en     km
en     km

មេ​សហជីព​ចំនួន​ពីរ​៖​គួរ​បន្ថែម​ថ្ងៃ​ឈប់​បាន​១០០​ថ្ងៃ​ និង​ផ្ដល់​សេវា​សុខភាព​សម្រាប់​កូន​ក្រោយ​កម្មការិនី​សម្រាល​

Share

​ភ្នំពេញ​ ៖​ មេដឹកនាំ​សហជីព​ចំនួន​ពីរ​ សាទរ​ការ​ផ្ដល់​ប្រាក់​ពី​រាជរដ្ឋាភិបាល​ សម្រាប់​កម្មការិនី​ ក្រោយ​ពី​សម្រាលកូន​ហើយ​ ក៏​ប៉ុន្ដែ​ពួក​គាត់​យល់​ថា​ រដ្ឋាភិបាល​គួរ​ផ្ដល់​ថ្ងៃ​ឈប់​ សម្រាប់​ពួក​គេ​ ឲ្យ​បាន​ ១០០​ថ្ងៃ​ និង​ផ្ដល់​ការ​ថែទាំ​ផ្នែក​សុខភាព​ ដល់​កូនៗ​របស់​ពួក​គេ​ក្រោយ​សម្រាល​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ព័ត៌មាន​នេះ​ ៖​

 

​រយៈពេល​ ១០​ខែ​ដើមឆ្នាំ​២០១៨​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចំណាយ​ថវិកា​សរុប​ប្រមាណ​ ២០​ ៦៣៤​ ៤០០០០០​រៀល​ ក្នុង​ការ​ផ្ដល់​ជូន​ស្ដ្រី​ បម្រើ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​ចំនួន​ ៥១២០៧​នាក់​ នៅ​ទូ​ទាំង​ប្រទេស​ ដែល​សម្រាលកូន​បាន​ចំនួន​ ៥១៥៨៦​នាក់​។​ លើស​ពី​នេះ​មាន​ស្ដ្រី​ចំនួន​ ៣៧០​នាក់​ បាន​សម្រាល​កូនភ្លោះ​ពីរ​ និង​ស្ដ្រី​ចំនួន​ ០៥​នាក់​បាន​សម្រាល​កូនភ្លោះ​បី​។​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ ហៅ​កាត់​ថា​ ប​.​ស​.​ស​។​

​អ្នកស្រី​ ស៊ិ​ន​ ដា​ណេ​ កម្មការិនី​ រោងចក្រ​ស្បែកជើង​ ញ៉ូ​ អាក​ឃី​ត​ ស្ថិត​ក្នុង​ខេត្ដកំពង់ស្ពឺ​ បាន​បង្ហាញ​អារម្មណ៍​រីករាយ​ដែល​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ បង្កើត​ឲ្យ​មាន​គោលនយោបាយ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ស្ដ្រី​ក្រោយ​សម្រាលកូន​ ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​ដូច្នេះ​។​

​អ្នកស្រី​បន្ដ​ថា​ ថ្វី​ត្បិត​តែ​ថវិកា​ ៤០​ម៉ឺន​រៀល​មិន​ច្រើន​ណាស់ណា​ក្ដី​ ក៏​ប៉ុន្ដែ​ប្រាក់​នេះ​គឺ​បាន​រួមចំណែក​មួយ​ភាគ​ ជួយ​ដល់​ការ​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នកស្រី​ ស្រប​ពេល​ដែល​អ្នកស្រី​ត្រូវ​សម្រាក​ការងារ​រយៈពេល​ ៣​ខែ​ក្រោយ​សម្រាលកូន​ ៖«​ខ្ញុំ​មាន​អារម្មណ៍​ថា​ រំភើប​ដែរ​ ព្រោះ​អ្នក​សម្រាលកូន​មុនៗ​ អត់​ដែល​មាន​ ទើបតែ​ចាប់​មាន​ឆ្នាំ​២០១៨​ហ្នឹង​ ខ្ញុំ​គិត​ថា​ ខ្លួនឯង​មានសំណាង​ដែរ​ហ្នឹង​ណា​ ដល់​ពេល​មក​សម្រាល​ឆ្នាំ​២០១៨​ហើយ​ បាន​នាយក​រដ្ឋមន្ដ្រី​គាត់​ផ្ដល់​លុយ​ឲ្យ​ដែរ​»​។​

​ចំណែក​អ្នកស្រី​ យ៉ាង​ សុ​ភ័​ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ជា​ទូទៅ​ក្រោយ​ពេល​ដែល​ស្ដ្រី​សម្រាលកូន​ គឺ​ពួក​គេ​ត្រូវ​ឈប់​សម្រាក​ លំហែ​មាតុភាព​រយៈពេល​បី​ខែ​ ដែល​ស្ដ្រី​មិន​អាច​ចេញ​ទៅ​ធ្វើការ​រក​ចំណូល​បាន​ទេ​ ដូច្នេះ​ប្រាក់​នេះ​ពិតជា​មាន​សារសំខាន់​សម្រាប់​ស្ដ្រី​ក្រោយ​សម្រាលកូន​ ៖«​ជា​ធម្មតា​នៅ​ពេល​ដែល​គាត់​ធ្វើ​ការងារ​ គឺ​គាត់​មាន​លុយ​ក្នុង​ការ​បើក​ប្រាក់ខែ​ត្រឡប់​មក​វិញ​ នៅ​ពេល​ដែល​គាត់​ធ្វើ​ការងារ​ ប៉ុន្ដែ​នៅ​ពេល​ដែល​គាត់​អត់​ធ្វើ​ការងារ​លុយ​នេះ​ អាច​ជួយ​ដល់​គាត់​មួយ​ផ្នែក​ ចង់​និយាយ​ថា​ អាច​រួមចំណែក​អាច​ជួយ​ដល់​សេដ្ឋកិច្ច​គ្រួសារ​គាត់​មួយ​ផ្នែក​ដែរ​»​។​

​គោលនយោបាយ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​ស្ដ្រី​បម្រើ​ការងារ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​ ក្រោយ​ពេល​សម្រាលកូន​នេះ​ គឺ​ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេច​ ហ៊ុន​ សែន​ ដែល​លោក​បាន​ប្រកាស់​ថា​ រាជរដ្ឋាភិបាល​បាន​ត្រៀម​កញ្ចប់​ថវិកា​ប្រមាណ​ ១០​លាន​ដុល្លារ​។​

​យ៉ាងណា​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​នេះ​ លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ក៏​ទទួលស្គាល់​ដែរ​ថា​ ពិតជា​បាន​រួមចំណែក​ជួយ​សម្រួល​ដល់​ជីវភាព​របស​កម្មការិនី​ក្រោយ​សម្រាល​។​ តែបើ​ទោះជា​បែប​នេះ​ក្ដី​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ មើលឃើញ​ថា​ ថវិកា​ នេះ​ហាក់​នៅ​តិច​តូច​នៅឡើយ​ ដែល​រដ្ឋាភិបាល​គួរតែ​ពិចារណា​បន្ថែម​។​ លើស​ពី​នេះ​លោក​ថា​ ការ​ឈប់​សម្រាក​ក្រោយ​សម្រាលកូន​ គួរតែ​ដំឡើង​ឲ្យ​បាន​ ១០០​ថ្ងៃ​ ៖«​បើសិនជា​យើង​មើល​ អាការ​ផ្ដល់​ហ្នឹង​គួរតែ​ផ្ដល់​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​គាត់​បាន​ ១០០​ថ្ងៃ​ ហើយ​ប្រាក់​ឈ្នួល​គាត់​ឲ្យ​បាន​ពេញ​ហ្នឹង​ ដល់​១០០​ហ្នឹង​ទៅ​ ហើយ​ជា​ពិសេស​ ថវិកា​ ហ្នឹង​ទៀត​សោត​ខ្ញុំ​គិត​ថា​ ដោយសារ​តែ​ថ្លៃ​ថ្នាំពេទ្យ​វា​ថ្លៃ​ អ​ញ្ចឹ​ង​បើសិនជា​អាច​គួរ​បន្ថែម​ទៀត​កាន់តែ​ល្អ​»​។​

​ដោយឡែក​លោក​ ហ្វា​ សាលី​ ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​ មាន​ប្រសាសន៍​ថា​ ក្រៅពី​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​ម្ដាយ​ក្រោយ​ពេល​សម្រាលកូន​ លោក​ចង់​ឃើញ​រដ្ឋាភិបាល​ផ្ដល់​ការ​ថែទាំ​សុខភាព​ដល់​ទារក​ទើបនឹង​កើត​បន្ថែម​ទៀត​។​ លោក​ថា​ បើ​ទោះជា​មាន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ដែល​បាន​ជួយ​ព្យាបាល​ដល់​កុមារ​ដោយ​មិន​គិតថ្លៃ​ក៏​ដោយ​ ប៉ុន្ដែ​លោក​ចង់​ឃើញ​ សេវា​សុខាភិបាល​របស់​រដ្ឋ​ យក់ចិត្ដទុកដាក់​បន្ថែម​ដល់​កូនៗ​របស់​កម្មការិនី​ រោងចក្រ​។​ លើស​ពី​នេះ​លោក​ ចង់​ឃើញ​រដ្ឋាភិបាល​ដាក់​ប​ញ្ជូ​ល​ប័ណ្ណ​ ប​ ស​ ស​ ជា​សេវា​ពិសេស​ នៅ​តាម​មន្ទីរពេទ្យ​ ដែល​មិន​ចាំបាច់​ត្រូវ​ចំណាយពេល​រង់ចាំ​យូរ​ដូច​សព្វថ្ងៃ​ ៖«​ជា​ពិសេស​យើង​នៅ​តែ​និយាយ​ដដែលៗ​ វា​ពាក់ព័ន្ធ​ជាមួយ​និង​ប​.​ស​.​ស​ ពីព្រោះ​តែ​នៅ​ពេល​ដែល​កម្មករ​ កម្មការិនី​ ដែល​កាន់​ប័ណ្ណ​ ប​.​ស​.​ស​ ទៅ​ គឺ​មានការ​រង់ចាំ​ មិនមែន​ជា​សេវា​ពិសេស​ម្រា​ប់​មន្ទីរពេទ្យ​នានា​ទេ​។​ ទាំងនេះ​ហើយ​ដែល​យើង​កំពុង​តែ​ខិតខំ​ជំរុញ​ឲ្យ​ ប​.​ស​.​ស​ ធ្វើការ​ជាមួយ​ក្រសួងសុខាភិបាល​ ធ្វើ​យ៉ាងណា​យកចិត្ដទុកដាក់​ឲ្យ​បាន​ខ្ពស់​ទៅ​ទៀត​ នេះ​គឺជា​អ្វី​ដែល​យើង​ចង់បាន​ក្រៅពី​លុយ​ ។​ យើង​ចង់បាន​ពិសេស​ជាងគេ​គឺ​សុខភាព​តែ​ម្ដង​»​។​

​បច្ចុប្បន្ន​នេះ​ កម្មការិនី​ក្រោយ​សម្រាល់កូន​ ទទួល​បានការ​ឈប់​សម្រាក​រយៈពេល​ ៣​ខែ​ ដោយ​ការ​ផ្ដល់​ប្រាក់បៀវត្សរ៍​ ១២០​ភាគរយ​។​ បន្ថែម​ពី​នេះ​ រាជរដ្ឋាភិបាល​ នឹង​ផ្ដល់​ការ​ឧបត្ថម្ភ​ ជា​សាច់ប្រាក់​សុទ្ធ​ដល់​កម្មការិនី​ទាំង​ក្នុង​ និង​ក្រៅ​ប្រ​ព័​ពន្ធ​ ក្រោយ​ពេល​ពួក​គេ​សម្រាល់កូន​។​ កម្មការិនី​ ដែល​សម្រាល​ បានកូន​ម្នាក់​ ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ចំនួន​ ៤០​ម៉ឺន​រៀល​ ។​ សម្រាប់​ការ​សម្រាល​បានកូន​ភ្លោះ​ពីរ​នាក់​ នឹង​ទទួល​បាន​ប្រាក់​ ៨០​ម៉ឺន​រៀល​ ហើយ​ប្រសិនបើ​កម្មការិនី​ សម្រាល​បានកូន​ភ្លោះ​បី​នាក់​ ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​ ១​លាន​ ២០​ម៉ឺន​រៀល​ ហើយ​កូនភ្លោះ​ទាំង​ ០៣​នាក់​នោះ​ សម្ដេច​ ហ៊ុន​ សែន​ នឹង​យក​ធ្វើ​កូន​ រួម​នឹង​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ពីលើ​ចំនួន​ ០៥​លាន​រៀល​ថែម​ទៀត​៕​

Share

Image
Image
Image