en     km
en     km

រដ្ឋមន្ដ្រីក្រសួង​កិច្ចការ​នារី​៖​ហិង្សា​លើ​កុមារ​មាន​អត្រា​ខ្ពស់​

Share

​ភ្នំពេញ​៖​រដ្ឋមន្ដ្រីក្រសួង​កិច្ចការ​នារី​បាន​ថ្លែង​ថា​អំពើ​ហិង្សា​លើ​កុមារ​មាន​អត្រា​ខ្ពស់​និង​មាន​ច្រើន​រូបភាព​ទាំង​ផ្លូវ​កាយ​ផ្លូវចិត្ដ​និង​ផ្លូវភេទ​។​ជុំវិញ​រឿង​នេះ​តំណាង​ពិសេស​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​អំពើ​ហិង្សា​លើ​កុមារ​អះអាង​ថា​កុមារ​នឹង​ក្លាយជា​ជន​ខ្លាច​សង្គម​និង​ងាយ​រង​ឥទ្ធិពល​ពី​ក្រុម​ជនឧក្រិដ្ឋ​ពេល​ពួក​គេ​ធំ​ឡើង​។​


​លោ​ស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ រដ្ឋមន្ដ្រីក្រសួង​កិច្ចការ​នារី​បាន​ថ្លែង​ថាបើ​យោង​តាម​របាយការណ៍​ស្រាវជ្រាវ​មួយ​ដែល​ក្រសួង​កិច្ចការ​នារី​សហ​ការណ៍​ជាមួយ​ក្រសួង​សង្គមកិច្ច​នៅ​ឆ្នាំ​២០១៣​បាន​រក​ឃើញ​ថា​អំពើ​ហិង្សា​លើ​កុមារ​មាន​អត្រា​ខ្ពស់​និង​មាន​ច្រើន​រូបភាព​ទាំង​ផ្លូវ​កាយ​ផ្លូវចិត្ដ​និង​ផ្លូវភេទ​។​

​លោ​ស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ រដ្ឋមន្ដ្រីក្រសួង​កិច្ចការ​នារី​ថ្លែង​ដូចនេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​និង​ដាក់​ឲ្យ​អនុវត្ដ​ផែនការ​សកម្មភាព​ដើម្បី​ទប់ស្កាត់​និង​ឆ្លើយ​តប​ចំពោះ​អំពើ​ហិង្សា​លើ​កុមារ​ឆ្នាំ​២០១៧ -២០២១​ នៅ​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៧​នេះ​។​«​របប​គំហើញ​បាន​បង្ហាញ​ថា​អត្រា​ប្រេ​វ៉ាឡង់​នៃ​អត្រា​អំពើ​ហិង្សា​លើ​កុមារ​កម្ពុជា​មាន​អត្រា​ខ្ពស់​ហើយ​អំពើ​ហិង្សា​លើ​កុមារ​មាន​រូបភាព​ច្រើន​»​។​

​រដ្ឋមន្ដ្រីក្រសួង​កិច្ចការ​នារី​រូប​នេះ​បន្ថែម​ថា​ករណី​នេះ​នាំ​ឲ្យ​រៀបចំ​ជា​ផែនការ​ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​និង​កុមារ​ក្នុង​គោលបំណង​ធ្វើ​ឲ្យ​កុមារ​កម្ពុជា​មាន​សុវត្ថិភាព​ជាង​មុន​និង​កុមារ​ត្រូវ​បាន​ទទួល​បានការ​ពារ​ឬ​អន្តរាគមន៍​ប្រកបដោយ​ប្រិ​ស​ទ្ធិ​ភាព​ដើម្បី​ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។​

តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកអំពើហិង្សាលើកុមារ លោកស្រី ម៉ាតា សានតូប៉េស



​ជាមួយ​គ្នា​នេះ​តំណាង​ពិសេស​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​អំពើ​ហិង្សា​លើ​កុមារ​ លោកស្រី​ ម៉ា​តា​ សាន​តូ​ប៉េ​ស​ បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​តាម​រយៈ​អ្នកបកប្រែ​ថា​ ជា​ទូទៅ​នៅ​គ្រប់​ប្រទេស​ទាំងអស់​មិន​ថា​ប្រទេស​កម្ពុជា​នោះ​ទេ​ កុមារ​តែងតែ​ទទួល​រង​នូវ​ហិង្សា​ ព្រោះតែ​ទម្លាប់​នៃ​ការ​ដាក់​ពិន័យ​បែប​ហិង្សា​ដែល​មិន​បាន​គិត​អំពី​ ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កុមារ​។​

​បន្ថែម​លើ​នេះ​លោកស្រី​ ម៉ា​តា​ សាន​តូ​ប៉េ​ស​ បន្ដ​ថា​ តាម​ការ​សិក្សា​ស្រាវជ្រាវ​កាលពី​ឆ្នាំ​២០១៤​ បាន​រក​ឃើញ​ថា​កុមារ​ច្រើន​ជាង​៥០​ភាគរយ​បាន​រង​អំពើ​ហិង្សា​ផ្លូវ​កាយ​កុមារ​២៥​ភាគរយ​រង​ហិង្សា​ផ្លូវចិត្ដ​ និង​កុមារ​៥​ភាគរយ​ រាប់​ទាំង​កុមា​រា​និង​កុមារី​បាន​ទទួល​រង​អំពើ​ហិង្សា​ផ្លូវភេទ​។​

​ទន្ទឹម​គ្នា​នេះ​តំណាង​ពិសេស​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​អំពើ​ហិង្សា​លើ​កុមារ​បាន​សង្កត់ធ្ងន់​ថា​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ជា​ច្រើន​ទៅ​លើ​កុមារ​នៅ​ពេញវ័យ​ដូច​ជា​ពួក​គេ​មិន​ចង់​ចូលរួម​កិច្ច​សង្គម​ ការ​សិ​ក្ស​មិនល្អ​និង​ងាយ​នឹង​ជនឧក្រិដ្ឋ​បោកប្រាស់​។​

លោកស្រី​ ម៉ា​តា​ សាន​តូ​ប៉េ​ស​៖«​ផល​ប៉ះពាល់​ហ្នឹង​គឺ​ធ្ងន់ធ្ងរ​ណាស់​ជា​ពិសេស​គឺ​ប៉ះពាល់​ទៅ​លើ​ការ​អភិវឌ្ឍ​របស់​ពួក​គេ​ឧទាហរណ៍​ដូច​ថា​ពួក​គេ​នឹង​បាត់បង់​នូវ​ការ​ទុកចិត្ដ​ជាមួយ​ន​ណា​ម្នាក់​ដោយសារ​តែ​គេ​ទទួល​រង​នូវ​អំពើ​ហិង្សា​ហ្នឹងហើយ​ម្យ៉ាងវិញទៀត​អាច​ប៉ះពាល់​ទៅ​ដល់​ការ​រៀនសូត្រ​របស់​ពួក​គេ​ ហើយ​ពួក​គាត់​អាច​ងាយ​ប្រឈម​នឹង​ការងារ​រង​គ្រោះ​ផ្សេងៗ​ ឧទាហរណ៍​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ ការ​ប្រើប្រាស់​គ្រឿងញៀន​ គាត់​អាច​ក្លាយជា​ពលរដ្ឋ​មិនសូវ​សកម្ម​នៅ​ក្នុង​សង្គម​ ហើយ​គាត់​អាច​ងាយស្រួល​ក្នុង​រង​ឥទ្ធិពល​ពី​ជនឧក្រិដ្ឋ​ផង​ដែរ​»​។​

​គួរ​ជម្រាប​ថា​ បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការ​អង្កេត​ ស្ដី​ពី​អំពើ​ហិង្សា​លើ​កុមារ​ឆ្នាំ​ ២០១៣​មក​ មានការ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ក្នុង​ការ​អនុវត្ដ​គម្រោង​កាន់តែ​ប្រសើរ​ស្រប​ពេល​ដែល​កំពុង​រៀបចំ​នូវ​ផែនការ​សកម្មភាព​ដើម្បី​ទប់ស្កាត់​ និង​ឆ្លើយ​តប​ចំពោះ​ហិង្សា​លើ​កុមារ​ឆ្នាំ​២០១៧-២០២១​នេះ​។​ យ៉ាងណា​ក្រសួង​កិច្ចការ​នារី​ អំពាវនាវ​ដល់​សាធារណជន​ថា​ ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​លើ​កុមារ​ គឺ​ត្រូវ​ចាប់ផ្ដើម​ពី​ពលរដ្ឋ​គ្រប់​រូប​៕​

Share

Image
Image
Image