en     km
en     km

លោកស្រីអ៊ុងសានស៊ូជីបង្ហាញជាតិនិយមច្រើនជាងការពារជនអន្តោប្រវេសន៍ជាតិសាសន៍គេ

Share

ទោះបីជាសតវត្សទី២១ក៏ដោយ ឬគេហៅថាសម័យបច្ចេកវិទ្យាទំនើបក្តីប៉ុន្តែសម្រាប់អ្នកនយោបាយ គឺខុសពីនេះ ពួកគាត់នៅតែប្រកាន់ជាតិសាសន៍និងនិន្នាការនយោបាយ។

ប្រភពរូបភាព ABC

លោកស្រី អ៊ុង សានស៊ូជី ដែលជាជ័យលាភីណូបែលសន្តិភាព ហើយគេហៅថាជាជើងឯកប្រជាធិបតេយ្យនៅភូមាបានការពារជំហររបស់លោកស្រីចំពោះការរិះគន់ពីប្រទេសមួយចំនួនដែលចោទថាលោកស្រីមិនបានការពារជាតិសាសន៍ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ភូមា។ លោកស្រីបានប្រតិកម្មទៅនឹងអ្នករិះគន់ទំាងនោះថាគ្រប់ជាតិសាសន៍ទំាងអស់ដែលរស់នៅភូមាត្រូវបានការពារជាពិសេសនៅរដ្ឋ រ៉ាក់ខាញ។

ប្រតិកម្មលោកស្រីអ៊ុងសានស៊ូជីដូចនេះនៅពេលដែលលោកស្រីបាន​ភ្ជាប់ទូរស័ព្ទជាមួយប្រធានាធិតីតួគី លោក Recep Tayyip Erdogan ដែលបានសួរលោកស្រីអំពីការការពារជាតិសាសន៍នៃសហគមន៍ម៉ូស្លីមរ៉ូហ៊ីងយ៉ាដែលកំពុងរកទុក្ខបុកម្នេញអំពើហិង្សានៅតំបន់រ៉ាក់       ខាញ។ លោកស្រីបានបញ្ជក់ថារដ្ឋាភិបាលការពារពលរដ្ឋគ្រប់សហគមន៍តែសំខាន់បំផុតរដ្ឋាភិបាលប្រឆំាងការជ្រៀតចូលនៃអំពើភេរវកម្ម។

ហិង្សាដែលផ្ទុះទ្បើងរយៈពេលចុងក្រោយនេះ បានបណ្តាលឱ្យសហគមន៍រ៉ូហ៊ីងយ៉ារត់ភៀសខ្លួនទៅប្រទេសជិតខាង កើនទ្បើង១សែន២ ម៉ឺន៣ពាន់នាក់។ ករណីនេះនំាឱ្យមានការចោទរដ្ឋាភិបាលភូមាថាប្រព្រឹត្តិអំពើឧក្រិដ្ឋប្រឆំាងនឹងមនុស្សជាតិ។ សម្រាប់លោកស្រីអ៊ុង សាន ស៊ូជីវិញ បានប្រាប់រដ្ឋមន្រី្តការបរទេសឥណ្ឌូនេស៊ីដែលបានមកជួបលោកស្រីកាលពីម្សិលមិញថា យោធាចំាបាច់ត្រូវការពារសន្តិសុខជូនប្រជាជននៅតំបន់នោះ។ សហគមន៍រ៉ូហ៊ីងយ៉ាបានចូលមករស់នៅប្រទេសភូមាតាមរយៈអាណានិគមអង់គ្លេស។

សហគមន៍នេះត្រូវបានរដ្ឋធម្មនុញភូមាបច្ចុប្បន្ននេះចាត់ទុកជាជនអន្តោប្រវេសន៍ខុសច្បាប់។ ទំនងដោយសារតែរឿងនេះហើយបានជាជ័យលាភីណូបែលរូបនេះមិនហ៊ានពោលពាក្យថា ការពារសិទ្ធិមនុស្សសម្រាប់សហគំន៍រ៉ូហ៊ីងយ៉ានោះទេ លោកស្រីគ្រាន់តែនិយាយថាជាតិសាសន៍ទំាងអស់ត្រូវបានការពារដូចៗគ្នា។ សហគមន៍រ៉ូហ៊ីងយ៉ា ធ្លាប់បង្កើតកងប្រដាប់អាវុធដើម្បីទាមទារការគ្រប់គ្រងដាច់ដោយឡែកពីរដ្ឋាភិបាលទីក្រុងរ៉ុងហ្គូន ទោះបីជាជាតិសាសន៍នេះជាជនអន្តោប្រវេសន៍ មកពីប្រទេសបង់ក្លាដេសនិងឥណ្ឌាក៏ដោយ។

ទំនងមូលហេតុនេះហើយដែលគេមើលឃើញថាលោកស្រីអ៊ុងសានស៊ូជី ជាជើងឯកការពារសិទ្ធិមនុស្សក៏ដោយតែលោកស្រីមិនអាច ភ្លេចបានទ្បើយនៅជាតិនិយមរបស់ខ្លួន ជាហេតុធ្វើឱ្យលោកស្រីប្រើប្រាស់ស្មារតីជាតិនិយមច្រើនជាងការសន្តោសប្រណីលើជាតិសាសន៍ដទៃ៕

 

Share

Image
Image
Image