en     km
en     km

រដ្ឋាភិបាលនិងសង្គមស៊ីវិល រកដំណោះស្រាយការអភិវឌ្ឍន៍​​​សហគមន៍កសិកម្មនៅកម្ពុជា

Share

រដ្ឋាភិបាល សង្គមស៊ីវិល និងតំណាងមន្ទីកសិកម្ម គ្រប់ខេត្តក្រុង បានពិភាក្សាគ្នា ដើម្បីជំរុញការអភិវឌ្ឍន៍សហគមន៍កសិកម្មនៅកម្ពុជាឱ្យ កាន់តែប្រសើរជាងមុន។ វេទិកាពិភាក្សានេះ ធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី១៦ មិថុនា ឆ្នាំ២០១៧នេះ។

big

តាមការបង្ហាញ ក្នុង វេទិកានេះ បញ្ហាដែលត្រូវដោះស្រាយ ករណីសហគមន៍មានដើមទុនតិច នៅជួបការលំបាកក្នុងការស្វែងរកទីផ្សារលក់កសិផល ការប្រកួតប្រជែងខ្លាំងជាមួយឈ្មួញនៅលើទីផ្សារ នៅមិនទាន់រៀបចំផែនការមុខជំនួញបានល្អសមស្រម សមត្ថភាពដឹកនាំ និងគ្រប់គ្រង់នៅមានកម្រិត សហគមន៍កសិកម្មនៅមិនទាន់មានបណ្តាញជាមួយគ្នា ខ្វះហេដ្ឋារចនាសម្ព័ន្ធទីផ្សារកសិផល ព្រមទាំង កម្ចីឥណទានពីធនាគារ និងមីក្រូហិរញ្ញវត្ថុនៅមានការប្រាក់ខ្ពស់ ជាដើម។

លោក ជា សាំង ដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មបង្ហាញការយល់ឃើញរបស់លោកថា ដើម្បីជំរុញឱ្យសហគមន៍កសិកម្ម ឱ្យកាន់តែប្រសើរជាងមុន រដ្ឋាភិបាល ក៏ដូចជាអង្គការសង្គមស៊ីវិល គួរផ្តល់វគ្គបណ្តុះបណ្តាលបន្ថែមទៀត ដល់សហគមន៍កសិកម្មលើការងាររៀបចំផែនការមុខជំនួញ លើការគ្រប់គ្រងហិរញ្ញវត្ថុ ទេពកោសល្យទំនាក់ទំនង និងអភិបាលកិច្ចជាដើម។ ជាមួយគ្នានេះ ត្រូវជំរុញសហគមន៍កសិកម្មឱ្យខិតខំបង្កើនសមាជិកភាព និងជួយដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន។ បន្ថែមពីនេះដែរ លើកទឹកចិត្តឱ្យសហគមន៍កសិកម្មបង្កើតមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីផ្សារបស់ខ្លួន។

លោក ជា សាំង ដូណា៖«ដោយសារតែគាត់រកស៊ី អត់ចំណេញ ដោយសារអី ដោយសារស្ថានភាពបច្ចុប្បន្ន គាត់អត់ចេះធ្វើជំនួញផង មានលុយពីណាឱ្យចំណេញ ចុះបើជួលគេអ្នកពូកែធ្វើជំនួញ គេរកចំណេញឱ្យហើយទុកមួយផ្នែកឱ្យគេទៅ មួយផ្អែកយើងយកមក មិនបាន? យើងវិភាគឱ្យឃើញ អញ្ចឹង ឥលូវយើងអត់មានចំណេញទេ មកពីយើងអត់ចេះការធ្វើជំនួយ»

លោក Hardy  Schneider  តំណាងអង្គការDGRV នៃប្រទេសអាល្លឺម៉ង់ បានថ្លែងថា DGRV នឹងនៅបន្ត គាំទ្រដល់សហគមន៍កសិកម្មនៅកម្ពុជា ដើម្បីឱ្យមានការផ្តួចផ្តើមគំនិតថ្មីៗ និងធ្វើឱ្យសហគមន៍ទាំងនោះមាននិរន្តរភាព។ យ៉ាងណាមិញលោកទាមទារឱ្យមានការអនុវត្តច្បាស់ឱ្យច្បាស់លាស់ ទាក់ទងនឹងការចុះបញ្ជីសហគមន៍ ។

លោក Hardy Schneider  ៖«ការអនុវត្តគម្រោង គឺជាគម្រោងដ៏ធំមែនទែន ហើយត្រូវតែមានការខិតខំប្រឹងប្រែង ធ្វើឱ្យដោយមានការយកចិត្តទុកដាក់ យើងមិនអាចចេះតែបង្ខំខ្លាំងពេកនោះទេ យើងត្រូវតែជំរុញឱ្យមានការចុះបញ្ជីសហគមន៍កសិកររបស់យើង យើងដឹងហើយថាសហគមន៍កសិកររបស់យើងមួយចំនួន គាត់មានការលំបាក ក្នុងការចុះបញ្ជីផ្លូវច្បាប់ ក៏ដូចជាដំណើរមួយចំនួន»

លោកហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម មានប្រសាសន៍ថា ប្រទេសកម្ពុជា បានចាប់ផ្តើមបង្កើតសហគមន៍កសិកម្មចាប់ពីឆ្នាំ២០០៣ ដោយពេលនោះមានតែមួយសហគមន៍តែប៉ុណ្ណោះ ។

លោកបន្តថា ការផ្តួចផ្តើមឱ្យបង្កើតសហគមន៍កសិករនេះ ដោយក្រសួងកសិកម្មសង្កេតឃើញថា កសិករមានបញ្ហាប្រឈមជាច្រើន ក្នុងករណីដូចជា កសិករខ្វះអំណាចចរចាតម្លៃជាមួយឈ្មួញ ថ្លៃដើមផលិតកម្មខ្ពស់ កសិផលមិនទាន់គុណភាព និងស្តង់ដារ តាមតម្រូវការទីផ្សារ ព្រមទាំងខ្វះឱកាសពង្រីកទីផ្សារ។

លោក បានជំរុញ និងលើកទឹកចិត្តឱ្យកសិករ ចងក្រងគ្នាជាសហគមន៍កសិកម្ម ដើម្បីមានអំណាចចរចាទីផ្សាររបស់ប្រជាកសិករ ជួយកាត់បន្ថយថ្លៃដើមផលិតកម្មរបស់កសិករជាសមាជិក ទទួលបានទីផ្សារ និងពង្រីកទីផ្សារ និងបង្កើនប្រាក់ចំណូលគ្រួសាររបស់សហគមន៍កសិកម្ម។

រហូតមកដើមឆ្នាំ២០១៧នេះ សហគមន៍កសិកម្មមានចំនួន៨៥៧ មានសមាជិកសហគមន៍សរុបចំនួន៨៧,៩៨៦នាក់ ក្នុងនោះស្រីមានចំនួន៦០%។

ខេត្តដែលមានសហគមន៍កសិកម្មច្រើនជាង គឺខេត្តតាកែវ បន្ទាប់មកបាត់ដំបង និងខេត្តដែលមានសហគមន៍កសិកម្មតិចជាងគេគឺខេត្ត កែប៕

 

Share

Image
Image
Image