en     km
en     km

រុស្ស៊ី៖ ពូទីន បង្ហាញភាពទន់ភ្លន់ចង់បន្ថយភាពតានតឹងជាមួយសហភាពអឺរ៉ុប

Share

រុស្ស៊ី៖ បន្ទាប់ពីឈ្នះឆ្នោតមិនពេញមុខពេញមាត់ ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីអាទិត្យ ទី១៩ មីនា  ក្រោមរូបភាពដែលអ្នកសង្កេតការណ៍ឯករាជ្យថា មិនមានតម្លាភាព និងត្រឹមត្រូវតាមស្តង់ដាមួយ ដែលអាចទទួកយកបាន ដោយការឃាឃាំងមេបក្សប្រឆាំងមិនឱ្យមានសិទ្ធិឈរជាបេក្ខជន លោក ពូ ទីន ជាអ្នកទទួលជ័យលាភីដាច់គេ បានសន្យាថា អណត្តិថ្មីរបស់លោកមិនត្រូវប្រឈមជាមួយប្រទេសសហភាពអឺរ៉ុបនោះទេ។ ការសន្យារបស់មេដឹកនាំវិមានក្រឹមឡាំងនេះ ក៏នាំឱ្យមានសាទរខ្លះដែរពីមេដឹកនាំសហភាពអឺរ៉ុប។

 

                                                                                 ​លោក ពូទីន ប្រធានាធិបតីរុស្ស៊ី ។

 

ប្រធានាធិបតីនៃប្រទេសរុស្ស៊ី បង្ហាញភាពទន់ភ្លន់ចង់បើកការចរចាជាមួយមេដឹកនាំ នៃបណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុបដោយសង្ឃឹមថា បញ្ហាមួយចំនួនដែលមិនអាចដោះស្រាយ នឹងត្រូវបានលើកមកពិភាក្សាដោយន័យស្ថាបនា ។

តាមបណ្ដាញផ្សាយព័ត៌មាន BBC ការបញ្ជាក់ជំហររបស់លោក ពូ ទីន ដូចនេះ បន្ទាប់ពីលោក ត្រូវបានប្រកាសថា ជាអ្នកឈ្នះឆ្នោតមួយអាណត្តិ ៦ ឆ្នាំទៀត ក្នុងតំណែងម្ចាស់វិមានក្រឹមឡាំង។

នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាទិត្យទី ១៨ មីនា ដែលអ្នកសង្កេតការណ៍ថា ឈ្នះដោយគ្មានអ្នកខ្លាំងចូលរួមប្រកួត គឺមេដឹកនាំ ប្រទេសមហាអំណាចរុស្ស៊ីរូបនេះ បានសន្លឹកឆ្នោត ៧៦ ភាគរយក្នុងអត្រាអ្នកចេញទៅបោះឆ្នោតលើកនេះចុះជាងអាណត្តិមុន គឺមានជាង ៦០ភាគរយ។

លោក ពូ ទីន បាននិយាយថា អាណត្តិក្រោយនេះ នឹងមិនមានការរត់ប្រណាំងសព្វាវុធខ្លាំងក្លាទេ ដោយលោកសន្យាកាត់បន្ថយការចំណាយវិស័យការពារជាតិ។ ប៉ុន្តែអ្វីដែលមេដឹកនាំប្រទេសមហាអំណាច បានបង្ហាញជំហរដូចនេះ  បន្ទាប់ពីលោក ទទួលបានការសាទរមួយ ដោយលាក់លៀម របស់អធិការបតីអាល្លឺ អង់ជេឡាម៉ាគែល។ លោកស្រីបានរំលឹកដំណោះស្រាយមួយដែលស្ថិរភាព គឺការទទួលយកបានរបស់សហគមន៍អន្តរជាតិ។ តែស្របពេល នេះដែរប្រធានាធិបតីបារាំងវ័យក្មេង លោក Emmanuel Macron ហាក់មិនបានស្វាគមន៍ ជ័យជម្នះរបស់លោក ពូទីននោះទេ បែរជាលោក លើកឡើងអំពីការវាយប្រហារដោយថ្នាំពុលសម្លាប់ អតីតចារកម្មជាតិរុស្ស៊ី នៅក្នុងប្រទេសអង់គ្លេសទៅវិញ។

                                                                                       លោក ពូទីន ប្រធានាធិបតីរុស្ស៊ី ។

 

លោក Macron បានហៅការបោះឆ្នោតនៅតំបន់គ្រីមៀរ ដែលរុស្ស៊ីច្បាមយកជាឧបសម្ព័ន្ធ កាលពីឆ្នាំ២០១៤ ថាជារឿងហួសចិត្ត ដែលមិនអាចទទួលស្គាល់ការបោះឆ្នោតនៅតំបន់នោះទេ។ ទាំងនាយករដ្ឋមន្ត្រីអង់គ្លេស ធារិហ្សាមេ (Theresa May) និង ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ មិនឃើញផ្ញើសារសាទរលោកពូទីននោះទេ។ ដោយឡែកមេដឹកនាំមហាអំណាចចិន ដែលទើបប្រកាសឱ្យកាន់តំណែង ជាប្រធានាធិបតីអស់មួយជីវិត លោក ស៊ីជិនភីង បាន សាទរលោកពូទីនដោយប្រើពាក្យ សាទរយ៉ាងកោះក្ដៅក្រៃលែង។ តែជាមួយគ្នានេះ មេដឹកនាំប្រទេសអតីតសម្ព័ន្ធមិត្តសហភាពសូវៀត ក៏បានសាទរលោកពូទិនដែរ តែមានឃ្លាមួយ បានបញ្ជាក់ពី ការសង្ឃឺមថា ទំនាក់ទំនងទ្វេភាគីមានភាពប្រេះស្រាំកន្លងមកនឹងត្រូវកែលម្អ ក្រោមការដឹកនាំរបស់អតីតមេដឹកនាំទីភ្នាក់ងារចារកម្ម KGB រូបនេះ។

យ៉ាងណាក៏ដោយការបោះឆ្នោត ប្រធានាធិបតី កាលពីថ្ងៃអាទិត្យដែលនាំឱ្យលោក ពូនទីនមានឱកាសកាន់អំណាចដល់ឆ្នាំ ២០២៤ មិនត្រូវបានអ្នកសង្កេតការណ៍ឯករាជ្យ ចាត់ទុកថាមានតម្លាភាព ត្រឹមត្រូវ នោះទេ ដោយសារគូប្រកួតដ៏ខ្លាំងតែ មួយគត់របស់លោកពូទីនគឺ អ្នកទោស នយោបាយAlexei Navalny  ត្រូវបានឃាឃាំងមិនឱ្យចុះឈ្មោះ ជាបេក្ខជនឡើយ។ ជាមួយគ្នានេះ ក្រុមអ្នកសង្កេតការណ៍ ឯករាជ្យមកពី អង្គការឃ្លាំមើលការបោះឆ្នោតមួយដ៏ ល្បីឈ្មោះថា Golos រកឃើញ ករណីមិនប្រក្រតីចំនួន ២៥០០ករណីនៅទូទាំងប្រទេស ៕

 

Share

Image
Image
Image