en     km
en     km

យុត្តិធម៌របស់លោក ជា វិជ្ជា ១៦ឆ្នាំហើយ មិនដឹងឃាតករពិតនៅឯណា?

Share

(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ គឺជាខួបគម្រប់១៦ឆ្នាំ នៃការបាញ់សម្លាប់មេសហជីពកម្មករកម្ពុជា លោក ជា វិជ្ជា។ រហូតមមកដល់ពេលនេះ នៅតែមិនទាន់រកយុត្តិធម៌ស្វែងរកឃាតករជូនលោកបាននៅឡើយ។ លោក ជា វិជ្ជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់ កាល​ពី​ថ្ងៃទី ២២ ខែមករា ឆ្នាំ២០០៤ អំឡុងពេលដែលលោក​កំពុង​អង្គុយ​អាន​កាសែត​នៅ​ក្នុង​តូប​លក់​កាសែត​មួយ​ជាប់​របង​វត្ត​ល័ង្កា ក្នុងរាជ​ធានី​ភ្នំពេញ ការបាញ់សម្លាប់នេះគឺកើតឡើងទាំងកណ្តាលថ្ងៃត្រង់។

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូននូវសេចក្តីរាយការណ៍៖

នៅក្នុងឱកាសថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០នេះ ក្រុមសហព័ន្ធសហជីពកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមកម្មការបានរួបរួមគ្នាសុំច្បាប់អនុញ្ញាតរៀបចំនូវពិធីបុណ្យគោរពវិញ្ញាណក្ខន្ធ ខួបលើកទី១៦ឆ្នាំ ចំពោះការស្លាប់របស់លោកជា វិជ្ជា ដែលជាមេដឹកនាំសហជីពដ៍ក្បីល្បាញ ត្រូវបានឃាតករបាញ់សម្លាប់កាលពី១៦ឆ្នាំមុនក្នុងរាជធានីភ្នំពេញ។ ការគោរពខួបរបស់លោកជា វិជ្ជា នេះ ត្រូវបាន​រដ្ឋបាលរាជធានីភ្នំពេញ ចេញលិខិតអនុញ្ញាត ឲ្យសហព័ន្ធសហជីពសេរីកម្មករកម្ពុជា ប្រារព្ធពិធីដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ រំលឹកខួបគម្រប់១៦ឆ្នាំនៃការទទួលមរណៈភាព វីរជនកម្មករ លោក ជា វិជ្ជាដែលត្រូវបានឃាតករបាញ់សម្លាប់ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ យ៉ាងសាហាវឃោរឃៅ ក្បែររបងវត្តលង្កា ។ កម្មវិធីគោរពវិញ្ញាក័ន្ធខួបលើកទី១៦ឆ្នាំ នៃការស្លាប់របស់លោកជា វិជ្ជាត្រូវបានប្រារព្ធឡើងនៅថ្ងៃនេះរួមជាមួយការតម្កល់រូបសំណាកវីរជនកម្មករ លោក ជា វិជា្ជ នៅទល់មុខវត្តលង្កា សួនច្បារខាងលិចវិមានឯករាជ្យ។

យោងតាមលិខិតរបស់លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ផ្ញើមកលោកស្រី ទូច សើ ប្រធានសហព័ន្ធសហជីពសេរីកម្មករកម្ពុជា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះបានឲ្យដឹងថា« ចំពោះការជួបជុំ ដាក់កម្រងផ្កាគោរពវិញ្ញាក័ន្ខរំលឹកខួប១៦ឆ្នាំ​ នៃការទទួលមរណភាពរបស់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែមករា វេលាម៉ោង៨៖៣០ រហូតដល់ម៉ោង១០៖៣០នាទីព្រឹក នេះគឺអនុញ្ញាតឲ្យមានចំនួនអ្នកចូលរួមត្រឹមតែ១៥០នាក់តែប៉ុណ្ណោះ ដើម្បីឲ្យការជួបជុំប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ហើយការចូលរួមនៅថ្ងៃនេះ គឺហាមដាច់ខាតមិនត្រូវឲ្យមានការចូលរួម ពីបុគ្គលទាំង១១៨រូប ដែលច្បាប់ហាមឃាត់ ការធ្វើសកម្មភាពនយោបាយ ហើយបើករណីមានការចូលរួមពីបុគ្គលទាំង១១៨រូប ឬធ្វើការដង្ហែក្បួន ឬធ្វើសកម្មភាពនយោបាយ ខុសពីគោលបំណង នៃការប្រារព្ធពិធីលោកស្រី ទូច សើ ជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ ។

សូមបញ្ជាក់ថា បុគ្គលទាំង១១៨រូប ជាអតីតអ្នកនយោបាយ របស់គណបក្សសង្រ្គោះជាតិ ដែលត្រូវច្បាប់ហាមឃាត់មិនឲ្យធ្វើនយោបាយ ក្រោយពីគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ កាលពីចុងឆ្នាំ២០១៧កន្លងមក។

អស់រយៈពេល១៦ឆ្នាំទៅហើយ បន្ទាប់ពីមានឃាតករបានបាញ់សម្លាប់លោកជា វិជ្ជា មកទាល់ពេលនេះគឺនៅមិនទាន់ស្វែងរកមុខឃាតករពិតដើម្បីរកយុត្តិធម៌ពេញលេញសម្រាប់លោក ជា វិជ្ជា នៅឡើយនោះទេ។ ដំបូងឡើយ អាជ្ញាធរ និងតុលាការរាជធានីភ្នំពេញនិងសាលាឧទ្ធរណ៍បាន​កាត់​ទោស​ ​ជន​សង្ស័យ​ពីរ​នាក់ ឈ្មោះ ប៊ន សំណាង និង សុខ សំអឿនដែលជាអ្នកសង្កេតការណ៍ ចាត់ទុកជា ឃាតករសិប្បនិម្មិត ហើយក្រោយមកតុលាការកំពូលបានសម្រេចអោយជនពីររូបនេះ​គ្មានទោស ដោយបានដោះលែងឲ្យមានសេរីភាពឡើងវិញ។ គិតមកដល់ពេលនេះ គឺ១៦ឆ្នាំហើយ ដែលឃាតករពិតមិនអាចវែកមុខឃើញ។ ទាក់ទងទៅនឹងរឿងនេះអ្នកស្រី ជា គឹមនី ដែលជាភរិយារបស់លោក ជា វិជ្ជា នៅពេលនេះគឺកំពុងភៀសខ្លួននៅប្រទេសហ្វាំងឡង់ ដើម្បីសុវត្តិភាព បានទាមទារយត្តិធម៌ចំពោះស្វាមីរបស់អ្នកស្រី និងសុំឲ្យកម្មករចូលរួមពិធីបុណ្យគម្រប់ខួបរបស់លោក ជា វិជ្ជា ផងដែរ។ នៅក្នុងបទសម្ភាសន៍របស់អ្នកស្រី ជាមួយវិទ្យុVOAនៅព្រឹកថ្ងៃទី២២នេះ អ្នកស្រី ជា គឹមនី បានលើកឡើងថាការស្វែងរកយុត្តិធម៌សម្រាប់ស្វាមីអ្នកស្រី គឺជារឿងដែលពិបាកស្វែងរកណាស់ ។

អ្នកស្រី ជា គឹម នីបានលើកឡើងក្នុងន័យដើមថា៖

——–សំលេង​អ្នកស្រី ជា គឹម នី———-

ទោះជាយ៉ាងណា ភាគីរដ្ឋអាជ្ញានិង ក្រសួងមហាផ្ទៃ តាមរយៈអ្នកនាំពាក្យតែងតែអះអាងថា រដ្ឋាភិបាលមិនបាន​ចាត់​ទុកឃាតកម្មលើលោកជាវិជា្ជត្រូវបានបិទបញ្ចប់នៅឡើយទេ។

សូមជម្រាបដែរថានៅក្នុងឱកាសនៃការប្រារព្ធខួប១៦ឆ្នាំ នៃការបាត់បង់ជីវិតលោកជា វិជ្ជា ដែលជាអតីតមេសហជីពនៅកម្ពុជា នៅថ្ងៃនេះប្រធានសហព័ន្ធសហជីពសេរីកម្មករកម្ពុជាបានទៅកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមិនឲ្យធ្វើវិសោធនកម្មច្បាប់ការងារកាត់បន្ថយប្រាក់ឈ្នួលកម្មករដែលធ្វើការងារវេនយប់។

ជាការកត់សម្គាល់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បានប្រកាសគ្រោងធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារត្រង់មាត្រា១៤៤ថ្មី ដោយកែសម្រួល អត្រាប្រាក់ឈ្នួលវេនការងារយប់កម្មករ។ 

បើតាមសេចក្តីជូនដំណឹងក្រសួង ការកែសម្រួលនេះដើម្បីបង្កើនភាពទាក់ទាញឧស្សាហកម្មទំនើបដូចជា រោងចក្រផលិតបរិក្ខារអគ្គិសនី គ្រឿងអេឡិចត្រូនិច និងការកែច្នៃម្ហូបអាហារជាដើមនិងបង្កើនការងារ ជូនប្រជាពលរដ្ឋ។ ដោយឡែក រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលធ្វើការលើសពី ១វេនម្តងម្កាល គឺនៅបន្តអនុវត្តបទប្បញ្ញត្តិ ដែលមានជាធរមាន។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា(CLC) ថ្លែងក្នុងពេលបង្ហាញវត្តមានគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ថា “គឺយើងខ្ញុំមិនឯកភាពធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ កាត់បន្ថយការងារវេនយប់ពី១៣០ភាគរយមកនៅត្រឹម១០០ភាគរយដូចការងារវេនថ្ងៃទេ” ។ 

លោកថា មិនចង់ឃើញមានការបាត់បង់ អត្ថប្រយោជន៍របស់កម្មករទៀត ព្រោះកាលពីឆ្នាំ២០០៧ ក៏មានការកាត់បន្ថយពី១៥០ភាគរយមក១៣០ភាគរយ ឥឡូវកាត់មក ១០០ភាពដូចវេនថ្ងៃវិញទៀត ។

លោកបានស្នើទៅប្រមុខរាជរដ្ឋាភិបាលគួររកវិធីសាស្រ្តផ្សេងវិញ ដើម្បីទាក់ទាញវិនិយោគជៀសជាងកាត់បន្ថយប្រាក់ការងារវេនយប់របស់កម្មករ។ ជាមួយគ្នានេះ លោកក៏មិនគាំទ្រការលើកថ្ងៃឈប់សម្រាក់សម្រាប់ថ្ងៃបុណ្យដែរ ព្រោះកន្លងមកកម្មករបានខាតថ្ងៃឈប់៦ថ្ងៃហើយ សម្រាប់ថ្ងៃឈប់សម្រាកនៅឆ្នាំ២០២០នេះ ៕

Share

Image
Image
Image