en     km
en     km

លោក​ កឹ​ម​ សុខា​ ថ្លែង​ក្ដី​ព្រួយបារម្ភ​ពី​ប្រជាធិបតេយ្យ​កម្ពុជា​ប្រាប់​តំណាង​បេស​កម្ម​ការទូត​អន្ដរជាតិ​

Share

ភ្នំពេញ​៖​ លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ក្ដី​ព្រួយបារម្ភ​ប្រាប់​ទៅ​តំណាង​បេស​កម្ម​ការ​ទូត​អន្ដរជាតិ​ចំនួន​ ១០​ ស្ដី​ពី​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ដែល​លោក​មើលឃើញ​ថា​ កំពុង​តែ​ដើរ​ចេញពី​គោលការណ៍​ប្រជាធិបតេយ្យ​។​ ក្នុង​ជំនួប​នេះ​តំណាង​អន្ដរជាតិ​ទាំងនោះ​បាន​សន្យា​នឹង​តាមដាន​ករណី​នេះ​យ៉ាង​យកចិត្ដ​ទុក​បំផុត​។​


​ខណៈ​ស្ថានការណ៍​នៃ​ប្រទេស​កម្ពុជា​កំពុង​ត្រូវ​បាន​អន្ដរជាតិ​ បង្ហាញ​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ ជុំវិញ​ករណី​មួយ​ចំនួន​ ដែល​មាន​ជា​អាទិ៍​ការ​បិទ​អង្គការ​អន្ដរជាតិ​ ការ​បិទ​វិទ្យុ​ក្នុងស្រុក​ ការ​ដាក់​ឱសានវាទ​ ដល់​កាសែត​ ខេ​ម​បូ​ឌា​ ដេ​លី​ ឲ្យ​បង់ពន្ធ​ជួន​រដ្ឋ​នូវ​ទំហំ​ទឹកប្រាក់​ជាង​ ៦​លាន​ដុល្លារ​ ករណី​រដ្ឋ​ចោទ​ថា​ មិន​បាន​បង់ពន្ធ​ជាង​ ១០​ឆ្នាំ​ជាដើម​។​

​កាលពី​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ម្សិលមិញ​ ​តំណាង​បេស​កម្ម​ការ​ទូត​អន្ដរជាតិ​​ចំនួន​ ១០​ប្រទេស​ បាន​រៀបចំ​ជំនួប​មួយ​នៅ​ទីក្រុង​បាងកក​ ប្រទេសថៃ ដោយ​អ​ញ្ញើញ​លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ជួប​ ដើម្បី​ស្ដាប់​ពី​បញ្ហា​ដែល​គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុ​ជាមួយ​នេះ​កំពុង​ប្រឈម​។​

​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ នៅ​ថ្ងៃ​ទី​០២​ កញ្ញា​ នេះ​ថា​ ជំនួប​រវាង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​​តំណាង​បេស​កម្ម​ការ​ទូត​អន្ដរជាតិ​ទាំង​ ១០​នោះ​ លោក​ កឹ​ម​ សុខា​ បាន​ថ្លែង​ពី​ករណី​ជា​ច្រើន​ ដូច​ជា​មានការ​ប្រើ​ពាក្យ​វាយប្រហារលើ​ មេដឹកនាំ​ មន្ដ្រី​ និង​សមាជិក​ គណបក្ស​សង្គ្រោះ​ជាតិ​ ការ​បិទ​វិទ្យុ​ មហានគរ​ អេ​ហ្វ​អឹ​ម​ ៩៣.៥​ រាជធានី​ភ្នំពេញ​ដែល​គណបក្សប្រឆាំង​មួយ​នេះ​បាន​ជួយ​ម៉ោង​ផ្សាយ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ ការ​បិទ​វិទ្យាស្ថាន​ជាតិ​ សម្រាប់​កិច្ចការ​អន្ដរជាតិ​ ហៅ​កាត់​ថា​ NDI​ និង​ការ​ដាក់ ​ឱសានវាទ​ សម្រាប់​ស្ថាប័ន​កាសែត​ ខេ​ម​បូ​ឌា​ ដេ​លី​ ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​ កំណត់​ឲ្យ​បង់ពន្ធ​ជួន​រដ្ឋ​បើ​មិន​ដូច្នោះ​ ស្ថាប័ន​កាសែត​អន្ដរជាតិ​មួយ​នេះ​ នឹង​ត្រូវ​បិទ​ ហើយ​រឹបអូស​ទ្រព្យសម្បត្ដិ​។​

​ជាង​នេះ​លោក​ កឹ​ម​ សុខា​ ក៏​បាន​ប្រាប់​ពី​ក្ដី​ព្រួយបារម្ភ​ ពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​លោក​អះអាង​ថា ​កំពុង​តែ​ងាក​រ៉េ​ពី​គន្លង​ ខណៈ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ដ្រ​នីតិកាល​ទី​០៦​ នឹង​ឈាន​ចូល​មក​ដល់​នា​ខែកក្កដា​ ឆ្នាំ​២០១៨​ ខាង​មុខ​។​

​ឆ្លើយ​តប​នឹង​ករណី​ទាំ​អស់នេះ​តំណាង​បេស​កម្មក​ការទូត​អន្ដរជាតិ​ទាំង​ ១០​នោះ​ បាន​ប្រាប់​លោក​ កឹ​ម​ សុខា​ ថា​ បញ្ហា​ទាំង​អស់នេះ​ ក៏​ជា​ក្ដី​ព្រួយបារម្ភ​របស់​ពួក​គេ​ដូច​គ្នា​ដែរ​។​ តែ​យ៉ាងណា​ពួក​គេ​បាន​សន្យា​ នឹង​បន្ដ​តាមដាន​យ៉ាង​យកចិត្ដទុកដាក់​បំផុត​ ចំពោះ​ស្ថានការណ៍​នយោបាយ​ដែល​កំពុង​តែ​ឈាន​ទៅ​រក​ភាព​តានតឹង​កាន់តែ​ខ្លាំង​នៅ​រយៈពេល​ចុង​ក្រោយ​នេះ​។​

​លោក​ យឹ​ម​ សុវណ្ណ​ បង្ហាញ​សុទិដ្ឋិនិយម​ថា​ អន្ដរជាតិ​ច្បាស់​ជា​មិន​បណ្ដោយ​ឲ្យ​កម្ពុជា​ដើរ​ផុត​ពី​គន្លង​ប្រជាធិបតេយ្យ​នោះ​ទេ​ ព្រោះ​កម្ពុជា​ក៏​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទី​ក្រុងប៉ារីស​ ២៣​ តុលា​ ១៩៩១​ ផង​ដែរ​។​៕

Share

Image
Image
Image