en     km
en     km

រដ្ឋាភិបាល៖ អត្រាស្លាប់ដោយសារជម្ងឺគ្រុនចាញ់មានការថយចុះយ៉ាងខ្លាំង(មានសំឡេង)

Share

ភ្នំពេញ៖ អ្នកបាត់បង់ជីវិតដោយសារជំងឺគ្រុនចាញ់មានតែម្នាក់ប៉ុណ្ណោះនៅក្នុងឆ្នាំ២០១៧នេះ ពោលគឺការធ្លាក់ចុះជាអតិបរិមាចាប់តាំងពីឆ្នាំ ២០១១មក។ រដ្ឋាភិបាលកម្ពុជាចាត់ទុកថា​ ជាជោគជ័យមួយកើតចេញពីលទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រលុបបំបាត់ជម្អឺគ្រុនចាញ់ ឆ្នាំ ២០ ១១ – ២០២៥។ លោក រឿន រិទ្ធី រាយការណ៍ពីព័ត៌មាននេះ!

 

លិខិតរបស់រាជរដ្ឋាភិបាលចេញផ្សាយនៅថ្ងៃទី២៤ មេសានេះ បានបង្ហាញពីការអបអរសាទរទិវាជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៨ ក្រោមពាក្យស្លោក «ត្រៀមជាស្រេច ចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់»។

ទិវានេះប្រារព្ធឡើងដើម្បីជម្រុញឱ្យប្រជាពលរដ្ឋមានការយល់ដឹង និងយកចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​ថែមទៀត ដើម្បីថែរក្សាសុខភាពក្នុងការរស់នៅ។

បើតាមលិខិតដដែល ជម្អឺគ្រុនចាញ់បានបណ្ដាលឱ្យមានផលប៉ះពាល់ដល់សុខភាពចំណាយប្រាក់កាក់ ពេលវេលាក្នុង​ការ​ព្យាបាល កាត់បន្ថយប្រាកចំណូលក្នុងគ្រួសារ និងអាចគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង។ មិនតែប៉ុណ្ណោះ ក៏ជាមូលហេតុមួយដែលនាំឱ្យមានផលអវិជ្ជមានក្នុងការអភិ វឌ្ឍសង្គម និង​សេដ្ឋ​កិច្ចជាតិ។

ដោយយោងតាមរបាយការណ៍ប្រចាំឆ្នាំនៃសេវាសាធារណៈ ក្នុងកម្មវិធីប្រយុទ្ធប្រឆាំងជម្អឺគ្រុនចាញ់ឆ្នាំ ២០១១-២០១៧ ចំនួនអ្នកឈឺក្នុងករណីគ្រុនចាញ់បានថយចុះពីជាង ៦ម៉ឺនករណី មកត្រឹមជាង ៣ម៉ឺនករណី។ រីឯចំនួនអ្នកស្លាប់វិញថយចុះពី ៩៣នាក់ មកត្រឹមតែ ១នាក់តែប៉ុណ្ណោះ។ នេះគឺជាលទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រលុបបំបាត់ជម្អឺគ្រុនចាញ់ ឆ្នាំ ២០១១-២០២៥ របស់រដ្ឋាភិបាល។

ទន្ទឹមនឹងការថយចុះនេះ សម្រាប់រាជរដ្ឋាភិបាលគឺនៅតែមិនទាន់ដល់ចំណុចដែលចង់បាននូវឡើយនោះទេ ទើបរដ្ឋាភិបាលនៅតែបន្ត ក៏ដូចជាលើកទឹកចិត្តឱ្យមានសកម្មភាពប្រយុទ្ធ​ប្រឆាំងនឹងជម្ងឺគ្រុន​ចាញ់​កាន់តែខ្លាំងថែមទៀត ដើម្បីលុបបំបាត់ជម្ងឺនេះតាមផែនការកំណត់។

រដ្ឋាភិបាលបានដាស់តឿនក្រើនរំលឹកដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់លុបបំបាត់មេរោគគ្រុនចាញ់នេះ ព្រោះភ្នាក់ងារចម្លងគឺមូលដែកគោលញីនៅតែមានវត្តមាននៅក្នុងព្រៃ និងក្នុងតំបន់ជុំវិញសហគមន៍នៅឡើយ ដូច្នេះប្រសិនបើមានការធ្វេសប្រហែសនោះជំងឺនេះនឹងអាចកើតមានជាថ្មីតាមរយៈមូសដែកគោលញីខាំចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

សូមរំលឹកថា ​ជំងឺគ្រុនចាញ់​នៅ​ឆ្នាំ ២០១៦ មាន​ចំនួន ២៣.៣៦៧​ករណី និង​មាន​អ្នកជំងឺ​ស្លាប់​ម្នាក់ ​ដែល​ថយចុះ ៥៤​ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៥ ដែលមាន​ជំងឺគ្រុនចាញ់​ចំនួន ៥៦.២៧៤​ករណី និង​មាន​អ្នកជំងឺ​ស្លាប់​១០​នាក់​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​កម្ពុជា​AKP​៕

Share

Image
Image
Image