en     km
en     km

រដ្ឋបាល​រាជធានី​ ៖​ រយៈពេល​ ៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ សំរាម​កើន​ដល់​ជាង​ ៨​ពាន់​តោន​

Share

 

​រយៈពេល​បី​ថ្ងៃ​ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្ដែតប្រទីប​ អកអំបុក​ និង​សំពះ​ព្រះ​ខែ​ ចន្លោះ​ពី​ថ្ងៃ​ទី​២១​ ដល់​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ មន្ដ្រី​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ បញ្ជាក់​ប្រាប់​វិទ្យុ​ស្ដ្រី​ នៅ​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ថា​ សំរាម​មាន​រហូត​ដល់​ជាង​ ៨​ពាន់​តោន​។

​លោក​ ម៉េ​ត​ មាស​ភក្ដី​ មន្ដ្រី​នាំពាក្យ​ សាលា​រាជធានី​ភ្នំពេញ​ មាន​ប្រសាសន៍​ថា​ ក្នុង​មួយ​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ សំរាម​មាន​ប្រមាណ​ជា​ ៣​ពាន់​តោន​ ហើយ​ក្នុង​រយៈពេល​ ៣​ថ្ងៃនេះ​ សំរាម​បាន​កើនឡើង​ដល់​ជាង​ ៨​ពាន់​តោន​។​ លោក​បន្ដ​ថា​ ការ​កើនឡើង​នៃ​ចំនួន​សំរាម​នេះ​ ក៏​ដោយសារ​តែ​មាន​ប្រជាពលរដ្ឋ​ចូលរួម​កម្សាន្ដ​ ក្នុង​ពិធី​នេះ​មានការ​កើនឡើង​ច្រើន​ រហូត​ដល់​ ៤​លាន​ ៥​សែន​នាក់​។​ ចំនួន​នេះ​ គឺ​បាន​កើនឡើង​រហូត​ដល់​ ៣​ដង​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ កាលពី​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ឆ្នាំ​២០១៧​។​

​មន្ដ្រី​នាំពាក្យ​ រាជធានី​ បន្ដ​ថា​ បើ​ទោះជា​សំរាម​កើនឡើង​ច្រើន​ក្ដី​ ក៏​ប៉ុន្ដែ​សាលា​រាជធានី​ បាន​រៀបចំ​កម្លាំង​ចម្រុះ​ក្នុង​ការ​ប្រមូល​សំរាម​ទាំងនោះ​បាន​ល្អ​ប្រសើរ​ និង​ទាន់​ពេលវេលា​ ដែល​មិន​បាន​ធ្វើ​ឲ្យ​សំរាម​កកស្ទះ​ ឬ​ក៏​រាយ​ប៉ាយ​ ដែល​នាំ​ខូច​សោភ័ណ​ភាព​ រាជធានី​ភ្នំពេញ​ ក្នុង​ថ្ងៃ​ នៃ​ព្រះរាជ​ពិធី​ឡើយ​។​ បន្ថែម​ពី​នេះ​ លោក​ថា​ មើលឃើញ​ថា​ ពលរដ្ឋ​ភាគច្រើន​ដែល​បាន​មក​កម្សាន្ដ​ គឺ​បាន​រក្សា​អនាម័យ​បាន​ល្អ​ ហើយ​ថែម​ទាំង​បាន​ចូលរួម​ក្នុង​ការ​ជួយ​ប្រមូល​សំរាម​ថែម​ទៀត​។​ តែ​យ៉ាងណា​លោក​ថា​ ក៏​នៅ​មាន​ពលរដ្ឋ​មួយ​ចំនួន​តូច​ ហាក់​មិន​ទាន់​បាន​ចូលរួម​ល្អ​ប្រសើរ​នៅឡើយ​ ក្នុង​ការ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ ៖«​ជា​រួម​ឃើញ​ថា​ ការ​ប្រមូល​មិន​អស់ទាំង​ស្រុង​ទេ​ ព្រោះ​ប្រជាពលរដ្ឋ​ច្រើន​។​ នៅ​មាន​ពលរដ្ឋ​ខ្លះ​បន្ដិចបន្ដួច​គាត់​នៅ​មិន​ទាន់​បាន​យកចិត្ដ​ទុក​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​សំរាម​នេះ​ ហើយ​មាន​សំរាម​ខ្លះ​បាន​នៅ​ក្រៅ​ធុង​»​។​

​ចំពោះ​បញ្ហា​ការ​ទុកដាក់​សំរាម​នេះ​ មន្ដ្រី​នាំពាក្យ​រាជធានី​ បញ្ជាក់​ថា​ រដ្ឋបាល​រាជធានី​នឹង​នៅ​តែ​បន្ដ​ខិតខំ​បន្ថែម​ទៀត​ក្នុង​ការ​ផ្សព្វផ្សាយ​ និង​អប់រំ​ ដើម្បី​ឲ្យ​ពលរដ្ឋ​ងាក​មក​ចូលរួម​ទាំងអស់​គ្នា​ការ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​។​ ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៨​នេះ​ អាជ្ញាធរ​បាន​រៀបចំ​កញ្ឆេ​សម្រាប់​ដាក់​សំរាម​ ជាង​ ១០០០​ ធុងសំរាម​ ជាង​ ៦០០​ និង​កងកម្លាំង​ដើម្បី​ប្រមូល​សំរាម​ ជាង​ ១០០០​នាក់​។​ លោក​ ម៉េ​ត​ មាស​ភក្ដី​ បន្ដ​ថា​ នៅ​ឆ្នាំ​នេះ​ក្រោយ​ការ​រៀបចំ​ផែនការ​បាន​ល្អ​ប្រសើរ​ ឃើញ​ថា​ ព្រះ​រាជពិធី​រយៈពេល​បី​ថ្ងៃ​ បាន​ប្រព្រឹត្ដ​ទៅ​ដោយ​រលូន​ និង​មាន​ភាពល្អ​ប្រសើរ​ជាង​ពេល​កន្លង​ទៅ​។​ លោក​ថា​ ចំពោះ​បទ​ពិសោធន៍​ នៃ​ការ​រៀបចំ​ នៅ​ឆ្នាំ​២០១៨​នេះ​ គឺជា​បទ​ពិសោធន៍​សម្រាប់​អាជ្ញាធរ​ក្នុង​ការ​រៀបចំ​ ពិធី​នៅ​ឆ្នាំ​ក្រោយៗ​ទៀត​។​

​យ៉ាងណា​មន្ដ្រី​នាំពាក្យ​រាជធានី​ វាយតម្លៃ​ថា​ ការ​ចូលរួម​កម្សាន្ដ​របស់​ប្រជាពលរដ្ឋ​ដ៏​ច្រើន​នៅ​ឆ្នាំ​២០១៨​នេះ​ គឺជា​ការ​បង្ហាញ​ពី​ទឹកចិត្ដ​ចូលរួម​អបអរ​សន្ដិភាព​របស់​ប្រទេស​។​ លោក​បន្ដ​ថា​ បើ​ប្រទេស​គ្មាន​ការ​រីក​ចម្រើន​ នោះ​រដ្ឋាភិបាល​ក៏​មិន​អាច​មាន​សមត្ថភាព​ក្នុង​ការ​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​ជាតិ​យ៉ាង​ដូច្នេះ​ដែរ​។​ ជាង​នេះ​លោក​ថា​ ព្រោះ​សន្ដិភាព​នេះ​ ទើប​ធ្វើ​ឲ្យ​មន្ដ្រីរាជការ​ កម្មករ​ កម្មការិនី​ ត្រូវ​បាន​រដ្ឋាភិបាល​ដំឡើង​ប្រាក់បៀវត្ស​ជា​បន្ដបន្ទាប់​ ៖«​ទាល់តែ​មាន​សន្ដិភាព​ទើប​យើង​មានការ​ថែរក្សា​សន្ដិភាព​ សន្ដិសុខ​ជូន​ប្រជាពលរដ្ឋ​របស់​យើង​បាន​ល្អ​។​ ទាល់តែ​មាន​សន្ដិភាព​ទើប​ប្រទេស​របស់​យើង​មាន​សេដ្ឋកិច្ច​ល្អ​។​ សេដ្ឋកិច្ច​ល្អ​ នាំ​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង​មាន​លុយកាក់​បាន​ល្អជា​លំដាប់​។​ យើង​ឧទាហរណ៍​កម្មករ​ កម្មការិនី​ របស់​យើង​ប្រាក់ខែ​គោល​របស់​គាត់​ឡើងជា​រៀង​រាល់​ឆ្នាំ​»​។​

​គួរ​ជម្រាប​ថា​ យោង​តាម​របាយការណ៍​ពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បញ្ជាក់​ថា​ រយៈពេល​បី​ថ្ងៃនេះ​ សម​ត្ថិ​ច្ច​បាន​អន្ដរាគមន៍​ ជួយ​សង្គ្រោះ​ ពិនិត្យ​ និង​ព្យាបាល​អ្នកជំងឺ​ជាង​ ២​ម៉ឺន​នាក់​ ហើយ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ចំនួន​ ៤៩​នាក់​។​ លើស​ពី​នេះ​មាន​ករណី​ពលរដ្ឋ​វង្វេង​គ្រួសារ​ចំនួន​ ១៨១​នាក់​ ក្មេង​១៧៣​ និង​មនុស្ស​ចាស់​ ៨​នាក់​។​ អំឡុង​នៃ​ព្រះរាជ​ពិធី​នេះ​ អាជ្ញាធរ​បាន​ដាក់​ពង្រាយ​ កងកម្លាំង​ចម្រុះ​ ទាំង​ចំហរ​ និង​សម្ងាត់​ ជាង​មួយ​ម៉ឺន​បី​ពាន់​នាក់​ ដើម្បី​រក្សា​សន្ដិសុខ​ និង​សណ្ដាប់ធ្នាប់​។​

​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៨​នេះ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ពិធីបុណ្យ​ជាតិ​-​អន្ដរជាតិ​ បាន​ប្រាប់​ថា​ មាន​ទូក​ចូលរួម​អុំ​ប្រកួត​ចំនួន​ ២៩៥​ទូក​ និង​អ្នក​អុំ​ចំនួន​ ១៩០១៧​នាក់​។​ រយៈពេល​បី​ថ្ងៃនេះ​ មាន​ទូល​លិច​ចំនួន​ ១១​គ្រឿង​ និង​សង្គ្រោះ​កីឡាករ​បាន​ចំនួន​ ១១៥​នាក់​ ដោយ​សុវត្ថិភាព​។​

​សូម​រំ​ឮ​កថា​ កាលពី​អំឡុង​ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ឆ្នាំ​២០១៧​ មាន​ប្រជាពលរដ្ឋ​ចូលរួម​ពិធី​នេះ​ចន្លោះ​ពី​ ១​លាន​៣​សែន​ ទៅ​ ១​លាន​ ៥​សែន​នាក់​ ហើយ​មាន​ទូក​ចូលរួម​អុំ​ប្រណាំង​ ចំនួន​ ២៧០​ទូក​៕

Share

Image
Image
Image