en     km
en     km

លោក​ សម​ រ​ង្ស៊ី​៖​ ខ្ញុំ​ស្រក់​ទឹកភ្នែក​ដោយ​ឃើញ​ពលរដ្ឋ​ខ្មែរ​ សម្រុក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​

Share

ភ្នំពេញ៖ ​ប្រធាន​គណបក្សប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ បាន​បង្ហាញ​នូវ​ភាព​រំភើប​ក្នុង​ចិត្ត​ ដោយ​សម្រក់​ទឹកភ្នែក​នៅ​ពេល​ដែល​លោក​បានឃើញ​ពលរដ្ឋ​ខ្មែរ​ សម្រុក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ យ៉ាងច្រើន​កុះក​ នៅ​ថ្ងៃ​ទី​២៩​ វិច្ឆិកា​។​

រូបភាពពី Facebook លោក សម រង្ស៊ី
រូបភាពពី Facebook លោក សម រង្ស៊ី

​លោក​ សម​ រ​ង្ស៊ី​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ ដោយ​មាន​ន័យ​ទាំងស្រុង​ថា​ ៖«​ថ្ងៃនេះ​ ខ្ញុំ​បាន​ស្រក់​ទឹកភ្នែក​ ដោយ​រំភើប​ក្នុង​ចិត្ត​ពេក​ ពេល​ឃើញ​វី​ដេ​អូ​បង្ហាញ​ពី​ទឹកចិត្ត​ផុសផុល​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​បាន​ស្ទុះស្ទា​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ មុន​នឹង​គេ​បិទ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​។​ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ មានការ​ឈឺចាប់​អំពី​ស្ថានការណ៍​ នៅ​ប្រទេស​យើង​សព្វថ្ងៃ​ ហើយ​មានការ​ព្រួយបារម្ភ​អំពី​អនាគត​ នៃ​ប្រទេស​ជាតិ​យើង​ទៅ​ថ្ងៃ​មុខ​»​។​

​មេ​បក្ស​ប្រឆាំង​រូប​នេះ​តែងតែ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឱ្យ​បាន​គ្រប់​គ្នា​ដើម្បី​ជា​ប្រយោជន៍​របស់​ខ្លួន​ និង​ការ​ប្រើប្រាស់​សិទ្ធិ​អំណាច​តាម​ រដ្ឋធម្មនុញ្ញ​ ដែល​បាន​កំណត់​ជ្រើសរើស​ និង​ធ្វើការ​ផ្លាស់​ប្ដូរ​មេដឹកនាំ​។​

​សារ​របស់​លោកបាន​បញ្ជាក់​ដូចនេះ​ថា​ ៖«​បើ​បងប្អូន​ជនរួមជាតិ​ មិន​មានការ​ឈឺចាប់​ពេល​នេះ​ ហើយ​មិន​មានការ​ព្រួយបារម្ភ​ចំពោះ​អនាគត​ ក៏​បងប្អូន​មិន​ផុសផុល​ និង​ស្ទុះស្ទា​បែប​នេះ​ ដើម្បី​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ហើយ​ត្រៀម​បោះ​ឆ្នោត​ នៅ​ឆ្នាំ​ ២០១៧​ និង​ ២០១៨​ ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ ក្នុង​គោលបំណង​សង្គ្រោះ​ជាតិ​យើង​ទាំងអស់​គ្នា​»​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ បាន​សម្រេច​ ពន្យា​ពេល​មួយ​ថ្ងៃ​ គឺ​នៅ​ថ្ងៃ​ទី​៣០​ វិច្ឆិកា​នេះ​ ។​ ការ​សម្រេច​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ គណបក្សប្រឆាំង​បាន​ទទូច​ឱ្យ​មានការ​ពន្យា​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រយៈពេល​ ៣​ថ្ងៃ​។​

​លោក​ សម​ រ​ង្ស៊ី​ បាន​អំពាវនាវ​ជា​ថ្មី​ម្ដងទៀត​ឱ្យ​ពលរដ្ឋ​រួសរាន់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ​។​ លោក​បាន​អំពាវនាវ​ដូចនេះ​ថា​ ៖«​មិន​ទាន់​ហួសពេល​ទេ​ថ្ងៃនេះ​ ចំពោះ​អ្នក​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅឡើយ​ តែ​យល់​ឃើញ​ថា​ត្រូវ​តែ​ចុះ​ឈ្មោះ​ឲ្យ​ទាល់តែ​បាន​ដាច់ខាត​ ដើម្បី​ថែរក្សា​សិទ្ធិ​បោះ​ឆ្នោត​របស់​ខ្លួន​ម្នាក់ៗ​។​ មិន​ទាន់​ហួសពេល​ទេ​ ពីព្រោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​.)​ បាន​សម្រេច​ពន្យា​ពេល​ ១​ ថ្ងៃ​ថែម​ទៀត​ មុន​នឹង​បិទ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​។​ សូមអ្នក​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅឡើយ​ មេត្តា​រួសរាន់​ និង​អត់ធ្មត់​ ព្យាយាម​ទៅ​ចុះ​ឈ្មោះ​ឲ្យ​ទាល់តែ​បាន​ នៅ​តាម​ឃុំ​-​សង្កាត់​ រៀងៗ​ខ្លួន​ នៅ​ថ្ងៃ​ពុធ​ ៣០​ វិច្ឆិកា​ ២០១៦​ នេះ​ ពេញ​មួយ​ថ្ងៃ​»​។​

​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែល​ធ្វើ​ឡើង​រយៈពេល​ ៩០​ថ្ងៃ​មកនេះ​ គឺ​ បើ​តាម​របាយការណ៍​របស់​គ​.​ជ​.​ប​ ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​កើន​ជិត​៨​លាន​នាក់​ ក្នុង​ចំណោម​ពលរដ្ឋ​ដែល​មាន​អាយុ​ត្រូវ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ៩​លាន​ ៦​សែននាក់​៕

Share

Image
Image
Image