en     km
en     km

រដ្ឋមន្ត្រី​ក្រសួង​​រៀប​ចំ​​ដែន​ដី​​ ព្រមាន​​ម្ចាស់​​សំណង់​​វិស្វករ​​ដែល​​សង់​​អគារ​​ខុស​​បទ​ដ្ឋាន​​បច្ចេក​ទេស​

Share

​ភ្នំពេញ ៖ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ លោក​ ជា​ សុ​ផា​រ៉ា​ បាន​ព្រមាន​ ម្ចាស់​សំណង់​ វិស្វករ​ ឬ​អ្នក​គូរ​ប្លង់​អគារ​ទាំងអស់​ ដែល​មិន​គោរព​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស​ និង​ច្បាប់​សាងសង់​ត្រឹមត្រូវ​នោះ​ ក្រសួង​នឹង​ចាត់វិធានការ​ណ៍​ទៅ​លើ​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងនោះ​ ។​ ការ​ថ្លែង​របស់​ លោក​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ធ្វើ​ទ្បើ​ង​នៅ​ក្នុង​ពិធី​សម្ភោ​ធ​បើក​ការដ្ឋាន​សាងសង់​ The​ Peak​ Project​ នៅ​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​០៣​ខែឧសភា​ ។​​ ​លោក​ ជួន​ សា​រ៉េ​ត​ រាយ​ការ​ន៍​ពី​ព័ត៌មាន​នេះ៖

 

chea-sophara-photo-form-facebook-text
ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ លោក​ ជា​ សុ​ផា​រ៉ា​។ រូបភាពពី ៖ Facebook

ម្ចាស់​សំណង់​ វិស្វករ​ អ្នក​គូរ​ប្លង់​អគារ​ទាំងអស់​ ដែល​មិន​គោរព​ទៅ​តាម​បទដ្ឋាន​គតិ​យុ​ត្តនៃ​ការ​សាងសង់​ និង​ច្បាប់​សាងសង់​ត្រឹមត្រូវ​ទេ​នោះ​ ក្រសួង​នឹង​ចាត់វិធានការ​ណ៍​ទៅ​តាម​បញ្ញា​ត្តិ​នៃ​ច្បាប់​ដែល​បាន​ចែង​ ។​ នេះ​ជា​ការ​លើក​ទ្បើ​ង​របស់​ទេស​រដ្ឋមន្ដ្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ លោក​ ជា​ សុ​ផា​រ៉ា​ ។​​

ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ លោក​ ជា​ សុ​ផា​រ៉ា​ បាន​មាន​ប្រសាសន៍​ថា​ ចាប់ពី​ពេល​នេះ​តទៅ​ការ​សាងសង់​សំណង់​ អគារ​ទាំងអស់​ ប្រសិនបើ​ពិនិត្យ​រក​ឃើញ​ថា​ អ្នក​រចនា​ប្លង់​ ឬ​វិស្វករ​ និង​អ្នក​ទទួលខុសត្រូវ​ការដ្ឋាន​ សំណង់​ណា​ ដែល​ធ្វើ​ខុស​បទដ្ឋាន​បច្ចេកទេស​ ក្រសួង​រៀបចំ​ដែនដី​ នឹង​សរសេរ​លិខិត​ផ្ញើ​ជូន​ ទៅ​ម្ចាស់​គម្រោង​ដែល​បាន​សាងសង់​អាគារ​របស់​ខ្លួន​។​​បើជា​ជនបរទេស​ ត្រូវ​ផ្ញើ​លិខិត​ទៅ​គ្រប់​បណ្ដា​ស្ថានទូត​នៅ​កម្ពុជា​ដោយ​បញ្ជាក់​ថា​ ការ​គូស​ប្លង់​ និង​រៀបចំ​ប្លង់​ សំណង់​អគារ​ គឺ​មិន​គោរព​តាម​ច្បាប់​ បទដ្ឋាន​បច្ចេកទេស​សំណង់​ និង​គ្មាន​ការ​ទទួលខុសត្រូវ​ចំពោះ​ការងារ​របស់​ខ្លួន​នៅ​កម្ពុជា​ ។​​​

​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ លោក​ ជៀម​ សុផល​មក​រា​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ ប្រសិនបើ​សំណង់​ដែល​សាងសង់​ទ្បើ​ង​មិន​បាន​គោរព​ទៅ​តាម​ច្បាប់​សាងសង់​ ឬ​បទដ្ឋាន​បច្ចេកទេស​ ដែល​ក្រសួង​មិន​តំរូវ​ឱ្យ​សាងសង់​ទេ​នោះ​ ម្ចាស់​គម្រោង​សាងសង់​ វិស្វករ​ និង​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ដែល​បាន​ចេញ​ប្លង់​នោះ​ត្រូវ​ប្រឈម​នឹង​មុខ​ច្បាប់​។​

​លោក​ ជៀម​ សុផល​មក​រា​ ស្នើ​ឱ្យ​ម្ចាស់​គម្រោង​សាងសង់​អគារ​ ក៏​ដូច​ជា​វិស្វករ​ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ក្នុង​ការ​សាងសង់​អគារ​ត្រូវ​គោរព​ទៅ​តាម​វិជ្ជាជីវៈ​របស់​ខ្លួន​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ដោយ​មិន​ត្រូវ​ធ្វេសប្រហែស​ពី​តួនាទី​របស់​ខ្លួន​ឡើយ​ ។​ ប្រសិនបើ​ការ​សង់​សង់​អគារ​មិន​គោរព​ទៅ​តាម​ច្បាប់​សាងសង់​ទេ​នោះ​ អ្នក​ដែល​គូរ​ប្លង់​ ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​មួយ​ចំនួន​ដូច​ជា​ ៖​ «​ទី​០១​គឺ​គាត់​បាត់​ទំនុកចិត្ត​ពី​គេ​ហៅ​ថា​អតិថិជន​របស់​គាត់​ហ្នឹង​ណា​ដែល​ជា​ម្ចាស់​គម្រោង​សាងសង់​ឧ​បម​ថា​គាត់​គូស​ឱ្យ​គម្រោង​ណាមួយ​   អ​ញ្ចឹ​ង​គេ​ហៅ​ថា​វា​ខុស​ និយាយ​ខុស​ហើយ​អ​ញ្ចឹ​ង​គេ​អាច​ប្រាប់តៗ​គ្នា​កុំឱ្យ​រក​គាត់​ អាហ្នឹង​វា​បាត់បង់​ផ្នែក​សេដ្ឋកិច្ច​…»​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គ​ណេ​ន​យ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​ បាន​មាន​ប្រសាសន៍​ថា​ ការ​ព្រមាន​តែ​មួយ​មុខ​ទៅ​លើ​ម្ចាស់​សំណង់​ វិស្វករ​ អ្នក​គូរ​ប្លង់​អគារ​ជាដើម​ មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ​។​ លោក​ សន​ ជ័យ​បន្ត​ថា​រដ្ឋមន្ត្រីក្រសួង​សាមី​ត្រូវ​ពិនិត្យ​ទៅ​លើ​កិច្ចការ​មន្ត្រី​របស់​ខ្លួន​ជា​មុន​សិន​ មុន​នឹង​ចាត់វិធានការ​ណ៍​ទៅ​លើ​អ្នក​ដទៃ​។​

​លោក​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​ «​ការ​ព្រមាន​តែ​មួយ​មុខ​ទៅ​លើ​អ្នក​ដែល​គូរ​ប្លង់​ខ្ញុំ​គិត​ថា​មិន​គ្រប់គ្រាន់​ទេ​ ព្រោះ​អី​គ្រប់​ប្លង់​ទាំង​ទ្បា​យ​ដែល​មុន​នឹង​ឈាន​ទៅ​ដល់​ការ​សុំ​ការ​អនុញ្ញាត្តិ​ហ្នឹង​គឺ​មានការ​ត្រួតពិនិត្យ​ពី​ការ​រិ​យា​ល័យ​ផ្នែក​សំណង់​នៅ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ហ្នឹង​អ​ញ្ចឹ​ង​ពិតជា​មានការ​ត្រួតពិនិត្យ​ហើយ​…»​។​

​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​បង្ហាញ​ថា​ បច្ចុប្បន្ន​នេះ​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ចាប់ពី​ឆ្នាំ​២០១១​ រហូត​ដល់​ឆ្នាំ​២០១៤​ មាន​អ្នក​វិនិយោគ​ក្នុងស្រុក​ និង​ក្រៅប្រទេស​ដែល​បាន​បោះទុន​រួម​គ្នា​វិនិយោគ​លើ​វិស័យ​សំណង់​ជា​មធ្យម​ចំនួន​ ២,៧៧៣​ លាន​ដុល្លារ​អា​មេ​រិ​ក​ ហើយ​គិត​ត្រឹម​ឆ្នាំ​២០១៥​ ទុន​វិនិយោគ​សរុប​ មាន​រហូត​ដល់​ ២,៩៣៦​ លាន​ដុល្លារ​អា​មេ​រិ​ក​។​ នេះ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​ AKP​ ៕

Share

Image
Image
Image