en     km
en     km

រដ្ឋមន្រ្តីក្រសួងការងារ៖ ក្រុមហ៊ុនយក្ស VF របស់អាមេរិកនឹងបន្តជាដៃគូរជាមួយកម្ពុជា

Share

ភ្នំពេញ៖ សាជីវកម្មវីអែស (VF Corporation)​ ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់សហរដ្ឋអាមេរិក នឹងបន្តជ្រើសរើសកម្ពុជាជាដៃគូរយូរអង្វែងក្នុងសង្វាក់ផលិតកម្មវាយនភ័ណ្ឌ និងស្បែកជើង បន្ទាប់ពីរកឃើញថា កម្ពុជាពិតជាបានកែលម្អលក្ខខណ្ឌការងារ គោរពសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ផ្តល់កិច្ចគាំពារទាំងសុខុមាលភាព សុខភាព និងសុវត្ថិភាពជូនកម្មករ ស្របតាមគោលការណ៍ស្នូលនៃសាជីវកម្មវីអែស។

                                                                           លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ។

 

នេះជាការលើកឡើងរបស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងជំនួបជាមួយលោក ព្រេនហ្វូត វ៉ាន់ វ៉ូរ៉េស(Bradford Van Voorhees) អ្នកគ្រប់គ្រងជាន់ខ្ពស់ ទទួលបន្ទុកផ្នែកប្រភពទំនិញជាសកល នៃសាជីវកម្មវីអែស (VF Corporation)នៅទីស្នាក់ការក្រសួងកាលពីរសៀលថ្ងៃទី១៩ មីនាម្សិលមិញ។

បើតាមលោករដ្ឋមន្រ្តីក្រសួងការងារ សាជីវកម្ម VF នៅតែសន្យាបន្តបង្កើននូវការបញ្ជាទិញបន្ថែមទៀត ព្រោះអ្វីដែលក្រុមហ៊ុន VF ចង់បានគឺវាស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងយកចិត្តទុកដាក់ទៅលើការការពារសិទ្ធិ និងការផ្តល់សុខមាលភាពជូនកម្មករ។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានផ្តល់នូវប្រាក់ឈ្នួលល្អប្រសើរ ការគិតគូរទៅដល់កន្លែងស្នាក់នៅ ទឹកស្អាត អគ្គិសនី និងបញ្ហាបរិស្ថានជាដើម។

លោក អ៊ិត សំហេង បន្តថា ក្រុមហ៊ុន VF នឹងសន្យាយកកម្ពុជាជាដៃគូរ ដរាបណារាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តនូវលក្ខខណ្ឌការងារល្អ បង្កើតអោយមានប្រភពទំនិញស្អាតស្អំ គ្មានការកេងប្រវ័ញ្ចកំលាំងពលកម្ម គ្មានការរំលោភសិទ្ធិសេរីភាពរបស់កម្មករ សេរីភាពអង្គការវិជ្ជាជីវៈ និងសេរីភាពសហជីព។

សូមបញ្ជាក់ថា ក្រុមហ៊ុន VF ជាសារជីវកម្មដ៍ធំមួយរបស់សហរដ្ឋអាមេរិក ដែលបានទិញទំនិញជុំវិញពិភពលោកចន្លោះ ពី១២ ពាន់លាន ទៅ២០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ កម្ពុជាជាដៃគូរពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុនមួយនេះ ដែលមាន ២៨ រោងចក្រជាអ្នកផ្គត់ផ្គង់ទំនិញវាយនភណ្ឌ និងស្បែកជើង ដែលផ្តល់ការងារដល់កម្មករនិយោជិតខ្មែរប្រមាណ ៥ម៉ឺន ៥ពាន់នាក់ មានទំហំនៃតំលៃនាំចេញប្រមាណពី ៣៥០លាន ទៅ៤០០លានដុល្លារដុល្លារក្នុងមួយឆ្នាំៗ៕

Share

Image
Image
Image