en     km
en     km

រដ្ឋមន្ដ្រីក្រសួង​ចំនួន​ ០៣​ អះអាង​ថា​ ករណី​ពលរដ្ឋ​ស្លាប់​នៅ​ក្រចេះ​ គឺ​ដោយសារ​ពុល​ស្រា​ ស​

Share

​ភ្នំពេញ​ ៖​ ករណី​ប្រជាពលរដ្ឋ​ពុល​ស្លាប់​នៅ​ខេត្ដក្រចេះ​ ចំនួន​ ១៤​នាក់​ និង​ពលរដ្ឋ​ប្រមាណ​ជិត​ ៣០០​នាក់​ធ្លាក់ខ្លួន​ឈឺ​ កាលពីដើម​ឧសភា​ កន្លង​ទៅ​ នៅ​ថ្ងៃ​ទី​២៤​ ខែឧសភា​ រដ្ឋមន្ដ្រីក្រសួង​ចំនួន​ ០៣​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​ ដោយ​អះអាង​ថា​ ករណី​ពលរដ្ឋ​ពុល​ស្លាប់​នេះ​ គឺ​បណ្ដាល​មក​ពី​ ស្រា​ ស​ ដែល​ប្រជាពលរដ្ឋ​លក់​ក្នុង​ខេត្ដ​នេះ​ បាន​លាយ​សា​ធារ​តុ​មេតា​ណុ​ល​កម្រិត​ខ្ពស់​។

​រដ្ឋមន្ដ្រីក្រសួង​ទាំង​បី​នេះ​រួម​មាន​ លោក​ ចម​ ប្រសិទ្ធ​ រដ្ឋមន្ដ្រីក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ លោក​ ស៊ុ​យ​ សែ​ម​ រដ្ឋមន្ដ្រីក្រសួង​រ៉ែ​ និង​ថាមពល​ និង​លោក​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​។​ សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​នេះ​ បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា​ ៖«​ការ​ពុល​នៅ​ភូមិ​ស្រែ​ន​ន​ និង​ភូមិ​អាល​ច​ ឃុំ​កន្ទួត​ ស្រុក​ចិត្រ​បុរី​ ខេត្ដក្រចេះ​ បណ្ដាល​មក​ពី​ស្រា​ ស​ ដែល​មាន​លក់​ ឬ​ផលិត​នៅ​ក្នុង​មូលដ្ឋាន​ ហើយ​ដែល​មាន​សារធាតុ​មេតា​ណុ​ល​ កម្រិត​ខ្ពស់​ និង​ទឹក​ព្រែក​ទេ​ និង​អូរ​គគី​ មាន​សារធាតុ​គីមី​ មាន​កំហាប់​ខ្ពស់​ ដែល​បណ្ដាល​មក​ពី​ថ្នាំ​សម្លាប់​ស្មៅ​ និង​ថ្នាំ​សម្លាប់​សត្វល្អិត​»​។​

​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​ រដ្ឋមន្ដ្រី​ទាំង​បី​រូប​ បាន​បញ្ជាក់​ថា​ ខ្លួន​នឹង​និង​ខិតខំ​សហ​ការណ៍​គ្នា​បន្ដ​ទៀត​ ដើម្បី​បង្ការ​ ទប់ស្កាត់​ និង​ជៀសវាង​នូវ​បញ្ហា​ ដែល​កើតឡើង​ជាយថាហេតុ​ដូច្នេះ​។​

​តែ​យ៉ាងណា​ មុន​ពេល​ឈាន​ដល់​ការ​សេចក្ដី​ប្រកាស​រួម​នេះ​ លោក​រដ្ឋមន្ដ្រី​ទាំង​បី​រូប​ បាន​បង្ហាញ​ពី​ការ​រក​ឃើញ​ ពី​មូលហេតុ​ខុសៗ​គ្នា​ ដែល​កាលនោះ​នៅ​ថ្ងៃ​ទី​១៧​ ខែមេសា​ លោក​ ចម​ ប្រសិទ្ធ​ រដ្ឋមន្ដ្រីក្រសួង​ឧស្សាហកម្ម​ បាន​អះអាង​ថា​ ក្រុម​មន្ដ្រី​ជំនាញ​របស់​លោក​បាន​រក​ឃើញ​សារធាតុ​ «​ស្យា​នី​ដ​»​ ដែល​ត្រូវ​បាន​គេ​ប្រើ​នៅ​ក្នុង​អាជីវកម្ម​អណ្ដូងរ៉ែ​មាស​មួយ​កន្លែង​នៅ​ក្បែរ​តំបន់​នោះ​។​ ក៏​ប៉ុន្ដែ​លោក​ ស៊ុ​យ​ សែ​ម​ រដ្ឋមន្ដ្រីក្រសួង​រ៉ែ​ និង​ថាមពល​ បាន​អះអាង​ខុស​ពី​នេះ​ ដោយ​លោក​បញ្ជាក់​ថា​ ពាក់ព័ន្ធ​ករណី​ពុល​នៅ​ខេត្ដ​ ក្រចេះ​ នោះ​ គឺ​ក្រសួងបរិស្ថាន​ បាន​យក​ឈាម​អ្នក​ស្លាប់​យក​ទៅ​ពិនិត្យ​នៅ​ប្រទេស​សិង្ហ​បុរី​ ប៉ុន្តែ​រក​មិនឃើញ​សារធាតុ​ «​ស្យា​នី​ដ​»​ នៅ​ក្នុង​ឈាម​របស់​ពលរដ្ឋ​រង​គ្រោះ​នោះ​ទេ​។​ តែ​ផ្ទុយ​ទៅ​វិញ​ គេ​បាន​រក​ឃើញ​សារធាតុ​ផ្សេងៗ​ ដូច​អ្វី​ដែរ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​ យោង​តាម​លទ្ធផល​នៃ​ការ​ពិសោធន៍​ទៅ​លើ​ស្រា​ ស​ និង​ទឹក​ក្នុង​តំបន់​រង​គ្រោះ​នោះ​ គឺ​ស្រា​ ស​ មាន​សារធាតុ​ «​មេតា​ណុ​ល​»​ រីឯ​ទឹក​រក​ឃើញ​មាន​សារធាតុ​ «​ក្រូម​ និង​នី​ទ្រី​ត​»​ ដែល​សារធាតុ​ទាំង​ពីរ​ ប្រភេទ​នេះ​ មា​នៅ​ក្នុង​ថ្នាំ​បាញ់​សម្លាប់​ស្មៅ​ និង​ថ្នាំ​ស្លាប់​សត្វល្អិត​៕

Share

Image
Image
Image