en     km
en     km

រដ្ឋមន្ដ្រី​ព័ត៌មាន​៖​ គ្រោះថ្នាក់​ចរាចរណ៍​អាច​កើតឡើង​ដោយ​ងាយ​បំផុត​បើ​អ្នកបើកបរ​ធ្វេសប្រហែស​

Share

ភ្នំពេញ៖ ​លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ ថា​ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​អាច​កើតឡើង​ដោយ​ងាយ​បំផុត​ នៅ​ពេល​ដែល​អ្នកបើកបរ​ធ្វេសប្រ ហែស​ និង​មើល​ស្រាល​វា​។​ ​លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​ថ្លែង​បែប​នេះ​ នៅ​ក្នុង​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​ ស្ដី​ពី​ «​ការ​បន្ដ​រួម​គ្នា​ជំរុញ​ការ​ពាក់មួក​សុ​ត្ថិ​ភាព​ សម្រាប់​អ្នក​រួម​ដំណើរ​តាម​ទោចក្រយានយន្ដ​ ព្រមទាំង​កុមារ​នៅ​កម្ពុជា​»​ នៅ​ថ្ងៃ​អង្គា​រ៍​ ទី​២៣​ ខែសីហា​ ឆ្នាំ​២០១៦​ នេះ​ ។​

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន

ក្នុង​វេទិការ​ដែល​មាន​អ្នក​សារព័ត៌មាន​ និង​និពន្ធ​នាយក​ចូលរួម​ប្រមាណ​ជា​៤០​នាក់​ នៅ​ឯ​សណ្ឋាគារ​កាំ​ប៊ូ​ឌី​យ៉ា​ណា​ ថ្ងៃនេះ​ លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​ បាន​ថ្លែង​បន្ថែម​ថា​ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​កើត​មាន​ឡើង​ ដោយ​ងាយ​បំផុត​គឺ​នៅ​ពេល​ដែល​ទាំងអស់​គ្នា​តែងតែ​គិត​ថា​ មិន​អី​ ប៉ុន្ដែ​ គ្រោះថ្នាក់​ចរាចរណ៍​អាច​កើត​មាន​គ្រប់​ទីកន្លែង​ និង​គ្រប់ពេលវេលា​បាន​ដោយ​ចៃដន្យ​។​ លោក​ ខៀវ​ កា​ញា​រី​ទ្ធ​៖«​ឥលូវ​នេះ​ស្ទើរតែ​គ្រប់​គ្នា​បាន​យល់​ អំពី​ផលប្រយោជន៍​នៃ​ការ​ពាក់មួក​សុវត្ថិភាព​ ហើយ​ភាគច្រើន​នៅ​សល់​តិចតួច​ ដោយសារ​ប្រជាជន​យើង​គាត់​យល់​ថា​  ធ្វើ​ដំណើរ​ខ្លី​ ទៅ​នេះ​តែ​មួយ​ភ្លែត​ មួយ​ភ្លែត​ ប៉ុន្ដែ​គាត់​ភ្លេច​ថា​គ្រោះថ្នាក់​វា​កើតឡើង​ដោយ​មិន​បាន​ព្រាង​ទុក​»​។​

​ចំនុច​នេះ​លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ បាន​ជម្រុញ​ឱ្យ​អ្នក​សារព័ត៌មាន​ សរសេរ​រឿង​ពាក់មួក​សុវត្ថិភាព​ឱ្យ​បាន​ច្រើន​ ដោយ​បញ្ចូល​លក្ខណៈ​វិទ្យាសាស្ដ្រ​អម​ជាមួយ​ នៅ​ពេល​សរសេរ​អត្ត​បទ​ ឬ​ ផលិត​រឿង​ខ្លី​ និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ​  របស់​វិទ្យុ​ ទូរទស្សន៍​ ឬ​នៅ​លើ​គេហទំព័រ​របស់​ស្ថាប័ន​ខ្លួន​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​ព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយ​ ក្នុង​រឿង​នេះ​។​ លោក​ ខៀវ​ កាញ​រី​ទ្ធ​ ថា​ ៖«​ពីព្រោះ​ បើ​យើង​គ្រាន់តែ​និយាយ​ធម្មតា​ គាត់​អត់​យល់​អស់​ទេ​ បើ​យើង​ពន្យល់​ថា​កាលណា​វា​ដួល​ទៅ​វា​ទម្ងន់​ប៉ុណ្ណា​ ប្លែក​ទៅ​ប៉ុណ្ណា​ បើ​គាត់​យល់​ថា​អាហ្នឹង​វា​គ្រោះថ្នាក់​ …»​។​

លោក​ ខៀវ​ កាញ​រី​ទ្ធ​ លើក​ឡើង​បែប​នេះ​ ស្រប​ពេល​ដែរ​លោក​ គឹ​ម​ បញ្ញា​ នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ AIP​ បាន​រក​ឃើញ​ថា​ នៅ​កម្ពុជា​ក្នុង​មួយ​ឆ្នាំៗ​ មាន​មនុស្ស​ប្រមាណ​ជាង​ ២​ពាន់​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​ និង​ជា​ច្រើន​ពាន់​នាក់​ផ្សេង​ទៀត​ បាន​ទទួល​រង​របួសធ្ងន់​ស្រាល​ ហើយ​នៅ​ក្នុង​នោះ​ភាគច្រើន​បំផុត​នៃ​ជន​រង​គ្រោះ​ គឺជា​អ្នក​ធ្វើ​ដំណើរ​តាម​ទោចក្រយានយន្ដ​តែង​ទទួល​រង​ប៉ះទង្គិច​ក្បាល​។​ លោក​ គឹ​ម​ បញ្ញា​ ៖«​ ហើយ​ទន្ទឹម​នឹង​ហ្នឹង​ ភាគច្រើន​បំផុត​ នៃ​ជន​រង​គ្រោះ​ គឺជា​អ្នក​ធ្វើ​ដំណើរ​តាម​ទោចក្រយានយន្ដ​ ដែល​យើង​ហៅ​សាមញ្ញ​ គឺ​ ម៉ូតូ​ហ្នឹង​តែ​ម្ដង​ ហើយ​ទទួល​រង​នៃ​ការ​ប៉ះទង្គិច​ក្បាល​  ។​ ទន្ទឹម​នឹង​ហ្នឹង​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​បង្ករ​ឱ្យ​មានការ​ខាតបង់​ថវិការ​អស់​រាប់រយ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ។​ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​មួយៗ​ឆ្នាំ​ គឺ​ មាន​ចំនួន​ប្រមាណ​៣០​ដង​ ច្រើន​ជាង​អ្នក​ស្លាប់​ដោយសារ​ជម្ងឺគ្រុនឈាម​ ជម្ងឺគ្រុនចាញ់​ គ្រាប់​មីន​ បី​ប្រភេទ​នេះ​បូក​បញ្ចូល​គ្នា​»​។​

នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​រូប​នេះ​ បាន​លើក​ឡើង​បន្ដ​ថា​ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​វា​គួរ​ឲ្យ​ព្រួយ​បា​ម្ភ​ ប៉ុន្ដែ​ទោះជា​យ៉ាងណា​ក្ដី​ ការ​ស្លាប់​ និង​ករណី​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​គឺជា​បញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ​សម្រាប់​សង្គម​កម្ពុជា​ និង​ប្រជាពលរដ្ឋ​កម្ពុជា​នោះ​ មួយ​ភាគ​ធំ​ គឺ​អាច​ការពារ​បាន​ប្រ​សិន​ បើ​ទាំងអស់​គ្នា​មាន​វិធានការ​សម​ស្រប​ និង​ការ​ពាក់មួក​សុវត្ថិភាព​បាន​ត្រឹមត្រូវ​។​ លោក​ គឹ​ម​ បញ្ញា​៖«​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ​អន្ដរជាតិ​មួយ​ សហការ​ជាមួយ​និង​វិទ្យាស្ថាន​ដែល​គាត់​មាន​មូលដ្ឋាន​នៅ​បរទេស​ គាត់​រក​ឃើញ​ថា​ ប្រសិនបើ​យើង​មាន​វិធានការ​សម​ស្រប​ តាម​រយៈ​ការ​ចាត់ជា​សកម្មភាព​ក្នុង​ការ​អប់រំ​ផ្សព្វផ្សាយ​ ការ​អនុវត្ត​ច្បាប់​ ការ​កែសម្រួល​រចនាសម្ព័ន្ធ​ យើង​គិត​ថា​ក្នុង​រយៈ​ពី​ពេល​១០​ឆ្នាំ​ ២០១១​ ដល់​២០២០​ វា​អាច​សង្គ្រោះ​ជីវិត​មនុស្ស​ បាន​រហូត​ទៅ​ដល់​ ៧៣៥០​នាក់​យ៉ាង​ហោច​ណាស់​ …»​។​

​របាយការណ៍​របស់​អនុប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​លោក​ ទី​ ឡុ​ង​ បាន​បង្ហាញ​ថា​ គ្រោះថ្នាក់​ចរាចរណ៍​ គិត​ត្រឹម​រយៈពេល​ ៦​ខែ​ ឆ្នាំ​២០១៦​ គ្រោះថ្នាក់​ចរាចរណ៍​សរុប​មាន​ចំនួន​ ១៩០០​លើក​ ក្នុង​នោះ​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​ម៉ូតូ​ មាន​ចំនួន​សរុប​ ១៦១២​នាក់​ មាន​អ្នក​ស្លាប់​ចំនួន​ ៦៥៩​នាក់​ និង​អ្នក​រួម​ដំណើរ​មាន​ចំនួន​ ១៩៤​នាក់​។​ ដោយឡែក​ អ្នក​រង​របួស​ដោយសារ​គ្រោះថ្នាក់​បង្ក​ឡើង​ដោយ​ម៉ូតូ​ មាន​ចំនួន​សរុប​ ៩៥៣​នាក់​ និង​អ្នក​រួម​ដំណើរ​ ៥៧៣​នាក់​ ក្នុង​នោះ​អ្នក​ពាក់មួក​សុវត្ថិភាព​ចំនួន​ ២១៣​នាក់​ និង​អ្នក​ដែល​មិន​បាន​ពាក់មួក​សុវត្ថិភាព​មាន​ចំនួន​ ៧៤០​នាក់​។​

​សូម​ជម្រាប​ដែរ​ថា​ វេទិការ​ស្ដី​ពី​និពន្ធ​នាយក​ រួម​គ្នា​ជម្រុញ​ការ​ពាក់មួក​សុវត្ថិភាព​ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ AIP​ សហការ​ជាមួយ​ ក្លិប​អ្នកកាសែត​កម្ពុជា​ (​ក​.​អ​.​ក​)​ នៅ​ថ្ងៃនេះ​ មាន​គោលបំណង​បង្ហាញ​ពី​សម​ទ្ធិ​ផល​ និង​បទ​ពិសោធន៍​នៃ​ការ​ផ្សព្វផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ រួម​ទាំង​ការ​តាំងចិត្ត​របស់​និពន្ធ​នាយក​សារព័ត៌មាន​ ក្នុង​ការ​បន្ដ​ផ្សព្វផ្សាយ​ទាក់ទង​សុវត្ថិភាព​ចរាចរណ៍​ សំខាន់​ការ​ជម្រុញ​ការ​ពាក់មួក​សុវត្ថិភាព​ក្នុង​ចំណោម​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​ ព្រមទាំង​កុមារ​ បន្ទាប់​ពី​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​៕

Share

Image
Image
Image