en     km
en     km

រដ្ឋាភិបាល​អូស្ដ្រាលី​ប្រកាស​បើក​កម្មវិធី​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ជា​ផ្លូវការ​ហើយ​ នៅ​ឆ្នាំ​២០១៦ ​នេះ​

Share

cover-AU-award-2017
​ដើម្បី​ជួយ​ដល់​និស្សិត​កម្ពុជា​ ដែល​មាន​ទេព​កោសល្យ​  បាន​បន្ដ​ការ​សិក្សា​នៅ​ឯ​សាកល​វិទ្យា​ ល័យ​ លំដាប់​ពិភពលោក​របស់​ប្រទេស​អូស្ដ្រាលី​ ក៏​ដូច​ជា​ចូលរួម​ចំណែក​កាត់​បន្ថយ​កង្វះខាត​ ជំនាញ​សំខាន់ៗ​ក្នុង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ រដ្ឋាភិបាល​អូស្ដ្រាលី​ បាន​ប្រកាស​បើក​កម្មវិធី​ អាហារូបករណ៍​ជ្រើសរើស​និស្សិត​កម្ពុជា​ទាំងអស់​  ដែល​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ អាច​ធ្វើការ​ដាក់​ពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ចូល​រៀន​លើ​មុខ​ជំនាញ​ដែល​ខ្លួន​ចង់​រៀន​បន្ដ​នៅ​ប្រទេស​អូស្ដ្រាលី​ បាន​ចាប់ពី​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ នេះ​តទៅ​ ដល់​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៦​ខាង​មុខ​នេះ​។​  នេះ​បើ​តាម​ឱ្យ​ដឹង​នៅ​ក្នុង​កម្មវិធី​ Australia​ Awards​ Scholarship​ នៅ​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ នៅ​ឯ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់​ ក្នុង​រាជធានី​ភ្នំពេញ​។​

​នៅ​ក្នុង​កម្មវិធី​ Australia​ Awards​ Scholarship​ នេះ​ មានការ​ចូលរួម​ពី​អតីត​និស្សិត​កម្ពុជា​សិក្សា​ នៅ​ប្រទេស​អូស្ដ្រាលី​ជា​ច្រើន​រូប​ និង​មន្ដ្រី​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​មួយ​ចំនួន​ រួម​មាន​ ក្រសួងបរិស្ថាន​ និង​ក្រសួង​អភិវឌ្ឍន៍ជនបទ​ជាដើម​។​

​ភារៈធារី​ស្ថានទូត​អូស្ដ្រាលី​ លោក​ សាយ​ម៉ុ​ន​ ហ្វ៊ែ​ល​ឡូ​វ​ស៍​  បាន​ថ្លែង​ឱ្យ​ដឹង​ថា​   រដ្ឋាភិបាល​អូស្ដ្រាលី​ បាន​បន្ដ​ជ្រើសរើស​ និស្សិត​កម្ពុជា​ជា​ច្រើន​រូប​ នៅ​ក្នុង​ស្ថាប័នរដ្ឋ​ អង្គការ​ ក៏​ដូច​ជា​វិស័យ​ឯកជន​មួយ​ចំនួន​ អាច​មានឱកាស​ទៅ​សិក្សា​ថ្នាក់​ អនុ​បណ្ឌិត​ នៅ​ឯ​សកល​វិទ្យាល័យ​លំដាប់ថ្នាក់​ពិភពលោក​របស់​ប្រទេស​អូស្ដ្រាលី​ លើ​មុខ​ជំនាញ​ដែល​ពួក​គេ​ចង់​សិក្សា​ ចាប់ពី​ថ្ងៃ​ប្រកាស​ព័ត៌មាន​ជា​ផ្លូវការ​នូវ​កម្មវិធី​ Australia​ Awards​ Scholarship​ នេះ​ រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៦​ខាង​មុខ​។​

​លោក​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​នេះ​ ជា​ភាសា​អង់គ្លេស​ថា​ ប្រទេស​កម្ពុជា​បាន​ទទួល​អាហារូបករណ៍​ពី​ប្រទេស​អូស្ដ្រាលី​ចាប់តាំងពី​កំលុង​ឆ្នាំ​ ១៩៥០​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ មាន​ចំនួន​ ៦៥០​ កន្លែង​ហើយ​ ដែល​បាន​ផ្ដល់​ឱ្យ​និស្សិត​កម្ពុជា​។​

​អតីត​និស្សិត​កម្ពុជា​ដែល​បាន​ទៅ​សិក្សា​នៅ​ថ្នាក់​ អនុ​បណ្ឌិត​នៅ​ប្រទេស​អូស្ដ្រាលី​មួយ​រូប​ អ្នកស្រី​ អាំង​ សោភា​ បាន​និយាយ​ថា​ ក្រោយ​ពេល​ អ្នកស្រី​បាន​បញ្ចប់​ការ​សិក្សា​នៅ​ថ្នាក់អនុបណ្ឌិត​នៅ​ប្រទេស​អូស្ដ្រាលី​រួច​មក​ អ្នកស្រី​ទទួល​បាន​ចំណេះដឹង​ច្រើន​ ទាំង​ការ​អភិវឌ្ឍ​ខ្លួន​  ទាំង​អត្ត​ចរិត​។​

​សូម​បញ្ជាក់​ថា​ ចាប់តាំងពី​ឆ្នាំ​១៩៩៤​ មក​ រដ្ឋាភិបាល​អូស្ដ្រាលី​បាន​ផ្ដល់​អាហារូបករណ៍​ជាង​ ៦០០​ កន្លែង​ដល់​និស្សិត​កម្ពុជា​ឱ្យ​បាន​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ដ្រាលី​ តាម​រយៈ​កម្មវិធី​អាហារូបករណ៍​អូស្ដ្រាលី​។​ នៅ​ឆ្នាំ​សិក្សា​ ២០១៧​ ខាង​មុខ​ រដ្ឋាភិបាល​អូស្ដ្រាលី​ នឹង​បើកឱកាស​ជា​ថ្មី​ម្តងទៀត​ នូវ​អាហារូបករណ៍​ជា​ច្រើន​ដល់​និស្សិត​កម្ពុជា​ លើ​មុខ​ជំនាញ​ សំខាន់ៗ​មួយ​ចំនួន​ រួម​មាន​៖​ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ កសិកម្ម​ សុខាភិបាល​ ការ​គ្រប់គ្រង​ប្រព័ន្ធ​អប់រំ​ពាណិជ្ជកម្ម​ និង​មុខ​វិជ្ជា​ជា​ច្រើន​ទៀត​ ដែល​អាច​ជួយ​កាត់​បន្ថយ​អំពើ​ហិង្សា​ទៅ​លើ​ស្ដ្រី​ជាដើម​៕

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​អាហារូបករណ៍​អូស្ត្រាលី​ សូម​ចូល​ទៅ​កាន់​គេហទំព័រ​ www.australiaawards.gov.au​ ឬ www.australiaawardscambodia.org ឬក៏អាច​ទំនាក់ទំនង​សួរព័ត៌មាន​បន្ថែម​តាម​រយៈ​ លោកស្រី​ រូត​ ស្ទី​វ៉​ត​ អនុប្រធាន​បេសកកម្ម​ស្ថានទូត​អូស្ត្រាលី​ ០២៣​ ២១៣​ ៤៧០​។​ លោក​អ្នក​ក៏​អាច​ទៅ​សាកសួរ​ព័ត៌មាន​បន្ថែម​ដោយ​ផ្ទាល់​បាន​នៅ​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្ដុះបណ្ដាល​ (ACE)​ សាខា​ទួល​ទំពូង​៕

Share

Image
Image
Image