en     km
en     km

យុវជន​កម្ពុជា​​ចាប់អារម្មណ៍ជាខ្លាំង​លើ​ការ​គ្រប់គ្រង​ចំណូល​ចំណាយ​ថវិការ​ជាតិ​

Share

ភ្នំពេញ​៖​ យុវជន​កម្ពុជា​បច្ចុប្បន្ន​កំពុង​ងាក​មក​ចាប់អារម្មណ៍​ទៅ​លើ​ការ​គ្រប់គ្រង​ចំណូល​ចំណាយ​លើ​ថវិការ​ជាតិ​។​ ប្រធានបទ​នេះ​ ត្រូវ​បាន​យក​មក​ជជែក​ដេញដោល​ក្នុង​កម្មវិធី​ដែល​រៀបចំ​ដោយ​អង្គការ​តម្លាភាព​កម្ពុជា​ កាលពី​ថ្ងៃ​ទី​ ២៧​ តុលា​ឆ្នាំ​ ២០១៨​។​

​រាយការណ៍​ដោយ​ លោក​ សោម​ លាភ​

អង្គការ​តម្លាភាព​កម្ពុជា​ បាន​បង្កើត​កម្មវិធី​ជជែក​ដេញដោល​ពាក់ព័ន្ធ​នឹង​ប្រធានបទ​ ការ​គ្រប់គ្រង​ចំណូល​​ចំណាយ​ថវិកាជាតិ​ នៅថ្ងៃទី ២៧ តុលា ឆ្នំា ២០១៨។ រូបភាព៖ សោម លាភ

​អង្គការ​តម្លាភាព​កម្ពុជា​ បាន​បង្កើត​កម្មវិធី​ជជែក​ដេញដោល​ពាក់ព័ន្ធ​នឹង​ប្រធានបទ​ ការ​គ្រប់គ្រង​ចំណូល​​ចំណាយ​ថវិកាជាតិ​។​ កម្មវិធី​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២៧​ តុលា​ នៅ​សាលា​អន្តរទ្វីប​អា​មេ​រិច​កាំ​ង​។​ ក្នុង​កម្មវិធី​នេះ​ មានការ​ចូលរួម​ពី​លោក​ សុខ​ សំបូរ​ ប្រធាន​កម្មវិធី​ពង្រឹង​អំណាច​យុវជន​នៃ​អង្គការ​តម្លា​ភា​ញ​កម្ពុជា​ និង​គណៈកម្មការ​វាយតម្លៃ​ និង​ដាក់​ពិន្ទុ​ដល់​បេក្ខជន​ដែល​មក​ពី​អង្គការ​ បេក្ខជន​ បេ​ក្ខ​នារី​ និង​សាធារណៈជន​មួយ​ចំនួន​។​ សម្រាប់​ជុំ​ទី​មួយ​នៃ​ការ​បើក​កម្មវិធី​នេះ​ មានការ​ចូលរួម​ប្រកួតប្រជែង​ពី​បេក្ខជន​ បេ​ក្ខ​នារី​ចំនួន​ ៨​ ក្រុម​ ហើយ​ការ​ជជែក​លើ​ប្រធានបទ​នេះ​ទៀត​សោត​ គឺ​មាន​ភាព​ផុសផុល​យ៉ាង​ខ្លាំង​។​

​លោក​ សុខ​ សំបូរ​ ថ្លែង​មតិ​បើ​កម្មវិធី​នេះ​ថា​ ជា​ការ​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​មាន​តម្លាភាព​ក្នុង​ការ​ចាត់ចែង​ថវិកាជាតិ​ តាម​រយៈ​ការ​តាមដាន​ និង​ចង់​ដឹង​ពី​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​។​ នា​ឱកាស​នោះ​ផង​ដែរ​ លោក​ សុខ​ សំបូរ​ បាន​បង្ហាញ​នូវ​ក្ដី​សោមនស្ស​រីករាយ​ជា​ខ្លាំង​ចំពោះ​ការ​ចូលរួម​របស់​បេក្ខជន​ តាម​រយៈ​ការ​បង្ហាញ​ភាព​ក្លាហាន​របស់​ខ្លួន​។​

​យ៉ាងណា​ លោក​ សុខ​ សំបូរ​ មាន​ប្រសាសន៍​ក្នុង​ការ​ថ្លែង​មតិ​ក្នុង​ការ​បើក​កម្មវិធី​នេះ​ថា​ ចំណូល​របស់​រដ្ឋ​មានការ​កើន​ឡើងជា​ខ្លាំង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ សម្រាប់​ខ្លួន​លោក​ផ្ទាល់​ លោក​បាន​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​ពិតជា​ចង់​ដឹង​ថា​ តើ​ថវិកា​ដែល​រដ្ឋ​ទទួល​បាន​នោះ​ មាន​ប្រភព​មកពីណា​ នរណា​ជា​អ្នក​បង់ពន្ធ​ ហើយ​ថវិការ​នោះ​ត្រូវ​បាន​ប្រើប្រាស់​យ៉ាងដូចម្ដេច​។​

​លោក​បន្ថែម​ថា​ ការ​បង្កើត​កម្មវិធី​នេះ​ឡើង​ គឺ​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​លើកកម្ពស់​ និង​ជម្រុញ​ការ​ចូលរួម​របស់​យុវជន​ក្នុង​ការ​យកចិត្តទុកដាក់​ សិក្សា​ស្វែង​យល់​ និង​ជជែក​ដេញដោល​លើ​បញ្ហា​ទាំងនេះ​។​ លោក​បន្ថែម​ថា​ យុវជន​ គឺជា​អនាគត​នៃ​ប្រទេស​ជាតិ​។​

សម្រាប់​បេក្ខជន​ និង​បេ​ក្ខ​នារី​ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី​នេះ​ នឹង​ទទួល​បាល​នូវ​ចំណេះដឹង​យ៉ាងច្រើន​ពាក់ព័ន្ធ​នឹង​ការ​ជជែក​ដេញដោល​ និង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ក៏​ដូច​ជា​ការ​កសាង​សមត្ត​ភាព​ ព្រមទាំង​ជំនាញ​សម្រាប់​យុវជន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សំខាន់ៗ​សម្រាប់​ជាតិ​។​ ប្រធាន​កម្មវិធី​ពង្រឹង​អំណាច​យុវជន​នៃ​អង្គការ​តម្លាភាព​កម្ពុជា​រូប​នេះ​បន្ថែម​ថា​ យុវជន​អាច​ក្លាយជា​បុគ្គល​មាន​ឥទ្ធិពល​លើ​នយោបាយ​ជាតិ​នា​ពេល​អនាគត​។​

​ពាក់ព័ន្ធ​នឹង​ការ​លើកយក​បញ្ហា​នៃ​ការ​ចាត់ចែង​ចំណូល​ និង​ចំណាយ​របស់​ថវិកាជាតិ​ សម្រាប់​កម្មវិធី​នេះ​ មានការ​បែងចែក​ជា​ប្រធានបទ​ជា​ច្រើន​សម្រាប់​ការ​ជជែក​ដេញដោល​។​ តួយ៉ាង​ ប្រធានបទ​ទាំងនោះ​រួម​មាន​៖​
​ទី​ ១៖​ គឺ​រាជរដ្ឋាភិបាល​ គួរតែ​បែងចែក​ថវិការ​ជាតិ​ទៅ​លើ​ការ​អប់រំ​បែប​វិទ្យាសាស្ត្រ​ វិស្វកម្ម​ និង​គណិត​វិទ្យា​ (STEM)​។​
​ទី​២៖​ គឺ​រាជរដ្ឋាភិបាល​ គួរតែ​បើក​ទូលាយ​លើ​ព័ត៌មាន​អំពី​ក្រុមហ៊ុន​ដែល​វិនិយោគ​នៅ​កម្ពុជា​។​
​ទី​៣៖​ រដ្ឋាភិបាល​ ក៏​គួរតែ​ចំណាយ​ថវិការ​បន្ថែម​ដល់​ប្រជាជន​ក្រីក្រ​។​
​ទី​៤៖​ រាជរដ្ឋាភិបាល​ គួរតែ​រៀបចំ​ព័ត៌មាន​អំពី​ថវិកាជាតិ​ឱ្យ​កាន់តែ​ទូលាយ​ ដល់​សាធារណៈជន​។​
​ទី​៥៖​ រាជរដ្ឋាភិបាល​ គួរ​តំឡើង​ប្រាក់បៀវត្ស​បន្ថែម​សម្រាប់​មន្ត្រីរាជការ​ស៊ី​វិល​។​
​ទី​៦៖​ សេចក្ដីព្រាងច្បាប់​ថវិការ​ជាតិ​ គួរតែ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​មុន​នឹង​អនុម័ត​។​
​ទី​៧៖​ រាជរដ្ឋាភិបាល​គួរតែ​បង្កើន​របប​លើកទឹកចិត្ត​ ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​បរ​ទែស​ មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​។​
​និង​ទី​៨៖​ រាជរដ្ឋាភិបាល​គួរតែ​បើក​ទូលាយ​ព័ត៌មាន​បន្ថែម​ទៀត​អំពី​ចំណូល​ និង​ចំណាយ​របស់​ខ្លួន​។​

​តាម​រយៈ​ការ​ជជែក​របស់​យុវជន​គ្រប់​ក្រុម​ បាន​បង្ហាញ​យ៉ាង​ច្បាស់​ នូវ​ចេតនា​ថា​ ថវិការ​ជាតិ​ពិតជា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​ជាតិ​ ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​ខ្លួន​ពួក​គេ​ផ្ទាល់​ ដូច្នេះ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​តែ​ដឹង​អំពី​ការ​គ្រប់គ្រង​ចំណូល​ចំណាយ​របស់​ជាតិ​ឱ្យ​ខាន​តែ​បាន​។​

យ៉ាងណាមិញ​ បេក្ខជន​ដែល​ចូលរួម​ជជែក​ដេញដោល​ក្នុង​កម្មវិធី​នេះ​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​របស់​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ថា​ ក្នុង​នាម​លោក​ជា​ប្រពល​រដ្ឋ​កម្ពុ​ជាមួយ​រូប​ លោក​ត្រូវ​តែ​ដឹង​អំពី​ការ​ប្រើប្រាស់​ថវិការ​ជាតិ​ ដែល​លោក​ក៏​ជា​អ្នកមាន​ចំណែក​ក្នុង​ការ​បង់ពន្ធ​ជូន​រដ្ឋ​ម្នាក់​ដែរ​។​

​លោក​ថា​ កម្មវិធី​នៃ​ការ​ជជែក​ដេញដោល​នេះ​ បាន​រៀបចំ​ឡើង​ដោយ​មាន​ភាព​ត្រឹមត្រូវ​ មាន​បរិយាកាស​ល្អ​ រួម​ទាំង​គណៈកម្មការ​ជា​មនុស្ស​ដែល​មានចំណេះ​ជំនាញ​ពិតប្រាកដ​ក្នុង​ការ​វាយតម្លៃ​ដាក់​ពិន្ទុ​ឱ្យ​។​ លោក​បន្ថែម​ថា​ ការ​ជជែក​វែកញែក​នេះ​ គឺ​ដោយ​សីលធម៌​ និង​មិន​លម្អៀង​ឡើយ​។​

​សម្រាប់​ការ​គ្រប់គ្រង​ចំណូល​ចំណាយ​ថវិកាជាតិ​ ជា​តួនាទី​របស់​ស្ថាប័ន​ក្រសួង​ពាក់ព័ន្ធ​។​ សម្រាប់​ព្រះ​តេជគុណ​ នួន​ រី​ ជា​បេក្ខជន​មួយ​អង្គ​ដែល​ចូលរួម​ក្នុង​ការ​ជជែក​ដេញដោល​នេះ​ មាន​សង្ឃដីការ​ ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ថវិការ​ជាតិ​ថា​ រដ្ឋាភិបាល​ គឺ​មាន​គោលដៅ​ និង​គម្រោង​ច្បាស់លាស់​ការ​ប្រើប្រាស់​ចំណូល​ និង​ចំណាយ​ផ្សេងៗ​។​

​នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​របស់​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​សួរ​ថា​ តើ​ការ​ជជែក​ដេញដោល​ក្នុង​កម្មវិធី​នេះ​មានការ​បិទ​បាំង​នូវ​សេរីភាព​ក្នុង​បញ្ចេញមតិ​ខ្លះ​ទេ​ ព្រះ​តេជគុណ​ នួន​ រី​ មាន​សង្ឃដីកា​រថា​ វា​អាច​ជា​ការ​បិទ​ខ្លះ​ដែរ​។​ តែ​ព្រះ​តេជគុណ​មាន​សង្ឃដីកា​រថា​ ប្រទេស​ជាតិ​មួយ​មិន​ត្រូវ​បញ្ចេញ​នូវ​បញ្ហា​ជាតិ​ទាំង​អស់នោះ​ ព្រោះ​វា​អាច​ជា​ហេតុ​ធ្វើ​ឱ្យ​មានការ​យាយី​ពី​បរទេស​។​

​ពី​មុន​មក​ ប្រជាជន​កម្ពុជា​ រួម​ទាំង​យុវជន​នៃ​ប្រទេស​នេះ​ មិនសូវ​មានការ​ចាប់អារម្មណ៍​ និង​ចង់​ដឹង​អំពី​បញ្ហា​នៃ​ការ​គ្រប់គ្រង​ ព្រមទាំង​ចំណូល​ ក៏​ដូច​ជា​ការ​ចំណាយ​ថវិការ​ជាតិ​របស់​រាជរដ្ឋាភិបាល​ន​នោះ​ទេ​ បើ​ទោះបីជា​ដឹង​ថា​ថវិកា​រទាំង​អស់នោះ​ ជា​ក៏​ជា​ចំណែក​របស់​ខ្លួន​ដែល​ជា​ពលរដ្ឋ​មាន​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​ក៏​ដោយ​។​

​សម្រាប់​លោក​ អ៊ឹម​ នរិន្ទ​ មក​ពី​អង្គការ​តម្លាភាព​កម្ពុជា​ ដែល​ជា​គណៈកម្មការ​ក្នុង​ការ​វាយតម្លៃ​ និង​ដាក់​ពិន្ទុ​ជូន​បេក្ខជន​ក្នុង​កម្មវិធី​នេះ​ បាន​បង្ហាញ​នូវ​ការ​អង្កេត​ ក៏​ដូច​ជា​ការ​មើលឃើញ​ពី​ភាព​រីក​ចម្រើន​របស់​បេក្ខជន​គ្រប់​ក្រុម​ថា​ មានការ​ចេះ​ដឹង​បន្ថែម​ពាក់ព័ន្ធ​នឹង​ប្រធានបទ​នេះ​ជា​ខ្លាំង​បន្ទាប់​ពី​មានការ​បង្កើត​កម្មវិធី​នេះ​ឡើង​។​

​លោក​ អ៊ឹម​ នរិន្ទ​ លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ ជា​ពិសេស​យុវជន​ គួរតែ​ចូលរួម​ជជែក​ពិភាក្សា​គ្នា​លើ​ប្រធានបទ​ពាក់ព័ន្ធ​នឹង​ថវិកាជាតិ​ឱ្យ​បាន​ច្រើន​ ព្រោះ​វា​ពាក់ព័ន្ធ​នឹង​ជីវភាព​នៃ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ផ្ទាល់​។​

​លោក​ គណៈកម្មការ​រូប​នេះ​បញ្ជាក់​ថា​ ការ​លើកយក​ប្រធានបទ​នេះ​មក​ជជែក​ដេញដោល​ក្នុង​កម្មវិធី​ នឹង​ចូលរួម​មួយ​ចំនែក​ ក៏​ដូច​ជា​សារ​ប្រាប់​ទៅ​រដ្ឋាភិបាល​ថា​ យុវជន​កំពុង​តែ​ចាប់អារម្មណ៍​ទៅ​នឹង​បញ្ហា​ថវិការ​ជាតិ​នេះ​ជា​ខ្លាំង​។​

​ពាក់ព័ន្ធ​នឹង​ការ​ជជែក​ដេញដោល​ លើ​ប្រធានបទ​នៃ​ការ​គ្រប់គ្រង​ចំណូល​ចំណាយ​ថវិការ​ជាតិ​នេះ​ ផ្តោត​សំខាន់​ទៅ​លើ​ ការ​អប់រំ​ ការ​វិនិយោគ​ និង​ជា​ពិសេស​គឺ​ការ​បង្ហាញ​សារព័ត៌មាន​ជា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ បើ​ទោះបីជា​ព័ត៌មាន​វិជ្ជមាន​ ឬ​អវិជ្ជមាន​ក្ដី​។​ ជាក់ស្ដែង​ បេក្ខជន​ម្នាក់​បាន​បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​របស់​ខ្លួន​ចំពោះ​ការ​បាត់បង់​ព័ត៌មាន​ ដែល​វា​ជា​ផល​មិនល្អ​សម្រាប់​ប្រជាជន​ខ្មែរ​នៅ​ជនបទ​នោះ​ទេ​។​

បេក្ខជន​ម្នាក់​នេះ​បង្ហាញ​មតិ​ជា​សាធារណៈ​ក្នុង​ការ​ជជែក​ដេញដោល​នោះ​ថា​ ប្រជាជន​ជនបទ​បាត់បង់​ដំណឹង​នៃ​ការ​វិនិយោគ​របស់​ប្រទេស​ជាតិ​ ទើប​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ជិតខាង​ជាដើម​។

​កាលពី​ថ្ងៃ​ទី​២៧​ ខែតុលា​ គណៈរដ្ឋមន្ត្រី​បាន​សម្រេច​លើ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៨​ ក្នុង​នោះ​រដ្ឋាភិបាល​បាន​កំណត់​ចំណាយ​ថវិកាជាតិ​ប្រមាណ​ជាង​ ៦​ពាន់​លាន​ដុល្លារ​ ខណៈ​ការ​ចំណាយ​ថវិកាជាតិ​កាលពី​ឆ្នាំ​ ២០១៧​ មាន​ប្រមាណ​ ៥​ពាន់​លាន​ដុល្លារ​។ យ៉ាងណា​ សេចក្ដីព្រាងច្បាប់​ថវិកា​នេះ​ នឹង​បញ្ជូន​ទៅ​រដ្ឋសភា​ នៅ​ស​ប្ដា​ហ៍​ទី​១​នៃ​ខែវិច្ឆិកា​ខាង​មុខ​។​

​សម្រាប់​ចំណូល​ថវិកាជាតិ​នៅ​ឆ្នាំ​នេះ​ផង​ដែរ​ មាន​ប្រមាណ​ជាង​ ៥​ ពាន់​លាន​ដុ​លា្ល​រអា​មេ​រិ​ក​ កើន​ជាង​១០​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៧៕

អត្ថបទដោយ លោក សោម លាភ

Share

Image
Image
Image