en     km
en     km

រាជរដ្ឋាភិបាល​កម្ពុជា​ផ្ញើ​លិខិតផ្លូវការ​ទៅ​ប្រទេស​ជិតខាង​ថា​ ឈប់​ជួល​ដី​តាម​ខ្សែបន្ទាត់​ព្រំដែន​

Share

cover-HS-by-sokha
សម្តេច​ ហ៊ុន​ សែន​ បាន​ផ្ញើ​លិខិតផ្លូវការ​មួយ​ទៅ​រដ្ឋាភិបាល​ប្រទេស​ជិតខាង​ រួម​មាន​ប្រទេស​វៀតណាម​ ឡាវ​ និង​ ថៃ​ ពី​ការ​ឈប់​ជួល​ដី​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​ ក្រោយ​ពី​រាជរដ្ឋាភិបាល​ចេញ​សារាចរ​ហាមប្រាម​ប្រជាពលរដ្ឋ​កម្ពុជា​ ឱ្យ​ឈប់​ជួល​ដី​ឱ្យ​ពលរដ្ឋ​វៀតណាម​កាលពី​កំឡុង​ខែវិច្ឆិកា​កន្លង​ទៅ​។​

​លោក​ ធូ​ វិ​រៈ​ រាយការណ៍​ព័ត៌មាន​នេះ​៖​

នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ផ្ញើ​លិខិតផ្លូវការ​មួយ​ទៅ​នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ព្រមទាំង​រដ្ឋាភិបាល​ឡាវ​ និង​ ថៃ​ ពី​ការ​ហាម​មិន​ឱ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងនោះ​ មក​ជួល​ដី​ខ្មែរ​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​ទៀត​។​

​លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បានឱ្យ​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៦​ មក​រា​ ឆ្នាំ​ ២០១៦​ នេះ​ថា​ សម្តេច​ ហ៊ុន​ សែន​ បាន​ផ្ញើ​លិខិតផ្លូវការ​មួយ​ទៅ​ លោក​ ង្វៀ​ន​ តាន់​យ៉ុ​ង​ នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ព្រមទាំង​រដ្ឋាភិបាល​ឡាវ​ និង​ ថៃ​ អំពី​ការ​ឈប់​ជួល​ដី​នៅ​តាម​ព្រំដែន​កម្ពុជា​។​

​លោក​ ផៃ​ ស៊ី​ផា​ន​ បានឱ្យ​ដឹង​ថា​៖​ «​សម្តេច​ផ្ញើ​ មិន​តែ​វៀតណាម​ទេ​ ថៃ​ ទាំង​ឡាវ​ ប្រទេស​ជុំវិញ​យើង​ ព្រោះ​ជា​វិធានការ​ថ្មី​ សម្តេច​ហាម​មិន​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ប្រទេស​ជិតខាង​ចូល​មក​ជួល​ដី​កម្ពុជា​នៅ​ជាប់​ព្រំដែន​នោះ​ទេ​»​។​

​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ អ្នកនាំពាក្យ​ក្រសួង​ការ​បទេស​ លោក​ ជុំ​ ស​ន្ទ​រី​ មាន​ប្រសាសន៍​ថា​ ក្រសួង​ការ​ទេស​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ជុំវិញ​លិខិត​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ផ្ញើ​ទៅ​ឱ្យ​ប្រទេស​ជិតខាង​នៅឡើយ​ទេ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ០៦​ ខែ​ មក​រា​ ឆ្នាំ​ ២០១៦​នេះ​។​ លោក​ ជុំ​ ស​ន្ទ​រី​ និយាយ​ថា​៖​ «​ខ្ញុំ​មិន​ទាន់​ទទួល​បាន​ដំណឹង​នេះ​នៅឡើយ​ទេ​»​។​

​ជុំវិញ​បញ្ហា​នេះ​ លោក​ កែម​ ឡី​ អ្នក​ស្រាវជ្រាវ​ ពី​ការ​អភិវឌ្ឍ​សង្គម​បាន​សាទរ​ចំពោះ​ចំណាត់ការ​
​របស់​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​ ដែល​បាន​ផ្ញើ​លិខិត​នៅ​រដ្ឋាភិបាល​វៀតណាម​ ឡាវ​ និង​ ថៃ​នេះ​ ក៏​ប៉ុន្តែ​លោក​ កែម​ ឡី​ ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​មាន​យន្តការ​ជាក់លាក់​បន្ថែម​ទៀត​ ដូច​ជា​ធ្វើការ​អភិវឌ្ឍ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​។​

​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ​ បន្ថែម​ថា​ តាម​ការ​ស្រាវជ្រាវ​របស់​លោក​កន្លង​មក​ គឺ​ដី​កម្ពុជា​រាប់​ពាន់​ហិ​កតា​ ភាគច្រើន​ជា​ដី​អ្នកមាន​អំណាច​ បាន​ជួយ​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​វៀតណាម​ធ្វើស្រែ​ ចម្ការ​ និង​ដាំ​ដំណាំ​។​ ប៉ុន្តែ​លោក​ថា​ ការ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ បាន​ជួល​ដី​ឱ្យ​ជនបរទេស​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​នេះ​ ក៏​ព្រោះតែ​ខ្វះ​ការ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​តាម​ព្រំដែន​ក្បែរ​ប្រទេស​ជិតខាង​នោះ​។​

លោក​ កែម​ ឡី​ និយាយ​ថា​៖​ «​ខ្ញុំ​ស​សើរ​ ប៉ុន្តែ​គ្រាន់​ថា​ ត្រូវ​មាន​វិធានការ​ផ្សេង​ទៀត​ ពីព្រោះ​ប្រជាពលរដ្ឋ​គាត់​អត់​មាន​ជម្រើស​ ទី​១​ សេវា​ ទឹក​ភ្លើង​អត់​ ទី​២​ ការ​ផ្គត់ផ្គង់​អត់​ ទី​៣​ សេវា​សាធារណៈ​ដោយ​កម្រ​ហើយ​ឆ្ងាយ​ ដែល​អាច​មិន​អាច​ឱ្យ​រស់នៅ​បាន​ កាលណា​គាត់​អត់​ជួល​ គាត់​ធ្វើស្រែ​ ចម្ការ​អត់​បាន​ទៀត​ បាត់បង់​កម្លាំង​ពលកម្ម​ និង​ចំណាកស្រុក​ទៀត​។​ អ​ញ្ចឹ​ង​ ដី​គាត់​ត្រូវ​ទុក​ ចោល​ជីវភាព​គាត់​កាន់តែ​ធ្ងន់​»​។​

សូម​ជម្រាប​ថា​ កាលពី​កំលុង​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ កន្លង​ទៅ​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចេញ​សារាចរ​ស្តី​ពី​ការ​ហាមប្រាម​ប្រជាពលរដ្ឋ​ខ្មែរ​ មិន​ឱ្យ​លក់​ ឬ​ជួល​ដី​នៅ​តាម​ព្រំដែន​ ឱ្យទៅ​ប្រជាពលរដ្ឋ​វៀតណាម​ ឡាវ​ និង​ថៃ​៕​

Share

Image
Image
Image