en     km
en     km

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ថា​ ក្រសួង​ខ្វះ​មន្ត្រី​មាន​ឆន្ទៈ​ និង​មាន​ជំនាញ​ តែ​សម្បូរ​មន្ត្រី​អសមត្ថភាព​

Share

cover-ministry-of-Info-&-Khieu-Kanharith
​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក​  ខៀវ​ កា​ញា​រិីទ្ធ​ សម្ដែង​ការ​ខកចិត្ត​ការ​ដែល​មន្ត្រី​របស់​លោក​មួយ​ចំនួន​ មិន​មាន​ឆន្ទៈ​ និង​ជំនាញ​ធ្វើការ​ ហើយ​ចំពោះ​មន្ត្រី​មួយ​ភាគ​ធំ​លោក​ថា​ អសមត្ថភាព​ និង​ពុំ​មាន​ជំនាញ​ ច្បាស់លាស់​ក្នុង​ការងារ​។​

​ថ្លែង​នៅ​ក្នុង​កម្មវិធី​សន្និបាត​បូក​សរុប​ការងារ​វិស័យ​ព័ត៌មាន​ និង​ សោត​ទស្សន៍​ឆ្នាំ​ ២០១៥​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​ ២០១៦​ កាលពី​ព្រឹក​ថ្ងៃ​ពុធ​ ទី​២​ មិ​នា​ ម្សិលមិញ​នេះ​ លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ មាន​ប្រសាសន៍​ថា​ ទន្ទឹម​នឹង​ការ​យកចិត្តទុកដាក់​លើ​វិសាលភាព​ និង​គុណភាព​នៃ​ការ​ផ្សព្វផ្សាយ​ ក្រសួង​ព័ត៌មាន​បាន​ខិតខំ​យកចិត្តទុកដាក់​លើ​ធនធានមនុស្ស​ដែល​កំពុង​តែ​ចោទ​ជា​បញ្ហា​ប្រឈម​ គ្រប់​អង្គភាព​ចំណុះ​របស់​ខ្លួន​ទាំងអស់​។​

​លោក​ថា​ ក្នុង​ឆ្នាំ​ ២០១៥​ កន្លង​ទៅ​ក្រសួង​បាន​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​ក្រប​ខណ្ឌ​ថ្មី​ជា​ច្រើន​រូប​ ប៉ុន្តែ​ ក្រសួង​នៅ​តែ​ខ្វះ​មន្ត្រី​សម្រាប់​បម្រើ​ការងារ​ដដែល​។​ លោក​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា​ បច្ចុប្បន្ន​ក្រសួង​ខ្វះ​មន្ត្រី​ដែល​មាន​ឆន្ទៈ​ មាន​សមត្ថភាព​ និង​មន្ត្រី​មាន​ជំនាញ​ក្នុង​ការ​បំពេញការងារ​ ប៉ុន្តែ​ក្រសួង​បែរជា​មាន​លើសលុប​នូវ​មន្ត្រី​ដែល​ខ្វះ​សមត្ថភាព​ និង​មិន​ទាន់​មាន​ជំនាញ​ពិតប្រាកដ​ទៅ​វិញ​ហើយ​មន្ត្រី​វ័យក្មេង​មួយ​ចំនួន​ទទួល​បាន​ក្រប​ខណ្ឌ​ហើយ​ តែ​ទៅ​ធ្វើការ​នៅ​កន្លែង​ផ្សេង​។​

​លោក​បានឱ្យ​ដឹង​ទៀត​ថា​ មន្ត្រី​មួយ​ចំនួន​ទៀត​ បាន​ខិតខំ​រក​គ្រប់​មធ្យោបាយ​ ដើម្បី​ស្វែងរក​តួនាទី​ និង​មុខ​តំណែង​ខ្ពស់​ ប៉ុន្តែ​មិន​ព្រម​ខិតខំ​ពង្រឹងសមត្ថភាព​ដឹកនាំ​គ្រប់គ្រង​ និង​សមត្ថភាព​ជំនាញ​របស់​ខ្លួន​ទេ​ ហើយ​ផ្ទុយ​ទៅ​ធ្វើ​ឲ្យ​បរិយាកាស​នៅ​ក្នុង​ក្រប​ខណ្ឌ​មន្ត្រីរាជការ​ទូទៅ​មាន​ភាព​ច្របូកច្របល់​ និង​ពិបាក​គ្រប់​គ្រង់​។​

​លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ បាន​សង្កត់ធ្ងន់​ថា​ បញ្ហា​ប្រឈម​របស់​ក្រសួង​នា​ពេល​នេះ​ ត្រូវ​តែ​រួម​គ្នា​ដោះស្រាយ​ឱ្យ​បាន​ល្អ​ ដើម្បី​ធានា​ឱ្យ​បាន​ធនធានមនុស្ស​មាន​សមត្ថភាព​ និង​មាន​ឆន្ទៈ​អនុវត្ត​ការងារ​ពិតប្រាកដ​ ស្រប​តាម​កម្មវិធី​កែទម្រង់​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ​ និង​ការ​កែទម្រង់​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រាជរដ្ឋាភិបាល​។​

​ជុំវិញ​ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ លោក​ មាស​ នី​ អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម​មាន​ប្រសាសន៍​ថា​ ការ​លើក​ឡើង​របស់​ក្រសួង​ព័ត៌មាន​ពិត​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​ខ្វះ​សមត្ថភាព​របស់​ក្រសួង​ដទៃ​ទៀត​ក្នុង​ជួរ​រដ្ឋាភិបាល​ដែល​លោក​ថា​មិន​ត្រឹមតែ​ក្រសួង​ព័ត៌មាន​នេះ​មួយ​ទេ​។​

​លោក​ មាស​ នី​ បាន​បន្ត​ទៀត​ថា​ មាន​មូលហេតុ​ចំនួន​៣​ដែល​ធ្វើ​ឱ្យ​បុគ្គលិក​ក្រសួង​ខ្វះ​សមត្ថភាព​ក្នុង​ការ​បំពេញការងារ​ ទី​មួយ​ ដោយសារ​បុគ្គលិក​តាម​មន្ទីរ​ក្រសួង​មួយ​ចំនួន​កើតឡើង​តាម​រយៈ​បក្សពួក​ ប្រើប្រាស់​ខ្សែបណ្តាញ​ច្រើន​ជាង​ចូល​បម្រើ​ការងារ​តាម​រយៈ​ការ​ប្រឡងប្រជែង​យក​សមត្ថភាព​ពិតប្រាកដ​។​ មូលហេតុ​ទី​ពីរ​ អាច​មក​ពី​តាម​បណ្តា​ក្រសួង​-​ស្ថាន​ប័ន​មួយ​ចំនួន​មាន​បុគ្គលិក​ច្រើន​ ប៉ុន្តែ​ការងារ​មាន​ទំហំ​តិច​ ធ្វើ​ឱ្យ​បុគ្គលិក​មាន​ពេលទំនេរ​ច្រើន​ និង​មូលហេតុ​ទី​បី​ បណ្តាល​មក​ពី​បុគ្គល​ក្នុង​ស្ថាប័ន​ក្រសួង​មួយ​ចំនួន​ កើត​ពេញ​ពី​ការ​តស៊ូ​ចេញពី​សង្គ្រាម​មាន​តួនាទី​ មាន​តំណែង​ខ្ពស់​ ប៉ុន្តែ​គ្មាន​សមត្ថភាព​ពិតប្រាកដ​។​

​អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម​រូប​នេះ​ បានឱ្យ​ដឹង​ទៀត​ថា​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ រដ្ឋាភិបាល​ត្រូវ​តែ​ពិនិត្យ​ទៅ​លើ​ស្ថានភាព​មន្ត្រី​របស់​ខ្លួន​ឡើង​វិញ​ ជៀស​វាស​នៅ​តាម​ក្រសួង​នីមួយៗ​មាន​មន្ត្រី​អសមត្ថភាព​បម្រើ​ការងារ​ នាំ​ឱ្យ​កិច្ចការ​ប្រទេស​ជាតិ​មិន​រីក​ចម្រើន​។​

«​ខ្ញុំ​គិត​ថា​ ស្ថានភាព​ក្រសួង​ដទៃ​ទៀត​ក៏​វា​ដូច​គ្នា​នឹង​ក្រសួង​ព័ត៌មាន​ដែរ​ ខ្ញុំ​គិត​ថា​ក្រសួង​ខ្លះ​ហ្នឹង​ វា​យ៉ាប់​ជាង​ក្រសួង​ព័ត៌មាន​ទៅ​ទៀត​។​ …​ ដូច​ជា​រដ្ឋមន្ត្រីក្រសួង​ណាមួយ​អ​ញ្ចឹ​ង​ម៉ា​សំបុក​ ម៉ា​កូនចៅ​ ស្ទើរតែ​មួយ​គ្រួសារ​ មួយ​ពូជ​របស់​គាត់​គឺ​នៅ​ក្នុង​ក្រសួង​របស់​គាត់​ស្ទើ​តែ​ទាំងអស់​ ហើយ​នៅ​សភា​ក៏​យើង​ឃើញ​មាន​ច្រើន​ដែរ​។​ នេះ​ជា​រឿង​ជាក់ស្តែង​ខ្ញុំ​គិត​ថា​ រដ្ឋាភិបាល​គួ​តែ​គិត​មើល​រឿង​នេះ​ …​ »​។​

​សូម​ជម្រាប​ថា​ ឆ្នាំ​ ២០១៥​ កន្លង​ទៅ​ ក្រសួង​ព័ត៌មាន​បាន​ធ្វើ​កំណែទម្រង់​លើ​ខ្លឹមសារ​នៃ​ការ​ផ្សព្វផ្សាយ​ លើ​ការងារ​ដឹកនាំ​គ្រប់គ្រង​ និង​របៀបរបប​ធ្វើ​ការងារ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ ជា​ពិសេស​ក្រសួង​បាន​ផ្តោត​លើ​ការងារ​ចាត់តាំង​ការងារ​បណ្តុះបណ្តាល​មន្ត្រី​ជំនាញ​និង​មន្ត្រី​បន្តវេន​ ប៉ុន្តែ​គ្រប់​អង្គភាព​ទាំងអស់​នៅ​តែ​ខ្វះ​មន្ត្រី​ទាំង​ពីរ​ភេទ​នេះ​ដដែល​ ខណៈ​ មន្ត្រី​ខ្វះ​សមត្ថភាព​ជា​ច្រើន​៕​

Share

Image
Image
Image