en     km
en     km

រដ្ឋាភិបាល​កម្ពុជា​ កំពុង​រក​ដំណោះស្រាយ​ករណី​អាជ្ញាធរ​ថៃ​ ឃាត់ខ្លួន​ពលរដ្ឋ​ខែ្ម​រ​ជិត​៣០​នាក់​

Share

​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក​ ជុំ​ ស​ន្ទ​រី​ បានឱ្យ​ដឹង​ថា​ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​កំពុង​ស្វះ​ស្វែងរក​ ដោះស្រាយ​ករណី​អាជ្ញាធរ​ថៃ​ បាន​ឃាត់ខ្លួន​ពលរដ្ឋ​ កម្ពុជា​ចំនួន​ ២៨​រូប​ ដែល​បាន​ចូល​ទៅ​ទឹកដី​ថៃ​ កាលពី​ថ្ងៃ​ទី​២៩​ កន្លង​មកនេះ​ឱ្យ​មាន​សេរីភាព​វិញ​។​

cambodia-worker-text
រូបភាពពី ៖ bangkokpost

​ការ​សែត​ Bangkok​ Post​ បានឱ្យ​ដឹង​ថា​ ពលរដ្ឋ​កម្ពុជា​ចំនួន​២៨​រូប​ ដែល​បាន​ចូល​ទឹកដី​ថៃ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​សៅ​រិ៍​ទី​២៩​ ដោយ​ចោទ​ពលរដ្ឋ​ខ្មែរ​ ចូល​ទឹកដី​ថៃ​ ដោយ​ខុសច្បាប់​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ លោក​ ជុំ​ ស​ន្ទ​រី​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ កំពុង​តែ​ជួយ​រក​ដំណោះស្រាយ​ ដើម្បី​ជួយ​អន្តរាគមន៍​ទៅ​ដល់​ពលរដ្ឋ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ ឃាត់ខ្លួន​នោះ​ឱ្យ​ពួក​គេ​មាន​សេរីភាព​វិញ​។​ ប៉ុន្តែ​លោក​ថា​អាជ្ញាធរ​ថៃ​ មិន​ទាន់​មានការ​ឆ្លើយ​តប​យ៉ាងណា​នោះ​ទេ​ជុំវិញ​ករណី​នេះ​។​ ​យ៉ាងណា​ក៏​ដោយ​លោក​ ជុំ​ ស​ន្ទ​រី​ អះអាង​ថា​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​រង់ចាំ​ការ​ស្រាយ​បំភ្លឺ​ពី​អាជ្ញាធរ​ថៃ​ពី​ដើមចម​ដែល​ឈាន​នាំ​ឱ្យ​មានការ​ឃាត់ខ្លួន​នេះ​។​

​លោក​ ជុំ​ ស​ន្ទ​រី​៖​ «​គោលដៅ​របស់​យើង​ គឺ​យើង​ធ្វើ​ម៉េច​ដើម្បី​ការពារ​ពលរដ្ឋ​ខ្មែរ​យើង​ទាំង​២៨​នាក់​ហ្នឹង​បាទ​ បើ​ពុំ​មាន​ស្អី​ជា​ធំដុំ​ទេ​គឺ​យើង​ទាមទារ​សុំ​ឱ្យ​មានការ​ដោះ​លែង​ អ​ញ្ចឹ​ង​ដើម្បី​ថា​ចាត់វិធានការ​យ៉ាងម៉េច​ដំបូង​គេ​បំផុត​ទាល់តែ​យើង​ បាន​ព័ត៌មាន​ឆ្លើយ​តប​ពី​ភាគី​ថៃ​វិញ​ថា​គេ​ចាប់ពី​មូលហេតុ​អី​»​។​

​ទាក់ទង​នឹង​ករណី​នេះ​ដែរ​ នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ (CENTRAL)​ លោក​ មឿ​ន​ តុលា​ បាន​មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​គួរតែ​បង្កើត​ឱកាស​ការងារ​ និង​មុខរបរ​ក្នុងស្រុក​ឱ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត​ដើម្បី​ងាយស្រួល​ទៅ​ដល់​ប្រជាពលរដ្ឋ​អាច​ប្រកប​របរ​នៅ​ក្នុងស្រុក​ ជា​ជាង​ពួក​គេ​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​។​

​អុ្ន​ក​ជំនាញ​ខាង​ការងារ​រូប​នេះ​ បាន​ផ្ដល់​អនុសាសន៍​ដូចនេះ​ថា​៖«​សព្វថ្ងៃ​ហ្នឹង​ដូច​ជាក់ស្តែង​ដូច​ជា​រឿង​ចំការ​កៅស៊ូ​អីចឹង​យើង​ពឹងផ្អែក​ទៅ​លើ​ទីផ្សារ​គេ​ច្រើន​ពេក​ ដូច​ទីផ្សារ​វៀតណាម​ហើយ​នៅ​ពេល​ដែល​ វៀតណាម​គេ​ទម្លាក់​តម្លៃ​ធ្វើ​ឱ្យ​កសិករ​យើង​ដែល​គាត់​ដាំ​កៅស៊ូ​នឹង​គឺថា​គាត់​ខាត​ដល់​ពេល​គាត់​ខាត​ឥលូវ​នាំ​គ្នា​កាប់​ដើម​កៅស៊ូ​ចោល​ ទៅ​ដាំ​ដើម​ម្រេច​ឥលូវ​ម្រេច​ហ្នឹង​ចាប់ផ្តើម​ធ្លាក់​ថ្លៃ​ទៀត​ មិនដឹង​ថា​កសិករ​កាប់​ដើម​ម្រេច​ទៅ​ដាំ​ស្អី​វិញទៀត​ទេ​ អាហ្នឹង​ដែល​រឿង​ហ្នឹង​រដ្ឋ​ត្រូវ​ពិចារណា​បង្កើត​ឱកាស​ការងារ​ ក៏​ដូច​ជា​ឱកាស​មុខរបរ​នៅ​ក្នុងស្រុក​…»​។​

​តាម​របាយការណ៍​របស់​អង្ក​ការ​សិទ្ធិ​ការងារ​ គឺ​ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​ធ្វើ​ពលកម្ម​នៅ​ ប្រទេស​ថៃ​មាន​ ជាង​៦០​ម៉ឺន​នាក់​។​ ពួក​គាត់​ធ្វើការ​ជា​កម្មករ​សំណង់​ កម្មករ​ នេសាទ​ និង​ កម្មករ​ ដាំ​ដំណាំ​ ៕​

Share

Image
Image
Image