en     km
en     km

រដ្ឋសភាអនុម័តច្បាប់ទំនងជាបន្ថែមសម្ពាធលើលោកសម រង្ស៊ី

Share

ភ្នំពេញ៖ដូចបានគ្រោងទុក។នៅថ្ងៃចន្ទ័នេះក្រុមសមាជិកសភាមកពីគណបក្ស ប្រជាជន កម្ពុជាបានអនុម័តវិសោធនកម្មលើកទី២ច្បាប់ ស្តីពីគណបក្ស នយោ បាយ។ច្បាប់ដែលទំនង់ជាសំដៅបញ្ចប់ជីវិតនយោបាយរបស់លោក សម រង្ស៊ី។

លោក ហ៊ុន ម៉ានី

លោក ហ៊ុន ម៉ានី កូនប្រុសរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែននិងជាតំណាងរាស្ត្របានឡើងថ្លែងគំាទ្រឲ្យវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះដោយរំពឹងថា ការវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនឹងជួយអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងគណបក្សនយោបាយនឹងមានការប្រកួតប្រជែកដោយស្មើភាពគ្នា។

ច្បាប់ស្តីពីគណបក្សនយោបាយដែលទើបនឹងធ្វើវិសោធនកម្មនៅថ្ងៃនេះមាន ១១ ជំពូក និង៥០មាត្រា។ច្បាប់នេះត្រូវក្រុមតំណាងរាស្ត្រមកពីគណបក្សកាន់អំណាចធ្វើវិសោធនកម្មរួចម្តងហើយ។កាលពីការធ្វើវិសោធនកម្មលើកទី១ក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានបន្ថែមមាត្រាចំនួន៥ក្នុងច្បាប់នេះ។

មាត្រាទាំងនោះដែលចែងកំណត់ថាជនជាប់ពិរុទ្ធឬទណ្ឌិតមិនអាចដឹកនាំគណបក្សឬធ្វើនយោបាយបានទេ។

ហើយក្រសួងមហាផ្ទៃមានសិទ្ធិប្តឹងសុំរំលាយគណបក្សចោលប្រសិនបើរកឃើញថាមេដឹកនាំគណបក្សនយោបាយបានប្រព្រឹត្តិបទឧក្រិដ្ឋធ្ងន់ធ្ងរ។

ក្នុងការធ្វើវិសោធនកម្មលើកនេះគណបក្សកាន់អំណាចស្នើសុំថែមបីចំណុចក្នុងមាត្រា៦ថ្មី(ពីរ) ដោយហាមគណបក្សនយោបាយក្នុងការប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពទណ្ឌិតជាប់ទោសឧក្រិដ្ឋ ឬ បទមជ្ឈឹម និងយល់ព្រមដោយចំហ ឬដោយតុណ្ហីភាព ឬរៀបចំផែនការ ឬក៏ឃុបឃិតជាមួយទណ្ឌិត។

ភ្លាមៗក្រោយពីក្រុមតំណាងរាស្ត្រគណបក្សកាន់អំណាចអនុម័តវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយគណបក្សប្រឆំាងបានចេញសេចក្តីថ្លែងការណ៍មួយដោយបានចាត់ទុកច្បាប់នេះថា មិនស្របតាមគោលការណ៍និតិរដ្ឋ ផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស។

គណបក្សដដែលសង្កត់ធ្ងន់ថាច្បាប់ស្តីពីគណបក្សនយោបាយថ្មី «មានចរិតនយោបាយ គាបសង្កត់ទៅលើសិទ្ធិបុគ្គល និងគាបសង្គត់មកលើគណបក្សនយោបាយ ក្នុងន័យកម្ចាត់ខ្មែរគ្នាឯង និងគាបសង្គត់គូប្រជែងនយោបាយប៉ុណ្ណោះ»។

ជាមួយគ្នានេះ គណបក្សប្រឆាំងទាមទារឲ្យរាជរដ្ឋាភិបាលបញ្ឈប់វិសោធនកម្មច្បាប់នេះ ដើម្បីធានាការពារផលប្រយោជន៍ជាតិ ការបង្រួបបង្រួមជាតិ និងផ្សះ ផ្សាជាតិ និងរករាជ្យជាតិ។
លោក ឯម សុវណ្ណារ៉ា សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ យល់ថា ច្បាប់ស្តីពីគណបក្សនយោបាយនឹងរំាងខ្ទប់ដំណើរជីវិតនយោបាយរបស់លោក សម រង្ស៊ី អតីត ប្រធានគណបក្សសង្រ្គោះជាតិ។

លោក ជឿថា ច្បាប់នេះនឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្សសង្រ្គោះជាតិក្នុងការបោះឆ្នោត ឆ្នំា ២០១៨ ដោយសារតែលោក សម រង្ស៊ី ត្រូវបានគេដកចេញពីឆាកនយោបាយ។

លោកសម រង្ស៊ី ត្រូវតុលាការកម្ពុជាផ្តន្ទាទោសអំពីបទបរិហារកេរ្ត៍និងបទផ្សំគំនិតទាក់ទងនឹងការផ្សព្វផ្សាយសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម។ហើយអតីតប្រធានបក្សសង្គ្រោះជាតិរូបនេះក៏នៅជាប់ចោទតាមផ្លូវតុលាការក្នុងសំណុំរឿង មួយចំនួនទៀតដែលអាចបង្កហានិភ័យដល់ការគណបក្សប្រឆាំង៕

Share

Image
Image
Image