en     km
en     km

លោកសម រង្ស៊ីនិងថ្នាក់ដឹកនាំនៃអតីតCNRPនឹងចូលតំបន់អាស៊ីនៅថ្ងៃទី៥វិច្ឆិកាមុនមកដល់កម្ពុជា ៩វិច្ឆិកា

Share

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អតីតគណបក្សសង្គ្រោះជាតិ ចុះផ្សាយថាថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ និងលោកសម រង្ស៊ីផងនោះ នឹងចូលមកកាន់ទឹកដីអាស៊ីនៅថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាគិតថា ប្រទេសជាសមាជិកអាស៊ាន នឹងសហការ​ ចាប់លោក សម រង្ស៊ី បញ្ជូនមកកម្ពុជា តាមដីកាតុលាការដែលកម្ពុជាបញ្ជូនទៅប្រទេសទាំងនោះ ។យ៉ាងណា អ្នកច្បាប់ នៃអង្គការសិទ្ធិមនុស្សយល់ថា ប្រទេសជាសមាជិកអាស៊ានអាចនឹងមិនអនុវត្តតាមដីកាតុលា​ការ​កម្ពុជានោះទេ ព្រោះ​នេះជារឿងនយោបាយ ។  

រាយការណ៍ដោយលោក សោម លាភ

បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សសង្រ្គោះជាតិ  អតីតគណបក្សនេះបានចេញសេចក្ដីប្រកាសព័ត៌មាន ធ្វើឡើងនៅទីក្រុងឡូវេល រដ្ឋម៉ាសាជូសេដ សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៥ កញ្ញា ។ សេចក្ដីប្រកាសព័ត៌មាននេះ បញ្ជាក់ថា កិច្ចប្រជុំគណកម្មាធិការអចិន្ត្រៃយ៍នេះ ប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី ១៣ កញ្ញា ។

កិច្ចប្រជុំនោះដើម្បីវាយតម្លៃស្ថានភាពនយោបាយនៅកម្ពុជាដែលកំពុងវិវត្តន៍ និងរៀបចំផែនការសកម្មភាពសម្រាប់ដំណើរមាតុភូមិនិវត្តរបស់ថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ ។

សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បាននិងកំពុងត្រៀមខ្លួនទទួលដំណើរមាតុភូមិនិវត្ត ដែលដឹកនាំដោយលោក សម រង្ស៊ី ប្រធានស្ដីទីនៃអតីតសង្គ្រោះជាតិ ។

នៅក្នុងកិច្ចប្រជុំនោះ បានសម្រេចកំណត់ និងចាត់ចែងមធ្យោបាយឱ្យថ្នាក់ដឹកនាំគណបក្ស និងលោក សម រង្ស៊ី ចូលដំបន់អាស៊ី នៅថ្ងៃទី ៥ វិច្ឆិកា ឆ្នាំ ២០១៩ ។

ជាងនេះទៅទៀត ក៏មានត្រៀមថវិកា សម្រាប់ផ្គត់ផ្គង់កងកម្លាំងប្រដាប់អាវុធ ដែលការពារប្រជាពលរដ្ឋកម្ពុជាក្នុងថ្ងៃមាតុភូមិនិវត្តនោះ ។

មិនតឹ្រមតែប៉ុណ្ណោះ សេចក្ដីប្រកាសនេះ ក៏អំពាវនាវឱ្យពលករខ្មែរដែលកំពុងធ្វើការនៅក្រៅស្រុក ត្រឡប់ចូលកម្ពុជា ដើម្បីឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន ។

កន្លងទៅសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថានឹងបញ្ជូនសាលដីការតុលាការកម្ពុជាទៅបណ្ដាប្រទេសជាសមាជិកអាស៊ាន ។

លោក សម រង្ស៊ីថា លោកវិលចូលតំបន់អាស៊ី នឹងប្រើប្រាស់លិខិតឆ្លងដែនបារាំងដែលលោកថា មានតែបារាំងទេ ដែលអាចចាប់ខ្លួនបាន ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មានប្រសាន៍ថា លោក សម រង្ស៊ី គឺជាករណីបទល្មើសព្រហ្មទណ្ឌ ដូច្នេះប្រទេសទាំងអស់ជាសមាជិកអាស៊ានត្រូវតែចាប់ខ្លួនលោកបញ្ជូនមកម្ពុជាបើទោះបីជាប្រទេសនោះមិនបានចុះហត្ថលេខាបត្យាប័នក៏ដោយ ។

អ្នកនាំពាក្យរូបនេះបន្ថែមថា ករណីលោក សម រង្ស៊ី កាន់សញ្ជាតិណាក៏ដោយ ក៏ត្រូវតែយកមកកាត់ទោស និងអនុវត្តទោសតាមច្បាប់ដែនដីនៃកម្ពុជា ។

លោក ខៀវ សុភ័ក អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្រ្តីកម្ពុជាកាល​ពីពេលថ្មីៗគឺ នៅពេលលោក សម រង្ស៊ី មកដល់ប្រទេសម៉ាឡេស៊ី និងសិង្ហបុរីកាលពីថ្ងៃ​ទី១៦​សីហាថា មិនអាចចាប់ខ្លួនលោកបានទេ ព្រោះលោក សម រង្ស៊ី ប្រើលិខិតឆ្លងដែនបារាំង ។ តែលោកថា បើមកដល់កម្ពុជា គឺនឹងមានការចាប់ខ្លួនភ្លាម។

​ចំណែក លោក ស៊ឹង សែន ករុណា មន្រ្តី​ជាន់ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (Adhoc) មានប្រសាសន៍ថា ការចាប់បញ្ជូនជនល្មើសគឺមានតែទៅលើជនល្មើសដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ជាបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ ។

លោកបន្ថែមថា បើទោះបីជាបទល្មើសព្រហ្មទណ្ឌក៏ដោយ តែបើប្រទេសនោះមិនចុះហត្ថលេខាលើការព្រមព្រៀងធ្វើបត្យាប័នជាមួយគ្នានោះទេ ប្រទេសនោះក៏នឹងមិនអនុវត្តតាមដីកាពេញលេញដែរ ។

ក្នុងករណី ការបញ្ជូនដីកាទៅប្រទេសជាសមាជិកអាស៊ានរបស់រាជរដ្ឋាភិបាលកម្ពុជាស្នើឱ្យចាប់លោក សម រង្ស៊ី លោកយល់ថាប្រទេសជាសមាជិកអាស៊ាន អាចនឹងមិនអនុវត្តន៍តាមដីកាទាំងនេះនោះទេ ព្រោះជាករណីនយោបាយ ។

លោកបន្ថែមថាបើទោះបីជា មានសញ្ជាតិណាក៏ដោយ ឱ្យតែមានទោសព្រហ្មទណ្ឌ ហើយជាប្រទេសដែលបានចុះហត្ថលេខាធ្វើបត្យាប័នទៅវិញទៅមក ប្រទេសនោះអាចចាប់ខ្លួនជនដែលប្រព្រឹត្តបទល្មើសនោះបាន ។

លោកសឹង សែនករុណា សង្កេតឃើញថា រឿងទាំងអស់នេះកើតឡើងដោយសារស្ថានភាពនយោបាយ បើស្ថានភាពប្រសើរឡើងវិញ នោះអ្នកនយោបាយទាំងនោះអាចនឹងមិនជាប់ទោស ឬមិនជាប់ការចោទប្រកាន់ ។

ខណៈពេលនេះមានការឃាត់ខ្លួនអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិចំនួន ២៦ រូប ដែលពួកគេ​ស្ថិត​នៅក្នុងប្រទេសកម្ពុជា ។ មានមតិលើកឡើងថា នេះជាការគម្រាមបំបាក់ស្មារតីដល់អ្នកគាំទ្រដទៃទៀត ត្រៀមទទួលលោកសមរង្ស៊ី ដែលក្រុមលោក សម រង្ស៊ីថា នៅថ្ងៃទី ៩ វិច្ឆិកា នឹងមកកម្ពុជា យ៉ាងពិតប្រាកដ ។ ក្នុងន័យនេះ មន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិអះអាថាសហគមន៍អន្តរជាតិ មានដូចជា អាមេរិក សហភាពអឺរ៉ុប និងប្រទេសក្នុងតំបន់អាស៊ីអាស៊ីអាគ្នេយ៌ កំពុងតាម​ដានការ​វិលមកវិញរបស់លោកសមរង្ស៊ី ហើយពួកគេអាចមាននឹងមានអន្តរាគមន៍​ទៀត​ផង ៕

Share

Image
Image
Image