en     km
en     km

ម៉ាឡេស៊ី៖លោកមហាធាជាបេក្ខជននាយករដ្ឋមន្ត្រីជំនួសមេបក្សប្រឆាំងអាន់វ៉ាកំពុងជាប់ឃុំ(មានសំឡេង)

Share

រាជាណាចក្រម៉ាឡេស៊ីដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងធ្វើការផ្លាស់ចរន្តនយោ​បាយ​ជាប្រវត្តិសាស្ត្ររបស់ខ្លួនជាលើកដំបូងចាប់តាំងពីទទួលបានឯករាជ្យពីអាណានិគមអង់គ្លេសនៅឆ្នាំ ១៩៥៧។

ការប្រែប្រួលនយោបាយនេះ ស្របពេលអតីតនាយករដ្ឋមន្ត្រីដ៏មានប្រជាប្រិយដែលមានអាយុ ៩២ឆ្នាំត្រូវបានជ្រើសតាំងជាបេក្ខជននាយករដ្ឋមន្ត្រី បន្ទាប់ពីលោកខកចិត្តនឹងលោកនាយករដ្ឋមន្ត្រីណាជិពជាប់សង្ស័យរឿងអំពើពុករលួយ។ លោក មហាធាឈរជាបេក្ខជននេះ គឺដើម្បីជំនួសលោកអាន់វ៉ាដែលកំពុងជាប់ឃុំខ្លួន។បើបក្សប្រឆាំងឈ្នះនឹងការបោះឆ្នោតសភានៅខែសីហាឆ្នាំ២០១៨គឺលោកនឹងផ្ទេរតំណែងទៅឱ្យលោកអាន់វ៉ានៅពេលមានសេរីភាពវិញ។

លោកនួន បូរិនជូនសេចក្ដីប្រែសម្រួល៖

 

 

នៅទីបំផុតក្រុមចម្រុះនៃគណបក្សប្រឆាំងបានសម្រេចជ្រើសតាំងអតីតនាយករដ្ឋមន្ត្រី ដ៏មានប្រជាប្រិយ លោកមហាធាមហា មាតជាបេក្ខជននាយករដ្ឋមន្ត្រីជំនួសលោកអាន់អ៊ីប្រាហ៊ិម អតីតមេដឹកនាំបក្សប្រឆាំងដែលកំពុងស្ថិតក្នុងនៅពន្ធនាគារ។

លោកមហាធាអាយុ ៩២ឆ្នាំ ដែលធ្លាប់កាន់តំណែងនាយករដ្ឋមន្ត្រីរយៈពេល ២២ឆ្នាំ ត្រូវដឹកនាំគណបក្សប្រឆាំងឃោសនារកសំឡេងឆ្នោត ចាប់ពីថ្ងៃនេះ ដើម្បីឆ្ពោះទៅរកការបោះឆ្នោតសភានៅចុងខែសីហាឆ្នាំ២០១៨នេះ។ គូប្រកួតរបស់លោកគឺអតីតកូនចៅរបស់លោក គឺ នាយករដ្ឋមន្ត្រីណាជីពរ៉ាហ្សាក់ ដែលអ្នកសង្កេតការណ៍យល់ថា បានបាត់បង់ប្រជាប្រិយភាព យ៉ាងខ្លាំង ដោយសាររឿងអាស្រូវ ពុករលួយនូវទឹកប្រាក់ ជាច្រើនរយលានដុល្លារអាមេរិក។ តែការចោទប្រកាន់នេះត្រូវបានលោក ណាជីព បដិសេធទាំ​ងស្រុង។

លោកមហាធាបានក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីដោយបានឆ្លងកាត់ការបោះឆ្នោត កើតចេញពីមហាសន្និបាតបក្សប្រចាំឆ្នាំ កាលពីថ្ងៃអាទិត្យ ទី ៧មករា។ ប្រសិនបើគណបក្សប្រឆាំង Parti Keadilan Rakyat ឈ្នះឆ្នោត លោកនឹងឡើងកាន់តំណែងនាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន រហូត លោក អាន់វ៉ា​ មានភាពស្របច្បាប់ឡើងវិញក្នុងសកម្មភាពនយោបាយ។

លោក អាន់វ៉ា ត្រូវបានកាត់ទោសឱ្យមានទោស ​៥ឆ្នាំ ពីបទខុសសីលធម៌ ស្រឡាញ់ភេទដូចគ្នា។ តែលោកបដិសេធការចោទប្រកាន់នេះ ដោយចាត់ទុកថា ជារឿងនយោបាយ។ក្រោយពីបន្ធូរបន្ថយទោស គឺអតីតឧបនាយករដ្ឋមន្ត្រី របស់លោកមហាធានឹងត្រូវបានដោះលែងឱ្យមានសេរីភាពវិញនៅថ្ងៃទី៨ មិថុនាឆ្នាំ ២០១៨នេះ។ តែអ្នកសង្កេតការណ៍នយោបាយថា លោកអាន់វ៉ានឹងធ្វើនយោបាយឡើងវិញភ្លាម ដោយមិនបង្អង់យូរឡើយ។

អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរូបនេះ នឹងចាប់ដៃគ្នាជាមួយចៅហ្វាយរបស់លោក​​ គឺលោកមហាធា ដើម្បីការបោះឆ្នោតសភានីតិទី ១៤ នៅចុងខែសីហា។មេបក្សប្រឆាំងរូបនេះ ស្ទើរតែមានឱកាសកាន់អំណាចពីរដងរួចមកហើយ តែលោកត្រូវកាត់ទោសពីរដងក្នុង សំណុំរឿងតែមួយនេះតាមបណ្ដឹងរបស់រដ្ឋអាជ្ញាដែលគេថា មានភាពលំអៀងខាងនយោបាយ។ 

អគ្គលេខាធិការគណបក្សប្រឆាំង Saifuddin Abdullah បានប្រាប់អ្នកសារព័ត៌មានថា បើបក្សប្រឆាំងរួបរួមនេះបានឈ្នះក្នុងការបោះឆ្នោត គឺលោកអាន់វ៉ានឹងត្រូវបានព្រះមហាក្សត្រលើកលែងទោស ហើយលោកនឹងចូលកាន់តំណែងនាយករដ្ឋមន្ត្រី ជំនួសលោកមហាធា។

លោក មហាធា បានប្រាប់អ្នកសារព័ត៌មានថា៖ « ការពិតលោកអាន់វ៉ាក៏ពិបាកទទួលលោកជានាយករដ្ឋមន្ត្រីដែរ ប៉ុន្តែសម្រាប់លោកគឺ​រវាងលោកអាន់វ៉ា និងលោកណាជិព គឺលោកអាន់ស្រួលធ្វើការជាង។ លោកមហាធៀសង្ឃឹមថា លោកអាន់វ៉ាចេញពីពន្ធនាគារ គឺលោកនឹងចាប់រលាក់លោកអាន់វ៉ាមុនគេ ហើយប្រគល់តំណែងនាយករដ្ឋមន្ត្រីឱ្យភ្លាម»។

តែបែបនេះក្ដី មិនទាន់មានការស្ទង់មតិវាស់ប្រជាប្រិយភាពរវាងលោកមហាធា និងនាយករដ្ឋមន្ត្រីណាជីពនៅឡើយទេ។ តែ សម្រាប់លោកមហាធាទំនងនឹងបន្តរក្សាបានប្រជាប្រិយភាពប្រហាក់ប្រហែលលោកធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីព្រោះតែលោកមិនមានរឿងអាស្រូវធ្ងន់ធ្ងរឡើយ។

នៅក្នុងការឃោសនារកសំឡេងឆ្នោតជាលើកដំបូង កាលពីសប្ដាហ៍មុន លោក ណាជីព បានព្យាយាមលើកឡើងអំពីសមិទ្ធផលរបស់លោក និងកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ តែអ្នកសង្កេតការណ៍ហាក់មិនឱ្យតម្លៃច្រើនទេ។ អ្នកសង្កេតការណ៍មើលឃើញ ថា ការបោះឆ្នោតសភានៅខែសីហា ទំនងនឹងធ្វើឱ្យគណបក្ស UMNO របស់នាយករដ្ឋមន្ត្រីណាជីពស្គាល់រសជាតិធ្លាក់ការគាំទ្របន្ថែមទៀត។

រឿងអាស្រូវដែលធ្វើឱ្យមានការសង្ស័យថា បក្សUMNO អាចបាត់បង់ការគាំទ្រច្រើនទៀតនោះ គឺករណីពុករលួយ ស្ថានភាពសិទិ្ធមនុស្ស និងសេរីភាពធ្លាក់ចុះ ជាពិសេស រឿងអាស្រូវរបស់ លោក ណាជីព ករណីដែលសារព័ត៌មានរបស់អាមេរិក The Wall  Street Journal បានចុះផ្សាយពីរបាយការណ៍ស៊ើបអង្កេត ដោយរកឃើញការលួយផ្ទេរមូលនិធីពីធនាគារវិនិយោគរបស់រដ្ឋ 1 MDB នូវទឹកប្រាក់ជាងមួយពាន់លានដុល្លារចូលធនគារឯកជនរបស់លោក។

សំណុំរឿងដែលតុលាការមិនបានលើកមកជំនុំជម្រៈក្ដីនេះ បាននាំឱ្យលោកណាជីពជៀសផុតពីការចោទប្រកាន់ជាផ្លួវការហើយបន្តធ្វើជានាយករដ្ឋមន្ត្រីមកទល់ពេលនេះ។តែសំណុំរឿងនេះ បាននាំបក្សប្រឆាំងយកធ្វើជាឧបករណ៍វាយប្រហារលោកណាជីពនិងបក្ស UMNOជាខ្លាំង រហូតមានបាតតុកម្ម ផ្ទុះឡើងទូទាំងប្រទេសទាមទារឱ្យលោកលែងពីតំណែង។ដោយសារតែរឿងនេះ លោកណាជីពសន្យាប្ដឹង The Wall Street Journal ខណៈការសែតអាមេរិកនេះ បន្ត និងបន្ថែមចុះផ្សាយរបាយការណ៍ពាក់ព័ន្ធនឹងរឿងអាស្រូវនេះកាន់តែកើនឡើង ហើយលោកណាជិពក៏ស្ងាត់គំរាមប្ដឹង។ តែបែបនេះក្ដី រដ្ឋមន្រ្តីរបស់លោកណាជីពជាច្រើននាក់ដែលបានជជីកសួររឿងនេះ ក៏នាំឱ្យលោក បណ្ដេញពីតំណែង។ករណីនេះ នាំឱ្យលោកណាជីពបាត់បង់ភាពស្អាតស្អំ ដែលនាំឱ្យ UMNO ធ្លាក់ការគាំទ្រ។

យ៉ាងណាក៏ដោយ លោក ណាជីព ហាក់មិនខ្វល់ច្រើនទេ ដែលលោកអះអាងថា រូបលោកនៅតែជាមេដឹកនាំម៉ាឡេស៊ីស្អាតស្អំក្នុងការដឹកនាំរដ្ឋាភិបាល ជាច្រើនឆ្នាំមកនេះ ដោយលោកសង្ឃឺមថា សច្ចធម៌នឹងនឹងធ្វើឱ្យលោកឈ្នះការបោះឆ្នោតសភា ខាងមុខនេះ ។

អ្នកសង្កេតការណ៍បានហៅ ការចាប់ដៃគ្នារវាងអតីតនាយករដ្ឋមន្ត្រីដ៏មានប្រជាប្រិយលោកមហាធានិងលោកអាន់វ៉ា មេដឹកនាំបក្សប្រឆាំងដែលកំពុងជាប់ឃុំ គឺជារលកយក្សវាយសំពង បក្ស UMNOនិងណាជីពយ៉ាងពិតប្រកដនៅថ្ងៃបោះឆ្នោតខែសីហាឆ្នាំ២០១៨នេះ៕ Reuters

Share

Image
Image
Image