en     km
en     km

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថា​ ថៃ​ជា​ដៃគូ​វិនិយោគទុន​សំខាន់​ចំពោះ​វិស័យសេដ្ឋកិច្ច​កម្ពុជា​

Share

លោក Suvit Maesincee អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសថៃ (ខាងឆ្វេង) និង លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសកម្ពុជា
លោក Suvit Maesincee អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសថៃ (ខាងឆ្វេង) និង លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសកម្ពុជា

ក្នុង​កម្មវិធី​ជំនួប​ពាណិជ្ជករ​កម្ពុជា​-​ថៃ​ នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម​ នា​រសៀល​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​ លោក​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ បាន​មាន​ប្រសាសន៍​ថា​ កម្ពុជា​កំពុង​ត្រូវការ​អ្នក​វិនិយោគទុន​ថៃ​ចូល​មក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន​ ដើម្បី​ជំរុញ​ឱ្យ​វិស័យសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​កម្ពុជា​រីក​ចម្រើន​។​

​ទន្ទឹម​គ្នា​នេះ​ដែរ​ លោក​ ស៊ុន​ ចាន់​ថុ​ល​ ក៏​បាន​លើក​ឡើង​ថា​ បច្ចុប្បន្ន​រដ្ឋាភិបាល​កម្ពុជា​ បាន​ផ្តល់​ឱកាស​យ៉ាង​ទូលំទូលាយ​ដល់​អ្នក​វិនិយោគ​បរទេស​ទាំងអស់​ដែល​ចង់​មក​វិយោគ​ទុន​នៅ​កម្ពុជា​។​ លោក​ថា​ ក្រសួង​ពាណិជ្ជ​នឹង​ដើរតួ​ជា​អ្នកសម្របសម្រួល​ក្នុង​ការ​ចុះបញ្ជី​ពាណិជ្ជកម្ម​ផ្សេងៗ​ ជា​ពិសេស​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ឱកាស​ដល់​វិស័យ​ឯកជន​ ក្នុង​ការ​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ឱ្យ​កានតែ​ប្រសើរ​ផង​ដែរ​។​

​លោក​ Suvit​ Maesincee​ អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ថៃ​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ជំនួប​នេះ​ថា​ រដ្ឋាភិបាល​ថៃ​បាន​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគទុន​ប្រទេស​ទាំងអស់​ ឱ្យ​បង្កើន​កិច្ច​សហប្រតិបត្តិការ​វិនិយោគ​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ ក្នុង​តំបន់​អាស៊ាន​ ជា​ពិសេស​ជំរុញ​ឱ្យ​អ្នក​វិយោគ​ថៃ​ចូល​មក​ប្រទេស​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន​ តាម​រយៈ​ការ​សម្របសម្រួល​រវាង​ភាគី​ទាំង​ពីរ​។​

ministry-of-commerce-01

​អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ថៃ​រូប​នេះ​ បាន​បន្ថែម​ទៀត​ថា​ រដ្ឋាភិបាល​ថៃ​នឹង​ជំរុញ​ឱ្យ​មានការ​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​កសិកម្ម​ ឧស្សាហ៍កម្ម​ និង​សេវាកម្ម​ដល់​កម្ពុជា​។​ ទន្ទឹម​គ្នា​នេះ​ដែរ​ ក្រៅ​តែ​ពី​ការ​ធ្វើ​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច​ ក្នុង​នោះ​ដែរ​ ទាក់ទង​នឹង​វិស័យ​សេវាកម្ម​វិញ​ រដ្ឋាភិបាល​ថៃ​ក៏​នឹង​ជំរុញ​ដល់​អ្នក​វិនិយោគ​ថៃ​ឱ្យ​ចូល​មក​កម្ពុជា​ មាន​ដូច​ជា​ សេវាកម្ម​ទេសចរណ៍​ សេវាកម្ម​ចំណីអាហារ​មាន​សុវត្ថិភាព​ សេវាកម្ម​អគ្គី​ស​នី​ ការ​កសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​គម​នាគ​ន៍​ ព្រមទាំង​សេវាកម្ម​ទឹក​ស្អាត​នៅ​កម្ពុជា​ជាដើម​។​ លោក​ថា​ កម្ពុជា​ជា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ថៃ​ទាំង​នា​ពេល​បច្ចុប្បន្ន​ និង​នៅ​ថ្ងៃ​អនាគត​។​

​លោក​ Nuttavut​ Chaiarrikij​ តំណាង​ក្រុមហ៊ុន​មក​ពី​ប្រទេស​ថៃ​ បាន​និយាយ​ថា​ បច្ចុប្បន្ន​កម្ពុជា​ ជា​ប្រទេស​មួយ​ដែល​មាន​កំណើនសេដ្ឋកិច្ច​រីក​ចម្រើន​ល្អ​ប្រសើរ​ ក្នុង​នោះ​ដែរ​ ប្រទេស​កម្ពុជា​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​អាច​ឱ្យ​អ្នក​វិនិយោគ​បរទេស​ ចូល​មក​វិនិយោគទុន​បាន​កាន់តែ​ច្រើន​ជាង​មុន​។​

​សូម​ជម្រាប​ថា​ កម្ពុជា​ត្រូវការ​អ្នក​វិនិយោគទុន​បរទេស​ លើ​វិស័យ​ចម្បងៗ​ចំនួន​ប្រាំ​រួម​មាន​៖​ វិស័យ​កែ​ច្នៃ​វត្ថុធាតុដើម​ និង​ការ​កែ​ច្នៃ​ម្ហូបអាហារ​,​ វិស័យ​ឧស្សាហ៍កម្ម​ធុន​ស្រាល​,​ វិស័យ​ទេសចរណ៍​,​ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​,​ ព្រមទាំង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្នែក​បច្ចេកទេស​និង​វិជ្ជាជីវៈ​ជាដើម​។​ កន្លង​ទៅ​ការ​វិនិយោគទុន​រវាង​ប្រទេស​កម្ពុជា​និង​ថៃ​ មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង​ ៥​ពាន់​លាន​ដុល្លារ​អា​មេ​រិច​ ដោយ​ភាគច្រើន​ជា​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​។​ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​ លោក​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​៕

Share

Image
Image
Image