en     km
en     km

លោកហោណាំហុង អះអាងថា ចិនផ្តល់ជំនួយដល់កម្ពុជាមិនទាមទារលក្ខខណ្ឌនយោ​បាយអ្វីឡើយ តែអ្នកវិភាគមិនជាយល់ស្រប

Share

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អតីតរដ្ឋមន្ត្រីការបរទេសកម្ពុជា បានអះអាងអំពីទំនាក់ទំនង កម្ពុជា -ចិនដោយស្មើភាពក្នុងកិច្ចសហប្រតិបត្តិការណ៍ទ្វេភាគី ។ លោកបន្តថា ចិនផ្ដល់ជំនួយច្រើនណាស់ សម្រាប់កម្ពុជា ដោយមិនចង់បានមកនូវការតបស្នងសងគុណ ជាលក្ខណៈនយោបាយអ្វីឡើយ ។ លោកអះអាងថា មិនដូចប្រទេសមួយចំនួននោះទេ ។ តែអ្នកវិភាគ មិនជាយល់ស្របច្រើនទេចំពោះ អះអាងថារបស់ លោកហោណាំហុង ។ លោកឯមសុវណ្ណា មើលឃើញថា ចិន ជាមហាអំណាចមួយកំពុងរុញឱ្យកម្ពុជា ឆ្លាតឆ្ងាយពីគោលការណ៍អព្យាក្រឹត្យជាមួយពួកលោកខាងលិច។

កញ្ញា នឿន ស្រីណុច រាយការណ៍៖

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អតីតរដ្ឋមន្ត្រីការបរទេសកម្ពុជា បានអះអាងថា រដ្ឋាភិបាលចិន បានផ្តល់ជំនួយដល់ប្រទេសកម្ពុជា ក្នុងកិច្ចចូលរួមស្តារសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធនានា ដោយមិនកំណត់លក្ខខណ្ឌនយោបាយ ដូចប្រទេសមួយចំនួននោះទេ។

សេចក្ដីថ្លែងអះអាងរបស់ លោកហោ ណាំហុង ធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល តាមរយៈវីដេអូ Video Conference ជាមួយលោក Wang Yi ជារដ្ឋមន្រ្តីការបរទេសចិន នៅព្រឹកថ្ងៃទី១៦ ខែមិថុនា នេះ។

អតីតប្រមុខការទូតកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មិនមានការផ្តាច់មុខមិត្តភាពរបស់កម្ពុជា ជាមួយប្រទេសណានោះទេ យើងបើកចំហរទាំងអស់ ទំនាក់ទំនងកម្ពុជា-ចិន ល្អដោយសារអី ដោយសារចិន ផ្តល់ជំនួយឥតសំណង ផ្តល់ឥណទានជាច្រើនក្នុងការកសាងសង្គមកម្ពុជា ការបណ្តាក់ទុនវិនិយោគជាច្រើននៅកម្ពុជា អត់មានលក្ខខណ្ឌនយោបាយ»។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានFresh News ។

ប្រភពនេះ បាន ស្រង់សំដី លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ទំនាក់ទំនងកម្ពុជា គឺជាទំនាក់ទំនងជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងរឹងមាំបំផុត។ ក៏ប៉ុន្តែ ទំនាក់ទំនងកម្ពុជា-ចិន មិនមែនជាទំនាក់ទំនងផ្តាច់មុខនោះទេ គឺប្រទេសកម្ពុជា ត្រូវការរឹតចំណងមិត្តភាពទាំងអស់ជាមួយប្រទេសនានា នៅជំវិញពិភពលោក។

កម្ពុជា ជាប្រទេសក្នុងសមាគមអាស៊ាន ជាកូនបំណុលដ៏ធំនៃប្រទេសចិន ជំពាក់ចិនរាប់ពាន់លានដុល្លារ ។ ក្នុងស្ថានភាព កម្ពុជា ក៏ទទួលបាន ការអភិវឌ្ឍស្ទើគ្រប់វិស័យ។ ប៉ុន្តែ អ្នកសង្កេតការណ៍ខ្លះ ដាក់ព្រួយបារម្ភ អំពីឥទ្ធិពលចិន កាន់តែខ្លាំងលើអធិបតេយ្យភាពកម្ពុជា បើទោះលោកទទួលស្គាល់ចិន ជួយអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសកម្ពុជា ក៏ដោយ។

អ្នកវិភាគឯមសុវណ្ណារ៉ា បានពន្យល់ដូចនេះ ក្នុងបទសម្ភាសជាមួយនឹងវិទ្យុស្ត្រី ដែលមានដូចនេះថា ៖———–ចាក់សំឡេង

រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែល សម្ដេចហ៊ុនសែន ជានាយករដ្ឋមន្ត្រី។ សម្ដេចហ៊ុនសែនក៏តែងតែច្រានចោលការរិះគន់ថា កម្ពុជា ជាអាយ៉ងរបស់ចិន ។ ប្រមុខរាជរដ្ឋាភិបាល បានប្រកាន់ថា កម្ពុជា មាន រដ្ឋធម្មនុញ្ញ ជាត្រីវិស័យ គូសវៀសផ្លូវ សម្រាប់គោលនយោបាយការបរទេសកម្ពុជាដែលសម្ដេចអះអាងថា ឈរលើគោលការណ៍័ឯករាជ្យ ភាពគឺមិនរណប ប្រទេសណាមួយឡើយ ទោះបី ប្រទេសចិនក៏ដោយ ហើយកម្ពុជា កំណត់ទំនាក់ទំនងទ្វេភាគីដោយ ស្មើភាព៕

Share

Image
Image
Image