en     km
en     km

របាយការណ៍៖សហគមន៍ក្រីក្រនៅភ្នំពេញមិនទាន់ទទួលបានការគ្រប់គ្រងកាកសំណល់បានល្អ

Share

ភ្នំពេញ៖ របាយការណ៍ស្រាវជ្រាវចុងក្រោយរបស់អង្គការសមាគមធាងត្នោតស្តីអំពី ការគ្រប់គ្រងកាកសំណល់ ឆ្នាំ២០១៩ បង្ហាញ ថា សហគមន៍ក្រីក្រនៅរាជធានីភ្នំពេញ នៅតែមិនទាន់បានទទួលការគ្រប់គ្រងកាកសំណល់បានល្អប្រសើរនៅឡើយ។របាយការណ៍ដដែលរកឃើញថា សហគមន៍ដែលមានលំនៅឋានប្រណិតៗហាក់បានទទួលការគ្រប់គ្រងកាកសំណល់បានល្អជាងសហគមន៍ក្រីក្រ។

(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)

 

សមាគមន៍ធាងត្នោតរកឃើញទៀតថា ក្នុងចំណោមសហគមន៍៩៩ស្មើប្រមាណ ៣៥.៧% នៃសហគមន៍សរុប ២៧៧ក្នុងរាជធានីភ្នំពេញ នៅតែជួបបញ្ហាសំរាមនេះ ហើយពលរដ្ឋសហគមន៍ក្រីក្រទាំងនោះ បន្តរស់នៅក្នុងកន្លែងដែលមានសំរាមច្រើន ឬរងផលប៉ះពាល់ដោយសារសំរាមនៅជុំវិញសហគមន៍របស់ពួកគេ។ ជាងនេះសហគមន៍ក្រីក្រក៏តែងប្រឈមហានិភ័យដោយសារអគ្គីភ័យ និងជំងឺដែលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃផងដែរ។

សម្តីរបស់ពលរដ្ឋក្នុងសហគមន៍ក្រីក្រដែលសមាគមធាងត្នោតស្រង់មកបញ្ជាក់ថា អាជ្ញាធរមិនបានយកចិត្តដាក់បញ្ហាដែលកើតមានឡើងក្នុងសហគមន៍ឡើយ។ បញ្ហាផ្លូវតូចចង្អៀតគឺជាមូលហេតុដែលសហគមន៍មិនបានទទួលការគ្រប់គ្រងកាកសំណល់បានល្អ។ ពួកគេលើកឡើងថា សហគមន៍ក្រីក្រពុំបានទទួលសេវាប្រមូលសំរាមបានល្អនោះទេ ពីព្រោះរថយន្តដឹកសំរាមធំមិនអាចចូលទៅបាន ហើយការបែងចែករទេះដាក់សំរាមមិនស្មើភាពគ្នានៅទូទាំងទីក្រុង។

ពួកគេឱ្យដឹងទៀតថា ជារឿយៗ មន្រ្តីសង្កាត់ពុំបានដឹងអំពីកង្វះខាតសេវាគ្រប់គ្រងកាកសំណល់នៅក្នុងសង្កាត់របស់ពួកគេ ដែលជាការខ្វះចន្លោះរវាងអាជ្ញាធរនិងសាធារណជនចំពោះបញ្ហានេះ។​

លោក Isaac Daniels ទីប្រឹក្សាកម្មវិធីរបស់សមាគមធាងត្នោត បានថ្លែងថា ការសិក្សាស្រាវជ្រាវនេះត្រូវបានធ្វើឡើងដើម្បីរកឲ្យឃើញអំពីមូលហេតុ ដែលនាំឱ្យការគ្រប់គ្រងកាកសំណល់ មិនមានប្រសិទ្ធភាពនៅក្នុងសហគមន៍ក្រីក្រជិត ១០០ សហគមន៍ក្នុងរាជធានីភ្នំពេញ។

ការសិក្សាស្រាវជ្រាវរបស់សមាគមន៍ធាងត្នោតបង្ហាញថា បញ្ហាជាច្រើនទាក់ទងការគ្រប់គ្រងកាកសំណល់ គឺពាក់ព័ន្ធនឹងអភិបាលកិច្ច។

ការសិក្សារកឃើញទៀតថា បញ្ហាតម្លាភាពកំពុងខ្វះខាតយ៉ាងខ្លាំងក្នុងដំណើរការគ្រប់គ្រងកាកសំណល់ ព្រោះកិច្ចសន្យាមិនអាចស្វែងរកបានជាសាធារណៈ និងមិនមានការប្រកួតប្រជែងជាមួយក្រុមហ៊ុនស៊ីនទ្រី នៅក្នុងការចុះកិច្ចសន្យាគ្រប់គ្រងកាកសំណល់នៅទីក្រុង។

ក្រៅពីរបាយការណ៍ស្រាវជ្រាវស្តីពីអភិបាលកិច្ចទាក់ទងនឹងសំរាមក្នុងសហគមន៍ក្រីក្រនេះ សមាគមធាងត្នោតក៏បានបង្ហាញនូវរឿងរសើបមួយចំនួនពាក់ព័ន្ធនឹងការស្លាប់បុគ្គលិកប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី ផងដែរ។ របាយការណ៍បង្ហាញថា ការស្លាប់របស់កម្មករស៊ីនទ្រីក្នុងកំឡុងពេលធ្វើការចំនួន ១៤ នាក់នារយៈពេល ៤ ឆ្នាំចុងក្រោយនេះ គឺជាចំណុចខ្មៅដ៏រសើបមួយចំពោះសមត្ថភាពរបស់ក្រុមហ៊ុន ក្នុងការរក្សាសុវត្ថិភាពដល់កម្មកររបស់ខ្លួនក្រោមច្បាប់ការងារកម្ពុជា១៩៩៧។

របាយការណ៍រកឃើញថា ការស្លាប់របស់កម្មករក្រុមហ៊ុនប្រមូលសំរាម ស៊ីន ទ្រី ដោយសារតែកម្មករមិនមានសម្លៀកបំពាក់ការពារ ឬការកំណត់សុវត្ថិភាពផ្តល់ជូនកម្មករចំពោះបញ្ហាស្លាប់។ របាយការណ៍នេះបានរកឃើញទៀតថា ក្រុមហ៊ុន ស៊ីនទ្រី មិនបានបំពេញកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួន ដើម្បីធានាសុវត្ថិភាពដល់កម្មកររបស់ខ្លួនដោយសារមិនផ្តល់សុវត្ថិភាពសមា្ភរៈ ដូចជាសម្លៀកបំពាក់ការងារការពារ ឬកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងធ្វើការ។

ពាក់ព័ន្ធបញ្ហាការគ្រប់គ្រងសំរាមក្នុងសហគមន៍ក្រីក្រ​តំណាងក្រុមហ៊ុន ស៊ីនទ្រី ប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រុមហ៊ុនមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការប្រមូលសំរាម។ ករណីក្នុងសហគមន៍ក្រីក្រដែលរថយន្តចូលទៅយកមិនដល់ រថយន្តតែងស៊ីផ្លេដាស់តឿជាសញ្ញាប្រាប់ឱ្យពលរដ្ឋយកសំរាមមកក្រៅដាក់ក្នុងរថយន្ត។ ចំណែកករណីស្លាប់កម្មករក្រុមហ៊ុនពិតជាទទួលស្គាល់ ដោយថា ការស្លាប់នេះគឺបណ្តាលមកពីកម្មករមួយចំនួនមិនបានយកចិត្តទុកដាក់ពាក់អាវសុវត្ថិភាពពេលធ្វើការ បើទោះបីជាក្រុមហ៊ុនបានផ្តល់ជូនក៏ដោយ។ លោកបន្តថា ករណីស្លាប់កម្មករប្រមូលសំរាមភាគច្រើនគឺបណ្តាលពីគ្រោះថ្នាក់ចរា ចរណ៍ពេលទាបភ្លឺ ​ដែលអ្នកបើកបរស្រវឹងបើកបុកអ្នកបោសសំរាម។

របាយការណ៍របស់សមាគមធាងត្នោត​នេះ ​បាន​លើក​ឡើងជា​​នូវ​អនុសាសន៍​​មួយ​ចំនួន​​​ សម្រាប់​សាលា​ក្រុង​ដូច​ជា ​ការ​ចេញ​របាយការណ៍​​វឌ្ឍនភាព​ ការ​វាយ​តម្លៃ​ ​ព័ត៌​មាន​ថវិកា​ ​និង​កិច្ច​សន្យា​ជា​មួយ​ក្រុម​ហ៊ុន​ស៊ីនទ្រី​ ​ការ​អប់​រំ​សាធារណជន​​អំពី​​របៀប​​រៀប​ចំ​​កាក​សំណល់​​ សម្រាប់​ការ​ប្រមូល​ ក្នុង​ចំណោ​ម​​ចំណុច​ដទៃ​ៗ​ទៀត​។ ​របាយ​ការណ៍​នេះ​បាន​ផ្តល់​អនុសា​សន៍​​ឲ្យ​ក្រុម​ហ៊ុន​ស៊ីនទ្រី​​​ មាន​លក្ខណៈ​ឆ្លើយ​តប​ជាង​មុន​​ នៅ​ក្នុង​សហគមន៍​ក្រី​ក្រ​ក្នុង​ទីក្រុង​​ ​ប្រើ​ប្រាស់​រទេះ​សំរាម​​ នៅ​ក្នុង​​សហគមន៍​ណា ​ដែល​រថយន្ត​មិន​អាច​ចូល​បាន​ ​ធានា​ឲ្យ​មាន​​ការ​ប្រើ​ប្រាស់​សម្លៀក​បំពាក់​​ការ​ពារ​សម្រាប់​កម្មករ៕

Share

Image
Image
Image