en     km
en     km

យុវជន​ គាំ​ទ្រ​ឲ្យ​រដ្ឋា​ភិបាល​ដាក់​សារ​ព្រ​មាន​ជា​រូប​ភាព​នៅ​លើ​កញ្ចប់​បារី​

Share

យុវជន​ ​ប្រមាណ​ជាង​៣០​នាក់​ មក​ពី​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​ គាំ​ទ្រ​ឲ្យ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ដាក់​សារ​ជា​ រូបភាព​ និង​អក្សរ​ នៅ​លើ​កញ្ចប់​បារី​ ដោយ​សារ​តែ​ពួក​គេ​ យល់​ឃើញ​ថា​ បារី​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​មនុស្ស​ និង​ថវិការ​របស់​អ្នក​ជក់​។ ​ការ​លើក​ឡើង​បែប​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខា​សាលា​ស្ដី​ពី​ «ការ​អនុវត្ត​ ការ​បោះ​ពុម្ព​ បម្រាម​សុខ​ភាព​ នៅ​តំបន់​អាស៊ាន​ និង​ក្នុង​ពិភព​លោក​» ដែល​រៀប​ចំ​ដោយ​ អង្គ​ការ​ចលនា​ដើម្បី​សុខ​ភាព​កម្ពុជា​ នៅ​មជ្ឃ​មណ្ឌល​សហ​ប្រតិបត្តិ​ការ​កម្ពុជា​កូរ៉េ​ (CKCC)​ នៅ​ថ្ងៃ​ទី​១៤​ ខែ​ កក្កដា​ ២០១៥​នេះ​។​​

អង្គ​ការ​ ចលនាដើម្បីសុខភាពកម្ពុជា រៀប​ចំ​កម្ម​វិធី​នេះ​ឡើង​ក្នុង​គោល​បំណង​តែ​មួយ​គត់​គឺ​ ដើម្បី​កាត់​បន្ថយ​ចំនួន​អ្នក​ជក់​បារី​នៅ​កម្ពុជា​ឲ្យ​ឈប់​ជក់​និង​ងាក​ចេញ​ពី​គ្រោះ​ថ្នាក់​សុខ​ភាព​ ដោយ​សារ​ផ្សែង​បារី។​ ទាក់​ទិន​នឹង​បញ្ហា​នេះ​ យុវជន​មក​ពី​​សាកល​វិទ្យា​ល័យ​ ភូមិន្ទ​ភ្នំពេញ​ លោក​ លុក​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ មាន​ប្រទេស​ជាង​៧០​ នៅ​លើ​ពិភព​លោក​ហើយ​ដែល​មាន​សារ​ព្រមាន​ជា​រូបភាព​ និង​អក្សរ​នៅ​លើ​កញ្ចប់​បារី​ ឬ​ក៏​ថ្នាំ​ជក់​ ក្នុង​នោះ​មាន​ប្រទេស​អាស៊ាន​៧​ ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០។​

cigaret-cover

ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា​វិញ​ មាន​តែ​សារ​ព្រ​មាន​ជា​អក្សរ​ តែ​៣០​ភាគ​រយ​ប៉ុណ្ណោះ​ នៅ​លើ​កញ្ចប់​បារី​។ ដូច​នេះ​ យុវជន​ លុក​ ចំរើន​ ស្នើ​ឲ្យ​រដ្ឋា​ភិបាល​ ដាក់​សារ​ព្រ​មាន​ជា​រូបភាព​ និង​អក្សរ​បន្ថែម​ទៀត​ នៅ​លើ​កញ្ចប់​បារី​ ដើម្បី​ឲ្យ​អ្នក​ជក់​បាន​ដឹង​ពី​កម្រិត​នៃ​ផល​ប៉ះ​ពាល់​ដោយ​សារ​ឥទ្ធិ​ពល​នៃ​ផ្សែង​បារី​នេះ​។​ ដូច​​គ្នា​​នេះ​ដែរ​យុវ​សិស្ស​ យឹង​ ម៉ានី​ បាន​និយាយ​ថា​ «អ្នក​ជក់​បារី​មាន​បញ្ហា​ជា​ច្រើន​ ដល់​សុខ​ភាព​ ដូច​ជា​ ជំងឺ​មហា​រីក​សួត​ និង​ពុក​ធ្មេញ​ជា​ដើម​។​ អ្នក​មាន​កូន​ធ្វើ​ឲ្យ​មាន​ប៉ះ​ពាល់​ដល់​សុខ​ភាព​កូន​ក្នុង​ផ្ទៃ​ ជាង​នេះ​ទៀត​ បារី​អាច​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​សុខ​ភាព​ក្រុម​គ្រួសារ​ និង​មនុស្ស​ជា​ទី​ស្រលាញ់​ដែល​ឋិត​នៅ​ក្បែរ​អ្នក​ជក់​ទៀត​ផង។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ បារី​ធ្វើ​ឲ្យ​ខាត​បង់​ថវិការ​ផ្ទាល់​ខ្លួន​ ឬ​ថវិការ​ក្នុង​ក្រុម​គ្រួសារ​ផង​ដែរ​»។​

ចំណែក​ យុវតី​ លី​ ឈីវ​យី​ និស្សិត​អក្សរ​សាស្រ្ដ​ខ្មែរ​ឆ្នាំ​ទី​៣​នៃ​សាកល​វិទ្យាល័យ​ ភូមិន្ទ​ភ្នំពេញ​បាន​បញ្ចេញ​មតិ​យោបល់​ដែរ​ថា​កញ្ញា​ចង់​ឲ្យ​រដ្ឋា​ភិបាល​ដាក់​សារ​ព្រ​មាន​ជា​រូបភាព​នៅ​លើ​កញ្ចប់​បារី​ជា​ជាង​ដាក់​សារ​ជា​អក្សរ​ឬ​ពាក្យ​ស្លោក​។ សារ​ជា​រូប​ភាព​មាន​ឥទ្ធិ​ពល​អាច​ធ្វើ​ឲ្យ​អ្នក​ជក់​ឃើញ​ផ្ទាល់​នឹង​ភ្នែក​អំពី​ផល​ប៉ះ​ពាល់​និង​មាន​ការ​ភ័យ​ខ្លាច​អាច​ឈប់​ជក់​បាន​។​

ទាក់​ទង​នឹង​បញ្ហា​នេះ​ លោក​មុំ​ គង់​នា​យក​ប្រតិបត្តិ​អង្គ​ការ​ចលនា​ដើម្បី​សុខ​ភាព​កម្ពុជា​ ក៏​បាន​ជុំរុញ​ឲ្យ​រដ្ឋា​ភិបាល​អនុវត្ត​ទៅ​លើ​សារ​ព្រមាន​ នៅ​លើ​កញ្ចប់​បារី​នេះ​ដែរ​ ឲ្យ​ដូច​ទៅ​នឹង​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្ដី​ពី​ ការ​ត្រួត​ពិនិត្យ​ផលិត​ផល​ថ្នាំ​ជក់​។ ​លោក​វេជ្ជ​បណ្ឌិត​បន្ថែម​ថា​ «សារ​ព្រ​មាន​គួរ​តែ​រំលេច​ទាំង​រួបភាព​ និង​អក្សរ​នៅ​លើ​កញ្ចប់​បារី​។ ​ម្យ៉ាង​ទៀត​អក្សរ​ត្រូវ​តែ​ជា​អក្សរ​ដិត​ហើយ​ប្រើ​ជា​ភាសា​ខ្មែរ​ និង​ឆ្លាស់​ពណ៌​ជា​មួយ​ផ្ទៃ​សំបក​ខាង​ក្រោយ​កញ្ចប់​បារី​ ជា​ពិសេស​ សារ​នេះ​ត្រូវ​តែ​ផ្លាស់​ប្ដូរ​ឲ្យ​បាន​ទៀង​ទាត់​រៀង​រាល់​បី​ឆ្នាំ​ម្ដង​ផង​ដែរ​…។ ៦​ឆ្នាំ​ហើយ​ យើង​មិន​ដែល​បាន​ប្តូរ​ អី​ញ្ចឹង​វា​ជា​ពេល​មួយ​ដែល​កម្ពុជា​យើង​ត្រូវ​ផ្លាស់​ប្តូរ​សារ​»។​

សូម​បញ្ជាក់​ថា​ ការ​ដាក់​សារ​ព្រ​មាន​សុខ​ភាព​លើ​កញ្ចប់​បារី​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​ប្រជា​ពលរដ្ឋ​កម្ពុជា​ រួម​ទាំង​អ្នក​កំពុង​ជក់​បារី​ផង​ដែរ​។ បើ​តាម​ស្ថិតិ​ផ្ដល់​ដោយ​វិទ្យា​ស្ថាន​ជាតិ​ ស្រា​វ​ជ្រាវ​ នៃ​ក្រសួង​ផែន​ការ​ ​មាន​ប្រជា​ពល​រដ្ឋ​កម្ពុជា​ជាង​៩០​ភាគ​រយ​ ចង់​ឃើញ​មាន​សារ​ព្រ​មាន​សុខភាព​ជា​រូបភាព​ធំៗ​លើ​កញ្ចប់​បារី​។​ ការ​ស្រាវ​ជ្រាវ​មួយ​ទៀត​ដែល​ធ្វើ​ឡើង​ដោយ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​នៅ​ឆ្នាំ​២០១៤​ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ​ប្រជា​ពល​រដ្ឋ​កម្ពុជា​ជាង​៩០​ភាគ​រយ​ យល់​ថា ​សារ​ព្រ​មាន​សុខ​ភាព​ជា​រូប​ភាព​ធំៗ​ មាន​ប្រសិទ្ធ​ភាព​បង្ការ​កុមារ​ មិន​ឲ្យចា​ប់ផ្ដើម​ជក់​បារី​ និង​ជំរុញ​អ្នក​ជក់​ស្រាប់​ឲ្យ​ផ្ដាច់​បារី​បាន​៕​

Share

Image
Image
Image