en     km
en     km

រុស្ស៊ីនឹងបង្វែបំណុលកម្ពុជាជំពាក់ទៅជាការវិនិយោគតាមការស្នើរបស់សម្ដេច ហ៊ុន សែន(មានសំឡេង)

Share

ភ្នំពេញ៖ រុស្ស៊ីនឹងបង្វែរបំណុលកម្ពុជាជំពាក់ខ្លួនទៅជាការវិនិយោគតាមការស្នើរបស់ សម្ដេច ហ៊ុន សែន។ នេះបើតាមការចុះផ្សាយលើទំពរហ្វេសបុករបស់សម្ដេចហ៊ុនសែននៅថ្ងៃទី ១៩តុលានេះ។រាយការណ៍ជូន ដោយ សោម លាភ!

តាមខ្លឹមសារនៅលើទំព័រហ្វេសបុករបស់សម្ដេច ហ៊ុន សែន បញ្ជាក់ថា ការបង្ហាញជំហរបែបនេះរបស់រុស្ស៊ីធ្វើឡើងតាមរយៈជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្ដេចហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ី គឺលោក ដិមិទ្រី មីតដ្វេដែវ (Dmi​try Medvedev) នៅទីក្រុង ប្រ៊ុចសែលនៃប្រទេសបែលហ្សិក។

ក្នុងជំនួបនោះលោកនាយករដ្ឋមន្រ្តីរុស្ស៊ីថា ភាគីរុស្ស៊ីពិតជាចង់ជួយកម្ពុជាលើវិស័យមួយចំនួន។

ក្រោយពីការស្នើរបស់សម្ដេច ហ៊ុន សែន លោក Dmi​try Medvedev ថារុស្ស៊ីនឹងប្រើប្រាស់បំណុលដែលកម្ពុជាជំពាក់រុស្ស៊ី ឱ្យទៅជាការវិនិយោគនៅកម្ពុជា ហើយនេះគឺជាអាទិភាពដ៏ល្អ​សម្រាប់កម្ពុជាដែលរុស្ស៊ីចង់ជួយ។

យ៉ាងណាមិញ លោកនាយករដ្ឋមន្រ្តីរុស្ស៊ីមានប្រសាសន៍ថា រុស្សីនឹងបន្តសហការជាមួយកម្ពុជា ទៅលើវិស័យជាច្រើនរួមទាំងវិស័យសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ដើម្បីឲ្យទំនាក់ទំនង​ នៃប្រ​ទេសទាំងពីរកាន់តែរឹងមាំទ្វេឡើងថែមទៀត។

លោកបន្តថា ចាប់ពីឆ្នាំ២០១៩ទៅ រុស្ស៊ីនឹងផ្តល់​ជំនួយ​មួយចំនួនដល់ប្រទេសកម្ពុជាបន្តទៀត។

សូមបញ្ជាក់ថា នៅក្នុងជំនួបនោះ លោក Dmi​try Medvedev ក៏បានរំលឹកពីការផ្តល់ជំនួយបច្ចេកទេស​មួយចំនួនរបស់រុស្ស៊ីមកលើកម្ពុជាបន្ថែមពីការជួយដល់ការជួសជុលមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ លោកបន្ថែមថា រុស្ស៊ីក៏មានបំណងជួយ​ដល់ការជួសជុលប្រាសាទបុរាណមួយចំនួនរបស់កម្ពុជា ដោយសារតែមានអ្នកទេសចរណ៍​រុស្ស៊ីជាច្រើន បានទៅទស្សនា និងចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសកម្ពុជា។

ក្រសួង​​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុបាន​បង្ហាញ​របាយការណ៍​បំណុល​សាធារណៈ​​របស់​​ប្រទេស​កម្ពុជា កាល​ពី​ពេល​​ថ្មីៗ​នេះ​ថា បើ​គិត​ត្រឹម​ឆ្នាំ​ ២០១៧ ប្រទេស​កម្ពុជា​បាន​​ជំពាក់​លុយ​បរទេស​សរុប​កើន​ឡើង​ដល់​ជាង ៩​ពាន់ ៦៨៥​លាន​ដុល្លារ​អាមេរិក ខណៈ​ដែល​កាល​ពី​ឆ្នាំ​២០១៦ កម្ពុជា​មាន​បំណុល​បរទេស​ត្រឹម​តែ​ជាង​៨​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​របស់​ក្រសួង​សេដ្ឋកិច្ច បង្ហាញ​ថា ប្រភព​កម្ចី​ទ្វេ​ភាគី​ដែល​​កម្ពុជា​ទទួល​​បាន​ជាង ៦ពាន់​លាន​ដុល្លារ ក្នុង​នោះ​ចិន​​​ជា​ប្រទេស​​ដែល​ឲ្យកម្ចីកម្ពុជាច្រើន​ជាង​គេ​គិត​ជា​ទឹក​ប្រាក់​ជាង ៤​ពាន់​លាន​ដុល្លារ និង​បន្ទាប់​មក ជប៉ុន ​ជាង​​១ពាន់​លាន​ដុល្លារ និង​ពហុភាគី មាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ធនាគារ​ពិភពលោក មូលនិធិ​អន្តរជាតិ​សម្រាប់​​អភិវឌ្ឍន៍​​កសិកម្ម មូលនិធិ​អភិវឌ្ឍន៍​ន័រឌីក និង​មូលនិធិ​អូប៉ិច សម្រាប់​ការភិវឌ្ឍ​អន្តរជាតិ ដែល​សរុប​ជា​ទឹក​ប្រាក់​ជាង ៣​ពាន់​លាន​ដុល្លារ។

ដោយឡែកប្រទេសរុស្ស៊ី ដែលកម្ពុជា ក្លាយជាកូនបំណុលដ៏ធំនោះ គឺនៅក្នុងអំឡុង របបសាធារណរដ្ឋប្រជាមានិតកម្ពុជាហើយកាលនោះអតីតសាធារណរដ្ឋសង្គមនិយមសហភាពសូវៀតជាម្ចាស់បំណុល។ កម្ពុជា នៅក្នុងអន្តរកាលនោះ មានទំនាក់ទំនងជិតស្និទ្ធបំផុតជាសាធារណរដ្ឋសង្គមនិយមវៀតណាម ខណៈ វៀតណាមគឺជាដៃស្ដាំតែមួយគត់របស់សហភាពសូវៀតនៅអាស៊ីអាគ្នេយ៍។គិតមកដល់ឆ្នាំ២០១៧ បំណុលកម្ពុជាជំពាក់អតីតសហភាពសូវៀត បានកើនជាង ១៥០០លានដុល្លារ។ កម្ពុជាបានស្វះស្វែងបន្ថូរបន្ថយបំណុលរុស្សីជាច្រើនឆ្នាំមកហើយ។

ក្រៅពីកម្ពុជា ជំពាក់បំណុល សហភាពសូវៀត នៅក្នុងសម័យសង្រ្គាមត្រជាក់ គឺកម្ពុជា នៅបន្តជំពាក់បំណុលអាមេរិកជិត ៥០០លានដុល្លារដែលកម្ពុជាសុំអាមេរិកពិចារណាផ្ទេរទៅជាបំណុលកសិកម្មនិងមនុស្សធម៌វិញ តែអាមេរិកមិនព្រម។

លោក វីល្លៀម ហៃដ្ដ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជាកាលពីឆ្នាំ២០១៧បានបញ្ជាក់​ប្រាប់ប្រព័ន្ធផ្សព្វផ្សាយមួយថា នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​៩០ ចំនួន​បំណុល​ដែល​កម្ពុជា ជំពាក់​សហរដ្ឋអាមេរិក ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ​មិន​ដល់ ២០០​លាន​ដុល្លារ​នោះ​ទេ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ បំណុល​នេះ​បាន​កើន​ដល់​ជិត ៥០០​លាន​ដុល្លារ​ ​៕

អត្ថបទ៖លោក សោម លាភ

Share

Image
Image
Image