en     km
en     km

រដ្ឋមន្រ្តីការពារជាតិកម្ពុជាប្រកាសថាខ្លួនមិនខ្លាចអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើយ

Share

ភ្នំពេញ៖ រដ្ឋមន្រ្តីការពារជាតិកម្ពុជា បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា កម្ពុជាមិនខ្លាចចំពោះការដាក់ឬហ៊ុំព័ន្ធសេដ្ឋកិច្ចណាមួយពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តឡើយ បើទោះបីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាទីផ្សារធំជាងគេរបស់កម្ពុជាលើវិស័យសម្លៀកបំពាក់ក៏ដោយនោះ។ យ៉ាងណាអ្នកវិភាគនយោបាយដាស់តឿនថា អ្នកនយោបាយមិនត្រូវរុញស្ថានការណ៍ឱ្យធ្លាក់កាន់តែជ្រៅ រហូតអាចនាំឱ្យអន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ចនោះទេ។

 

       ​​   ​       ​​                                                                           ​​   ​​​លោក ទៀ បាញ់។រូបភាពពីដើមអំបិល

ថ្លែងចំពោះមុខមន្រ្តីក្រោមឱវាទរបស់ខ្លួន ក្នុងពិធីផ្សព្វផ្សាយសភាពការណវិវត្តន៍ថ្មីៗនៃវិស័យសន្តិសុខ ការពារជាតិ កាលពីល្ងាចថ្ងៃទី១៦ ខែតុលា ម្សិលមិញ នាទីស្ដីការក្រសួងការពារជាតិ សម្តេច ទៀ បាញ់ បានព្រលយសម្តីថា កម្ពុជាលែងខ្លាចការហ៊ុំព័ទ្ធសេដ្ឋ កិច្ចពីសំណាក់អាមេរិក និងសម្ព័ន្ធមិត្តទៀតហើយ។លោករដ្ឋមន្ត្រីបានអះអាងដូចនេះ ខណៈប្រទេសទាំងនេះបានអំពាវ  នាវឱ្យមានការដោះលែងលោក កឹម សុខា និងព្រួយបារម្ភពីសេនារីយោរបស់រដ្ឋាភិបាលឈានទៅរំលាយគណបក្សសង្គ្រោះជាតិ។ នេះបើយោងតាមការព័ត៌មានគេហទំព័រមួយស្និទ្ធនឹងរដ្ឋាភិបាលចុះផ្សាយនៅថ្ងៃនេះ។

លោករដ្ឋមន្ត្រីបព្ជាក់ថា ថ្មីៗនេះធ្លាប់មានប្រទេសខ្លះព្រមានដាក់ទណ្ឌកម្មសេដ្ឋកម្ពុជា ជាថ្នូរនឹងការដោះលែងលោក កឹម សុខា នៅមុនការបោះឆ្នោតឆ្នាំ២០១៨នេះតែកម្ពុជាមិនធ្វើតាមទេ។

សម្តេច ទៀ បាញ់ សង្កត់ធ្ងន់ថា កម្ពុជាមិនខ្លាចការដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើយ ហើយថាកម្ពុជាមិនធាក់ថយក្រោយនោះទេ ចំពោះដំណើរការចាប់លោក កឹម សុខា ដែលប្រព្រឹត្តតាមផ្លូវច្បាប់នោះ។

ជុំវិញប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងការពារជាតិនេះ លោក ឈុំ សុជាតិ ជាអ្នកនាំពាក្យរបស់ក្រសួងនេះបានគូសបញ្ជាក់ប្រាប់វិទ្យុនៅថ្ងៃនេះបន្ថែមថា រដ្ឋាភិបាលបានគិតគូរនិងថ្លឹងថ្លែងយ៉ាងច្បាស់លាស់ចំពោះផលវិបាកកើតចេញពីការដាក់ទណ្ឌកម្មសេដ្ឋ កិច្ចរបស់អន្តរជាតិ។ តែយ៉ាងណាលោក ឈុំ សុជាតិ មានសុទិដ្ឋិនិយមថាសហគមន៍អឺរ៉ុប និងអាមេរិក នឹងមិនកាត់ជំនួយឬហ៊ុំព័ន្ធសេដ្ឋកិច្ចកម្ពុជា តាមការអំពាវនាវរបស់បក្សប្រឆាំង ឬអង្គការអន្តរជាតិនោះទេ ព្រោះការចាប់ខ្លួនលោក កឹម សុខា និងដំណើរឈានឆ្ពោះទៅរំលាយគណបក្សប្រឆាំងគឺធ្វើឡើងស្របតាមច្បាប់ដែលមានចែង។

លោក ឈុំ សុជាតិ៖«ខ្ញុំជឿថាបរទេសគេមានការវិនិច្ឆ័យត្រឹមត្រូវណាស់ គេមិនចេះតែកាត់ជំនួយដូចការចង់បានតាមបក្សប្រឆាំងចង់បាននោះទេ។ គណបក្សប្រឆាំងគាត់ចង់បានយូរហើយមិនមែនពេលចាប់លោក កឹម សុខា នេះទេ គាត់ចង់ឱ្យ ឈប់ទិញខោអាវ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពិសេសពួកមួយចំនួនដែលគាំទ្រនយោបាយលោក កឹម សុខា តែជាទូទៅសហរដ្ឋ អាមេរិក និងសហគមន៍អឺរ៉ុបមិនទាន់មានប្រតិកម្មខ្លាំងក្លាមកកម្ពុជានោះទេ»។

លោក កឹម សុខា​ ប្រធានគណបក្សសង្គ្រោះជាតិត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី០៣ កញ្ញា ពីបទក្បត់ជាតិ ពាក់ព័ន្ធ​នឹង​វីដេអូ​មួយ​កាលពី​ឆ្នាំ ២០១៣ ​ដែល​ត្រូវ​បាន​ចែកចាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។ ក្នុង​វីដេអូ​នោះលោក​  កឹម សុខា បាន​ថ្លែង​ក្នុង​វេទិកា​មួយ​នៅ​អូស្ត្រាលី​ថា ​លោក​ទទួល​បាន​ការ​ណែនាំ​ និង​ជំនួយ​ពី​អាមេរិក​សម្រាប់​អាជីព​នយោបាយ​របស់​លោក​។ ចំណែកជីវិតនយោបាយរបស់គណបក្សប្រឆាំងធំជាងគេមួយនេះ ត្រូវបានអ្នកវិភាគមើលឃើញថា កំពុងឈរនៅមាត់ជ្រោះនៃទីអវ សានហើយ ខណៈរដ្ឋសភាបានអនុម័តច្បាប់ទាក់ទងការបោះឆ្នោត ដើម្បីបែងចែងអាសនៈគណបក្សប្រឆាំងមួយនេះកាលពីថ្ងៃម្សិលមិញ(ថ្ងៃទី១៦តុលា)។

ក្នុងស្ថានភាពនយោបាយកាន់តែឡើងកម្តៅនេះ អង្គការអន្តរជាតិធំៗ សមាគមអឺរ៉ុប ពិសេសសហរដ្ឋអាមេរិកបានចេញនូវសេចក្តីថ្លែងការណ៍ ជាបន្តបន្ទាប់អំពាវនាវឱ្យរដ្ឋាភិបាលក្រុងភ្នំពេញពិចារណាឡើងវិញ ចំពោះការចាប់ខ្លួនលោក កឹម សុខា និងចំណាត់ការផ្សេងបាញ់ឆ្ពោះទៅរំលាយគណបក្សប្រឆាំងមុនការបោះឆ្នោតជាតិឆ្នាំ ២០១៨ នេះ។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយមានប្រសាសន៍ថា សហរដ្ឋអាមេរិក ​និងសហគមន៍អឺរ៉ុបអាចនឹងមានចំណាត់ការផ្នែកសេដ្ឋលើកម្ពុជា​ ប្រសិនបើគណបក្សប្រឆាំងត្រូវបានរំលាយ ហើយអាសនៈរបស់បក្សប្រឆាំងត្រូវបានហែកចែកគ្នាមែននោះ។ លោក ឯម សុវណ្ណារ៉ា ផ្តល់អនុសាសន៍ថា អ្នកនយោបាយគួរបន្ទន់ឥរិយាបថ និងពិចារណាឡើងវិញកុំឱ្យមានការប៉ះទង្គិចជាមួយអន្តរជាតិ ព្រោះនឹងនាំឱ្យកម្ពុជាខាតផលប្រយោជន៍ធ្ងន់ធ្ងរ។

 លោក ឯម សុវណ្ណារ៉ា៖«សម្លៀកបំពាក់ ស្បែងជើង ស្រោមជើង ក្រមា ដែលយើងនាំទៅទីផ្សារសហគមន៍អឺរ៉ុប និងអាមេរិកបើយើងប៉ាន់ប្រមាណទៅជិត ៧ ពាន់លានដុល្លារ គឺវាច្រើន។ ហើយបើវិស័យវាយនភ័ណ្ឌធ្លាក់ចុះ វិស័យសេវាកម្មក៏វាថយ ដូច្នេះធ្វើពលរដ្ឋអត់ការងារធ្វើ។ ខ្ញុំគិតថា ​កម្ពុជាពុំទាន់រកទីផ្សារណាជំនួយពីសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកបានឡើយ ដូច្នេះគួរគិតពិចារណាកន្លែងហ្នឹង កាលណាវិបត្តិសង្គមកើតឡើង ហានិភ័យគ្រោះមហន្តរាយដែលកើតឡើងចេញពីវិបត្តិនេះគឺពិបាកស្មានណា»។

វិស័យវាយនភណ្ឌកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ជាវិស័យស្នូរមួយឈានមុខក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។ កម្មករ-កម្មការិនីក្នុងវិស័យមួយនេះមានប្រមាណជិត​ ៧០ ម៉ឺននាក់។ ទាក់ទិននឹងវិស័យនេះ សហភាពអឺរ៉ុបជាទីផ្សារធំជាងគេដែលនាំសម្លៀកបំពាក់ពីកម្ពុជា ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៥ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ចំណែកអាមេរិក នាំសម្លៀកបំពាក់ពីកម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ៣ពាន់លានដុល្លារ។ អ្នកវិភាគព្រមានថា ប្រសិនបើសហភាពអឺរ៉ុប និងអាមេរិកពិតជាបិទទីផ្សារនាំចូលសម្លៀកបំពាក់ពីកម្ពុជាមែន នោះកម្ពុជានឹងអាចធ្លាក់ចូលវិបតិ្តសេដ្ឋកិច្ចជាក់ជាពុំខាន។

កាលពីពេលថ្មីនេះ រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេសកម្ពុជា ក៏ធ្លាប់សម្តែងក្តីព្រួយបារម្ភអំពីទំនាក់ទំនងការទូតកម្ពុជា-អាមេរិកផងដែរ ដោយលោកថា សហរដ្ឋអាមេរិក នឹងអាចបបួលសហភាពអឺរ៉ុបបិទកូតានាំចូលសម្លៀកបំពាក់ពីកម្ពុជា ប្រសិនបើចំណងការទូតនៅតែល្អក់កករនោះ៕

 

Share

Image
Image
Image