en     km
en     km

រដ្ឋបាល​រាជធានី​ភ្នំពេញ​ ប្រាប់​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់​ត្រូវ​មាន​ធុងសំរាម​តាមទីតាំងរបស់ខ្លួន

Share

​ភ្នំពេញ​ ៖​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ឲ្យ​ម្ចាស់​ស្ដង់​លក់ទំនិញ​ ម្ចាស់​ទីតាំង​ ប្រគំ​តន្ដ្រី​ អ្នក​លក់ដូរ​ ទាំង​ត្រូវ​មាន​ធុងសំរាម​ ឬ​ក៏​ថង់​សម្រាប់​ដាក់​សំរាម​ ឲ្យ​បាន​ត្រឹមត្រូវ​នៅ​តាម​កន្លែង​របស់​ខ្លួន​។​ នេះ​បើ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​នេះ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថា​ ការ​កំណត់​បែប​នេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​ចូលរួម​ថែរក្សា​សណ្ដាប់ធ្នាប់​ សោភ័ណ​ភាព​ អនាម័យ​ និង​បរិស្ថាន​រាជធានី​ភ្នំពេញ​ ឲ្យ​បាន​ល្អ​ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំ​ទុក​ បណ្ដែតប្រទីប​ និង​សំពះ​ព្រះ​ខែ​ អកអំបុក​ នា​ថ្ងៃ​ទី​២១​ ដល់​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ខាង​មុខ​។​ បន្ថែម​ពី​នេះ​រដ្ឋបាល​រាជធានី​ ក៏​ស្នើ​ផង​ដែរ​ដល់​កីឡាករ​ប្រណាំងទូក​ និង​ប្រជាពលរដ្ឋ​ដែល​មក​លេង​កម្សាន្ដ​ក្នុង​ឱកាស​នេះ​ទាំងអស់​ ត្រូវ​ចូលរួម​ថែ​រក្សា​អនាម័យ​ ដោយ​ត្រូវ​វេច​ខ្ចប់​ទុកដាក់​ កាក​សំណល់​សំរាម​ របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ក្នុង​ធុងសំរាម​។​

​តាម​រយៈ​សេចក្ដីជូនដំណឹង​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បង្ហាញ​ជំនឿ​ចិត្ដ​ថា​ ម្ចាស់​ស្ដង់​លក់ទំនិញ​ ម្ចាស់​ទីតាំង​ប្រគំ​តន្ដ្រី​ អ្នក​លក់ដូរ​ កីឡាករ​ទូក​ និង​ប្រជាពលរដ្ឋ​ទាំងអស់​ នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ថែរក្សា​សណ្ដាប់ធ្នាប់​សោភ័ណ​ភាព​ អនាម័យ​ និង​បរិស្ថាន​នៅ​រាជធានី​ភ្នំពេញ​ឲ្យ​បាន​ល្អ​ប្រសើរ​គ្រប់ៗ​គ្នា​៕

Share

Image
Image
Image