en     km
en     km

យូ​នី​សេ​ហ្វ​ ស្វាគមន៍​ ក្រសួង​ការងារ​ ព្រមាន​ចាត់វិធានការ​ករណី​អាជីវកម្ម​ប្រើ​កម្លាំង​ពលកម្ម​កុមារ​

Share

​ភ្នំពេញ​ ៖​ អង្គការ​ យូ​នី​សេ​ហ្វ​ ជា​អង្គការ​ធ្វើការ​លើកកម្ពស់​សិទ្ធិ​កុមារ​ បាន​បង្ហាញ​ការ​ស្វាគមន៍​ចំពោះ​សេចក្ដី​ប្រកាស​ របស់​ក្រសួង​ការងារ​ ដែល​ព្រមាន​ចាត់វិធានការ​ណ៍​ផ្លូវច្បាប់​ លើ​គ្រប់​អាជីវកម្ម​ដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​ឆ្លើយ​តប​មក​កាន់​មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា​ អង្គការ​យូ​នី​សេ​ហ្វ​ រីករាយ​និង​ស្វាគមន៍​ចំពោះ​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការងារ​ ក្នុង​ការ​ពង្រឹង​វិធានការ​បង្ការ​ ពលកម្ម​កុមារ​នៅ​កម្ពុជា​។​ យូ​នី​សេ​ហ្វ​បន្ដ​ថា​ ពលកម្ម​កុមារ​ គឺ​បាន​បង្ក​ឧបសគ្គ​ដល់​កុមារ​ មិន​ឲ្យ​ពួក​គេ​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ទៅ​រៀន​ ធ្វើ​ឲ្យ​ពួក​គេ​ប្រឈម​នឹង​អំពើ​ហិង្សា​ ហើយ​មិនតែប៉ុណ្ណោះ​ ពលកម្ម​កុមារ​ ក៏​នឹង​ធ្វើ​ឲ្យ​ភាព​ក្រីក្រ​ នៃ​គ្រួសារ​កុមារ​ នៅ​តែ​បន្ដ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ថែម​ទៀត​។​

​កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​ហត្ថលេខី​ នៃ​អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​កុមារ​ គឺ​ចាំបាច់​ណាស់​ត្រូវ​តែ​ផ្ដល់​អាទិភាព​ដល់​កិច្ច​ការពារ​កុមារ​ពី​គ្រោះភ័យ​ និង​ការ​ធ្វើទុក្ខ​មុ​ក​ម្នេញ​ផ្សេងៗ​។​ សកម្មភាព​ប្រកបដោយ​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ពលកម្ម​កុមារ​ គឺជា​សកម្មភាព​ ដែល​រដ្ឋាភិបាល​ អ្នកដឹកនាំ​សហគមន៍​ សហគមន៍​ពាណិជ្ជកម្ម​ គ្រួសារ​ និង​កុមារ​ខ្លួនឯង​ផ្ទាល់​ ត្រូវ​ចូលរួម​ទាំងអស់​គ្នា​ ដើម្បី​ធ្វើ​ឲ្យ​កិច្ច​ការពារ​កុមារ​ ក្លាយជា​ការងារ​អាទិភាព​ ដើម្បី​ឆ្លើយ​តប​នឹង​ភាព​ងាយ​រង​គ្រោះ​នានា​ ដែល​កុមារ​កំពុង​ជួ​ប្រទះ​នៅ​ក្នុង​ជីវភាព​រស់នៅ​។​

​អង្គការ​ យូ​នី​សេ​ហ្វ​ ជឿជាក់​ថា​ ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​កាតព្វកិច្ច​ចម្បង​ នៅ​ក្នុង​ការ​ការពារ​ គោរព​ និង​ផ្ដល់​សិទ្ធិ​ពេញលេញ​ដល់​កុមារ​ សហគមន៍​ជំនួញ​ឯកជន​ គឺ​មាន​សក្ដានុពល​ធំធេង​ណាស់​ ក្នុង​ការ​ធ្វើ​ឲ្យ​ជីវិត​កុមារ​បាន​ប្រសើរ​ឡើង​។​ ការ​ប្រកាន់ខ្ជាប់​នូវ​ទំនួល​ខុស​ត្រូវ​ចំពោះ​ការ​គោរព​សិទ្ធិ​កុមារ​ មិនមែន​គ្រាន់តែ​ជា​ជម្រើស​ប្រកបដោយ​សីលធម៌​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​វា​ក៏​បាន​ជួយ​ដល់​មុខ​ជំនួញ​នោះ​ផង​ដែរ​។​ យូ​នី​សេ​ហ្វ​ អះអាង​ថា​ ក្រុមហ៊ុន​ដែល​គោរព​សិទ្ធិ​កុមារ​ ហើយ​បញ្ចូល​គោលការណ៍​នោះ​ នៅ​ក្នុង​យុទ្ធសាស្ដ្រ​ និង​សង្វា​ក់​ផលិតកម្ម​របស់​ខ្លួន​ មិន​ត្រឹមតែ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ការពារ​កុមារ​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ក្រុមហ៊ុន​នោះ​ ក៏​អាច​សាង​កេរ្ដិ៍ឈ្មោះ​ និង​បង្កើន​តម្លៃ​ នៃ​ឈ្មោះ​ (​ម៉ាក​)​ ផលិតផល​របស់​ខ្លួន​ផង​ដែរ​។​

​បន្ថែម​ពី​នេះ​អង្គការ​យូ​នី​សេ​ហ្វ​ បញ្ជាក់​ថា​ ពលកម្ម​ក​កុមារ​ គឺ​អាច​ទប់ស្កាត់​បាន​ លុះណាតែ​មាន​វិធានការ​ចម្រុះ​ ដោយ​ក្នុង​ពេល​តែ​មួយ​ត្រូវ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​វិសមភាព​ ហើយ​ធានា​ថា​ កុមារ​អាច​ទទួល​បានការ​អប់រំ​ប្រកបដោយ​គុណភាព​ និង​កៀរគរ​ការ​គាំទ្រ​ ពី​សាធារណជន​ ឲ្យ​គោរព​សិទ្ធិ​កុមារ​។​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ យូ​នី​សេ​ហ្វ​ កំពុង​សហការ​ជាមួយ​រាជរដ្ឋាភិបាល​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ជា​ដៃគូ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការពារ​កុមារ​ ដែល​ប្រ​ព្រ័​ន្ធ​នោះ​ នាំ​ឲ្យ​មាន​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​ ទៅ​លើ​បញ្ហា​រំលោភសិទ្ធិ​កុមារ​ ដូច​ជា​ ពលកម្ម​ក​កុមារ​ និង​អំពើ​ហិង្សា​លើ​កុមារ​ជាដើម​។​ សកម្មភាព​អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​ជា​ច្រើន​ គឺ​ការ​តស៊ូ​ឲ្យ​បង្កើន​នូវ​ចំនួន​បុគ្គលិក​សង្គម​ ដែល​អាច​ផ្ដល់​ការ​គាំទ្រ​ដល់​កុមារ​ និង​គ្រួសារ​ងារ​រង​គ្រោះ​។​

​អង្គការ​យូ​នី​សេ​ហ្វ​ កំពុង​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​អនុវត្ដ​ក្រប​ខណ្ឌ​គោលនយោបាយ​ជាតិ​ គាំពារ​សង្គម​ ដែល​រួម​មាន​កម្មវិធី​ គាំទ្រ​សង្គម​ ដើម្បី​ធានា​ថា​ កុមារ​គ្រប់​រូប​ជា​ពិសេស​កុមារ​ងារ​រង​គ្រោះ​ និង​ពុំ​សូវ​ទទួល​បាន​សេវា​គាំទ្រ​អាច​ទទួល​បាន​សេវា​សាធារណៈ​ ប្រកបដោយ​គុណភាព​ ដូច​កុមារ​ដទៃ​ទៀត​ដែរ​។​ កម្មវិធី​នេះ​ មាន​ន័យ​ថា​ កុមារ​នៃ​គ្រួសារ​ក្រីក្រ​ អាច​ទទួល​បានការ​គាំទ្រ​ព​ជា​ប្រាក់​ចំណូល​ក្ដី​ ឬ​ការ​គាំទ្រ​ដទៃ​ទៀត​ ដើម្បី​លើកកម្ពស់​ជីវភាព​ពួក​គេ​ ដែល​ជា​កត្ដា​សំខាន់​បង្ការ​មិន​ឲ្យ​កុមារ​ទៅ​ធ្វើការ​លក់​កម្លាំង​ពលកម្ម​។​

​សូម​ជម្រាប​ថា​ កាលពី​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០១៨​ រដ្ឋមន្ដ្រីក្រសួង​ការងារ​ បាន​ចេញ​សេចក្ដីជូនដំណឹង​ ដោយ​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ លើ​គ្រប់​អាជីវកម្ម​ទាំងអស់​ នៅ​ក្នុង​ករណី​ដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ​។​ ក្រសួង​បាន​រំ​ឮ​កថា​ ម្ចាស់​ ឬ​នាយក​ រោងចក្រ​ សហគ្រាស​ គ្រឹ​ស្ថាន​ សិប្បកម្ម​ផលិត​ឥដ្ឋ​ និង​អាជីវកម្ម​នានា​ ត្រូវ​អនុវត្ដ​ឲ្យ​បាន​ម៉ឺងម៉ាត់​តាម​ច្បាប់​ស្ដី​ពី​ការងារ​ និង​ប្រកាស​ដែល​ពាក់ព័ន្ធ​ នឹង​លក្ខខណ្ឌ​ការងារ​ និង​ពលក​កម្ម​កុមារ​។​ ម្ចាស់​អាជីវកម្ម​ទាំងអស់​ មិន​ត្រូវ​ប្រើប្រាស់​កុមារ​ក្រោម​អាយុ​ ១៥​ឆ្នាំ​ជា​ដាច់ខាត​។​ ដោយឡែក​មណ្ឌល​កំសាន្ដ​សម្រាប់​មនុស្ស​ពេញវ័យ​ ហាម​ដាច់ខាត​ ការ​ប្រើប្រាស់​អនីតិជន​ ក្រោយ​អាយុ​ ១៨​ឆ្នាំ​ និង​ការ​ជួញដូរ​កម្លាំង​ពលកម្ម​។​ បន្ថែម​ពី​នេះ​ក្រសួង​លើកទឹកចិត្ដ​ឲ្យ​ គ្រប់​គ្រប់​អាជីវកម្ម​ទាំងអស់​ ចូលរួម​បន្ដ​ប្រឆាំង​រាល់​ទម្រង់​ នៃ​ការ​កេ​ញ​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ និង​ហាម​ដាច់ខាត​ការ​ប្រើប្រាស់​ បំណុល​ នៃ​ទំនាក់ទំនង​បុគ្គល​ និង​បំណុល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ដាក់បន្ទុក​ទៅ​លើ​សេរីភាព​ការងារ​របស់​កម្មករ​ និយោជិត​ បើ​ទោះបី​ក្នុង​លក្ខ​ខណៈ​ម៉ៅ​ការ​ ឬ​កិច្ចសន្យា​បន្ដ​ក្ដី​។​

​ក្រសួង​ការងារ​ សង្កត់ធ្ងន់​ថា​ ប្រសិនបើ​ក្រុម​អធិការកិច្ច​ការងារ​ របស់​ក្រសួង​ការងារ​រក​ឃើញ​នូវ​កំហុស​ទាំងនេះ​ ក្រសួង​នឹង​ធ្វើការ​ផាកពិន័យ​ និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជា​ធរមាន​។​ តែ​យ៉ាង​រហូត​មក​ដល់​ពេល​នេះ​ ក្រសួង​ការងារ​អះអាង​ថា​ ខ្លួន​មិន​ទាន់​រក​ឃើញ​ថា​ មាន​ករណី​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ​នៅ​តាម​អាជីវកម្ម​នានា​នៅឡើយ​ទេ​។​

​យោង​តាម​របាយការណ៍​ក​របស់​អង្គការ​ពលកម្ម​អន្ដរជាតិ​ (ILO)​ ក្នុង​ឆ្នាំ​២០១២​ បាន​រក​ឃើញ​ថា​ មាន​កុមារ​ចំនួន​ជាង​ ៧៥​ម៉ឺន​នាក់​កំពុងធ្វើការ​នៅ​ប្រទេស​កម្ពុជា​។​ នៅ​ក្នុង​ចំណោម​នេះ​ មាន​ចំនួន​ជាង​ ៤២​ម៉ឺន​នាក់​ ស្មើនឹង​ ៥៦.៩​ភាគរយ​ ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​កម្មករ​ កុមារ​ ហើយ​ចំនួន​ជាង​ ២៣​ម៉ឺន​នាក់​ ស្មើនឹង​ ៣១.៣%​ ទៀត​ គឺ​បាន​ធ្វើការ​ក្នុង​លក្ខខណ្ឌ​គ្រោះថ្នាក់​ ដែល​អ្នក​ទាំងនោះ​ត្រូវ​បាន​រង​ផល​ប៉ះពាល់​ពី​សារធាតុ​ ឬ​សម្ភារ​គីមី​៕

Share

Image
Image
Image