en     km
en     km

លោក​ គឹ​ម​ សុខ​ យក​ក្រ​ដា​សញាត់ត្រចៀក​មិន​ស្ដាប់​ការ​បកស្រាយ​របស់​ចៅក្រម​

Share

ភ្នំពេញ៖ លោក គឹម សុខ អ្នកវិភាគ ដែលរងការកាត់ទោសករណីបរិហារគណបក្សកាន់អំណាច យកក្រដាសញាត់ត្រចៀក ខណៈចៅក្រមជំនុំជម្រះក្ដីបកស្រាយប្រាប់អំពីករណីមិនធ្វើតាមការទាមទាររបស់លោក ឱ្យសម្ដេច ហ៊ុន សែនជាដើមបណ្ដឹងរដ្ឋប្បវេណីមកតតាំងនឹងរូបលោកផ្ទាល់នៅតុលាការ។ តែយ៉ាងណាលោកចៅក្រមថា សាលក្រមក្នុងករណីនេះនឹងប្រកាសនៅថ្ងៃទី១០ សីហា។

លោក គឹម សុខ

សវនាការធ្វើឡើងនៅរសៀលម៉ោង ២ ថ្ងៃទី២៦ កក្កដានេះ មានសភាពតានតឹងយ៉ាងខ្លាំងដោយសារតែ គឹម សុខ នៅតែទទូចសុំតតាំងក្ដីផ្ទាល់ជាមួយសម្ដេចនាយរដ្ឋមន្ដ្រីដែលជាអ្នកប្ដឹងរូបលោក ដោយសំអាងថា ដើម្បីបង្ហាញភាពស្មើគ្នាចំពោះមុខច្បាប់ និងការកាត់ក្ដីប្រកបដោយយុត្ដិធម៌។ ក៏ប៉ុន្ដែសំណើររបស់លោក គឹម សុខ ត្រូវបានលោក គី តិច មេធាវីការពារក្ដីឲ្យសម្ដេចនាយករដ្ឋមន្ដ្រីបដិសេធ និងបញ្ជាក់ថា ជនរងគ្រោះបានផ្ដល់សិទ្ធិជូនលោកហើយ ដែលលោកថាមិនចាំបាច់មានវត្ដមានកូនក្ដីរបស់លោកចូលរួមបន្ថែមនោះទេ។

ស្របពេលលោកមេធាវី គី តិច បកស្រាយដូចនេះ លោកចៅក្រមជំនុំជម្រះ គី ឬទ្ធី ក៏បានបានបដិសេធ មិនស្នើអញ្ជើញសម្ដេចនាយករដ្ឋមន្ត្រីមកតតាំងក្ដីផ្ទាលឡើយ។ លោកបន្តថា សម្ដេចបានឱ្យមេធាវីមកការពារក្ដី ជូនលោក ហើយ។ ត្រង់នេះហើយ ដែលលោក គឹម សុខ បានមូលក្រដាសមូររួចញាត់រន្ធត្រចៀក ហើយអង្គុយព័ទ្ធដៃក្នុងរង្វង់ក្រចកសេះធ្វើព្រងើយ។

លោក គឹម សុខ

តែយ៉ាងមេធាវីការពារក្ដីលោក គឹម សុខ លោក ជួង ជួងី មានប្រសាសន៍ថា លោក គី តិច មិនមែនជាជនរងគ្រោះពីពាក្យសម្ដីរបស់លោក គឹម សុខ ផ្ទាល់នោះ ទេ។ លោកថា មានតែការកោះហៅដើមបណ្ដឹង (សម្ដេចនាយករដ្ឋមន្ដ្រី)មកដោយផ្ទាល់ប៉ុណ្ណោះទើបអាចថាជាការជំម្រះក្ដីដោយស្មើភាព។
ថ្វើបើមានការលើកនូវអំណះអំណាងរបស់ជនជាប់ចោទ និងមេធាវីយ៉ាងណាក្ដី ក៏ចៅក្រមបានច្រានសំណើរនេះ។

ក្រោយពីការប្រកាសនេះលោក គឹម សុខ ក៏បានទាមទារប្ដឹងប្ដូរចៅក្រម និងទាមទារចាកចេញពីសវនាការនៅពាក់កណ្ដាលទី ប៉ុន្ដែត្រូវបាននាំមកអង្គុយក្នុងសវនាការវិញរហូតដល់ចប់ដំណើរកាត់ក្ដី។
ចំណែកមេធាវីការក្ដីជនជាប់ចោទ ក៏សម្រេចចិត្ដដើរចេញពីសវនាការនេះនៅពាក់កណ្ដាលទីផងដែរ ដោយសំអាងថា តុលាការគាបសង្គត់កូនក្ដីរបស់លោក។

លោក គឹម សុខ

បើទោះជាតុលាការនាំខ្លួនលោក គឹម សុខ មកស្ដាប់សវនាការវិញក្ដីក៏ប៉ុន្ដែលោកបានយកក្រដាសមកញាត់ត្រចៀករបស់លោកទាំងសងខាងដោយលោកមិនព្រមស្ដាប់ ឬក៏ឆ្លើយនឹងសំណួររបស់ចៅក្រមឡើយ។

មិនអូសពេលឡើយលោកចៅក្រមក៏បានសម្រេចបដិសេធសំណើរទាមទារតតាំងក្ដីផ្ទាល់ជាមួយដើមបណ្ដឹងរដ្ឋប្បវេណី (សម្ដេច ហ៊ុន សែន) ដោយកំណត់យកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៧ ដើម្បីប្រកាសការកាត់ក្ដីជុំវីញបណ្ដឹងពីបទបរិហារកេរ្ដិ៍សម្ដេច ហ៊ុន សែន។

តុលាការរាជធានីភ្នំពេញ បានចោទប្រកាន់អ្នកវិភាគមិនសំចៃមាត់រូបនេះ ចំនួនពីរ គឺ បទ «ញុះ ញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ ជាសាធារណៈ» យោងតាមមាត្រា ៤៩៤ ៤៩៥ និង ៣០៥ នៃក្រមព្រហ្មទណ្ឌ កាលពី ខែ មីនា ឆ្នាំ ២០១៧។

កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៧ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ពាក្យប្តឹង លោក គឹម សុខ បន្ទាប់ពីលោក គឹម សុខ និយាយនៅក្នុងវេទិកាវិទ្យុអាស៊ីសេរី រិះគន់រាជរដ្ឋាភិបាលថា មិនបានត្រៀមខ្លួនដើម្បីបោះឆ្នោតទេ គឺត្រៀមខ្លួនដើម្បីប្លន់អំណាច និងបានសម្លាប់មនុស្សជាប្រព័ន្ធ រហូតដល់សម្លាប់លោក បណ្ឌិត កែម ឡី ថែមទៀត។
ក្នុងសំណុំរឿងនេះសម្តេច ហ៊ុន សែន ប្តឹងទាមទារសំណងជំងឺចិត្ត ២០០០ លានរៀល ឬស្មើនឹង ៥០ ម៉ឺនដុល្លារពីលោក គឹម សុខ៕

Share

Image
Image
Image