នៅ​ពេល​នេះ​ លោក​អាច​នឹង​ប្រឈម​មុខ​ជា​ប់​​នៅ​ក្នុង​ពន្ធនាគារ​ជា​មិន​ខាន​។​

​លោក​ថា​ យន្តការ​ល្អ​ប្រសើរ​នោះ​ លោក​ សម​ រ​ង្ស៊ី​ មាន​តែ​បន្ត​ស្នាក់​នៅ​បរទេស​មួយ​រយៈពេល​សិន​ដើម្បី​រក​យន្ត​ការ​​ណាមួយ​ក្នុង​ការ​ដោះស្រាយ​រឿង​នេះ​ តាម​រយៈ​ការទូត​ជាមួយ​ដៃគូរ​អន្តរជាតិ​ ហើយ​ពេល​ត្រឡប់​មក​វិញ​គឺ​ត្រូវ​​មាន​សុវត្ថិភាព​។​

«​ខ្ញុំ​គិត​ថា​នៅ​ក្នុង​កាលៈទេសៈ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ដែល​បន្ត​នៅ​ក្រៅប្រទេស​ហាក់ដូចជា​មាន​ភាពល្អ​ច្រើន​ជាង​បើ​យើង​ធ្វើការ​សិក្សា​ពី​បញ្ហា​ប្រឈម​ទៅ​ ពីព្រោះ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​រឹង​មាំ​អាស្រ័យ​ដោយ​ថ្នាក់ដឹកនាំ​ពីរ​រូប​ មាន​លោក​ សម​ រ​ង្ស៊ី​ និង​លោក​ កឹ​ម​ សុខា​ ប្រសិនបើ​លោក​សម​ រ​ង្ស៊ី​នៅ​ក្រៅ​លោក​អាច​ធ្វើ​កិច្ចការ​នៅ​ក្រៅ​ប្រទេ​ស​ កិច្ច​ជាមួយនឹង​ប្រទេស​នានា​ ឬ​ក៏​ដែល​យើង​ហៅ​ថា​កិច្ចការ​ការទូត​ហ្នឹង​..»​។​​

​ចំណែកឯ​ ប្រធាន​ក្រុម​ផ្នែក​ស៊ើបអង្កេត​បញ្ហា​សិទ្ធិ​មនុស្ស​របស់​អង្គការ​លី​កាដូ​ លោក​ អំ​ សំអាត​ ក៏​យល់​ឃើញ​ថា​កាលៈទេសៈ​ពេល​នេះ​ លោក​ សម​ រ​ង្ស៊ី​ មិន​គួរ​ត្រ​ទ្ប​ប់​ចូល​មក​ស្រុក​វិញ​នោះ​ទេ​ ព្រោះ​លោក​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ដូច​លោក​ អ៊ុំ​ សំ​អាន​ ជាដើម​។​

​ប៉ុន្តែ​លោក​ អំ​ សំអាត​ បាន​បន្ត​ទៀត​ថា​ លោក​ សម​ រ​ង្ស៊ី​ មិន​ត្រូវ​ឈរ​លើ​គោលការណ៍​មិន​ច្បាស់លាស់​ ថា​គាត់​វិល​ត្រ​ទ្ប​ប់​នៅ​ពេល​ណា​នោះ​ទេ​ មាន​ន័យ​ថា​មិន​គួរ​ពន្យា​ពេល​រស់នៅ​ក្រៅប្រទេស​យូរ​ពេក​ទេ​ ព្រោះថា​ការ​ពន្យា​ពេល​រស់នៅ​ខាងក្រៅ​យូរ​ពេក​នោះ​ អាច​ធ្វើ​ឱ្យ​អ្នក​ដែល​ធ្លាប់​គាំទ្រ​ទាំងនោះ​បាត់បង់​ជំនឿ​ចិត្ត​មួយ​ចំនួន​ទៅ​លើ​រូប​គាត់​។​

«​ខ្ញុំ​គិត​ថា​អានេះ​ វា​ជា​ស្ថានភាព​នយោបាយ​មួយ​ ដែល​តំរូវ​ឱ្យ​គាត់​នៅ​ក្រៅប្រទេស​ ប៉ុន្តែ​គ្រាន់​ថា​បើសិនជា​គាត់​ចូ​ល​​មក​ក្នុង​ប្រទេស​…​ អាហ្នឹង​វា​ប្រឈម​មុខ​នឹង​បញ្ហា​ច្រើន​សម្រាប់​គាត់​ ។​ …​ គាត់​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ ហើយ​និង​បញ្ហា​ប្រឈម​មុខ​នឹង​បញ្ហា​ផ្សេងៗ​ទៀត​ ហើយ​បើ​គាត់​នៅ​ខាងក្រៅ​ហើយ​រង់ចាំ​រយៈពេល​ស​ម​​ស្រប​ណាមួយ​ ចាំ​ចូល​អាហ្នឹង​វា​ក៏​ម្យ៉ាងដែរ​ដូច​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៣​ »​។​​​

​លោក​ សុ​ន​ ឆ័​យ​ បាន​អះអាង​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​តែ​បន្ត​រក្សា​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​ប្រជា​ជន​​កម្ពុជា​ ដើម្បី​ធ្វើ​យ៉ាង​រក​ដំណោះស្រាយ​ករណី​ដែល​បាន​កើត​ទ្បើ​ង​នៅ​ក្នុង​ប្រទេស​ជាតិ​ ជា​ពិសេស​បញ្ហា​ជា​តិ​ធំៗ​។​ លោក​ សុ​ន​ ឆ័​យ​ ថា​ មាន​តែ​វប្បធម៌​សន្ទនា​នោះ​ទេ​ ដែល​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​បាន​កើត​ទ្បើ​ង​នៅ​ក្នុង​ប្រទេស​នា​ពេល​កន្លង​មក​ ក៏​ដូច​ជា​នៅ​ពេល​បច្ចុប្បន្ន​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជួប​ពិ​ភា​ក្សា​​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​ជុំវិញ​ការ​ចាប់ខ្លួន​លោក​ អ៊ុំ​ សំ​អាន​ ៕​

Share

Image
Image
Image