en     km
en     km

លោក​ សម​ រ​ង្ស៊ី​៖​ បើ​ចាប់​ដាក់គុក​ ឬ​បាញ់​សម្លាប់​ខ្ញុំ​ក៏​បានឱ្យ​តែ​ដោះ​លែង​ អ្នក​ស្នេហា​ជាតិ​គឺ​ ខ្ញុំ​ចូល​ស្រុក​ភ្លាម​

Share

ភ្នំពេញ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម​ រ​ង្ស៊ី​ បាន​បង្ហោះ​វី​ដេ​អូ​ខ្លី​មួយ​ ដោយ​បញ្ជាក់​ជំហរ​ជា​ថ្មី​ទៀត​ថា​ លោក​នឹង​វិល​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ ដោយ​មិន​ខ្លាច​ការ​ចាប់ចង​ ឬ​ក៏​សំលាប់​ជីវិត​លោក​ឡើយ​។​ ប៉ុន្ដែ​លោក​ថា​ ការ​វិល​មក​វិញ​របស់​លោក​លុះត្រា​គណបក្សកាន់អំណាច​ដោះ​លែង​ តំណាងរាស្ត្រ​ សកម្មជន​ គណបក្ស​សង្គ្រោះ​ជាតិ​ មន្ដ្រី​សកម្មជន​សិទ្ធិ​មនុស្ស​ ដីធ្លី​ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ ទាំងអស់​ឲ្យ​មាន​សេរីភាព​វិញ​។​

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ

លោក​សន្យា​ថា​ បើ​រដ្ឋអំណាច​ ដោះ​លែង​អ្នក​ទាំងនោះ​គឺ​ក្នុង​ចន្លោះ​ពេល​បី​ថ្ងៃ​លោក​ នឹង​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ភ្លាម​ ។​

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ និយាយ​ថា​លោក​ សម​ រ​ង្ស៊ី​ មិន​ចាំបាច់​មក​ជាប់គុក​ជំនួស​អ្នក​ណា​ទេ​ ព្រោះ​ខ្លួន​មានទោស​ត្រូវ​ជាប់គុក​ស្រាប់​ទៅ​ហើយ​ ហើយ​កម្ពុជា​ក៏​គ្មាន​ច្បាប់​ជាប់គុក​ជំនួស​អ្នក​ណា​ដែរ​។​ ប៉ុន្ដែ​អ្នកវិភាគ​បង្ហាញ​មតិ​ថា​ អ្នកនយោបាយ​គួរ​បញ្ឈប់​ការ​ ចង់​ចាញ់​ចង់​ឈ្នះ​បន្ដ​ទៀត​ ហើយ​ងាក​មក​ជជែក​គ្នា​ ពី​បញ្ហា​ជាតិ​វិញ​ទើប​ប្រសើរ​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖​

 

​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​មួយ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​កាល​ថ្ងៃ​ទី​ ១៩​ ខែ​ តុលា​  លោក​ សម​ រ​ង្ស៊ី​ មាន​ប្រសាសន៍​យ៉ាង​មុតមាំ​ថា​ បើ​គណបក្ស​ប្រជាជន​កម្ពុជា​ ព្រម​ដោះ​លែង​អ្នក​ទាំង​អស់នេះ​ គឺ​រូប​នឹង​រៀបចំ​ទិដ្ឋាការ​ទិញ​ សំបុត្រ​យន្តហោះ​ ចូល​ប្រទេស​ ភ្លាម​គឺ​យ៉ាង​យូរ​ ៣​ថ្ងៃ​ នឹង​មក​ដល់​កម្ពុជា​ ហើយ​ បើ​មក​ដល់​ចង់​យក​លោក​ទៅ​ណា​ក៏​បាន​ដែរ​ ព្រោះ​លោក​ ត្រូវ​បូជាជីវិត​ ដើម្បី​អ្នក​ជាប់​ឃុំ​ទាំងនោះ​។​

​លោក​ សម​ រ​ង្ស៊ី​៖«​ខ្ញុំ​មក​យក​ខ្ញុំ​ទៅ​ធ្វើ​អី​ធ្វើ​ទៅ​ ចង់​ចាប់​ដាក់គុក​ ក៏​បាន​ ចង់​យក​ទៅ​សម្លាប់​ក៏​បាន​ ប៉ុន្ដែ​សុំ​ឲ្យ​មានការ​ដោះ​លែង​ ដោះ​លែង​អ្នក​ស្នេហា​ជាតិ​ ដោះ​លែង​អ្នកទោស​នយោបាយ​ ដោះ​លែង​អ្នកទោស​មនសិកា​»​។​

​លោក​ សម​ រ​ង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​បាន​បន្ថែម​ដែរ​ថា​ បើ​មិន​ព្រម​ដោះ​លែង​អ្នកទោស​មនសិការ​ទាំង​ ២០​ -​ ៣០​នាក់​នោះ​ទេ​ ហើយ​ចង់​ចាប់​រូប​លោក​ទៀត​គឺ​មិន​បានជា​ដាច់ខាត​។​

​លោក​ សម​ រ​ង្ស៊ី​៖«​បើ​គេ​ដោះ​លែង​អ្នក​ស្នេហា​ជាតិ​មួយ​ចំនួន​ ២០,​ ៣០​នាក់​ ហើយ​ចាប់​តែ​រូប​ខ្ញុំ​ម្នាក់​អាហ្នឹង​បាន​ ប៉ុន្ដែ​បើ​ចង់​ចាប់​ សម​ រ​ង្ស៊ី​ ហើយ​អត់​ដោះ​លែង​អ្នក​ដទៃ​ទៀត​អត់​បាន​ទេ​ ដើម្បី​ឲ្យ​អ្នក​ទាំង​ ២០,​ ៣០​នាក់​ចេញ​មក​ដើម្បី​ធ្វើការ​សុទ្ធតែ​អ្នក​ពូកែៗ​ ហើយ​ជាប់គុក​ខ្ញុំ​ម្នាក់​ខ្ញុំ​ព្រម​»​។​

​លោក​ សម​ រ​ង្ស៊ី​ បង្ហាញ​ក្ដី​សង្ឃឹមថា​ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​ សម្ដេច​ ហ៊ុន​ សែន​ នឹង​ពិចារណា​យល់ព្រម​ទៅ​លើ​សំណើ​របស់​លោក​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥ​សាន្ដ​ ដែល​ផ្ដល់​បទ​សម្ដា​សន៍​ឱ្យ​ វិទ្យុ​ស្ដ្រី​FM102​ នៅ​ថ្ងៃ​ទី​ ២០​ ខែ​ តុលា​ នេះ​ មាន​ប្រសាសន៍​ថា​ មិន​ចាំបាច់​និយាយ​ដល់​ជាប់គុក​ជំនួស​គេ​ទេ​ ព្រោះ​សាលក្រម​ស្ថាពរ​ បាន​ចេញ​មក​ហើយ​ដែល​តម្រូវ​ឲ្យ​លោក​ សម​ រ​ង្ស៊ី​ មក​ជាប់គុក​ ២​ ឆ្នាំ​ នឹង​បង់ប្រាក់​ពិន័យ​ ៨​លាន​រៀល​ទៀត​ផង​។​

​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បន្ថែម​ថា​ ការ​ថ្លែង​របស់​លោក​ សម​ រ​ង្ស៊ី​ ពី​ការ​ជាប់គុក​ជំនួស​ដូចនេះ​ គឺ​ហាក់ដូចជា​សម្ដី​កូន​ក្មេង​ដែល​មិន​យល់​កិច្ចការ​អ្វី​សោះ​ ព្រោះ​កម្ពុជា​គ្មាន​ច្បាប់​ស្ដី​ពី​ការ​ជាប់គុក​ជំនួស​នោះ​ទេ​។​ លោក​បន្ដ​ថា​ សក់​អ្នក​ណា​គឺ​ក្បាល​អ្នក​ហ្នឹង​។​ បន្ថែម​ពី​នេះ​លោក​សង្កត់ធ្ងន់​ថា​សម្ដី​លោក​ សម​ រ​ង្ស៊ី​ គឺ​មាន​បំណង​ចង់​បំភ័ន្ត​មតិ​សាធារណៈ​ជាតិ​ និង​អន្ដរជាតិ​ ឲ្យ​យល់​ឃើញ​ថា​លោក​ជា​អ្នក​ក្លា​ហ៊ាន​ តែ​តាម​ពិត​គឺ​ខ្លាច​ការ​ជាប់គុក​ណាស់​។​

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ដ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ដ

​លោក​ សុខ​ ឥ​សាន្ដ​៖«​ឥឡូវនេះ​មិនបាច់​គាត់​ជាប់គុក​ជំនួស​គេ​ទេ​ សាលក្រម​ស្ថាពរ​ របស់​គាត់​មាន​រួច​ហើយ​គឺ​ សម​ រ​ង្ស៊ី​ ត្រូវ​ចូលខ្លួន​មក​ជាប់គុក​ ២​ឆ្នាំ​ និង​បង់លុយ​ ៨​លាន​រៀល​ កុំ​និយាយ​ពី​រឿង​ជាប់គុក​ជំនួស​គេ​ ត្រូវ​និយាយ​ពី​រឿង​ខ្លួន​ផ្ទាល់​ឯណេះ​ខ្លួន​មានទោស​ត្រូវ​មក​ទទួលទោស​»​។​

​ពាក់ព័ន្ធ​បញ្ហា​របស់​អ្នកនយោបាយ​ដែល​កើត​មាន​មិន​ឈប​មិន​ឈរ​នេះ​ អ្នកវិភាគ​យល់​ថា​ អ្នកនយោបាយ​បើ​នៅ​តែ​ប្រកាន់​ត្រូវ​តែ​រៀងៗ​ខ្លួន​បន្ដ​ទៀត​នោះ​ប្រាកដជា​មិន​អាច​ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន​ លូតលាស់​ទៅ​មុខ​បាន​ទេ​។​

​លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ​ មាន​ប្រសាសន៍​ថា​ អ្នកនយោបាយ​ខ្មែរ​ល្មម​ពិចារណា​ឡើង​វិញ​ពី​ការ​ប្រើប្រាស់​សារ​នយោបាយ​របស់​ខ្លួន​។​ លោក​បន្ដ​ថា​ អ្នកនយោបាយ​ជា​រឿយៗ​តែងតែ​ប្រើ​វោហា​សាស្ត្រ​តាម​កំហឹង​បរិហា​គ្នា​ ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។​

​អ្នក​ឃ្លាំមើល​ពី​ការ​អភិវឌ្ឍ​សង្គម​ បន្ថែម​ទៀត​ថា​ បើ​អ្នកនយោបាយ​ទាំងអស់​ធ្វើការ​ដើម្បី​ជាតិ​ ដើម្បី​ផលប្រយោជន៍​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ពិតមែន​គួរតែ​គិត​ឡើង​វិញ​ គឺ​ងាក​មក​រកគ្នា​ ដើម្បី​ជជែក​គ្នា​ ព្រោះ​បញ្ហា​អ្នកនយោបាយ​គ្មាន​វិធី​អ្វី​ដែល​ល្អ​ជាង​ការ​ជួប​ពិភាក្សា​គ្នា​នោះ​ទេ​។​

​លោក​ គឹ​ម​ សុខ​ ក៏​បាន​សង្កត់ធ្ងន់​ដែរ​ថា​ បើ​អ្នកនយោបាយ​ខ្លាច​ អន់​ជាង​គូប​ដិ​បក្ស​ របស់​ខ្លួន​មិន​គួរ​ធ្វើ​នយោបាយ​នោះ​ទេ​ ។​ 

លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ
លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ

លោក​ គឹ​ម​ សុខ​៖«​ប្រទេស​ណា​ក៏​ដោយ​ ប្រទេស​ប្រជាធិបតេយ្យ​ប៉ុណ្ណា​ក៏​ដោយ​ គឺ​ពេល​មាន​បញ្ហា​ត្រូវការ​ជជែក​គ្នា​ កម្ពុជា​ក៏​ដោយ​ ហើយ​បើ​អ្នកនយោបាយ​បង្ហាញ​សារ​នយោបាយ​ បែប​ហ្នឹង​បង្ហាញ​ថា​ អ្នកនយោបាយ​អស់ហ្នឹង​គ្រាន់តែ​និយាយ​អះអាង​ថា​ខ្លួន​ចាស់ទុំ​នយោបាយ​មែនទែន​ទៅ​ ស្ទើរ​ចាស់​ ស្ទើរ​ទុំ​ ទៅ​មាន​តែ​អាយុ​ចាស់​ ប៉ុន្ដែ​នៅ​ខ្ចី​ពី​ការ​ដោះស្រាយ​នយោបាយ​»​

​ដូច​គ្នា​នេះ​ដែរ​សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​លោក​ សូ​ ច​ន្ថា​ បង្ហាញ​យោបល់​ថា​ អ្នកនយោបាយ​កំពូលៗ​ នៅ​កម្ពុជា​គួរតែ​ងាក​មក​គិតគូ​ពី​បញ្ហា​ប្រឈម​របស់​រាស្ដ្រ​ខ្មែរ​ ដែល​ស្រែកយំ​ព្រោះតែ​ភាព​ក្រីក្រ​វិញ​ និង​បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត​ ព្រោះ​ល្អ​ជាង​ការ​ឈ្លោះ​គ្នា​ បង្ហាញ​ភាព​ខ្លាំង​រៀងៗ​ខ្លួន​។​

​សាស្ដ្រាចារ្យ​សិក្សា​ពី​នយោបាយ​បញ្ជាក់​ថា​ អ្នកនយោបាយ​គួរ​ប្រើ​វប្បធម៌​ចរចារ​គ្នា​ តាម​របៀប​របស់​ខ្មែរ​វិញ​ ប្រសិនជា​គិតគូរ​ពី​ប្រយោជន៍​ប្រទេស​ជាតិ​ និង​ពលរដ្ឋ​មែន​។​ បន្ថែម​ពី​នេះ​លោក​បង្ហាញ​ជា​ទស្សនៈ​ថា​ លោក​ សម​ រ​ង្ស៊ី​ គួរ​វិល​ចូល​ប្រទេស​វិញ​ បើ​ទោះជា​មិន​មានការ​សម្របសម្រួល​ នយោបាយ​ តាម​ការ​ទាមទារ​របស់​លោក​ក៏​ដោយ​។​

​លោក​ សូ​ ច​ន្ថា​៖«​អ្វី​ដែល​ខ្ញុំ​ចង់​ឃើញ​គឺ​អ្នកនយោបាយ​កម្ពុជា​ អាច​ជជែក​គ្នា​បាន​រវាង​ខ្មែរ​និង​ខ្មែរ​ ដោយ​ប្រើ​វប្បធម៌​ខ្មែរ​ តែ​ធ្វើ​យ៉ាងណា​គួរ​ប្រើ​វប្បធម៌​បែប​មានការ​យោគយល់​ បែប​មានការ​អត់ឱន​គ្នា​ទៅ​វិញ​ទៅ​មក​ ក្ន​ង​គោលដៅ​មួយ​ក្នុង​ឯកភាព​ជាតិ​»​។​

​សូម​រម្លឹក​ថា​លោក​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​ តុលាការ​រាជធាន​ភ្នំពេញ​ ដែល​អ្នក​សង្កេតការណ៍​ខ្លះ​បាន​ចាត់​ទុក​ថា​ មិន​មាន​ភាព​ឯករាជ្យ​ភាព​ពិតប្រាកដ​ កាលពី​ឆ្នាំ​២០១១​ បាន​សម្រេច​ផ្តន្ទាទោស​ លោក​ ឲ្យ​មានទោស​ជាង​ ២០​ឆ្នាំ​ ករណី​ដែល​លោក​ទៅ​ដក​ តម្រុយ​ព្រំដែន​ មួយ​នៅ​ស្រុក​ច​ន្ទ្រា​ ខេត្តស្វាយរៀង​ ដែល​ លោក​អះអាង​ថា​ថា​វៀតណាម​បោះបង្គោល​ចូល​ទឹកដី​ខ្មែរ​។​ តែ​យ៉ាងនេះ​ក្ដី​ កាលពីមុន​ការ​បោះ​ឆ្នោត​ សភា​ថ្ងៃ​ទី​ ២៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៣​ បន្តិច​ លោក​បាន​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ ដោយ​មាន​អ្នក​ទៅ​ទទួល​លោក​ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ជា​ច្រើន​សែន​នាក់​៕​

Share

Image
Image
Image