en     km
en     km

រដ្ឋមន្ត្រីកម្ពុជាម្នាក់ជំរុញការកាត់បន្ថយឱ្យអស់នូវភាពអត់ឃ្លានឱ្យដល់កម្រិតសូន្យ ឆ្នាំ២០៣០(មានសំឡេង)

Share

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវនាវសុំឲ្យអង្គភាពជំនាញនីមួយៗ ស្ថាប័នពាក់ព័ន្ធមិនថារដ្ឋ និងឯកជន និងដៃគូអភិវឌ្ឍទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយចំនួន៦ ដើម្បីកាត់បន្ថយឱ្យអស់នូវភាពអត់ឃ្លានឱ្យដល់កម្រិតសូន្យ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេស ប៊ុករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ នៅថ្ងៃទី១៦ តុលានេះ។

លោក សោម លាភរាយការណ៍៖

តាមការចុះផ្សាយនេះបង្ហាញថា ការបង្ហាញជំហរ និងអំពាវនាវបែបនេះរបស់ លោក វែង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ធ្វើឡើងនៅក្នុងកម្មវិធីនៃការរៀបចំទិវាស្បៀងអាហាពិភពលោកលើកទី៣៨ ឆ្នាំ២០១៨ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ក្នុងកម្មវិធីនេះ ធ្វើឡើងក្រោមប្រធានបទ «យើងរួមគ្នាកាត់បន្ថយភាពអត់ឃ្លានឱ្យបានដល់កម្រិតសូន្យត្រឹមឆ្នាំ២០៣០»

ក្នុងកិច្ចប្រជុំនេះមានការចូលរួមជាអធិបតីពី លោក វែង សាខុន លោកស្រី Francesca Erdelmann តំណាងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជា និងលោក Alexandre HUYNH តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា នឹងអ្នកចូលរួមជាច្រើននាក់។​

កម្មវិធីនេះ បញ្ជាក់ទៀតថា ជាការចូលរួមបំផុសស្មារតីឲ្យយល់ដឹង និងទទួលស្គាល់អំពីតួនាទីដ៏មានសារៈសំខាន់នៃ​វិស័យកសិកម្ម ក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ សុខុមាលភាព និងអភិវឌ្ឍន៍ជនបទ ហើយឈានទៅបញ្ចប់ភាពអត់ឃ្លានរបស់ប្រជាជននៃបណ្តាប្រទេសមួយចំនួននៅទូទាំងសាកលលោកនាឆ្នាំ២០៣០។

នាឱកាសនោះ លោក វេង សាខុន បានស្នើសុំឲ្យអង្គភាពជំនាញនីមួយៗ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និងឯកជន និងដៃគូអភិវឌ្ឍទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយចំនួន៦ចំណុចដូចតទៅ៖

១- ជំរុញការរៀបចំនិងដាក់ឲ្យអនុវត្ត «ផែនការមេសម្រាប់អភិវឌ្ឍវិស័យកសិកម្ម ឆ្ពោះទៅឆ្នាំ២០៣០» និង «ផែនការយុទ្ធសាស្រ្តអភិឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣»ប្រកបដោយប្រសិទ្ធភាព។

២-បង្កើនការផលិត គុណភាព និងពិពិធកម្ម តាមរយៈការបង្កើនការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍពូជដំណាំ ពូជសត្វ និងការចិញ្ចឹមត្រី ដែលផ្តល់តម្លៃបន្ថែមខ្ពស់។ ជាងនេះទៀត ត្រូវបញ្ចុះថៃ្ល និងពង្រឹងគុណភាពផលិតផលកសិកម្ម ព្រមទាំងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត និងឌីជីថល។

៣- ជំរុញឲ្យមានការវិនិយោគឯកជនលើកសិផល ដែលមានសក្តានុពល ដូចជា ស្រូវ ដំទ្បូងមី ស្វាយ ស្វាយចន្ទី ចេក កៅស៊ូ បន្លែ ជាដើម។ មិនតែប៉ុណ្ណោះ កែលម្អនូវបរិយាកាសធុរកិច្ច សំដៅសម្រួលពាណិជ្ជកម្ម កាត់បន្ថយថ្លៃដើម និងគាំទ្រដល់ការបង្កើតការងារ និងជំរុញកំណើនអាជីវកម្មធុនតូច និងមធ្យមក្នុងស្រុក។

៤- លើកទឹកចិត្តឱ្យមានការដាំបន្លែគ្រប់ប្រភេទជំនួសឲ្យការនាំចូល ព្រមទាំងសម្របសម្រួលការរៀបចំបង្កើតទីផ្សារបោះដុំ និងចែកចាយបន្លែ ដែលមានស្តង់ដារ និងអនាម័យខ្ពស់។

៥-បង្កើនកសិកម្មចម្រុះទៅតាមភូមិសាស្ត្រនីមួយៗ។ ដោយឡែក មន្ត្រីជំនាញត្រូវជួយផ្សព្វផ្សាយអំពីបច្ចេកទេសកសិកម្ម ការគិតគូរអំពីតម្រូវការទីផ្សារ ជៀសវាងការធ្វើតាមគ្នាដោយពុំមានផែនការច្បាស់លាស់។

និង៦- ជំរុញពាណិជ្ជូបនីយកម្មកសិកម្ម តាមរយៈការបន្តពង្រឹងប្រព័ន្ធអនាម័យ និងភូតគាមអនាម័យ ការវិនិយោគបលើមន្ទីរពិសោធន៍ សម្រាប់នាំចេញ។

នៅក្នុងពិធីសំណេះសំណាល់ជាមួយកម្មករកម្មការិនី កាលពីថ្មីៗនេះ  សម្ដេចនាយករដ្ឋមន្ត្រីបានអះអាងថា អត្រាភាគរយនៃភាពក្រីក្រនៅកម្ពុជាបានធ្លាក់ចុះ មកដល់ជាង១៤ភាគរយ នៅឆ្នាំ២០១៧ ដែលសម្ដេចរំពឹងថា តួលេខនេះ នឹងបន្តធ្លាក់ចុះថែមទៀតនៅឆ្នាំបន្តបន្ទាប់៕

Share

Image
Image
Image