en     km
en     km

លក់​ចាប​ស្លឹក​ត្នោត​តាម​ភ្លើងស្តុប​និង​ទី​សាធារណៈ​ចៀស​ពី​ឈ្មោះ​ថា​ «​អ្នក​សុំទាន​»

Share

​ភ្នំពេញ​៖​ ពាក់​អាវដៃវែង​ក្រឡា​ពង​ជីងចក់​ល្អិត​ពណ៌​ខៀវ​ស្រគាំ​ មាន​ស្បែក​មុខ​ជ្រាវ​ជ្រួញ​ មាន​សម្បុរ​ខ្មៅ​ស្រអែម​ កំពុង​អង្គុយ​នៅ​លើ​ចិញ្ចើម​ផ្លូវត្រង់​ម្តុំ​ភ្លើងស្តុប​ក្បែរ​សាលា​បឋម​សិក្សា​ចតុមុខ​ តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​ មាន​កន្ត្រក​ធំ​មួយ​បញ្ឈរ​ដាក់​ចង​រូប​ចាប​ស្លឹក​ត្នោត​ចម្រុះ​ពណ៌​រណោង​ក្បែរ​ខ្លួន​ គឺ​លោកយាយ​ វ៉ុ​យ​ ស៊ា​ង​ អាយុ​ ៦៨​ ឆ្នាំ​ ។​ លោកយាយ​ វ៉ុ​យ​ ស៊ា​ង​ បាន​និយាយ​រៀបរាប់​មួយៗ​ ពី​ការ​ចាប់​របរ​លក់​ចាប​ធ្វើ​ពី​ស្លឹក​ត្នោត​ នៅ​តាម​ភ្លើងស្តុប​ថា​៖​ «​ដោយសារ​តែ​ខ្ញុំ​មាន​វ័យ​កាន់តែ​ចាស់​ទៅ​ហើយ​ មិន​អាច​ទៅ​ធ្វើ​ការងារ​អ្វី​ផ្សេង​ដើម្បី​ចិញ្ចឹមជីវិត​ដូច​គេ​ ហើយ​ចិត្ត​ហ្នឹង​ក៏​ចង់រក​លុយកាក់​ខ្លះ​កុំ​ពឹង​លើ​កូន​ទាំងស្រុង​ពេក​»​។​
grandma-voy-seang-cover
«​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​ ដែល​មក​ម្នាក់​អង្គុយ​ក្រោម​កម្តៅថ្ងៃ​ចាប់ពី​ម៉ោង​ ៩​ ព្រឹក​រហូត​ដល់​ម៉ោង​ ៤​ រសៀល​ ចាំ​លក់​ចាប​ស្លឹក​ត្នោត​ និង​កន្ត្រក់​ធ្វើ​ពី​រំ​ពាក់​សម្រាប់​កុមារ​លេង​កម្សាន្ត​ដល់​អ្នក​ធ្វើ​ដំណើរ​នៅ​តាម​ភ្លើងស្តុប​ ដើម្បី​បាន​លុយ​បន្តិចបន្តួច​យក​មក​ចិញ្ចឹមជីវិត​»​។​ លោកយាយ​ វ៉ុ​យ​ ស៊ា​ង​ បាន​បញ្ជាក់​ទៀត​ថា​៖​ «​ទោះជា​មានការ​លំបាក​ក៏​ពិតមែន​ ប៉ុន្តែ​អ៊ុំ​មិន​ចង់ឱ្យ​​មនុស្ស​ផង​ទាំងឡាយ​ហៅ​ខ្ញុំ​ថា​ ជា​អ្នក​សុំទាន​តាម​ច​ញ្ចើ​ម​ផ្លូវ​ទេ។ ខ្ញុំ​ប្តេជ្ញា​ចិត្ត​ថា​មិន​សុំទាន​គេ​ដាច់ខាត់​ដរាប​ខ្លួន​នៅ​មានជីវិត​»​។​

​និយាយ​បណ្តើរ​ភ្នែក​សម្លឹង​ទៅ​កាន់​រូប​ចាប​ស្លឹក​ត្នោត​ដែល​កំពុង​ដាក់​លក់​តាម​ចិញ្ចើម​ផ្លូវ​បណ្តើរ​លោកយាយ​ វ៉ុ​យ​ ស៊ា​ង​ បាន​រៀបរាប់​ឱ្យ​ដឹង​ទៀត​ថា​ លោកយាយ​បាន​ចាប់​មុខរបរ​លក់​ចាប​ស្លឹក​ត្នោត​នៅ​ទីក្រុង​ភ្នំពេញ​នេះ​ មាន​រយៈពេល​ជាង​ ០៦​ មក​ឆ្នាំ​ហើយ​ ហើយ​របរ​មួយ​នេះ​បាន​ជួយ​ឱ្យ​លោកយាយ​មានជីវិត​រហូត​មក​ដល់​សព្វថ្ងៃ​។​

​បច្ចុប្បន្ន​រស់នៅ​ឃុំ​ផ្សារ​ដែក​ ភូមិ​បដិមាករ​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ លោកយាយ​ វ៉ុ​យ​ ស៊ា​ង​ ត្រូវធ្វើ​ដំណើរ​តាម​រថយន្តឈ្នួល​មក​រាជធានី​ភ្នំពេញ​ដើម្បី​លក់​ចាប់​ស្លឹក​ត្នោត​និង​កន្ត្រ​ក់រំ​ពាក់​ដែល​គាត់​ទិញ​ពី​អ្នក​ភូមិ​។​ ជា​រៀង​រាល់​ ០៦​ ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍​លោកយាយ​ វ៉ុ​យ​ ស៊ា​ង​ ត្រូវធ្វើ​ដំណើរ​មក​លក់​ចាប​ស្លឹក​ត្នោត​ លើកលែង​ ០១​ ថ្ងៃ​ដែល​ថ្ងៃសីល​គាត់​ត្រូវ​ទៅ​វត្ត​។​

grandma-voy-seang-01«​ខ្ញុំ​ត្រូវ​ទិញ​ចាប​ស្លឹក​ត្នោត​ក្នុង​មួយ​ថ្ងៃ​ពី​ ៣០​ ទៅ​ ៥០​ ចាប​មក​លក់​បន្ត​នៅ​ទីក្រុង​…​ ចាប​ស្លឹក​ត្នោត​ ១០​ ត្រូវ​ទិញ​ក្នុង​តម្លៃ​ ៥​ពាន់​រៀល​ពី​អ្នក​ធ្វើ​ ហើយ​លក់​ទៅ​វិញ​ ០១​ នៅ​ក្នុង​តម្លៃ​ ១​ពាន់​រៀល​ ចំណែក​កន្ត្រក់​រំពា​ក់មួយ​ខ្ញុំ​លក់​ក្នុង​តម្លៃ​ ២​ពាន់​រៀល​»​។​ ក្នុង​មួយ​ថ្ងៃ​លោកយាយ​ វ៉ុ​យ​ ស៊ា​ង​  អាច​រក​ចំណូល​បាន​ពីរ​បរ​ចំនួន​ពី​ ១​ម៉ឺន​ប្រាំពីរ​ពាន់​រៀល​ ទៅ​២​ម៉ឺន​ប្រាំ​ពាន់​រៀល​ ការ​ធ្វើ​ដំណើរ​ទៅ​មក​ត្រូវ​ចំណាយ​ប្រាក់​អស់​ ១​ម៉ឺន​រៀល​ ក្នុង​នោះ​កាត់កង​ចំណាយ​ថ្លៃ​បាយ​ទឹក​រួច​ លោកយាយ​អាច​នៅ​សល់​ប្រាក់​ជា​មធ្យម​ត្រឹម​ ១​ម៉ឺន​ពីរ​ពាន់​រៀល​។​

​លោកយាយ​ វ៉ុ​យ​ ស៊ា​ង​ បានឱ្យ​ដឹង​ថា​ រូប​គាត់​ជា​ស្ត្រី​មេម៉ាយ​តាំង​ មានកូន​ពីរ​នាក់​ក្នុង​បន្ទុកគ្រួសារ​ មានកូន​ស្រី​ម្នាក់​ធ្វើ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ និង​កូនប្រុស​ម្នាក់​ទៀត​មានមុខរ​បរជា​កម្មករ​សំណង់​នៅ​ទីរួមខេត្ត​កណ្តាល​។​ ដូន​ចាស់​បាន​បន្ត​និយាយ​ទាំង​សំឡេង​អួល​ដើម​កថា​៖​ «​ វ័យ​របស់ខ្ញុំ​កាន់តែ​ចាស់​ !​ កូនចៅ​មិន​ចង់​ឱ្យមក​ដើរ​លក់​រូប​ចាប​ស្លឹក​ត្នោត​នៅ​ភ្នំពេញ​នោះ​ទេ​ ប៉ុន្តែ​ដោយសារ​ជីវភាព​ក្រីក្រ​ គ្មាន​របរ​អ្វី​ក្រៅពី​ធ្វើស្រែ​ ហើយ​ចិត្ត​មិន​ចង់​ពឹងផ្អែក​លើ​កម្លាំង​កូន​ ទើប​ខ្ញុំ​សម្រេច​ចាក​ចេញពីផ្ទះ​ស្ទើ​ជា​រៀងរាល់ថ្ងៃ​ ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម​»​។​

​ចាប​ស្លឹក​ត្នោត​និង​កន្ត្រ​ក់រំ​ពាក់​ដែល​លោកយាយ​ វ៉ុ​យ​ ស៊ា​ង​ ទិញ​យក​មក​លក់​បន្ត​មាន​ច្រើន​ពណ៌​ច្រើន​ប្រភេទ​ មាន​ភាព​ស្រស់​ស្អាត​ទាក​ទាញអារម្មណ៍​អ្នក​ធ្វើ​ដំណើរ​ ឱ្យ​មើល​ទំនិញ​របស់​គាត់​ស្ទើរតែ​មិន​រំលង​ឡើយ​ ហើយ​នៅ​ពេល​ដែល​ភ្លើងស្តុប​លោត​ភ្លើង​ក្រហម​ជា​សញ្ញា​ប្រាប់​ដល់​អ្នកដំណើរ​ទាំងអស់​ឱ្យ​ឈប់​ ជា​ឱកាស​មួយ​ដែល​អ្នក​លោកយាយ​លក់​ចាប​ស្លឹក​ត្នោត​នៅ​នឹង​កន្លែង​។​

«​ពេល​ឃើញ​លោកយាយ​មានគំនិត​ច្នៃប្រឌិត​មក​លក់​កន្ត្រក​ លក់​ចាប់​ស្លឹក​ត្នោត​បែប​នេះ​ ខ្ញុំ​ពេញចិត្ត​និង​បាន​សរសើរ​ពី​ការ​តស៊ូ​របស់​លោកយាយ​»​។​ នេះ​ជា​ការ​លើក​ឡើង​របស់​ កញ្ញា​ ធីតា​  ជា​អ្នកដំណើរ​ម្នាក់​ដែល​ទាក់​ចិត្តនឹង​រូប​ចាប​ស្លឹក​ត្នោត​ចម្រុះ​ពណ៌​របស់​លោកយាយ​ វ៉ុ​យ​ ស៊ា​ង​។​grandma-voy-seang-02

​យុវតី​ម្នាក់​ដែល​បាន​ចុះ​ទិញ​ចាប​ស្លឹក​ត្នោត​របស់​ស្ត្រី​វ័យ​ចំណាស់​នេះ​ រ​ដ្ឋា​ បាន​និយាយ​ថា​៖​ «​មនុស្ស​វ័យ​ចំណាស់​មួយ​ចំនួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ហាក់​មិនសូវ​ចេះ​រកស៊ី​អ្វី​នោះ​ទេ​…​ ខ្ញុំ​អត់​ចូល​ចិត្ត​ទេ​ បើ​កម្លាំង​នៅ​មាន​ត្រូវ​តែ​ធ្វើការ​កុំ​ចេះ​តែ​ដើរ​លើកដៃ​សុំទាន​។​ អា​ដើរ​សុំទាន​គេ​នេះ​មិន​សម​ទេ​ ធ្វើ​ដូច​គាត់​ល្អ​ ព្រោះ​វា​ជា​គំរូ​ដល់​អ្នក​ដទៃ​ទៀត​ព្រមទាំង​បង្ហាញ​ពី​ទម្លាប់​ល្អ​នៅ​ក្នុង​សង្គម​ផង​…»​។​
​តាម​ការ​សម្គាល់​នៅ​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​នេះ​ មាន​មនុស្ស​វ័យ​ចំណាស់​ច្រើន​នាក់​បាន​សម្រេចចិត្ត​ឈាន​ជើង​ពី​ស្រុក​កំណើត​ មក​ពី​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ ដើម្បី​មក​បន្តជីវិត​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ដោយ​ចាប់​យក​របរ​សុំទាន​ជា​អាជីព​។​ ក្នុង​ចំណោម​មនុស្ស​ចាស់​ដែល​ដើរ​សុំទាន​តាម​ផ្ទះ​ តាម​ទី​សាធារណៈ​ទាំងនេះ​ កម្រ​ឃើញ​មាន​អ្នកមាន​គំនិត​ច្នៃប្រឌិត​បង្វែរ​ពី​ការ​លើកដៃ​សុំទាន​ មក​ជា​អ្នកលក់​របស់របរ​កែ​ច្នៃ​ផ្សេងៗ​ជា​វត្ថុ​អនុស្សាវរីយ៍​។​

«​ខ្ញុំ​បាន​សម្រេចចិត្ត​ប្រកប​របរ​លក់​រូប​ចាប​ធ្វើ​ពី​ស្លឹក​ត្នោត​នៅ​តាម​ភ្លើងស្តុប​និង​ទី​សាធារណៈ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​ចៀស​ពី​ឈ្មោះ​ថា​ជា​អ្នក​សុំទាន​…​ ខ្ញុំ​លើកដៃ​មិន​រួច​ដូច​មនុស្ស​ចាស់​មួយ​ចំនួន​ដើរ​សុំទាន​ទេ​ឡើយ​ កម្លាំង​រកបាន​ត្រូវ​រក​ ទាល់​ដេក​ដួល​មក​លែង​រួច​ទើប​ខ្ញុំ​ឈប់​»​។​ នេះ​ជា​គោល​ជំហ​របស់​លោកយាយ​ វ៉ុ​យ​ ស៊ា​ង​ មុន​នឹង​បញ្ចប់​ការ​សន្ទនា​ជាមួយ​អ្នក​សារព័ត៌មាន​ WMC​ ៕​

Share

Image
Image
Image