en     km
en     km

ម្ចាស់ជំនួយអឺរ៉ុបនិងUN សារទការផ្តន្ទាទោស ខៀវ សំផន និង នួន ជា ដាក់ពន្ធនាគារ​អស់​មួយ​ជីវិត ក្នុងសំណុំរឿង ០០២ វគ្គ ០២

Share

ភ្នំពេញ៖ សហភាពអឺរ៉ុប(EU) និងអង្គការសហប្រជាជាតិ(UN) ដែលជាម្ចាស់ជំនួយស្នូលដល់ សាលាក្តីខ្មែរក្រហម បានសាទរចំពោះអង្គជំនុំ​ជម្រះវិសាមញ្ញក្នុង​តុលាការកម្ពុជា​(អ.វ.ត.ក) សម្រេច​ផ្តន្ទាទោសអតីតមេដឹកនំាជាន់ខ្ពស់ខ្មែរក្រហម នួន ជា និង ខៀវ សំផន ដាក់​​​ពន្ធនា​គារ​អស់​មួយជីវិតក្នុងសំណុំរឿង ០០២ វគ្គ ០២។

អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ខៀវ សំផន(ស្តំា) មានវ័យ ៨៧ ឆ្នំា  និង អតីត​អនុ​លេខា​បក្សកុម្មុយនិស្តកម្ពុជា នួន ជា (ឆ្វេង) មានវ័យ ៩២ ឆ្នំា ត្រូវបានសាលាក្តីខ្មែ​រ​ក្រហម​​​ផ្តន្ទាទោ​ស​ដាក់ពន្ធនាគារ​អស់មួយជីវិតជាលើកទី២ កាលពីថ្ងៃទី ១៦ ខែ វិច្ចិកា ឆ្នំា ២០១៨។ រូបភាព សាលាក្តីខ្មែរក្រហម 

អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ខៀវ សំផន មានវ័យ ៨៧ ឆ្នំា  និង អតីត​អនុ​លេខា​បក្សកុម្មុយនិស្តកម្ពុជា នួន ជា មានវ័យ ៩២ ឆ្នំា ត្រូវបានសាលាក្តីខ្មែ​រ​ក្រហម​​​ផ្តន្ទាទោ​ស​ដាក់ពន្ធនាគារ​អស់មួយជីវិតជាលើកទី២ ពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋ​កម្មប្រឆំាងមនុស្សជាតិ និង​ការបំពានយ៉ាងធ្ងន់ធរលើអនុញ្ញាទីក្រុងហ្សឺណែវ ឆ្នំា ១៩៤៩។​ នេះបើតាមសេចក្តីប្រកាស​ព័ត៌មា​នរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបបានចាត់ទុកថា ការសម្រេចផ្តន្ទាទោសអតីតមេដឹក​នំាជាន់​ខ្ពស់​ខ្មែរក្រហម នួន ជា និង ខៀវ សំផន ជាការទទួល​ខុស​ត្រូវចំពោះ​ឧក្រិដ្ឋកម្ម ដែល បានប្រព្រឹត្តក្នុងរបបខ្មែរក្រហមនៅចន្លោះឆ្នំា ១៩៧៥ ដល់ ១៩៧៩។

សេចក្តីថ្លែងការណ៍បន្តថា សហភាពអឺរ៉ុបបានផ្តល់ជំនួយជាង ៧៦ លានអឺរ៉ូ ដើម្បីគំា​ទ្រអង្គ​ជំនុំ​ជម្រះ​វិសាមញ្ញក្នុងតុលាការកម្ពុជា។

ខៀវ សំផន និង នួន ជា កាលពីថ្ងៃទី ២៣ វិច្ឆិកា ឆ្នំា ២០១៦ ត្រូវបានផ្តន្ទាទោសឱ្យជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ​ម្តងរួចទៅហើយ ក្នុងសំណុំរឿង ០០២ វគ្គ ០១ ពីបទឧក្រិដ្ឋកម្មប្រឆំាង​មនុស្សជាតិ និងសម្លាប់​អ្នក​សាធារណរដ្ឋ។

អង្គការសហប្រជាជាតិ(UN) ឱ្យដឹងក្នុងសេចក្តីថ្លែងការថា ការសម្រេចផ្តន្ទាទោសអតីតមេដឹក​នំាជាន់​ខ្ពស់​ខ្មែរក្រហម នួន ជា និង ខៀវ សំផន បានបង្ហាញយ៉ាងច្បាស់ថា យុត្តិធម៌ពិត​ជា​មាន ហើយនិទណ្ឌភាពមិនគួរមានទេ។ នេះបើតាមលោក Adama Dieng  ទីប្រឹក្សា​ពិសេស​ស្តីពី ការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការសហប្រជាជាតិ។

លោក Adama Dieng  សម្តែងការគំាទ្រ និងសាមគ្គីភាពជាមួយជនរងគ្រោះ​ក្នុងរបប​ខ្មែរ​ក្រហម​​ដោយលោកសង្ឃឹមថា ការផ្តន្ទាទោសអតីតមេដឹកនំាជាន់ខ្ពស់ក្នុង​របបខ្មែរក្រហមទំាំង​ពីរ​រូបនេះនឹងជួយឱ្យធូរស្រាលផ្លូវចិត្ត។

អតីតមេដឹកនំាជាន់ខ្ពស់ក្នុងរបបខ្មែរក្រហម នួន ជា និង ខៀវ សំផន ត្រូវបានអង្គជំនុំ​ជម្រះ​វិសា​ម​ញ្ញក្នុង​តុលាការកម្ពុជា ​(អ.វ.ត.ក) ចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសម្លាប់រង្គាលជនជាតិចាម ជន​ជាតិ​វៀតណាមនៅអំឡុងខែ មេសា ឆ្នំា ១៩៧៥ និង អំឡុងខែ មករា ឆ្នំា ១៩៧៩។

ចំពោះសហភាពអឺរ៉ុប បង្ហាញជំហរថា ខ្លួនត្រៀមខ្លួនជាស្រេច ដើម្បីជួយកម្ពុជាពាក់​ព័ន្ធលទ្ធិ​ប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស នីតិរដ្ឋ ហើយក៏គំាទ្រដល់អភិវឌ្ឍសេដ្ឋកិច្ច​ប្រកប​ដោយ​ចីរ​ភាព​។

ក្នុងរបបខ្មែរក្រហមរយៈពេល ៣ ឆ្នំា ៨ ខែ ២០ ថ្ងៃ បានសម្លាប់មនុស្សជាង ១,៧ លាន នាក់។

ក្រៅពីអតីតមេដឹកនំាជាន់ខ្ពស់ក្នុងរបបខ្មែរក្រហមពីររូបនេះ អង្គជំនុំ​ជម្រះវិសាមញ្ញក្នុង​តុលាការកម្ពុជា​ ឬសាលាក្តីខ្មែរក្រហម បានផ្តន្ទាទោសនិងឃុំខ្លួនអស់មួយជីវិត កំាង ហ្គេចអ៊ាវ ហៅ ឌុន អតីតប្រធានមន្ទីរស ២១ ក្នុងសំណុំរឿង០០១។ ដោយឡែក អៀង សារី និង អៀង ធីរិទ្ធ បានស្លាប់ដោយរោគាពាធក្នុងពេលដំណើរការកាត់ក្តីនៅឆ្នំា ២០១៥៕

Share

Image
Image
Image